​ភ្នំពេញ: អ្នកស្រី ធុល ចិន្ដា មិន​ខ្វល់​ថា មិនបាន​ឡើង​សាលាឆាន់​ដើម្បី​ប្រគេន​ចង្ហាន់ និង​ទេយ្យវត្ថុ​ដល់​ព្រះសង្ឃ ក៏ដូចជា​រៀបចំ​ពិ​ធីប​ង្សុ​កូ​ល​ឧទ្ទិស​កុសល​ជូន​ដល់​បុព្វការី​ជន នៅ​ថ្ងៃ​កាន់បិណ្ឌ​នេះ​ដូច​សព្វមួយដង​យ៉ាងណាក៏ដោយ ក៏​អ្នកស្រី​នៅតែ​ធ្វើ​កិច្ច​សង្ខេប​នៅត្រឹម​ខ្លោងទ្វារវត្ដដ​ដែល​។

​ស្ដ្រី វ័យ ៥៦ ​ឆ្នាំ ដែល​មានជំនឿថា ដួងព្រលឹង​ឪពុក​បាន​ចែក​ឋាន​តាំង​ពី​សម័យ​ប៉ុលពត​ មក​ទទួលយក​​កុសលផល​តែងតែ​យក​ចង្ហាន់ និង​ទេយ្យវត្ថុ​ទៅធ្វើ​បុណ្យ​នៅ​អារាម​ឧត្ដ​រាវ​តី នៅ​សង្កាត់​ឫស្សី​នេះ​ជា​រៀងរាល់ឆ្នាំ​។

​អ្នកស្រីនិយាយថា​៖ «​មិនមាន​បញ្ហា​អ្វី​ទេ ខ្ញុំ​ជឿថា ដួងព្រលឹង​ឪពុក​ខ្ញុំ​នឹង​មក​ទទួលយក​បុណ្យ​កុសល​ដែល​កូន​បាន​ឧទ្ទិស​ជូន​គាត់ ដូច​រាល់​ឆ្នាំ ទោះបីជា​មានការ​រឹតបន្ដឹង​សុវត្ថិ​​ភាព​យ៉ាងណាក៏ដោយ​»​។

​ថ្វីដ្បិតតែ​រាជរដ្ឋាភិបាល​ប្រកាស​ផ្អាក​ការរៀបចំ​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​ឆ្នាំ ​២០២១ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ និង​បន្ដ​អនុញ្ញាតឱ្យ​វត្ដ​អារាម​ទទួល​ចង្ហាន់ និង​ទេយ្យវត្ថុ​ត្រឹម​ខ្លោងទ្វារ ពុទ្ធបរិស័ទ​ត្រូវបាន​លើក​ទឹក​ចិ​ត្ដ​ឱ្យ​បង្វែរ​ការធ្វើ​ទាន​តាមរយៈ​ប្រព័ន្ធ​ឌីជីថល​វិញ​។

​លោកស្រី ឱ វណ្ណឌី​ន​ ​រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល បាន​និយាយ​ទៅកាន់​ក្រុម​អ្នកសារព័ត៌មាន​អំឡុង​​ពេល​ពិធី​បិទ​បញ្ចប់​ការចាក់​វ៉ាក់សាំង​ក្នុង​ខេត្ដ​សៀមរាប​ថ្មីៗ​នេះ​ថា​៖ «​យើង​សុខ​ចិ​ត្ដ​ធ្វើតាម​របៀប​ថ្មី​របស់​យើង ដូច​ជាការ​ប្រគេន​ព្រះសង្ឃ​នូវ​បច្ច័យ យើង​អាច​វេរ​តាម​វី​ង ឬ​តាម​ធនាគារ​។ បើ​យើង​ចង់បាន​សូត្រធម៌​សូត្រ​អី​ទៀត [​បង្សុកូល​] យើង​អាច​ធ្វើតាម​រយៈ​ប្រព័ន្ធ​ទូរស័ព្ទ​។ ខ្ញុំ​ជឿថា បុណ្យ​បាន​ដូចគ្នា​»​។

​លោកស្រី​បាន​បន្ដថា​៖ «​ឬក៏​ចាត់​​ចែង​ធ្វើ​មេ​៉​ច កាត់ផ្ដាច់​ជា​អតិបរមា​នូវ​ការជួប​ជុំគ្នា​មនុស្ស​ច្រើន ឱ្យមាន​មនុស្ស​តិច​បំផុត​ ដើម្បី​ចៀសវាង​នូវ​ហានិភ័យ​នៃ​ការចម្លង​ត​គ្នា​នេះ​»​។

​ជា​ពុទ្ធសាសនិក​មិនដែល​រំលង​ការ​ធ្វើបុណ្យ​ទាន​នៅ​វត្ត​អារាម​រៀងរាល់​រដូវ​កាល​បុណ្យប្រពៃណី យុង វ៉ាន់ឌី អាយុ ៦៩​ ឆ្នាំ បាន​និយាយថា លោក​គ្រោង​ទៅ​វត្ត​នៅ​បិណ្ឌ​ទី​៧ ទី​៨ តាំងពី​ព្រលឹម​ដោយ​យល់ថា ​ជា​វេលា​មិនសូវមាន​មនុស្ស​អ៊ូអរ ជាមួយ​ស្រាក់​ម្ហូប​អាហារ និង​គ្រឿង​ឧបភោគបរិភោគ​ក្រៀមៗ ដូចជា មី ត្រីខ គ្រឿង​កំប៉ុង​សម្រាប់​ទុក​ឆាន់​ក្រោយ​ចប់​រដូវ​កាន់​​បិណ្ឌ​។

​មន្ត្រី​ចូលនិវត្តន៍​រូបនេះ​បាន​ប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា​៖ «​គ្រោង​ថាឱ្យ​កូន​ជូន​ឡាន​ទៅ​វត្ត នៅ​ស្រុក​ពញាឮ ខេត្តកណ្ដាល​យើង​ហ្នឹង ស្រាប់តែ​គេ​បិទ ក៏​អត់​បាន​ទៅ អ៊ីចឹង​ក៏​តេ​ទៅ​ព្រះ​តេជគុណ​នៅ​វត្ត ទូល​លោក​ថា កុ​ណា​ចង់​វេរ​បច្ច័យ​តាម​ទូរស័ព្ទ​ជូន​តេជគុណ ព្រោះ​អត់​បាន​ទៅ​វត្ត​ទេ​»​។​

​ពុទ្ធបរិស័ទ​ដែល​បាន​វេរ​ប្រាក់ ២០ ​ម៉ឺន​រៀល តាម​ទូរស័ព្ទ​ជូន​ព្រះ​ចៅ​អធិការ​វត្ត​មួយ​ជា​បច្ច័យ​ជំនួស​ឱ្យ​អាហារ​ទេយ្យទានបាន​បន្តថា​៖ «​ខ្ញុំ​រក្សា​ធាតុ​ឪពុកម្ដាយ គ្រោង​សង់​ចេតិយ​ឱ្យ​លោក​នៅ​ទីនោះ អ៊ីចឹង​ទោះជា​អត់​បាន​ទៅ​វត្ត ក៏​មិនគួរ​ខកខាន​ធ្វើបុណ្យ​​ទាន ចូល​បច្ច័យ​លោក​ទីនោះ​ដែរ​»​។​

​មិន​ខុសពី​អារាម​នៅ​រាជធានី​ភ្នំពេញ និង​ទីប្រជុំជន​នានា អារាម​កំពង់​ស្លែង ស្ថិតក្នុង​សង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវ ខេត្ដ​តាកែវ ក៏​ប្រណិប័តន៍​តាម​គន្លង​ថ្មី ដោយ​ការទទួល​ចង្ហាន់ និង​ទេយ្យវត្ថុ​នៅ​មាត់​ខ្លោងទ្វារ​វត្ដ ខណៈ​អ្នក​តំណាង​ក្រុម​វេន​តែ​ប៉ុន្មាន​នាក់​អាច​ប្រារឰ​កម្មវិធី​បង្សុកូលក្នុង​វត្ដ​បាន​។

​ព្រះ​តេជគុណ សម វិជ្ជា ចៅអធិការ​វត្ដ​កំពង់​ស្លែង និង​ជា​វិន័យ​ធម៌​អនុ​​គណ​ក្រុង​ដូន​កែវ មាន​សង្ឃដីកា​ថា​៖ «​ឆ្នាំមុនៗ ពុទ្ធបរិស័ទ​អញ្ជើញ​ចូលដល់​សាលាឆាន់ តែ​ពេលនេះ ដោយ​​សារ​បម្រាម​រាជរដ្ឋាភិបាល យើង​ទទួល​ពុទ្ធបរិស័ទ​ធម្មតា តែ​នៅ​ខាងក្រៅ​វត្ដ​វិញ​។ យើង​មានការ​រៀបចំ​តុ​រាប់​បាត ដោយមាន​ការចូលរួម​ពី​តំណាង​ពុទ្ធបរិស័ទ​តាម​វេន​នីមួយៗ ៣-៤​ នាក់ ​ដែល​មក​ប្រគេន​ចង្ហាន់​»​។

​ព្រះចៅអធិការ​វត្ដ ដែល​អះអាងថា អារាម​ទាំងអស់​ក្នុង​ខេត្ដ​តាកែវ​នៅតែ​បន្ដ​ទទួល​ចង្ហាន់ និង​ទេយ្យវត្ថុ​ពី​ពុទ្ធ​​បរិស័ទ​ជា​ហូរហែ​ បើទោះបីជា​ថមថយ​ពី​ឆ្នាំកន្លងមក​ក្ដី មាន​សង្ឃដីកា​ថា បុណ្យ​កើតឡើង​ពី​ចិ​ត្ដ​។

​ព្រះ​តេជគុណ វិជ្ជា មាន​សង្ឃដីកា​សំដៅលើ​ពុទ្ធបរិស័ទ​ប្រគេន​ចង្ហាន់ និង​ទេយ្យវត្ថុ​នៅត្រឹម​ខ្លោងទ្វារ​ដោយ​មិនទាន់​បានទទួល​ការធ្វើ​កិច្ច​បង្សុកូល​ថា​៖ «​សទ្ធា​ជ្រះថ្លា​កើតចេញពី​ចិ​ត្ដ ហើយ​វា​បាន​បុណ្យ​ស្មើគ្នា ដោយ​មិន​ចាំ​បង្សុកូល​នៅទីនេះ​ក៏បាន​ដែរ​។ ព្រះ​​សង្ឃទទួលផល នឹងធ្វើ​ពិធី​បង្សុកូល​នៅ​កុដិ ដោយ​លោក ចម្រើន អ​ជ្ជ​:​យ​ថា ប​ដិ​សង្ឃ ទៅបាន​ហើយ​»​។​

​ចម្រើន អ​ជ្ជៈយ​ថា ប​ដិ​សង្ឃ ជាការ​ឧទ្ទិស​ដល់​ម្ចាស់​ទាន ទៅតាម​ក្បួន​វិន័យ​របស់​ព្រះពុទ្ធសាសនា មុនពេល​ព្រះសង្ឃ​ចាប់ផ្ដើម​ឆាន់ចង្ហាន់​ដែល​ប្រគេន​ថ្វាយ​ដោយ​ពុទ្ធបរិស័ទ​។

​ព្រះសង្ឃ​បន្ត​មាន​សង្ឃដីកាថា​៖ «​បើទោះបីជា​ព្រះសង្ឃ​បង្សុកូល​ហើយ​យ៉ាងណាក៏ដោយ ក៏​ចិ​ត្ដ​យើង​អត់​ជ្រះថ្លា បុណ្យ​នេះ​នឹងមិន​ឧទ្ទិស​ទៅដល់​បុព្វការី​ជន​ដែរ​»​។

ទិដ្ឋភាព​ពុទ្ធបរិស័ទទៅ​វត្ត​នារដូវ​បុណ្យភ្ជុំបិណ្ឌឆ្នាំ​ ២០២១​ នេះ។ រូបថត AFP

​ពុទ្ធបរិស័ទ​ខ្លះ​មិនបាន​ទៅដោយ​ផ្ទាល់ តែ​ពួកគាត់​ផ្ញើ​ជា​បច្ច័យ​ចំពោះ​ថ្ងៃ​បិណ្ឌ​វេន​របស់​ពួកគាត់​។ មិន​សម្បូរ​ដូចពេលមុន​ទេ តែ​មិន​ដាច់​នោះទេ​។

​ព្រះអង្គ​បាន​លើកយក​ឧទាហរណ៍ ដែល​ពុទ្ធបរិស័ទ​ធ្លាប់ធ្វើ​កន្លងមក​ថា​៖ «​ពួកគាត់​និយាយថា ខ្ញុំ​ករុណា​បវរ​ណា​បច្ច័យ ​៤ សម្រាប់​ចាត់ចែង​ក្នុង​វេន​របស់ខ្ញុំ​ករុណា​នេះ​ជាមួយ​ចំនួន​ទឹកប្រាក់​ប៉ុណ្ណេះៗ ហើយ​សុំឱ្យ​ព្រះអង្គ​ចាត់ចែង​ចង្ហាន់​ព្រះសង្ឃ​បង្សុកូល​ឱ្យ​ខ្ញុំ​ករុណា​ផង​។ តែ​ប៉ុណ្ណឹង​បាន​ហើយ​ពរ​»​។

​ព្រះ​តេជគុណ វិជ្ជា បានលើកឡើងថា ចំពោះ​សម័យកាល​នេះ ការធ្វើ​បុណ្យ​ពី​ចម្ងាយ​មិនមាន​បញ្ហា​ចោទ​អ្វីទេ អនុគ្រោះ​បាន​។ ពួកគាត់​អាច​ផ្ញើបច្ច័យ​តាម​ប្រព័ន្ធ​ឌីជីថល​។ មិន​ខុសគ្នា​នោះទេ ដូច​សព្វ​រាល់ដង មាន​បងប្អូន​ខ្មែរ​យើង​រស់នៅ​ក្រៅប្រទេស ក៏​តែងតែ​ផ្ញើ​បច្ច័យ​កសាង​នេះ កសាង​នោះ​ជា​ហូរហែ​ផងដែរ​។

​ព្រះអង្គ​បន្ដថា​៖ «​ពុទ្ធបរិស័ទ​ខ្លះ​យល់ថា ពួកគេ​មិនបាន​ប្រគេន​ចង្ហាន់ និង​ទេយ្យវត្ថុ​ផ្ទាល់ដៃ បុណ្យ​កុសល​ដែល​ខ្លួន​បានធ្វើ​នឹងមិន​ទៅដល់​បុព្វការី​ជន​នោះទេ​។ បើ​ចិ​ត្ដ​យើង​ជ្រះថ្លា បុណ្យ​ក៏បាន​ទទួល​ដូចគ្នា ទៅតាម​សម័យកាល​កូ​វីដ​នេះ​។ យើង​ធ្វើ​នៅទីណា​ក៏បាន​ដែរ ឱ្យតែ​យើង​ធ្វើបុណ្យ​ពិតប្រាកដ​»​។

​អ្នកស្រី យាន សុខ​ម៉េង អាយុ ៥៦ ​ឆ្នាំ ដែល​បាន​ទៅ​វត្ត​តាំងពី​បិណ្ឌ​ដំបូង និង​មានបំណង​ទៅធ្វើ​បុណ្យ​ធ្វើ​ទាន​បន្ដទៀត នៅតាម​ទី​អារាម​ស្រុកស្រែ​ឆ្ងាយ ដោយ​ឃើញ​ពី​អារាម​ខ្លះ​អត្ដ​​ខាត់ មិនសូវមាន​ចង្ហាន់ និង​បច្ច័យ​។

​អាជីវ​ករលក់​ចាប់ហួយ ដែល​ឆ្នាំមុន​ផ្ទុះ​វីរុស​កូ​រ៉ូ​ណា​តែង​ខ្នះខ្នែង​ទៅឱ្យ​បាន ៧ ​វត្ត ​តាម​ជំនឿ​តៗ​គ្នា រូបនេះ​បាន​បន្តថា​៖ «​ដល់​ឮ​ការបិទ​វត្ដ​អ៊ីចឹងទៅ ម្សិល​​មិញ​ក៏​ឱ្យ​កូន​យក​អង្ករ មី ទឹក​សុទ្ធ ទឹក​​ស៊ីអ៊ី​វ អី​ប្រគេន​លោក​។ យើង​ស្គាល់​អាចារ្យ​ស្រាប់ ក៏​តេ​ប្រាប់​មុន​ទៅ​ថា​ទៅដល់​ម៉ោង​ប៉ុន្មានៗ ហើយ​លោក​ក៏​ចាំ​នៅ​មាត់ទ្វារ លោក​ក៏​សូត្រធម៌ អាចារ្យ​សូត្រ​យំ​កិ​ញ្ចិ យើង​ច្រូច​ទឹក​ពី​ចម្ងាយ​អ៊ីចឹងទៅ ឧទ្ទិស​ដល់​កុងម៉ា​សាច់ញាតិ ៧ ​សន្ដាន​យើង​អ៊ីចឹង​ណា​»​។​

​ស្ត្រី​ដែល​ជ្រើស​រើសយក​ការប្រគល់​ទេយ្យទាន​ត្រឹម​ខ្លោងទ្វារវត្ត​ជាជាង​វេរ​ប្រាក់​តាម​ទូរស័ព្ទ​ជា​បច្ច័យ​ដល់​ព្រះសង្ឃ​រូបនេះ បានលើកឡើង​ទៀតថា​៖ «​ចេះតែ​មិន​អស់ចិត្ត​ដែរ​ហ្នឹង​អូន យើង​ធ្វើ​កាត់ៗ​អ៊ីចឹង តែ​ធ្វើ​ម៉េច​បើ​អា​កូ​វីដ​ហ្នឹង​វា​អត់​ទាន់​អស់​អ៊ីចឹង​។ បន់ព្រះ​អង្គ​ឱ្យ​វារ​លាយ​អស់​ទៅ​ឆាប់ៗ​ទៅ នឹង​អាល​ស្រួល​រកស៊ី​លក់ដូរ​អី ទៅណា​មក​ណា ទៅ​វត្ត​ទៅ​វ៉ា​អី​ធ្វើ​បុណ្យទាន​ដូច​មុន​អ៊ីចឹង​»៕