​ភ្នំពេញ: ជាមួយ​កេរ្តិ៍ឈ្មោះ បោះ​សំឡេង​ជាច្រើន​ឆ្នាំ​មកហើយ សេង ហុក​ហេង ដែល​ល្បីល្បាញ​ពី​សេវាកម្ម​ល្អ បម្រើ​អាហារ​ឆ្ងាញ់​ក្នុង​កម្មវិធី​មង្គល បុណ្យទាន និង​ឱកាស​ពិសេស​នានា​នោះ បាន​បង្កើត Hengmart ដែលជា​ទីផ្សារ​លក់​អាហារ​កញ្ចប់​អន​ឡាញ និង​ដឹកជញ្ជូន​ដល់​គ្រប់កន្លែង​ក្នុង​រាជធានី​ភ្នំពេញ​ដោយ​ទទួល​​បានការ​គាំទ្រ​យ៉ាងខ្លាំង​។​

​ដោយ​ត្រូវបាន​អតិថិជន​ជឿ​​ជាក់​ពី​គុណភាព​រួចជាស្រេច ក្នុងពេល​មាន​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ ​១៩ ដែល​តម្រូវឱ្យ​ប្រជាជន​រួមគ្នា​បន្ត​ការពារ​ដោយ​គោរព​តាម​វិធាន​សុខា​​ភិ​បាល Hengmart បាន​រិះរក​គ្រប់​មធ្យោបាយ ដើម្បី​សម្រួល​ដល់​អតិថិជន ដោយ​ហាង​បាន​បង្កើត​ផលិតផល​ថ្មីៗ​ហៅថា «Easy Snack និង Easy Lunch» ដែលជា​អាហារ​ថ្ងៃ​ត្រង់ និង​សម្រន់​សម្រាប់​បំពេញតម្រូវការ​អតិថិជន​។​

​លោក ជឺ​ន ជឺ​ហេង នាយក​ផ្នែក​ផ្សព្វផ្សាយ​របស់ Hengmart និង សេង ហុក​ហេង បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ពី​គំនិត​ផ្ដួចផ្ដើម​នេះ​ថា​៖ «​នៅក្នុង​ខែកញ្ញា​នេះ យើង​ទើបតែ​បើក​ផលិតផល​ថ្មីៗ​ដែល​ហៅថា «Easy Snack និង Easy Lunch» ដែល​ត្រូវបាន​ដក​ស្រង់​ចេញពី​មុខម្ហូប​មួយចំនួន​សម្រាប់​អាហារ​ថ្ងៃត្រង់ និង​អាហារសម្រន់​»​។​

​លោក​បន្តថា​៖ «​មូលហេតុ​ដែល​យើង​បង្កើត Easy Snack និង Easy Lunch ឡើង​គឺ​យើង​ចង់​សម្រួល​ដល់​អតិថិជន​ដែលមាន​តម្រូវការ ឧទាហរណ៍​ថា ក្រុមហ៊ុន​គាត់​មិន​ថា​ជា​ស្ថាប័នឯកជន ឬ​រដ្ឋ ឬ​គាត់​ធ្វើ​​ការ​ជា​ក្រុម ឬ​អាចជា​លក្ខណៈ​គ្រួសារ​ទៅ​ដើរលេង​ឆ្ងាយ​ជិត​អី ​គឺ​គាត់​អាច​ធ្វើការ​កុម្ម៉ង់​ពី​ខាងយើង ព្រោះ​វា​ផ្ដល់​ភាព​ងាយ​ស្រួល តម្លៃ​សមរម្យ ហើយ​ចំណេញ​ពេលវេលា​»​។​

​ក្នុងតម្លៃ ១ ​ប្រអប់​ត្រឹមតែ ១៤ ០០០ ​រៀល Easy Lunch ជា​អាហារ​ថ្ងៃត្រង់​មានមុខ​ម្ហូប​ជាច្រើន ដូចជា ត្រី​ប្រមា​ចំហុយ​សាច់​ចិញ្ច្រាំ​ពង​ទា មាន់​អប់​ទឹក​​ស៊ីអ៊ី​វ ឆា​អម្ពិល​ទុំ​សាច់មាន់ ឆ្អឹងជំនីរ​បំពង​ឆា​ជូរអែម និង​មាន​ប្រភេទ​ម្ហូប​ឆា​ជាច្រើន​មុខ​ទៀត ដែល​ប្រើប្រាស់​សាច់គោ ជ្រូក មាន់ ទា អម​ជាមួយនឹង​បា​យស និង​ទឹក​ស៊ុប​។​

​នៅមាន​ជម្រើស​អាហារ​តម្លៃ​ត្រឹមតែ ៩ ០០០​ រៀល ​គឺ Easy Snack ដែលជា​ប្រភេទ​អាហារសម្រន់ មានដូចជា ពង​ទា​កូន​​បំពង ផាក​ឡូ​វ​នំ​ប៉ាវ​តូច ប្រហិត​ត្រី​រុំ​បន្លែ ផាត់​ថៃ លត​ឆា និង​ជម្រើស​ញ៉ាំ​កំដរ​មាត់​ឆ្ងាញ់ៗ​ជាច្រើន​ទៀត​។​

​លោក ជឺ​ហេង បាន​រៀបរាប់​ពី​ភាព​ពិសេស​នៃ​ឈុត​អាហារ​នេះដែរ​ថា​៖ «​ចំពោះ​ភាពខុសគ្នា​រវាង «Easy Snack និង Easy Lunch» និង​ដៃគូ​ប្រកួតប្រជែង​ទី​១ គឺ​ខាងយើង​មិន​មានការ​ចម្អិន​ទុក​នោះទេ​។ លុះត្រាតែ​អតិថិជន​កុម្ម៉ង់​ទើប​យើង​នឹង​ធ្វើការ​ចម្អិន​ភ្លាមៗ​តែម្ដង​។ ដូច្នេះ​ភ្ញៀវ​នឹង​ទទួលបាន​ម្ហូប​ថ្មី ស្រស់ៗ​ដោយ​មិនមាន​មុខម្ហូប​ណា​ខូចគុណភាព ឬក៏​ទុក​យូរ​នាំឱ្យ​ប៉ះពាល់​សុខភាព​នោះទេ​»​។​

លោក ជឺន ជឺហេង ​ជានាយកផ្នែក​ផ្សព្វផ្សាយ​នៅ​ Hengmart។ ​​រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

​ក្រៅពី​រសជាតិ និង​គុណភាព​លោក​ក៏​បញ្ជាក់ថា​៖ «​សំខាន់​គឺមាន​តម្លៃ​ដ៏​សមរម្យ​។ ភ្ញៀវ​គ្រប់​ស្រទាប់វណ្ណៈ​មានលទ្ធភាព​ទទួលយក​សេវាកម្ម​»​។​

​សម្រាប់​ការ​កុម្ម៉ង់​ភ្ញៀវ​អាចធ្វើ​ទៅបាន​តាមរយៈ​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក Hengmart ដោយ​គ្រាន់តែ​ទាក់ទង​មក​ក្រុម​ការ​ងារ​ប្រាប់​ពីមុខ​ម្ហូប ឬ​ទំនិញ​ដែល​ចង់បាន ខាង​ហាង​នឹង​សាកសួរ​ទៅវិញ​ពី​លេខ​ទូរស័ព្ទ និង​ម៉ោង​ពេលដែល​អតិថិជន​ចង់បាន​។ បន្ទាប់ពី​ការ​កុម្ម៉ង់ សេវាកម្ម​នេះ​អាច​ចំណាយពេល​ចន្លោះ​ពី ៤០-៤៥​ នាទី​ ក្នុងការ​ដឹកជញ្ជូន​ដល់​កន្លែង​។​

​ដើម្បី​សម្រួល​ការទិញ​របស់​អតិថិជន​ជាង​នេះ​បន្ថែមទៀត ហាង​នឹង​ព្យាយាម​បង្កើត​កម្មវិធី​កុម្ម៉ង់​តាម​ទូរស័ព្ទដៃ ដែល​នឹង​រួចរាល់​ក្នុងពេល​ឆាប់ៗ ដោយ​បន្ថែម​ភាព​សម្បូរបែប​កាន់តែច្រើន​នូវ​ផលិតផល និង​ឈុត​អាហារ​ថ្មីៗ តប​នឹង​តម្រូវការ​អតិថិជន​ដែល​និយម​ទទួល​​ទាន​អាហារ​ទាំង​រសជាតិ​ឆ្ងាញ់ និង​គុណភាព​ខ្ពស់​នេះ​។

​ប្រធាន​គ្រប់គ្រង​រូបនេះ​ឱ្យ​​ដឹងផង​ដែរ​ថា ការបង្កើត​ឈុត​អាហារ​ថ្មី​នេះ​មានដំណើរ​ការល្អ​ណាស់ តែ​លោក​ក៏​ចង់​អរគុណ​ទៅដល់​បទពិសោធ​កន្លង​មក ដូចជា​ការបង្កើត​ប្រភេទ​អាហារ​កញ្ចប់​ធំៗ ដែល​មិនសូវមាន​ការពេញនិយម​ដូច Easy Snack និង Easy Lunch នាពេល​បច្ចុប្បន្ននេះ​ទេ​។​

​លោក​បាន​ប្រាប់ថា​៖ «​ដូច្នេះ​ដើម្បី​ចាប់យក​ទីផ្សារ យើង​ព្យាយាម​បង្កើត​ផលិតផល​ថ្មី​ដើម្បី​សម្រប​ជាមួយ​ទីផ្សារ​ធ្វើ​ការគិតគូរ​យ៉ាងណា​ឱ្យ​ស័ក្តិ​​សម​ជាមួយនឹង​លទ្ធភាព​របស់​អតិថិជន​អាច​ជាវ​បាន អាច​ពិសា​បាន និង​ប្រាកដថា​ ទទួល​បាន​នូវ​អ្វីដែល​ពួកគាត់​បាន​ចំណាយ​»​។​

​លោក​បានបញ្ជាក់​ឱ្យដឹង​ដែរ​ថា នៅក្នុង Hengmart មិន​​មែន​មានតែ Easy Snack និង Easy Lunch និង​អាហារ​កញ្ចប់ ប្រភេទ​បាយ​ឆា ស៊ុប គ្រឿងក្លែម​ប៉ុណ្ណោះ​ទេ ហាង​នៅមាន​បម្រើ​គ្រឿងទេស និង​ប្រភេទ​អាហារ​ពិសេស​ផ្សេងទៀត រួមទាំង​ជា​ផលិតផល​ក្នុងស្រុក​ដ៏​សម្បូរបែប​ទៀតផង​។

​ជាក់ស្ដែង​មុខម្ហូប​ដែលមាន​ការពេញនិយម​ខ្លាំង​ពេលនេះ​គឺ កូនជ្រូក​កណ្ដុរ​អាំង​អំបិលម្ទេស ដែល​លោក​អះអាងថា​ជា​ផលិតផល​ក្នុងស្រុក​ពិតៗ​យក​ពី​ខេត្តមណ្ឌលគិរី និង​ទឹកដី​ឧ​ត្ត​រ​មានជ័យ​។

​លោក​ថែមទាំង​បង្រៀន​ពី​វិធី​សម្គាល់​ទៅដល់​បងប្អូន​ដែល​ប្រាថ្នា​រសជាតិ​ជ្រូក​កណ្ដុរ​ពិតៗ ដោយ​លក្ខណពិសេស​ជ្រូក​ក្នុងស្រុក​ គឺមាន​ខ្លាញ់​តិច​។ វា​មាន​ការលាង​សម្អាត​ទៅតាម​ធម្មតា​ គឺ​ពុះ​ចំ​កណ្ដាល​តែមួយ មាត់ និង​ច្រមុះ​មិន​បែក​ពីគ្នា​ទេ​។

​រីឯ​ក្រញាំ​ជើងមាន​ពណ៌​ខ្មៅ ហើយ​មាន​រោម​តិចៗ​នៅលើ​ស្បែក ដែល​ខុសពី​ជ្រូក​នាំចូល​ក្រៅ​ស្រុក​។

​ក្រៅពីនេះ​ហាង​ក៏មាន កូន​​ក្រពើ​អាំង​ពី​ខេត្តសៀមរាប និង​ខេត្តកំពង់ចាម ដែល​ត្រូវបាន​ចិញ្ចឹម ដើម្បី​ផ្គត់ផ្គង់​ជា​ចំណី​​អាហារ​។ សម្រាប់​អ្នក​ដែល​ចង់​ប្ដូរ​រសជាតិ Hengmart ក៏មាន​ជា​កន្ធាយ​ចំហុយ​ខ្ទឹមស​ដ៏​ឈ្ងុយឆ្ងាញ់​ផងដែរ​។​

​ជាមួយនឹង​ក្ដី​មោទនៈ​ ដែល​ទទួលបាន​ការទុកចិត្ត​ពី​អតិថិ​​ជន​កន្លងមក នាយក​ផ្នែក​ផ្សព្វ​​ផ្សាយ លោក​ ជឺ​ន ជឺ​ហេង បន្ដថា​៖ «​ពេលខាងមុខ យើង​នឹង​បន្ថែម​មុខម្ហូប​ថ្មីៗ​ទៀត ហើយ​នៅ​ថ្ងៃ​ភ្ជុំបិណ្ឌ ដាក់​បិណ្ឌ​ខាងមុខ យើង​ក៏មាន​ជា​ឈុត​អាហារ​ផ្សេងទៀត​សម្រាប់​ជា​តម្រូវការ​អតិថិជន​ដែល​គាត់​ចង់យក​ធ្វើជា​ចង្ហាន់​ទៅ​ប្រគេន​លោក រួមទាំង​មាន​សាច់​ខ្វៃ សាច់​អាំង ផ្សេងៗ​អាច​ធ្វើការ​កុម្ម៉ង់​ទុក​មុន​សម្រាប់​ពិធីសែនព្រេន​»​។​

​សម្រាប់​ព័ត៌មាន​បន្ថែម​អំពី ហាង Hengmart របស់​ សេង ហុក​ហេង សូម​ទំនាក់ទំនង​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក @hengmartdotcom ​និង​ សេង ហុកហេង @senghokhengcatering៕

វីដេអូ៖