ក្រុង​ដា​ក្កា: គោ​តឿ​បំផុត​ដ៏​ល្បីឈ្មោះ​នៅ​បង់​ក្លា​ដែ​ស បាន​ជាប់​កំណត់ត្រា​ហ្គី​ន​ណេ​ស​ពិភពលោក ក្រោយពី​តារា​សត្វ​ជើង​បួន ​១ ​ក្បាល​នេះ ​បាន​ងាប់​ជាង ​១ ​ខែ​ទៅហើយ​។​

​រ៉ានី ជា​ឈ្មោះ​គោ​តឿ​កម្ពស់ ៥០,៨​ សង់ទីម៉ែត្រ ដែល​បាន​ក្លាយខ្លួនជា​តារាអ៊ី​ន​ធឺ​ណិ​ត ទាក់ទាញ​មនុស្ស​រាប់ពាន់​នាក់មក​ពី​ស្រុក​ផ្សេងៗ ដើម្បី​សុំ​ថតរូប​ជាមួយ​វា​។​

​ម្ចាស់​របស់​គោ​តឿ​នេះ​ បានដាក់​ពាក្យ​ទៅ​កំណត់ត្រា​ហ្គី​ន​ណេ​ស​មិនបាន​ប៉ុន្មាន​ផង ស្រាប់តែ​សត្វ​សំណព្វ​បាន​ងាប់​ដោយសារ​ខ្យល់​ក្នុង​ពោះ​។​

​ម្ចាស់​គោ​លោក កា​ហ្ស៊ី ម៉ូ​ហា​ម៉ា​ដ អា​ប៊ូ ស៊ី​ហ្វី​អាន បាន​និយាយថា លោក​ទទួលបាន​អ៊ី​មែ​លពី​កំណត់ត្រា​ហ្គី​ន​ណេ​ស​ពិភពលោក​កាលពី​ថ្ងៃ​ចន្ទ ដោយ​ទទួលស្គាល់​នូវ​លក្ខណ​​ពិសេស​របស់​គោ រ៉ានី​។​

​នៅលើ​វេ​ប​សាយ​ហ្គី​ន​ណេ​ស មានការ​បញ្ជាក់ថា គោ​តឿ​ ១ ​ក្បាល​នេះ ​បាន​ផ្ដួល​កំណត់ត្រា​ចាស់​របស់​គោ​ឥណ្ឌា​ឈ្មោះ ម៉ា​នី​គី​យ៉ា​ម ដែលមាន​កម្ពស់ ៦១ ​សង់ទីម៉ែត្រ​។​

​លោក​បាន​និយាយថា​៖ «​យើង​បាន​ផ្ញើ​វីដេអូ​ជាច្រើន​ពី​គោ រ៉ានី តាម​ការណែនាំ​របស់​ហ្គី​ន​ណេ​ស ហើយ​យើង​ថែមទាំង​បាន​ផ្ញើ​របាយការណ៍​ស្លាប់​របស់​វា ដើម្បី​បញ្ជាក់ថា វា​លាចាក​លោក​ដោយ​ជំងឺ ជា​រឿង​ប្រក្រតី ពុំមាន​អ្វី​គួរឱ្យ​សង្ស័យ​ទេ​»​។​

​លោក​បាន​បញ្ជាក់ថា លោក​ក៏បាន​ផ្ញើ​របាយការណ៍​សុខភាព​របស់​គោ​ញី​នេះ ដើម្បី​ឱ្យអស់​មន្ទិល​ថា វា​ត្រូវបាន​ប្រើ​ប្រភេទ​ថ្នាំ​ចាក់​អ័រម៉ូន​បង្អាក់​ការ​លូតលាស់​ផងដែរ​។​

​ម្ចាស់​គោ​តឿ​បំផុត​ក្នុង​លោក​រូបនេះ​បាន​និយាយថា​៖ «​យើង​ពិត​ជាមាន​អារម្មណ៍​ច្របូកច្របល់​។ យើង​សប្បាយ​ផងដែ​លវា​ទទួលបាន​ងារ​នេះ ហើយ​ទន្ទឹមនឹងនោះ​យើង​ក៏​សោកស្ដាយ​ផងដែ​លវា​លែង​នៅ​ជាមួយ​យើង​ទៀត​»​។​

​លោក​បាន​ថ្លែង​ទាំង​ស្រណោះ​ថា​៖ «​សូម្បីតែ​អ្នក​មើលថែ​វា​ផ្ទាល់ គ្រាន់តែ​ឮដំណឹង​នេះ​ភ្លាម ស្រាប់តែ​ស្រក់​ទឹក​​ភ្នែក​យំ​ហ៊ូ​តែម្ដង​»៕ AFP/HR