ភ្នំពេញ៖ បង្កើតឡើង​នៅ​កម្ពុជា កម្មវិធី​គ្រប់គ្រង​គម្រោង​ការងារ​តាម​ប្រព័ន្ធ​អ៊ីនធើណិត Bloo ដែល​បានក​កើតមុន ១ ឆ្នាំ​នៃ​ការផ្ទុះ​ឡើង​នៃ​ជំងឺ​រាតត្បាត បានផ្ដល់​ការប្រើប្រាស់​ឥតគិតថ្លៃ​ដល់​បណ្ដា​ស្ថាប័ន​អប់រំ និង​អង្គការ​ជាច្រើន បន្ថែម​ពីលើ​ការផ្ដល់​សេវាកម្ម​ក្នុង​តម្លៃ​សមរម្យ​សម្រាប់​អាជីវកម្ម។

ក្រោម​ឈ្មោះ​គម្រោង​មូលនិធិ​មួយ Bloo4Good កម្មវិធី​គ្រប់គ្រង​គម្រោង​ការងារ​តាម​ប្រព័ន្ធ​អ៊ីនធើណិត​នេះ​បានផ្ដល់​អាជ្ញាប័ណ្ណ​ប្រមាណ​ជាង ៥០០០ ដែល​គិត​ជា​ទឹកប្រាក់​ចំនួន ២,៥ លាន​ដុល្លារ​អាមេរិច​ទៅកាន់​ស្ថាប័ន​អប់រំ អង្គការ​ក្រៅ​រដ្ឋាភិបាល និង​អង្គការ​មិន​រកប្រាក់​ចំណេញ។

អ្នកនាង ច័ន្ទ សេរ៉ាហ្វីន មកពី​សមាជិក​ក្រុម​ផ្នែក​ទីផ្សារ Bloo ប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ពី​គោលបំណង​ដែល​មូលនិធិ Bloo4Good ផ្ដួចផ្ដើម​ឡើង​ថា៖ «ជាមួយ​នឹង​ចក្ខុវិស័យ «ធ្វើឱ្យ​ពិភពលោក​កាន់តែ​ប្រសើរឡើង​ជាមួយគ្នា» គឺ​យើង​ចង់​ជួយ​ទៅដល់​អង្គការ និង​អ្នក​ដែល​បាន​ធ្វើអំពើ​ល្អ​ដូចដែល​បាន​រៀបរាប់​ខាងលើ​ ដើម្បី​ចូលរួម​ជំរុញ​ឱ្យ​ពួកគេ​បន្ត​ធ្វើអំពើ​ល្អៗ​ទាំងនោះ​តទៅទៀត»។

ចាប់តាំងពី​ជំងឺ​រាតត្បាត​មនុស្ស​ត្រូវបាន​បង្ខំ​ឱ្យ​ផ្លាស់ប្ដូរ​ទម្លាប់​រស់នៅ មិន​ថា​ជា​ការងារ ការសិក្សា ការជួបប្រជុំ​ដែល​ត្រូវបាន​ធ្វើ​តាមរយៈ​អនឡាញ​ជំនួស​ឱ្យ​ការប្រាស្រ័យ​ទាក់ទង​ដោយ​ជួប​ផ្ទាល់។

ជាពិសេស​អាជីវកម្ម ក្រុមហ៊ុន​មួយៗ​ត្រូវបាន​ប្រើប្រាស់​នូវ​កម្មវិធី​បង្កើត​ក្រុម និង​បំពេញ​ការងារ​ពី​ចម្ងាយ។ យ៉ាងណាមិញ បញ្ហា​ប្រឈម​គឺ​ឯកសារ​មិនមាន​លំដាប់លំដោយ​ជា​ហេតុ​ធ្វើឱ្យ​ចង្វាក់​ការងារ​ចំណាយពេល​យូរ។

Bloo ត្រូវបាន​ស្ថាបនា​ឡើង​ដោយ​ជនជាតិ​អ៊ីតាលី-អង់គ្លេស អេម៉ានូអែល ហ្វាចា (ត្រូវបាន​ស្គាល់​ថា ម៉ាន់នី) ក្នុង​ឆ្នាំ ២០១៨។ រូបថត សហការី

អ្នកនាង សេរ៉ាហ្វីន បាន​បន្តថា៖ «ដូចជា​សម្រួល​ដល់​ការងារ​គ្រូ ឬ​សាស្ត្រាចារ្យ​ដោយ​ពួកគាត់​នឹង​ទទួលបាន​អត្ថប្រយោជន៍​ពី Bloo ក្នុង​ការរៀបចំ​កាលវិភាគ​ ឬ​រក្សាទុក​ឯកសារ និង​មេរៀន​ផ្សេងៗ»។

Bloo ត្រូវបាន​ស្ថាបនា​ឡើង​ដោយ​ជនជាតិ​អ៊ីតាលី-អង់គ្លេស​លោក អេម៉ានូអែល ហ្វាចា (ត្រូវបាន​ស្គាល់​ថា ម៉ាន់នី) ជា​ដៃគូ​គ្រប់គ្រង​នៃ​ទីភ្នាក់ងារ​រចនា Mad ក្នុង​ឆ្នាំ ២០១៨។ ក្រោយមកទៀត គម្រោង​នេះ​ត្រូវបាន​សហការ​បង្កើត​ដោយ ដុង ទ្រឿង អតីត​ប្រធាន​ផ្នែក​បច្ចេកវិទ្យា​របស់​ក្រុមហ៊ុន​ដែកថែប​វៀតណាម Ton Nam Kim។

អ្នកនាង សេរ៉ាហ្វីន ​ឱ្យដឹងថា Bloo ត្រូវបាន​ស្ថាបនា​ឡើង​ដោយ​នៅពេល​ស្ថាបនិក​ម៉ាន់នី​ធ្វើដំណើរ​ទៅ​សហរដ្ឋអាមេរិក​កាលពី​ខែកក្កដា​ឆ្នាំ ២០១៧។ បញ្ហា​ប្រឈម​ដែល​លោក​បាន​ជួបប្រទះ​នៅពេល​ដំណើរការ​ទីភ្នាក់ងារ Mad ដោយ​រូបលោក​ធ្លាប់​សាកល្បង​កម្មវិធី​គ្រប់គ្រង​គម្រោង​ផ្សេងៗ​ជាច្រើន​ពីមុនមក ប៉ុន្តែ​បានឃើញ​ថា ភាគច្រើន​ពិបាក​ប្រើ និង​មានតម្លៃ​ថ្លៃ។

អ្នកនាង សេរ៉ាហ្វីន បន្ថែមថា៖ «វា​មិន​ត្រឹមតែ​ថ្លៃ​ទៅលើ​ក្រុមហ៊ុន​បង់​ដំបូង​ទេ​ថែមទាំង​ចំណាយ​ច្រើន​ទៅលើ​ផលិតភាព​នៃ​ការប្រើប្រាស់​មុខងារ​ផ្សេងៗ​ជាច្រើន​ទៀត។ ដូច្នេះ​ក្នុង​អំឡុងពេល​ធ្វើដំណើរ​គាត់​បាន​បោះជំហាន​ធ្វើការ​វិនិយោគ​ដំបូង​ ដើម្បី​ឱ្យ​គំនិត​បង្កើត​កម្មវិធី​សម្រួល​បញ្ហា​នេះ​លេច​រូបរាង​ឡើង​បាន»។

Bloo ក៏បាន​ផ្ដល់​ជា​មុខងារ​សំខាន់ៗ​ជាច្រើន​ដូចជា ផ្ទៃ​សម្គាល់ ប្រតិទិន បញ្ជី ផែនទី សកម្មភាព ការក្រើន​រំឭក បញ្ចេញ និង​បញ្ចូល​ព័ត៌មាន ទម្រង់​បែបបទ និង​ស្វ័យភាព ជាដើម សម្រាប់​ជួយ​សម្រួលការ​គ្រប់គ្រង​របស់​អ្នកប្រើប្រាស់។ រូបថត សហការី

រហូតដល់​ឆ្នាំ ២០១៨ ទើប​កម្មវិធី Bloo បាន​កើតជា​ផ្លូវការ​ដោយ​សម្រួល​ឱ្យ​មនុស្ស​អាច​ធ្វើការ​ពី​ចម្ងាយ ផ្ដល់​ភាពងាយស្រួល​ទៅដល់​ការគ្រប់គ្រង​គម្រោង​ការងារ​នឹង​ជួយ​សម្រួល​លំហូរ​ការងារ​នៃ​អាជីវកម្ម​របស់​អ្នកប្រើប្រាស់​មិន​ថា​ពួកគេ​នៅទីណា​ក្ដី។

លើសពីនេះ Bloo ក៏​ត្រូវបាន​ប្រើប្រាស់​ដោយ​អង្គការ​ចំនួន​ជាង ១៣០០ នៅ​ជាង ១២០ ប្រទេស និង​មាន​ច្រើន​ភាសា​ដូចជា អង់គ្លេស ខ្មែរ វៀតណាម បារាំង អេស្ប៉ាញ អ៊ីតាលី អាល្លឺម៉ង់ ឥណ្ឌូនេស៊ី និង​គ្រោង​បន្ថែម​ភាសា​ជាច្រើន​ទៀត​ក្នុងពេល​ឆាប់ៗ​នេះ។

កម្មវិធី​គ្រប់គ្រង​ការងារ Bloo ក៏បានផ្ដល់​ជា​មុខងារ​សំខាន់ៗ​ជាច្រើន​ដូចជា board, calendar, list, map, activity feed, notifications, import and export, forms, automation និង​ច្រើន​ទៀត​សម្រាប់​ជួយ​សម្រួលការ​គ្រប់គ្រង​របស់​អ្នកប្រើប្រាស់។

ការចែករំលែក​ការងារ​ជាមួយ​សមាជិក​ក្រុម​អាចជួយ​កិច្ចសហការ​ឱ្យ​កាន់តែ​ល្អប្រសើរ និង​កាត់បន្ថយ​ការចំណាយ​ពេលវេលា​ស៊ាំញ៉ាំ។

អ្នកនាង​បាន​ឱ្យដឹង​ពី​ភាពខុសគ្នា​រវាង Bloo និង​កម្មវិធី​ផ្សេង​ទៀតថា៖ «វា​ងាយស្រួល​ប្រើ​ជាង​ព្រោះ​យើង​បាន​ផ្តោត​ការយកចិត្ត​ទុកដាក់​លើ​បទពិសោធន៍​អ្នកប្រើប្រាស់​តាំងពី​ថ្ងៃ​ដំបូង។ នេះ​មានន័យថា​អ្នកណា​ក៏​អាច​ប្រើ Bloo ដោយ​មិនចាំបាច់​មានការ​បណ្តុះបណ្តាល»។

ក្រុមការងា Bloo ជា​កម្មវិធី​គ្រប់គ្រង​គម្រោង​ដែល​បាន​បង្កើតឡើង​នៅក្នុង​ប្រទេស​កម្ពុជា ដោយ​ផ្ដល់​ការប្រតិបត្តិការ​យ៉ាង​ងាយស្រួល​តាម​ប្រព័ន្ធ​អ៊ីនធឺណែត។ រូបថត សហការី

អ្នកនាង​បន្តថា៖ «ចំណុច​សំខាន់​មួយទៀត​តម្លៃ​យើង​គឺ​ធូរ​ថ្លៃ​ខ្លាំង​ត្រឹមតែ ៥០ ដុល្លារ​ក្នុង​មួយខែ​ សម្រាប់​អាជីវកម្ម​ទូទៅ​ក្រៅពី​ស្ថាប័ន​នៅក្នុង​គម្រោង Bloo4Good។ ក្នុងពេល​ដែល​កម្មវិធី​ផ្សេង​គេ​គិត​តម្លៃ​អ្នកប្រើប្រាស់​ម្នាក់ៗ Bloo គិត​សម្រាប់​មួយក្រុម​ហ៊ុន តែ​វា​មាន​សក្ដានុពល​ខ្លាំង​ដូច​កម្មវិធី​ផ្សេងៗ​ទៀត​ដែរ»។

តម្រូវការ​តែមួយគត់​ដើម្បី​ប្រើ Bloo គឺ​អ៊ីម៉ែល​ ដើម្បី​ចាប់ផ្តើម​ដោយមាន​ការផ្ដល់​បទពិសោធន៍​ប្រើ​សាកល្បង​ឥតគិតថ្លៃ​រយៈពេល ១៤ ថ្ងៃ។ នៅពេល​ដែល​អតិថិជន​សម្រេចចិត្ត​ប្រើប្រាស់ Bloo ពួកគេ​អាច​បញ្ចូល​ព័ត៌មាន​លម្អិត​កាត​របស់​ពួកគេ។

សម្រាប់​អ្នក​ស្ថិតក្នុង​ប្រភេទ​ស្ថាប័ន​អប់រំ ឬ​អង្គការ​មិន​ស្វែងរក​ប្រាក់ចំណេញ អ្នកនាង សេរ៉ាហ្វីន ក៏បាន​ចែករំលែក​សារ​ផងដែរ​ថា៖ «ប្រសិនបើ​អ្នកជា​ស្ថាប័ន​អប់រំ អង្គការ​ក្រៅ​រដ្ឋាភិបាល និង​អង្គការ​មិន​រកប្រាក់​ចំណេញ​ហើយ​កំពុង​រក​អាជ្ញាប័ណ្ណ​ឥតគិតថ្លៃ​ពី Bloo មាន​ជំហាន​ពីរ​បី​ប៉ុណ្ណោះ​ ដើម្បី​ចាប់ផ្តើម»។

អ្នកនាង​បាន​រៀបរាប់​ត្រួសៗ​ថា៖ «ដំបូង​បង្កើត​គណនី​នៅលើ Bloo.io បញ្ជូន​ពាក្យសុំ​របស់​អ្នក​តាម​អ៊ីនធើណិត​ក្រុម​យើង​នឹង​ពិនិត្យឡើងវិញ​ក្នុង​រយៈពេល ២៤-៤៨ ម៉ោង។ បន្ទាប់ពី​ការបញ្ជាក់ ហើយ​អ្នកនឹង​ទទួលបាន​អាជ្ញាប័ណ្ណ​ពេញ​មួយជីវិត ១០០% ។ ដូច្នេះ​តើ​អ្នក​រង់ចាំ​អ្វី​ទៀត?»។

សម្រាប់​ពត៌មាន​បន្ថែម Bloo អាច​ចូលទៅ​កាន់​គេហទំព័រ https://www.bloo.io ។