ភ្នំពេញ: ស្ពាយ​ចំណេះ​ស្មូន​ជា​ទ្រព្យ​ជាប់​នឹង​ប្រាណ ដែល​ខំ​លាក់ទុក​ពី​សម័យ​ខ្មែរក្រហម សិល្បករ​កុម្ភការ លោក យ៉ា​រី លី​វ៉ាន់ បាននិង​កំពុង​មានឈ្មោះ​បោះ​សំឡេង​នៅ​អាមេរិក​ចំពោះ​ស្នាដៃ​សិល្បៈ​សេ​រ៉ា​មិ​ក​ដ៏​កម្រ​ផ្សព្វផ្សាយ​អត្តសញ្ញាណ​មរតក​ខ្មែរ​ទៅកាន់​ពិភពលោក​។

​ដំណើរ​នាំមក​ដល់​អាជីព​ជាជាង​ស្មូន​បានចាប់ផ្ដើម​នៅ​ឆ្នាំ ​១៩៧១ ពេល​លោក លី​វ៉ាន់ បាន​ចូលរៀន​នៅ​វិចិត្រសិល្បៈ​ផ្នែក​កុលាលភាជន៍ ដែល​ត្រូវបាន​គេ​ស្គាល់​ថា ការដុត​សេ​រ៉ា​មិ​ក​។ ការ​ក្រេប​ចំណេះ​ជំនាញ​របស់​យុវជន លី​វ៉ាន់ ត្រូវបាន​កាត់ផ្ដាច់​ដោយ​របប​អាវខ្មៅ​នៅ​ឆ្នាំ ​១៩៧៥​។​

​ជាង​ស្មូន​រស់នៅ​រដ្ឋ​ម៉ាសាឈូសេត​ជិត​ ២០ ​ឆ្នាំ​រូបនេះ ​បាន​រំឭក​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា​៖ «​កាលនោះ​បើ​ប្រាប់​គេ​ថា រៀន​ថ្នាក់​ទី​ប៉ុន្មាន ឬ​ចូល​សាលា​គេ​យកទៅ​វាយចោល​។ ខ្ញុំ​ប្រាប់​គេ​ថា ​ខ្ញុំ​រៀន​គូរ​មិនបាន​ទៅ​រៀន​នៅ​សាលា​ទេ​។ ឪពុក​ជា​គ្រូបង្រៀនខ្ញុំ​ថា ​ជាជាង​ម៉ាស៊ីន​តែ​ម្ដាយ​ខ្ញុំ​គាត់​ជាជាង​ដេរ​មែន ហើយ​គ្រួសារ​យើង​ក៏​រួច​រហូតមក​។ ខ្ញុំ​ក៏បាន​រៀន​ត​នៅពេល​ចប់​សង្គ្រាម​ឆ្នាំ ​១៩៧៩»​។​

ស្នាដៃ​សេរ៉ាមិក​​លោក​ត្រូវ​បាន​បរទេស​ផ្ដល់តម្លៃ និង​ទទួលស្គាល់​​។ រូបថត សហការី

​ក្រោយ​ចប់​សង្គ្រាម លោក លី​វ៉ាន់ បាន​រៀបការ​មានគ្រួសារ នៅក្នុង​ឆ្នាំ ១៩៨៤ បាននាំគ្នា​ទៅ​រស់នៅ​ជំរំ​ជនភៀសខ្លួន​ជាទី​ដែល​លោក​បាន​បង្រៀន​សិល្បៈ​នៅ​វត្ត​ជំរំ​ថ្មី រហូតដល់​ឆ្នាំ ​១៩៨៨​។​

​លោក​បាន​រៀបរាប់​បន្តថា​៖ «​ខ្ញុំ​ក៏​ដើរទៅ​ធ្វើការ​ឱ្យគេ​តាម​អង្គការ និង​ដើរ​គូរ​តាម​វត្ត​ ដើម្បី​រួច​ជីវិត​។ កាល​នៅ​ជំរំ​ខ្ញុំ​បាន​បង្រៀន​គូរ ឆ្លាក់​ខ្លះៗ​ដែរ​នៅ​វត្ត​ជំរំ​ថ្មី តែ​មិន​បានធ្វើ​សេ​រ៉ា​មិ​កអី​ទេ​ព្រោះ​គ្មាន​សម្ភារគ្មាន​ឡ​។ រហូតដល់​ឆ្នាំ​ ២០០១ ខ្ញុំ​បានមក​នៅ​អាមេរិក​»​។​

​សព្វថ្ងៃ​លោក​បង្រៀន​សេ​រ៉ា​មិ​កនៅ​សាកលវិទ្យាល័យ​ ២ ​គឺ UMass Lowell និង Middlesex Community College​។ ក្រៅពីនេះ​លោក​ក៏មាន​បង្រៀន​សាលាបឋមសិក្សា និង​បើក​បង្រៀន​ឯកជន​នៅ​ស្ទូ​ឌី​យោ​លោក​។ ការិយាល័យ​វប្បធម៌​រដ្ឋ​ម៉ាសាឈូសេត ថែមទាំង​ផ្ដល់​ជា​ថវិកា​ឱ្យ​លោក​បង្រៀន​សិស្ស​ខ្មែរ​ដើម្បី​ស្នង​រូបលោក​ផងដែរ​។​

​ប៉ុន្តែ​ជាង​ស្មូន​វ័យ ៦៧ ​ឆ្នាំ​រូបនេះ​ថា​៖ «​ដូច​ដឹង​ស្រាប់​ហើយ​ក្មេង​ឥឡូវ​មិនសូវ​មានការ​អំណត់​ទេ​។ គេ​ច្រើន​ចូលចិត្ត សិល្បៈ កុំព្យូទ័រ មក​រៀន​ផ្ទាល់ដៃ​ដូច​ខ្ញុំ​ពិបាក​រក​ណាស់​។ តែ​ខ្ញុំ​ធ្លាប់​បង្រៀន​បានកូន​ខ្មែរ ១-២ ​នាក់​ដែរ​។ តែ​ឥឡូវនេះ​ខ្ញុំ​បង្រៀន​កូន​ខ្ញុំ​ផ្ទាល់​ដាក់ឈ្មោះ​ជា​សិស្ស​ស្នង​តែម្ដង​»​។​

​សាស្ត្រាចារ្យ​រូបនេះ​ថា បូករួម​បច្ចេក​ទេស​សម្ភារ​ទំនើប​នៅ​អាមេរិក​ធ្វើឱ្យ​ស្នាដៃ​លោក​កាន់តែ​ប្រសើរឡើង​។ ការគាំទ្រ និង​ឱ្យ​តម្លៃ ដោយសារតែ​លោក​អាច​រក្សា​ស្នាដៃ​បុរាណ​ខ្មែរ និង​ប្រយ័ត្នប្រយែង​កែលម្អ​សិស្ស​ដែល​យោង​ឯកសារ​ពី​ប្រទេស​ផ្សេង​ប្រាស​ចាក​នូវ​ទម្រង់​ដើម​នៃ​វប្បធម៌​សិល្បៈ​បរម​បុរាណ​នៃ​បុព្វបុរស​។​

​លោក​បានឱ្យដឹងថា​៖ «​ខ្ញុំ​មិន​ចង់ឱ្យ​សិល្បៈ​យើង​ក្លាយ ចង់ឱ្យ​យើង​រក្សា​អ្វី​ដែលជា​ស្នាដៃ​ពិតប្រាកដ​ពី​បុរាណ​ខ្មែរ​។ មកដល់​អាមេរិក​ខ្ញុំ​ប្រយ័ត្ន​អ៊ីចឹង​បាន​គេ​ឱ្យ​តម្លៃ​ខ្ញុំ​។ គេ​ថា ខ្ញុំ​អាច​រក្សា​នូវ​សិល្បៈ​បុរាណ និង​វប្បធម៌​ក្បាច់ក្បូរ​ផ្សេងៗ​រហូត​ថ្នាក់ជាតិ​ប្រគល់​រង្វាន់​កិត្តិយស​ឱ្យ​ខ្ញុំ​»​។​

​លោក​បានលើកឡើង​ទៀតថា​៖ «​ខ្ញុំ​មិន​និយាយថា ស្នាដៃ​ខ្ញុំ​លើសគេ​លើស​ឯង​ទេ ខ្លះ​គេ​មាន​ស្នាដៃ​ល្អ​ខ្ញុំ​ក៏​រៀនសូត្រ​ពី​គេ​។ ប៉ុន្តែ​ខ្ញុំ​ជ្រើសរើស​សេ​រ៉ា​មិ​ក​ព្រោះតែ​កាលណា​ផលិត​វា​បាន​ហើយ​គឺ​របស់​នេះ​នៅ​ថ្មី​ជា​រៀង​​រហូត​មិនចេះ​ចាស់​ទេ​»​។​

​ក្រៅពី​អភិរក្ស​សិល្បៈ​ស្មូន​ខ្មែរ លោក​ក៏បាន​បង្កើត​ឡ​ប្រើ​បច្ចេកទេស​ដោយ​គ្មាន​ផ្សែង និង​អាច​ដុត​រហូតដល់​ទៅ​កម្ដៅ ១ ៣៥០ អង្សា​សេ ជា​កម្ដៅ​ស្តង់ដា និង​ក្ដៅ​បំផុត​ធ្វើឱ្យ​សម្ភារ​សេ​រ៉ា​មិ​ក​មិន​ងាយ​បែកបាក់​ដូច​ក្អមឆ្នាំង​នោះទេ​។ នេះ​ជា​អ្វីដែល​គេ​ឱ្យ​តម្លៃ ព្រោះ​វា​ធ្វើ​ដោយ​ដៃ និង​ដុត​ដោយ​ប្រើ​អុស​ធម្មជាតិ​។​

​សិល្បករ​សេ​រ៉ា​មិ​ក​រូបនេះ​មាន​ទស្សនៈ​ថា​៖ «​ខ្ញុំ​មិន​ចូលចិត្ត​ធ្វើ​របស់​ពី​ឈើ ស្នោ ឬ​ក្រដាស​ដោយសារ យើង​ចំណាយ​កម្លាំងចិត្ត កម្លាំងកាយ​ច្រើនតែ​ធ្វើ​ហើយ​វា​បាត់​គុណភាព​។ តែ​តម្លៃ​សិល្បៈ​កុលាលភាជន៍​គឺ​នៅ​គង់វង្ស​បាន​រហូត​តកូនតចៅ​»​។​

​លោក​ថា កន្លងមក​ធ្វើ​វា​ចេញ​ជារូប​ច្រើន​ហើយ​តាម​លំនាំ​ខ្មែរ​ដូចជា ថូ ចាន ពែង កូន​ពែងតែ ច្នៃ​ជា​រូប​ដំរី ទីទុយ និង​ច្រើន​ទៀត​។ លោក​ចង់​នាំ​របស់​ដែល​បាត់​ទៅឱ្យ​រស់​ឡើងវិញ​។

​ពេល​មាន​អ្នកទិញ​ស្នាដៃ​លោក​យកទៅ​តាំង លោក​ក៏​សប្បាយចិត្ត ព្រោះ​គេ​ឱ្យ​តម្លៃ​វត្ថុ​សិល្បៈ​របស់​ខ្មែរ​។

​លោក យ៉ា​រី បាន​និយាយថា​៖ «​បើ​ខ្ញុំ​ជា​សេដ្ឋី​ខ្ញុំ​នឹង​ទុក​ទាំងអស់​។ តែ​បច្ចុប្បន្ន​ខ្ញុំ​លក់​ខ្លះ ​ដើម្បី​ទិញ​សម្ភារ​ធ្វើ​បន្ត​។ មួយទៀត​ចាត់ទុកថា យើង​ចែកចាយ​ក្ដី​ស្រឡាញ់​ទៅ​អ្នក​ដែលគេ​ស្រឡាញ់​វា​ដែរ​»​។​

ភាពអស្ចារ្យ​នៃស្នាដៃ​លោក​គឺ​ការ​រក្សា​មរតក​​សិល្បៈ​បុរាណ​ខ្មែរ​។ រូបថត សហការី

«​សិល្បៈ​នេះ​បើ​គិតថា​ រៀន​ដើម្បី​រកលុយ រៀន​មិនចេះ​ទេ ព្រោះ​វា​មិន​ងាយ​រកលុយ​ដូច​ការងារ​ផ្សេង​»​។ នេះ​ជា​សម្ដី​របស់​សិល្បករ ដែល​ធ្វើ​កិច្ចការ​ស្មូន​ចេញពី​សេចក្ដីស្រឡាញ់​។

​លោក​តែងតែ​ប្រាប់​កូនប្រុស​លោក​ទាំង​ ២​ នាក់​ ឱ្យ​ពួកគាត់​រៀន​ឱ្យ​ចេះ​សិន ហើយ​ចាំ​គិតថា ធ្វើ​អី​បន្ត ព្រោះ​ចំណេះ​មិនចេះ​ខាត​ទេ​។​

​ទន្ទឹមនឹង​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ លោក​ក៏​ចែករំលែក​ពី​ក្ដីបារម្ភ​ថា វ័យ​របស់លោក​កាន់តែ​ជ្រេ និង​ខ្វល់ខ្វាយ​ថា មិនអាច​មាន​អ្នក​ស្នង​។ លោក​ថា នៅ​អាមេរិក បើតាម​ដឹង​គឺមាន​តែ​រូប​​លោក​ទេ ដែល​ត្រូវបាន​ទទួលស្គាល់​ជំនាញ និង​កម្រិត​ក្នុងការ​បង្រៀន​។​

​ដូច្នេះ​លោក និង​កូនប្រុស​មាន​គម្រោង​ធ្វើ​ពិព័រណ៍​ជា​លើកដំបូង​ដោយ​ខ្លួនឯង ដើម្បី​ផ្សព្វផ្សាយ​ឱ្យ​ខ្មែរ​បាន​ស្គាល់​អ្វី​ជា​សេ​រ៉ា​មិ​ក​ដ៏​មានតម្លៃ​ពិតប្រាកដ​។

​លោក​ក៏​កំពុង​ស្នើ​គម្រោង រក​ថវិកា និង​យក​សិល្បករ​ខ្មែរ​ខាង​សេ​រ៉ា​មិ​ក​ដែលមាន​សមត្ថភាព​មក​ធ្វើ​កិច្ចការ​នេះ​នៅ​អាមេរិក​។ ពេល​រួម​កម្លាំង​បាន​ហើយ ពិព័រណ៍​នឹង​លេចចេញ​រូបរាង​នៅ​អាមេរិក មុននឹង​បន្ត​មក​ធ្វើ​នៅ​ទឹកដី​កំណើត​ប្រទេស​កម្ពុជា​។

​លោក​ជឿជាក់ថា មិនយូរ​ទេ​គម្រោង​នេះ​នឹង​ចេញ​ជា​រូបរាង ប្រហែលជា ​១-២ ​ឆ្នាំ​ទៀត ព្រោះ​ជាក់ស្ដែង​គម្រោង​បង្កើត​ឡ​របស់លោក​កន្ល​ង​មក​បានសម្រេច​មួយ​ហើយ បន្ទាប់ពី​លោក​បាន​ផ្សព្វផ្សាយ​គំនិត​ផ្ដួចផ្ដើម​។

​ព័ត៌មាន​បន្ថែម​ពី​សិល្បករ​ស្មូន យ៉ា​រី លី​វ៉ាន់ អាចទាក់ទង​រូបលោក​បាន​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក web.facebook.com/yary.livan៕​