ភ្នំពេញ៖ គ្រាន់​តែ​ម្ចាស់​​​ផលិត​​កម្ម​ Galaxy Navatra បញ្ជា​ឱ្យ​លុប Trailer បទ​​ចម្រៀង​ថ្មី​ មាន​​ចំណង​ជើង​​ថា « Are you ok?»​ ​ដែល​​​ផ្ទុះ​​​ទាំង​ការ​រិះ​គន់​ខ្លាំង និងមាន​អ្នកទស្សនា​​​​យ៉ាង​ច្រើន​នៅ​​លើ​បណ្តាញ​សង្គម​​នានា​ភ្លាម​នោះ ស្រាប់​តែ​គេ​ឃើញ​ទាំង​តារា​ចម្រៀង ទាំង​​អ្នក​ដឹកនាំ​សម្តែង​ បាន​ចេញ​មុខ​ទាញ​យក​កំហុស​មក​ដាក់​រៀងៗខ្លួន​តែ​ម្តង​ ជាការ​បង្ហាញ​ពី​​ការ​ទទួល​ខុស​ត្រូវ​។​

ថ្មីៗ​នេះ លោក ឡេង ណាវ៉ាត្រា ដែលជា​ម្ចាស់​ផលិត​កម្ម​ Galaxy Navatra ​​​បង្ហោះ​សារ​តាម​ហ្វេសប៊ុក​បញ្ជា​ឱ្យ​ក្រុម ​ការ​ងារ​ផលិត​នៃ​ផលិត​កម្ម​ខ្លួនកាល​ពី​ប៉ុន្មាន​ម៉ោង​មុន​នេះ​​ថា​៖ «សូម​អ្នក​គ្រប់​គ្រង​​​កា​រ​ផលិត​របស់​ផលិតកម្ម​ Galaxy Navatra លប់​ Video trailer បទ a​re you ok ចេញ​ពី Facebook page និង ​Account TikTok​ របស់​ផលិតកម្ម ​Galaxy Navatra ​ចេញ​ជាបន្ទាន់ ទៅ​តាម​ការស្នើ​សុំ​របស់ ​អ្នកគាំទ្រ ​ហើយត្រូវ​ពិនិត្យមើ​លចំណុចខ្វះខាត​កែលម្អ​ឡើងវិញ»។​

មួយ​រំពេច​មក​នោះ​គេ​ក៏ឃើញ​មាន​អ្នក​ដឹក​នាំ​ទូទៅ​ផលិត​កម្ម​ Galaxy Navatra លោក យឹម តាស្រង់ បានចេញ​មុខ​​ទទួល​កំហុស​ និង​បង្ហោះ​សារ​ដូច្នេះ​ថា៖ «បទ​ចម្រៀង​ ១ បទ ដែល​ចំណាយ​អស់ជាង ៥ ម៉ឺន​ដុល្លារ ត្រូវបាន​អ្នកឧកញ៉ាឱ្យ​ខ្ញុំលប់​ចោល​ពេលខ្លះ​គ្រប់ការ​ខិតខំ​របស់ខ្ញុំ និងក្រុមការងារ​មិនប្រាកដថា​ ទទួល​បាន​ការ​សរសើរ​ឡើយ​ទោះយើង​មានគោលបំណង​ទៅមុខ​ដ៏វែងឆ្ងាយ​យ៉ាង​ណា​ក្តី​ព្រោះផែនការ​ថ្មី​ផលិត​កម្ម Galaxy លែង​​ផលិត​បទ​ ដើម្បី​ប្រកួតប្រជែង​ទីផ្សារ​ក្នុង​ប្រទេស​ទៀត​ហើយ»។

លោក ឡេង ណាវ៉ាត្រា ​​​បញ្ជា​ឱ្យ​ក្រុមការ​ងារ​​លុប Trailer បទ​​ចម្រៀង​ថ្មី​ មាន​​ចំណង​ជើង​​ថា « Are you ok?»​។ ហ្វេសប៊ុក

អ្នក​ដឹក​នាំ​ទូទៅ​ផលិត​កម្ម​រូបនេះ​បាន​បន្ត​ទៀត​​​ថា៖ «រីឯអាខោនTikTok​ គ្រាន់តែ ​២៤ ម៉ោង​ មាន​អ្នកចូល​មើល​ដល់​ទៅជិត​ ២០ លាន​ដង​ មាន​​ទាំង​ជនជាតិ​បរទេស Comment យ៉ាងច្រើន​គ្រប់យ៉ាង​មានតែ​ពាក្យសោក​ស្តាយ​ ហើយខ្ញុំនឹង​កែ​ប្រែ​នូ​វចំនុច​ខ្វះខាតមួយ​ចំនួន ហើយ​កូន​ចៅ​ខ្ញុំ​ម្នាក់ៗ​បានខិតខំ​ណាស់​ សូម្បីខែ​បុណ្យទាន​​មិនបាន​សម្រាក​ផង​ កំហុស​ទាំង​នេះ​កូនចៅ​ខ្ញុំពួកគេ​មិនខុស​ឡើយ​គ្រប់យ៉ាង​គឺមកពី​ខ្ញុំជា​អ្នក​ដឹកនាំ​ ខ្ញុំ​​មាន​តែ​​ពាក្យ​អរគុណ និង​សូម​អភ័យទោស​បងប្អូន​ទាំងអស់​ដែលគាំទ្រ ​និង​បងប្អូន​ទាំងអស់​ដែល​រិះគន់​​ក្នុង​ន័យស្ថាបនា»។​

ចំណែក​តារា​ចម្រៀងស្រី​ប្រចាំ​ផលិត​កម្ម​ Galaxy Navatra កញ្ញា តន់ ចន្ទ​សីម៉ា​ វិញ​ក៏​ចេញ​មក​បង្ហើរ​សារ​ទទួល​​កំហុស​ដែរ​ ដោយ​បាន​បរិយាយ​ថា៖ «ក្រុមការងារគ្រប់គ្នា​ប្រឹងប្រែង​អស់លទ្ធភាព​ហើយ​ គឺ​ដើម្បី​​បទ​ចម្រៀង​​មួយ​បទ​ដោយ​បំណង​ចង់​ឱ្យ​អន្តរជាតិ​​ស្គាល់ ​ប្រសិន​បើ​មានកំហុស ​សូមឱ្យ​កំហុស​នេះ​​ធ្លាក់មកលើ​ខ្ញុំ​ចុះ​! ក្រុមការងារ​គ្មានចេតនា​ណាមួយ​ដែលចង់​ឱ្យ​ប៉ះពាល់​អារម្មណ៍​បងប្អូន​នោះទេ​ តែ​បរិបទ​ពិភពលោក​មិន​នៅ​​រងចាំ​យើង​ទៀត​ទេ ​សរុប​មក​ខ្ញុំជា​អ្នកខុស!»។​

គួរ​បញ្ជាក់​ដែរ​ថា ចំពោះ​​​​បទ​​​​​ចម្រៀង​ថ្មី​របស់​​ផ​លិត​​​កម្ម Galaxy Navatra ដែល​​បាន​ទិញ​កម្ម​សិទ្ធិ​ពី​គេ​​តម្លៃ ១២ ០០០ ដុល្លារ មាន​​ចំណង​ជើង​​ថា « Are you ok?»​ ​នោះ​ គ្រាន់​តែ​​បាន​ចេញ​Trailer ប៉ុន្មាន​ម៉ោង​ភ្លាម​ ក៏​ផ្ទុះ​ទាំង​ការ​រិះគន់ និង​ការ​គាំទ្រខ្លាំង​ពី​ក្រុមអ្នក​លេង​បណ្តាញសង្គម​នានា៕

រូបភាព​សកម្មភាព​ថត​បទ​ចម្រៀង « Are you ok?»​ ​ដែល​ផ្ទុះ​មតិចម្រូងចម្រាស់​តាមបណ្ដាញសង្គម។ ហ្វេសប៊ុក

រូបភាព​សកម្មភាព​ថត​បទ​ចម្រៀង « Are you ok?»​ ​ដែល​ផ្ទុះ​មតិចម្រូងចម្រាស់​តាមបណ្ដាញសង្គម។ ហ្វេសប៊ុក

អ្នក​ដឹក​នាំ​ទូទៅ​ផលិត​កម្ម​លោក យឹម តាស្រង់ និង​តារា​ចម្រៀង តន់ ចន្ទ​សីម៉ា​ វិញ​ក៏​ចេញ​មក​បង្ហើរ​សារ​ទទួល​​កំហុស​។ ហ្វេសប៊ុក

រូបភាព​សកម្មភាព​ថត​បទ​ចម្រៀង « Are you ok?»​ ​ដែល​ផ្ទុះ​មតិចម្រូងចម្រាស់​តាមបណ្ដាញសង្គម។ ហ្វេសប៊ុក