
ទិដ្ឋភាពវាលខ្សាច់ អាតាកាម៉ា ពីរោងចក្ររ៉ែ ចម្ងាយ ១៣៦គីឡូម៉ែត្រភាគខាងត្បូងក្រុងអង់តូហ្វាហ្គាស្ដា។ AFP
ក្រុងសាន់ទីយ៉ាហ្គោ៖ អតិសុខុមកាយដីស្រែកឃ្លាន ដែលអាចរស់នៅក្នុងស្ថានភាពលំបាកបំផុត មានសមត្ថភាព «ស៊ី» ដែកគោលត្រឹមរយៈពេល ៣ថ្ងៃប៉ុណ្ណោះ។
នៅឈីលី អ្នកវិទ្យាសាស្ដ្រម្នាក់កំពុងតេស្ដបាក់តេរី «ស៊ីដែក» ដែលអ្នកស្រីសង្ឃឹមថា អាចជួយសម្អាតឧស្សាហកម្មរ៉ែបំផ្លាញបរិស្ថានរបស់ប្រទេសបាន។
នៅក្នុងមន្ទីរពេទ្យរបស់អ្នកស្រីនៅទីក្រុងឧស្សាហកម្ម អង់តូហ្វាហ្គាស្ដា ចម្ងាយប្រមាណ ១ ១០០ គីឡូម៉ែត្រពីក្រុងសាន់ទីយ៉ាហ្គោ ជីវបច្ចេកវិទូ វ័យ ៣៣ ឆ្នាំ អ្នកស្រី ណាដាក រៀឡេស បាននិងធ្វើពិសោធជាមួយអតិសុខុមកាយ ដែលរស់ណៅក្នុងបរិស្ថានពិបាករស់នៅបំផុត។
អ្នកស្រីបាននឹកឃើញគំនិតនេះ ខណៈនៅសាកលវិទ្យាល័យ អ្នកស្រីធ្វើពិសោធនៅរោងចក្ររ៉ែដោយប្រើអតិសុខុមកាយ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការចម្រាញ់ទង់ដែង។

អ្នកស្រី រៀឡេស ទាញយកបាក់តេរីស៊ីដែកពីប្រភពទឹកក្ដៅក្រោមដី។ AFP
អ្នកស្រីបានប្រាប់ AFP ថា៖ «ខ្ញុំបានដឹងថា មានតម្រូវការច្រើនក្នុងឧស្សាហកម្មរ៉ែ ដូចជាអ្វីដែលបានកើតឡើងជាមួយកាក់សំណល់លោហៈ»។
ដែកខ្លះអាចត្រូវបានប្រើប្រាស់ឡើងវិញនៅរោងចក្រស្លដែក តែដែកខ្លះទៀត ដូចជាប្រភេទឡានដឹកធុនធំ ដែលអាចផ្ទុកថ្ម ៥០ តោន មិនអាច និងរមែងត្រូវបានបោះចោលនៅលើវាលខ្សាច់អាតាកាម៉ា នៃប្រទេសឈីលី ជាសម្បុកឧស្សាហកម្មរ៉ែ។
ឈីលី គឺជាប្រទេសផលិតទង់ដែងធំបំផុតក្នុងលោក ស្មើរនឹងប្រមាណ ១៥ ភាគរយ នៃផលិតផលក្នុងស្រុកសរុប ដែលនាំឱ្យមានកាកសំណល់ដែកបំផុតបរិស្ថានយ៉ាងធ្ងន់ធ្ងរ។

ជីវបច្ចេកវិទូឈីលី អ្នកស្រី ណាដាក រៀឡេស បង្ហាញបំពង់ផ្ទុកបាក់តេរីនៅមន្ទីរពិសោធ។ AFP
នៅក្នុងការស្រាវជ្រាវនេះ អ្នកស្រី រៀឡេស ដែលបច្ចុប្បន្នបើកក្រុមហ៊ុនផ្ទាល់ខ្លួន Rudanac Biotec ផ្ដោតសំខាន់លើបាក់តេរីស៊ីដែក ដែលហៅថា Leptospirillum។
អ្នកស្រីបានទាញយកប្រភេទបាក់តេរីនេះពីក្នុងទឹកពុះក្រោមដី Tatio ស្ថិតនៅកម្ពស់ ៤ ២០០ ម៉ែត្ រលើនីវ៉ូទឹកសមុទ្រ ចម្ងាយប្រមាណ ៣៥០ គីឡូម៉ែត្រពីអង់តូហ្វាហ្គាស្ដា។
អ្នកស្រីបានឱ្យដឹងថា៖ «បាក់តេរីរស់នៅក្នុងបរិស្ថានអាស៊ីដខ្ពស់ ដែលមិនមានលោហៈហ៊ាននៅក្បែរ។ ដំបូង បាក់តេរីនេះត្រូវការពេល ២ ខែ ក្នុងការរំលាយដែកគោលមួយ»។

បាក់តេរីស៊ីដែកអភិវឌ្ឍសមត្ថភាពដោយអាចស៊ីដែកគោលមួយគ្រាប់ត្រឹម ៣ថ្ងៃ។ AFP
ប៉ុន្ដែពេលវាស្រែកឃ្លាន ពួកវាត្រូវសម្របខ្លួន និងរិះរកវិញចិញ្ចឹមខ្លួនកាន់តែប្រសើរជាងមុន។ ក្រោយពិសោធ ២ ឆ្នាំ លទ្ធផលបានបង្ហាញពីល្បឿននៃការស៊ីលោហៈដោយមានសមត្ថភាពស៊ីដែកគោលមួយគ្រាប់ត្រឹមរយៈពេលតែ ៣ ថ្ងៃ។
អ្នកស្រី រៀឡេស បានអះអាងថា៖ «ការពិសោធគីមី និងអតិជីវសាស្ដ្រ បានបង្ហាញថា បាក់តេរីនេះមិនបង្កគ្រោះថ្នាក់ដល់មនុស្ស ឬបរិស្ថាននោះទេ។
អ្នកស្រី បានលើកឡើងថា៖ «វាពិតជាសំខាន់ណាស់នាពេលវេលានេះ ដោយសារយើងត្រូវមានផែនការអភិវឌ្ឍចរីភាព ជាពិសេស នៅតាមបណ្ដាទីក្រុងដែលមានឧស្សាហកម្មបំពុលបរិស្ថានយ៉ាងខ្លាំង»៕ AFP/HR

អ្នកស្រី រៀឡេស ត្រួតពិនិត្យឡានដឹកថ្មលែងប្រើដែលត្រូវបានបំផ្លាញចោលនៅអង់តូហ្វាហ្គាស្ដា។ AFP