ក្រុង​សេអ៊ូល៖ នៅ​​ក្នុង​សង្គម​ប្រឌិត​ដ៏​ពោរពេញ​​ទៅដោយ​ភាព​ភ័យ​ខ្លាច​ ភាពយន្ដ​​​ «Squid Game» ដ៏ពេញ​និយម​នៅ​លើ​ Netflix ​បាន​​បញ្ជូល​រឿងរ៉ាវ​តក់​ស្លុក​​បញ្ហា​ក្នុង​​សង្គម​ និង​អំពើ​ហិង្សាបង្ហូរឈាមឥតស្រាកស្រាន្ដ​ ដើម្បី​រំលេច​ជា​សាច់រឿង​បែប​ថ្មី​ក្នុង​វប្បធម៌​កូរ៉េ​ទៅកាន់​ពិភពលោក​។ ​

សាច់​រឿង​បង្ហាញ​ពី​ឆាក​ជីវិត​ដ៏​ផុយ​ស្រួយ​របស់​ពលរដ្ឋ​ ដែល​ធ្លាក់​ទៅក្នុង​បំណុល​វាន់​ក កម្មករ​ចំណាក​ស្រុក និង​អ្នក​រត់​ចោល​ប្រទេស​កូរ៉េ​ខាង​ជើង ក្នុង​ការ​ប្រកួត​ប្រជែង​ក្នុង​ល្បែង​ក្មេង​បែប​ប្រពៃណី​ ដើម្បី​បណ្ដើម​ប្រាក់​រង្វាន់​​ ៤៥,៦​ ពាន់​លាន​វ៉ុន (៣៨​ លានដុល្លារ) ក្នុងល័ក្ខខណ្ឌ​ប្រកួត​ដ៏​អាថ៌កំបាំង​ហើយ​អ្នក​ចាញ់​​នឹង​ត្រូវ​ស្លាប់​​។

ការ​បញ្ចូល​ល្បែង​ដ៏គួរ​ឱ្យ​នឹក​រឭក​ពីកុមារភាព​ និង​បញ្ហា​ស្មុគស្មាញ​ក្នុង​ជីវិត​នា​ពេល​បច្ចុប្បន្ន រួមទាំង​​​តម្លៃ​ផលិតកម្ម​ខ្ពស់​ និង​ការរចនា​ឈុត​ដ៏​ប្រណីត​​កាន់តែ​ធ្វើ​ឱ្យ​ភាពយន្ដ​នេះ​ល្បី​​​ខ្លាំង​នៅ​ជុំវិញ​ពិភពលោក​។

រឿង Squid Game រំលេច​ជីវិត​អ្នក​ក្របំណុលរុំសួត​ហ៊ាន​​ប្រថុយ​ជីវិត​លេងល្បែង​មរណៈ។ AFP

ក្នុង​រយៈពេល​មិន​ប៉ុន្មាន​ថ្ងៃ​នៃ​ការចេញ​ផ្សាយ​កាលពី​ខែ​មុន​នាយកប្រតិបត្តិ ​​Netflix បាន​និយាយ​ថា៖ «វានឹងក្លាយជា​ភាពយន្ដ​ឈាន​មុខ​គេ​បំផុត​របស់​យើង​»។ ​

វា​គឺជា​ការបង្ហាញ​ថ្មី​នៃ​ឥទ្ធិពល​ដែល​កំពុង​លូតលាស់នៃ​វប្បធម៌​ដ៏​មាន​ប្រជាប្រិយ​របស់​​​កូរ៉េ​ខាងត្បូង បន្ទាប់​ពី​​ក្រុម​ចម្រៀង K-pop ដ៏​ល្បីល្បាញ BTS និង​ខ្សែ​ភាពយន្ត «Parasite» ឈ្នះពាន​អូស្ការ​​។

ក្រុម​អ្នកវិភាគ​និយាយ​ថា​ក្រៅពី​ជា​ឈុតឆាកស្ទីល​បែប​​កូរ៉េសាច់រឿង និង​ដំណើរ​រិះគន់លើ​បញ្ហា​សង្កត់​សង្កិន​ពី​ពួក​មូលធន​និយម ​​ឆ្លុះបញ្ចាំង​ទិដ្ឋភាព​នៅ​គ្រប់​ទី​កន្លែង​​ជា​គ្រោះ​ស្ទួនពី​លើ​​​​​ការរីក​រាលដាល​នៃ​មេរោគ​ឆ្លង​កូវីដ ១៩ ដែល​កំពុង​បង្កើត​ជា​​វិសមភាព​សកល​កាន់តែ​ធ្ងន់ធ្ងរ​និង​ជា​ដើម​ចម​ឱ្យ​មាន​ការ​តវ៉ា​នៅ​គ្រប់​ទីកន្លែង​​។ ​

សាស្រ្តាចារ្យ​ជនជាតិ​កូរ៉េ សារ៉ន យូន ​នៅ​សាកលវិទ្យាល័យ Notre Dame ​​សហរដ្ឋ​អាមេរិក​បាន​ប្រាប់ AFP ថា៖ «សង្គម​មើល​ឃើញតែ​ផល​ប្រយោជន៍​ជាជាងអាយុ​ជីវិត​បុគ្គល​ គឺជារឿង​រ៉ាវ​​ដែល​យើង​បាន​ឃើញ​ក្នុង​សង្គម​មូលធន​និយម​នៅទូទាំង​ពិភពលោក»។

ភាពយន្តនេះ​ជោគជ័យអាស្រ័យ​​បច្ចេកវិទ្យាទំនើប និង​សិល្បៈ​នៃការ​រៀបចំ​ថត​របស់កូរ៉េ​ខាង​ត្បូង។ AFP

Netflix កាលពី​ខែ​កុម្ភៈ​បាន​ប្រកាស​ពី​គម្រោង​ចំណាយ ៥០០ ​លាន​ដុល្លារ​នៅ​ឆ្នាំ​នេះ​ លើការ​ផលិត​ភាពយន្ដ​ភាគ និង​ភាពយន្ដ​ដុំ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង ​តែមួយ​។ ​

លោក ថេដ សារ៉ានដុស​​ ជា​សហ​នាយកប្រតិបត្តិ​របស់ Netflix បាន​និយាយ​​​ថា​៖ «ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ចុងក្រោយ​នេះ​យើង​បាន​ឃើញ​ពិភពលោក​ជាប់​ចិត្ដ​​នឹង​សាច់រឿង​​កូរ៉េ​ដែល​ផលិត​នៅ​ប្រទេស​កូរ៉េ​​ និង​​ត្រូវ​បាន​​ទស្សនា​តាម Netflix ទូទាំងពិភពលោក​»។

អ្នក​ដឹកនាំ​រឿង «Squid Game» លោក វ៉ាង ដុងយុក បាន​បញ្ចប់​ការ​និពន្ធ​សាច់​រឿង​តាំងពី​មួយ​ទសវត្សរ៍​មុន​ មិន​អាច​រក​មូល​និធិ​ផលិត​ ដោយ​សារ​​​វិនិយោគិន​​មាន​ការស្ទាក់ស្ទើរ​ និង​បាន​ហៅថា​រឿង​នេះ​ថា ​«​ឃោរឃៅ​ពេក​មិន​ឆ្លុះ​បញ្ចាំង​ពី​តថភាព​សង្គម និង​ពិបាក​យល់​»។

ស្នាដៃ​ពីមុន​របស់​​ផលិតករ​រូប​នេះ បាន​បង្ហាញ​ពី​រឿង​រ៉ាវ​ជា​ច្រើន រួម​ទាំង ​​ការរំលោភ​បំពាន​ផ្លូវភេទ​ ការស្មូម​កូន​ឆ្លង​ដែន​ និង​ពិការភាព​ ដោយ​​ផ្អែកលើ​ព្រឹត្តិការណ៍​​នៃ​ជីវិត​ពិត​។

រូបភាព​ពី Netflix បង្ហាញ​កង​ឈុតក្រហម​ក្នុង​រឿង Squid Game ដ៏ល្បីល្បាញ។ AFP

ក្រុមហ៊ុន Netflix ផ្តល់​ជូនទាំង​ការបញ្ជូល​សំឡេង​ និង​ការបកប្រែ​អក្សរ​ខាងក្រោមទៅតាម​​ភាសា​ជាច្រើន​ដើម្បី​ពង្រិក​វិសាលភាព​នៃ​​ទស្សនិកជន​សក្តានុពល​របស់​ខ្លួន​។

លោក ប្រាយ​អេន ​ហ៊ូ​ សាស្រ្តាចារ្យ​ភាពយន្ត​នៅ​សាកល​វិទ្យាល័យ​រដ្ឋ​សាន់ដាយ​ហ្គោ​នៅ​សហរដ្ឋ​អាមេរិក​បាន​និយាយ​ថា​ការពិត​វា​មាន​ប្រជាប្រិយ​នៅក្នុង​ប្រទេស​ជិត ១០០ ដែល​សបញ្ជាក់​ថា ​វា​មិន​ត្រូវ​បាន​ផលិត​​ឡើង​សម្រាប់​តែ​ទស្សនិកជន​លោក​ខាងលិច​ទេ​។

លោក​បាន​ប្រាប់ AFP ថា​៖ «​ទស្សនិកជន​បស្ចិម​ប្រទេស ​បាន​ភ្ជាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​បរទេស​ជាមួយ​​រឿង​រ៉ាវ​នៃ​​ភាពក្រីក្រ​ហើយ​វា​បាន​ក្លាយជា​វិធី​មួយ​ក្នុង​ការ​អង្កេត​ពី​ដំណើរ​វិវឌ្ឍ​ថយ​ក្រោយ​នៃ​បណ្ដា​ប្រទេស​ដទៃ​ទៀត​ក្នុង​ពិភពលោក​»។ ​

លោក​បន្ដថា​៖ «ភាព​​ពិសេស​អំពីរឿង​ Parasite និង​ Squid Game​ គឺថា​ខណៈស្នាដៃ​សាច់​រឿង​ឆ្លុះបញ្ចាំងពី​ភាពក្រីក្រ​ក្នុង​សង្គម និង​វណ្ណៈ​ទាបខ្ពស់ ​ពួកគេ​ក៏​បាន​បង្ហាញ​អំពី​ភាពទំនើប​នៃ​បច្ចេកទេស​ និង​សិល្បៈ​នៃ​ការ​រៀបចំ​ថត​ភាពយន្ត​របស់​កូរ៉េ​​ផង​ដែរ​»៕ AFP/RS

ភាពយន្តនេះ​ជោគជ័យអាស្រ័យ​​បច្ចេកវិទ្យាទំនើប និង​សិល្បៈ​នៃការ​រៀបចំ​ថត​របស់កូរ៉េ​ខាង​ត្បូង។ AFP