ក្រុង​ឡូសអេនជឺលេស៖ ស្ដ្រីអាមេរិក​ម្នាក់​ដែល​​នៅ​ក្បែរ​ខ្លាឃ្មុំ​ប្រផេះ​មួយ​ក្បាល​យ៉ាង​ជិត​បង្កើយ​ ដែល​ធ្វើ​ឱ្យ​នាង​អាច​ថតរូប​សែលហ្វី​ជាមួយគ្នាបាន​ជាប់​គុក ៤​ ថ្ងៃ​។

កញ្ញា សាម៉ាន់ថា ដេរីង ឈរ​ក្បែរ​ខ្លាឃ្មុំ​តែប៉ុន្មាន​ជំហាន​ពីគ្នា​ ដោយ​មាន​ទាំង​កូន​ខ្លាឃ្មុំ​ ៣ ​ក្បាល​ថែម​ទៀត​។ ដូច្នេះ នាង​អាច​ទាញ​យក​ទូរស័ព្ទ​ថតរូប​ក្នុង​ឧទ្យាន​ជាតិ​យេឡូ​ស្ដូន កាលពីខែ​ឧសភា​។

ស្ដ្រីវ័យ ២៥ ​ឆ្នាំ ស្ថិត​ក្នុង​ចំណោម​ភ្ញៀវ​ទេសចរ​មួយ​ក្រុម​ ពេល​សត្វ​ក្រញាំ​ដ៏​មុត​ស្រួច​នេះ​បាន​មកដល់​។ ភ្ញៀវ​ដទៃ​ទៀត​បាន​គេច​ចេញ​ទៅកាន់​កន្លែង​សុវត្ថិភាព​ក្នុង​រថយន្ដ​ តាម​ការណែនាំ​របស់​អនុរក្ស​ឧទ្យាន ខណៈ កញ្ញា ដេរីង ដើរ​ទៅក្បែរ​ខ្លា​ឃ្មុំ​ និង​ថតរូប​យ៉ាង​រំភើយ​។

មេធាវី​អាមេរិក បប មូរ៉េ ក្នុង​រដ្ឋវ៉ាយអូមីង ជាទីដែល​មាន​ការ​អភិរក្ស​សត្វ បាន​និយាយថា​៖ «​ការ​ចូលទៅក្បែរសត្វ​ក្រញ៉ាំ​មុត​ស្រួច​កំពុង​ការ​កូន​ពិតជា​ទង្វើ​ដ៏​លីលា​មែនទែន​។ ទោះ ដេរីង មាន​សំណាង​ខ្ពស់​យ៉ាង​ណា​ក៏ដោយ ក៏​នាង​នៅ​មាន​ទោស​ព្រហ្មទ័ណ្ឌ​»។

រូបតំណាង៖ ​សត្វ​ព្រៃ​នៅ​ឧទ្យានជាតិ​យេឡូ​ស្ដូន នៅតែជាសត្វ​សណ្ដាន​ព្រៃ។

មេធាវី​បា​នបន្ដថា​៖ «​សត្វ​ព្រៃ​នៅ​ឧទ្យានជាតិ​យេឡូ​ស្ដូន នៅតែជាសត្វ​សណ្ដាន​ព្រៃ។ ឧទ្យាន​ជាតិ​មិន​មែន​ជា​សួនសត្វ​ ដែល​សត្វ​ត្រូវបាន​ទស្សនា​ពី​ក្រៅ​របង​សុវត្ថិភាព​នោះទេ​។ ពួកវា​ដើរ​ហើរ​ដោយ​សេរី​ក្នុង​ដែន​ជម្រក​ធម្មជាតិ​ ហើយ​ពួកវា​អាច​បង្ក​ការ​គំរាម​កំហែង​គ្រប់​ពេលវេលា​»។

បទបញ្ជា​ផ្ទៃ​ក្នុង​របស់​ឧទ្យាន​ បាន​ចែង​ថា ភ្ញៀវ​គួរតែ​នៅ​ឆ្ងាយ​ពីសត្វ​​ពពួក​ខ្លា​ឃ្មុំ និង​ឆ្កែ​ចចក​យ៉ាង​តិច ៩០​ ម៉ែត្រ​។ កញ្ញា ដេរីង បាន​សារភាពថា​បាន​ធ្វើ​ខុស និង​ត្រូវបាន​ដាក់​ក្នុង​មន្ទីរឃុំ​ឃាំង​ ៤ ​ថ្ងៃ​ ព្រមទាំង​ពិន័យ​ប្រាក់ ១ ០០០​ ដុល្លារ​។

យេឡូស្ដូន គឺជា​ឧទ្យាន​ជាតិ​ដំបូង​ដែល​បង្កើត​ឡើង​នៅ​សហរដ្ឋអាមេរិក​។ វាលាត​សន្ធឹង​លើ​ផ្ទៃដី​ ៧ ៧០០​ គីឡូម៉ែត្រ​ការ៉េ និង​រួមបញ្ចូលទាំង គោលដៅ​ទេសចរណ៍​មួយចំនួន ដូចជា Old Faithful និង​ទឹក​ពុះ​ក្រោម​ដី​ដ៏​ធំមួយ​ទៀត​។

ឧទ្យាន​នេះ​គឺជាដើម​ចម​នាំ​ឱ្យកកើត​ឧទ្យាន ជេលីស្ដូន ក្នុង​ភាពយន្ដ​គំនូរជីវចលទសវត្សរ៍​ឆ្នាំ​១៩៦០ រឿង «​Yogi Bear» ដែល​រំលេច​នូវ​តួអង្គ​ខ្លា​ឃ្មុំ​ដ៏​រួសរាយ និង​តែងតែ​ស្រែក​ឃ្លាន»៕ AFP/HR

រូបតំណាង៖ ឧទ្យាន​ជាតិ​មិន​មែន​ជា​សួនសត្វ​ ដែល​សត្វ​ត្រូវបាន​ទស្សនា​ពី​ក្រៅ​របង​សុវត្ថិភាព​នោះទេ​។