ក្រុ​ងរីយ៉ូ៖ រូបសំណាក​និមិត្ដរូប​នៃ​ព្រះ​យេស៊ូ​គ្រិស្ដ ដែល​ឈរ​ខ្ពស់​ត្រដែត​លើ​ទីក្រុង​រីយ៉ូ​ ដេ​ជេណៃរ៉ូ បាន​ប្រារឰ​ខួប​ទី ៩០ ​ឆ្នាំ​ កាល​ពី​ថ្ងៃ​អង្គារ ជាមួយ​ការ​ស្រែក​ច្រៀង​ចម្រៀង​បទថ្មី the Mass និង​ជា​អត្ដសញ្ញាណ​ប្រចាំ​ប្រទេស​ប្រេស៊ីល។

ពិធី​សាសនា​ត្រូវបាន​រៀបចំ​ឡើង​នៅ​ក្បែរ​រូប​សំណាក​យក្ស តែ​ដោយសារអាកាស​ធាតុ​មិន​អំណោយផល​ កម្មវិធី​ត្រូវ​បាន​បង្វែ​ទៅកាន់​ព្រះ​វិហារ​កាតូលិក​មេឌីទែរណេ​ ភាគកណ្ដាល​ក្រុង​រីយ៉ូ​។

លោក​ឪពុក អូរ៉ានី តេមប៉េស្ដា បាន​និយាយ​អំឡុង​ពិធី the Mass ដោយសំដៅលើ​ពលរដ្ឋ​ក្រុង​រីយ៉ូថា៖ «​យើង​ជា​អ្នក​ក្រុង​រីយ៉ូ រមែង​សម្លឹង​មើល​ព្រះ​យេស៊ូ​បាំងបិទ​ដោយ​ពពក តែ​យើង​ដឹងថា ទ្រង់​នៅ​ទីនោះ​។ យើង​នៅ​បន្ដ​ជម្នះ​នឹង​វិបត្ដិ​កូវីដ តែជាមួយ​នឹង​លទ្ធផល​ដ៏សុទិដ្ឋិនិយម​នេះ យើង​អរគុណ​ដល់​ការ​ចាក់​វ៉ាក់សាំង​។ ពពក​ខ្មៅ​បាំងបិត​កាលពី​ឆ្នាំ​មុន បាន​រសាត់​បាត់​បន្ដិច​ម្ដង​ៗ​»។

ពលរដ្ឋ​ប្រេស៊ីល​អបអរ​ខួប​រូបសំណាក​ព្រះ​យេស៊ូគ្រិស្ដ​លើ​ក្រុង​រីយ៉ូ​ទី ៩០​ឆ្នាំ​។

ប្រេស៊ីល​មាន​អត្រា​អ្នក​ស្លាប់​ដោយសារ​កូវីដ​ច្រើន​បំផុត​លំដាប់​ទី២ ជាមួយ​ចំនួន​ជាង ៦០​​ ​ម៉ឺន​នាក់​ បន្ទាប់​ពី​អាមេរិក​។ មុន​ពេល​ផ្ទុះ​វីរុស​កូរ៉ូណា រូប​សំណាកកម្ពស់ ៣៨​ ម៉ែត្រ ស្ថិត​នៅ​កំពូល​ភ្នំ​ខូរ​កូវ៉ាដូ និង​ស្គាល់ជា​អច្ឆរិយៈ​មួយ​ក្នុង​ចំណោមអច្ឆរិយ​សម័យ​ទំនើប​ទាំង​ ៧ ​ដែល​បានទាក់ទាញ​ភ្ញៀវ​ទេសចរ​ជិត ២ ​លាន​នាក់​ក្នុង​មួយ​ឆ្នាំ​។

ក្នុង​ឆ្នាំ​ ១៩២១ ព្រះវិហារ​កាតូលិក បាន​ឧបត្ថម្ភ​កា​រប្រកួត​មួយ​ក្នុង​ការ​កសាង​វិមាន​សាសនា​ដើម្បី​ប្រារឰ​ខួប​ឯករាជ្យ​ជាតិ​ពី​ប្រទេស​ព័រទុយហ្គាល់​គម្រប់​ ១០០​ឆ្នាំ​។

វិស្វករ​ប្រេស៊ីល​ ហៃធ័រ ដា ស៊ីលវ៉ា កូស្ដា និង​ជាង​ចម្លាក់​បារាំង ផូល លេនដូវស្គី បាន​ឌីហ្សាញ និង​កសាង​វិមាន​សំណាក ដែល​បើក​សម្ពោធ​ជាផ្លូវការ​នៅ​ថ្ងៃទី ១២ ខែ ​តុលា ឆ្នាំ​ ១៩៣១​។

ក្នុង​ឆ្នាំ​ ១៩៧៣ វា​ត្រូវបាន​ប្រកាស​ជា​វិមាន​ប្រវត្ដិសាស្ដ្រ​ ហើយ​ក្នុង​ឆ្នាំ ​២០០៧ វា​ត្រូវាន​ចាត់​ចូល​ក្នុង​បញ្ជី​អច្ឆរិយ​សម័យ​ថ្មី​ទាំង ៧​៕ AFP/HR

ពលរដ្ឋ​ប្រេស៊ីល​អបអរ​ខួប​រូបសំណាក​ព្រះ​យេស៊ូគ្រិស្ដ​លើ​ក្រុង​រីយ៉ូ​ទី ៩០​ឆ្នាំ​។ AFP