ភ្នំពេញៈ «​ប្រសិនបើ មាន​ផែនការ​សម្រាប់​ខ្លួនឯង​ហើយ​នោះ សូមកុំ​​បញ្ឈប់​ការព្យាយាមធ្វើឱ្យ​បានល្អ និង​ស្វែងយល់​ពីអ្វីៗ​នៅ​ជុំវិញខ្លួន និង​អភិវឌ្ឍ​ខ្លួន​ឱ្យបាន​ល្អប្រសើរ តាម​ដែល​អាច​ធ្វើបាន និង​លើកទឹកចិត្ត​ខ្លួនឯង ដោយ​ភាព​រីករាយ​»​។

នេះ​ គឺជា​សារ​ដ៏​សំខាន់សម្រាប់​ជួយ​លើកទឹកចិត្ត​ទៅដល់​យុវជន​ជំនាន់​ក្រោយ​ឱ្យមាន​គោលដៅ និង​ផែនការ​ច្បាស់លាស់ សម្រាប់​ខ្លួនឯង​ដើរ​ឆ្ពោះទៅ​អនាគត​ដ៏​ភ្លឺស្វាង មិន​ថា​ខ្លួន​ស្ថិត​​ក្នុង​អាជីព​ជា​អ្វី​នោះទេ ពី​វិចិត្រករ​កូនកាត់​ខ្មែរ​-​នូ​វែ​ល​សេ​ឡង់ លោក Peap Tarr ដែលជា​វិចិត្រករ​ជំនាញ​គំនូរ​​ទំនើប​ចម្រុះ រួមមាន​គំនូរ​តាម​ជញ្ជាំង​អគារ ឬ​គំនូរ​តាម​ផ្លួ​វ និង​ជំនាញ​​ក្រាហ្វិក​ឌី​ហ្សា​ញ​ដ៏​ល្បី​នៅ​កម្ពុជា​។

ស្របពេល​ក្រុមហ៊ុនស្រា​បៀរ ABC អ៊ិ​ច​ស្ដ្រា​ស្តោ​ត បាន​បង្កើត​កម្មវិធី​មួយ​ឈ្មោះថា «​បុគ្គល​ល្អ​ឯក​» ដើម្បី​បំផុសគំនិត​តាមរយៈ​ការបង្កើត​វីដេអូ សាច់រឿង​ខ្លីៗ និង​ការជជែក​កម្សាន្ដ នៅលើ​កញ្ចក់​ទូរទស្សន៍​ភី​អិន​អិន ជាមួយ​បេក្ខភាព​ជា​បុគ្គល​ល្អ​ឯក ១០ រូប មកពី ៥ វិស័យ​ផ្សេងៗ ពីគ្នា​រួមមាន​វិស័យ​សិល្បៈ ជំនួញ ម្ហូបអាហារ​ កីឡា​អេឡិចត្រូនិក និង​តន្ដ្រី ដែល​ចាប់ពី​ថ្ងៃទី ​៤ ខែកញ្ញា ដល់​ថ្ងៃទី ​២៣ ខែ តុលា ឆ្នាំ​ ២០២១ ខណៈ​រូបលោក​ក៏​ជា​បេក្ខជន ១ ​រូប​ដែរ ​ផ្នែក​ជំនាញ​សិល្បៈ​គំនូរ​តាមផ្លូវ​។​

លោក Peap Tarr បង្ហើប​ថា​៖ «​អ្វីដែល​ធ្វើឱ្យ​ខ្ញុំ​ចាប់អារម្មណ៍​ចំពោះ​កម្មវិធី បង្កើត​ដោយ​ក្រុមហ៊ុន ABC នេះ​ គឺជា​ឱកាស​មួយ​អាចឱ្យ​ខ្ញុំ​ប្រើប្រាស់​នូវ​គំនិត និង​បទពិសោធ​ផ្ទាល់ខ្លួន ក្នុងនាម​ជា​វិចិត្រករ​ ១ ​រូប បង្ហាញ​ដល់​សាធារណជន និង​សង្ឃឹមថា នឹងមាន​អ្នកទទួលបាន ហើយ​អាច​ប្រើ​វា​បន្ត​ដើម្បី​ស​ម្រ​ច​ក្តី​ស្រមៃ​របស់ខ្លួន និង​គោលដៅ​ជីវិត​ខ្លួន​»​។​

លោក​បន្តថា​៖ «​សម្រាប់​ខ្ញុំ​ផ្ទាល់ ពិតជា​ចង់​ជួយ​ដល់​យុវជន​ខ្មែរ​ជំនាន់​ក្រោយ ឱ្យមាន​ការផ្លាស់ប្តូរ​ល្អ​ក្នុង​ជីវិត​ណាស់​។ មិន​ថា តែ​ជា​កម្មវិធី​រៀបចំឡើង​ដោយ​ក្រុមហ៊ុន ABC នេះ​ទេ ឱ្យតែ​ជា​កម្មវិធី​អាចជួយ​ដល់​យុវជន​ខ្មែរ គឺ​ខ្ញុំ​រីករាយ​នឹង​ជួយ​ពួកគេ​តាម​វិធី​របស់ខ្ញុំ ក្នុងនាម​ជា​វិចិត្រករ ​១ ​រូប​។ ​ខ្ញុំ​គិតថា កម្មវិធី​នេះ មិនគួរ​បញ្ឈប់​ការ​រៀបចំ​បន្ត​ឡើយ ដោយសារ​មាន​មនុស្ស​ជា​បុគ្គល​ល្អ​ឯក​ច្រើនណាស់ នៅចាំ​បង្ហាញ​ពីអ្វី ដែល​ពួកគេ​មាន​។ មនុស្ស​គ្រប់រូប សុទ្ធតែ​អាច​ប្រែ​នូវ​ក្តី​ស្រមៃ​ខ្លួន​ឱ្យក្លាយ​ជាការ​ពិត​បាន ហើយក៏​អាចជួយ​ឱ្យ​អ្នកដទៃ​ទទួលផល​ល្អ​ដូច​ខ្លួន​ដែរ​។ ខ្ញុំ​ជឿថា គ្រប់គ្នា​សុទ្ធតែ​អាចបង្កើត​គំរូ​ល្អ បាន​តាម​សមត្ថភាព​ខ្លួន​»​។​

វិចិត្រករកូនកាត់ខ្មែរ-នូវែល​សេ​ឡង់​លោក Peap Tarr។ រូបថត សហ​ការី

អ្វីដែល​វិចិត្រករ​កូនកាត់​ខ្មែរ​-​នូ​វែ​ល​សេ​ឡង់​រូបនេះ ចង់ឱ្យ​យុវជន​ផ្តោត​យកចិត្ត​ទុក​បំផុត​នោះ​ គឺ​ការជឿជាក់​លើ​សមត្ថភាព​ខ្លួន ដែលជា​កត្តា​ចម្បង​ជួយ​ជំរុញ​ខ្លួនឯង ឬក៏​អាចមាន​ឥទ្ធិពល​ដល់​អ្នកដទៃ​ផងដែរ ដើម្បី​សម្រេច​ភាពជោគជ័យ និង​គោលដៅ​ជីវិត​។

លោក PeapTarr លើកឡើង​ដូច្នេះ​ថា​៖ «​ខ្ញុំ​មិន​គិតថា តែ​ខ្លួនឯង​ទេ​ជា​បុគ្គល​ល្អ​ឯក ព្រោះ​យល់ថា គ្រប់គ្នា​សុទ្ធតែមាន​ភាពល្អ​អស្ចារ្យ​រៀងៗ​ខ្លួន តាម​វិធី​រៀងខ្លួន ហើយ​គ្រប់គ្នា​ក៏​មិន​មែន​សុទ្ធតែ​ទទួលបាន​ផល​ល្អ​តាម​វិធី​ដូចៗ​គ្នា​នោះទេ​។ អ្វីដែល​ខ្ញុំ ចង់ឱ្យ​​យុវជន​ទទួលយក​ពេលនេះ គឺជាសារ​មួយ​ថា ត្រូវ​មើល​ខ្លួនឯង និង​ជឿ​​ជាក់​ខ្លួនឯង ហើយ​ប្រសិនបើ​យើង ចង់​ធ្វើតាម​បុគ្គល​ណាមួយ ដែល​ខ្លួន​ជឿជាក់​នោះ គឺ​គួរតែ​ជឿ​សមត្ថភាព​ខ្លួនឯង​ដែរ​ថា នាពេល​​អនាគត ហើយ​ខ្លួនឯង​នឹងធ្វើ​អ្វី និង​ចង់បាន​អ្វីសម្រាប់​ជីវិត​ខ្លួនឯង​»​។

លោក​បន្ថែមទៀតថា​៖ «​ខ្ញុំ​មិនដែល​បញ្ឈប់​ការជឿជាក់​លើ​ខ្លួនឯង​ទេ ទោះបីជាខ្ញុំ​អាច​ទទួលបាន​អ្វីដែល​ខ្លួន​​មាន​ដូច​សព្វថ្ងៃ​ក្តី ខ្ញុំ​នៅតែ​ចង់បាន​អ្វី​លើស​នេះ​ទៀត សម្រាប់​អាជីព​ជា​វិចិត្រករ​។ សម្រាប់​ប្អូនៗ​ជា​យុវជន ត្រូវមាន​ជំនឿ​លើ​សមត្ថភាព​ខ្លួនឯង មិនត្រូវ​គិត​រឿង​អ្នកដទៃ​ធ្វើ​អ្វី​នោះទេ គឺ​យើង​គ្រាន់តែ​ស្តែង​ការគោរព​កោតសរសើរ​ក្នុង​ចិត្ត​ទៅបាន​ហើយ​។ អ្វីដែល​ត្រូវផ្តោត​នោះ គឺ​រិះរក​វិធី​ដើម្បីឱ្យ​ខ្លួនឯង បាន​ជោគ​​ជ័យ​តាម​វិធី​ខ្លួនឯង តាម​អាជីព ឬ​ជំនាញ​។ បើ​មាន​ផែនការ​សម្រាប់​ខ្លួនឯង​ហើយ​នោះ សូមកុំ​បញ្ឈប់​ការព្យាយាម ធ្វើឱ្យ​បានល្អ និង​ស្វែងយល់​ពីអ្វីៗ នៅ​ជុំវិញខ្លួន និង​អភិវឌ្ឍ​ខ្លួន​ឱ្យបាន​ល្អប្រសើរ តាម​ដែល​អាច​ធ្វើបាន និង​លើកទឹកចិត្ត​ខ្លួនឯង ដោយ​រីក​រាយ​ផងដែរ​»៕