​ភ្នំពេញ: ស្នាដៃ​សិល្បករ​គំនូរ​មួយៗ​មាន​ភាព​វិសេស​រៀងខ្លួន និង​វិ​វ​ឌ្ឍ​ទៅតាម​សម័យកាល តែ​មិនមែន​គ្រប់គ្នា​ទេ​ដែល​អាចបង្កើត​ប្រវត្តិ​​សាស្ត្រ​សម្រាប់​ប្រទេស​តាមរយៈ​សិល្បៈ​គំនូរ​របស់ខ្លួន​។ សិល្បករ​ជើង​​ចាស់​លោក លាង ស៊ី​កន មិន​ត្រឹមតែ​អាចបង្កើត​គំនូរ​ផ្គុំ​ដ៏​កម្រ​បានទេ ថែម​​ទាំង​អាច​ចែករំលែក​ប្រវត្តិសាស្ត្រ អរិយធម៌ វប្បធម៌ និង​សាសនា​របស់​កម្ពុជា​ទៅកាន់​ពិភពលោក​។

​សិល្បករ​វ័យ ៥១​ ឆ្នាំ​រូបនេះ​ ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ពី​ប្រវត្តិ​ត្រួសៗ​នៃ​ការ​ចាប់យក​វិស័យ​គំនូរ​ថា​៖ «​ខ្ញុំ​រៀន​ចប់​បរិញ្ញាបត្រ​ស្នាដៃ​គំនូរ​បុរាណ គំនូរ​ទំនើប និង​តុបតែង​លម្អ​ស្ថាបត្យកម្ម​តាំងពី​ឆ្នាំ ១៩៩២-២០០២ នៅ​សាលា​រចនា​វិចិត្រសិល្បៈ​»​។​

​លោក​បន្តថា​៖ «​ខ្ញុំ​ធ្លាប់​ប្រឡូក​ក្នុង​វិស័យ​តុបតែង​លម្អ​ស្ថាបត្យកម្ម ធ្វើ​ឡូហ្គោ លម្អ​បន្ទប់ ឬ​ធ្វើ​កិច្ច​ការឱ្យ​អង្គការ សមាគម​ផ្សេងៗ​។ ប៉ុន្តែ​ពេល​ត្រូវ​ពិភាក្សា​ជាមួយ​ដៃគូ​ផ្សេងៗ ខ្ញុំ​មាន​អារម្មណ៍​ថា មិនបាន​ប្រើ​សេរីភាព​ពេញទី ខ្ញុំ​ក៏​រើស​ការ​គូរគំនូរ​វិញ​»​។​

​ស្នាដៃ​ដែលមាន​ច្រើន​ស្រទាប់ និង​មានប្រើ​ទាំង​ជា​សំរាម ស្បែក ស្បៃ សំណាញ់ មក​ដេរ​ភ្ជាប់​ពី​ស្រទាប់​មួយ​ទៅមួយ​ដោយ​អំបោះ មើល​យ៉ាងណា​ក៏​មិន​ជិនណាយ កាន់តែ​បង្កើត​ភាព​ងឿងឆ្ងល់ កោតសរសើរ បង្ក​ការចង់​​ប៉ះ ចង់ដឹង​ពី​អត្ថន័យ​បង្កប់​។

​លោក​រៀបរាប់​សេចក្ដីលម្អិត​ពី​គំនូរ​របស់ខ្លួន​ប្រាប់ទៀតថា​៖ «​ស្ទីល​របស់ខ្ញុំ​ទោះបី​រាល់​ឆ្នាំមាន​កម្រិត​កើនឡើង​ខុសគ្នា តែ​អត្តសញ្ញាណ និង​ទិច​និក​នៅ​ដដែល​។ រាល់​ស្នាដៃ​ខ្ញុំ​គឺមាន​ជា​ស្រទាប់ៗ មាន​ក្រណាត់ ក្រដាស ស្បែក​ដេរ​ភ្ជាប់​ចូលគ្នា​ហើយ​បាន​រំលេច​ជាមួយ​គូ​ល័​រ ហើយ​ការ​ដេរ​ភ្ជាប់​ដោយ​រំលេច​នូវ​សរសៃអំបោះ​ជា​អត្តសញ្ញាណ​របស់ខ្ញុំ​»​។​

​លោក​ធ្លាប់បាន​គូរគំនូរ​ផ្សាយ​ពី HIV មុនគេ មានការ​បកប្រែ​ជា​ភាសា​អង់គ្លេស​ឱ្យ​កាកបាទក្រហម​ក្នុង​ឆ្នាំ ១៩៩៨ បាន​ប្រឡង​ស្នាដៃ​អន្តរជាតិ​នៅ​ក្រុង​ញ៉ូ​វយ​ក​ទទួល​ចំណាត់ថ្នាក់​លេខ ​១ និង​ប្រឡង​ថ្នាក់ជាតិ​ទទួល​ចំណាត់ថ្នាក់​លេខ​ ២ អំពី HIV ដែល​រៀបចំ​ដោយ​អង្គការ​យូណេស្កូ​។​

​កន្លងមក​ស្នាដៃ​លោក​ត្រូវបាន​តាំងនៅ​អង់គ្លេស ហុងកុង អាមេរិក ជប៉ុន ថៃ ន័​រ​វែ​ស អូស្ត្រាលី បារាំង សិង្ហ​បុរី ភូមា ចិន និង​ច្រើន​ទៀត​។​

​ការ​បំផុសគំនិត​របស់លោក​ ចាប់​ផ្ដើម​ដោយ​ជោគជ័យ​ដំបូង​ដោយ​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​នឹង​សាសនាព្រះពុទ្ធ​នៅ​កម្ពុជា ពី​តថភាព​សង្គម បរិស្ថាន បរិយាកាស​ព័ទ្ធជុំវិញ និង​ចុងក្រោយ​គឺ​លោក​សិក្សា​ពី​ជីវិត​ខ្លួនឯង​តែម្ដង​។

​លោក ស៊ី​កន ថា​៖ «​សរុបទៅ​ជាង ​២០ ​ឆ្នាំ​មកនេះ​ អ្វីដែល​ខ្ញុំ​ធ្វើ​គឺ​ចង់បង្ហាញ​ប្រាប់​មហាជន​ពី​គុណ​តម្លៃ​នៃ​សិល្បៈ​ដែលមាន​សារៈខាន់​សម្រាប់​ជា​ប្រទីប​ដល់​មហាជន​»​។​

​សិល្បករ​ព្រៃវែង​ឱ្យដឹង​ដែរ​ថា ភាគ​ច្រើន​លោក​ចូលចិត្ត​គូរគំនូរ​ផ្ទាំង​ធំ ​ព្រោះ​វា​អាច​បង្ហាញ​គំនិតល្អ និង​ទាក់ទាញ​។ ប៉ុន្តែ​ដោយសារ​ស្ថានភាព​ជុំវិញ​ពិភពលោក​ប្រែប្រួល លោក​ចង់​ប្ដូរ​ចរន្ត​ដោយ​គូរ​វា​ក្នុង​ទំហំ​ល្មម ដើម្បី​អ្នកមាន​ជីវភាព​សមរម្យ​ក៏​អាចមាន​លទ្ធភាព​ជាវ​ស្នាដៃ​លោក​បានដែរ​។​

​រាល់​ស្នាដៃ​លោក​បាន​បង្កើតជា​ស៊េរី និង​មាន​ប្រធានបទ​ច្បាស់លាស់​ដូចជា ស៊េរី​ពេលដែល​ក្បាល និង​ខ្លួន​ជាប់​គ្នា សំពត់​មាន​ទម្ងន់ ឬ មនុស្ស​ដុះស្លាប​។ ក្នុង​ស៊េរី​មួយៗ​អាចមាន​ទាំង​ជា​គំនូរ រូប​ផ្គុំ មាន​ខោអាវ​ពាក់​សម្ដែង ឬ​ចម្លាក់​។ លោក​មិនមាន​ជា​វិចិត្រសាល​ទេ តែ​លោក​ប្រើ​ស្ទូ​ឌី​យោ​ផ្ទាល់ខ្លួន​ស្វាគមន៍​អ្នក​ចាប់អារម្មណ៍​ទស្សនា​ស្ដាប់​បទ​បង្ហាញ​ខ្លះៗ​។

​លោក​បាន​ចែករំលែក​ផ្នែក​រីករាយ​រស់នៅ​ក្នុងនាម​ជា​វិចិត្រករ​ថា​៖ «​យើង​កុំ​ប្រៀបធៀប​ភាពជោគជ័យ​របស់​យើង​ទៅ​អ្នកណា​។ ខ្ញុំ​មាន​មោទនភាព​ត្រង់​ថា រាល់​ការបង្កើត​ខ្ញុំ​មិនបាន​ធ្វើតាម​តម្រូវ​ចិត្ត​ភ្ញៀវ​ទេ​គឺ​សុទ្ធតែ​កើត​ពី​គំនិត​ខ្ញុំ​ផ្ទាល់ ដូច្នេះ​វា​គ្មាន​សម្ពាធ​»​។​

លោក លាង ស៊ីកន ៖មាន​ភ្ញៀវជាតិ និង​អន្តរជាតិ​​មក​ស្ទូឌីយោលោកទស្សនា​ស្នាដៃ និង​​​​ស្ដាប់បទបង្ហាញ​​​។ រូបថត លីម សុខចាន់លីណា

​សិល្បករ​ដែល​ចេះ​ច្រើន​ជំនាញ​ទាំង​ចិត​ពុម្ព ដេរ​ប៉ាក់ ខ្មុក ម្រ័ក្សណ៍ ចម្លាក់​ស្ពាន់​ផ្សេងៗ​បន្តថា​៖ «​ខ្ញុំ​រីករាយ​ដែល​ខ្ញុំ​ទទួលបាន​ការទទួលស្គាល់ និង​អាច​ទទួលទាន​ដោយ​ស្នាដៃ​ខ្ញុំ​។ តែ​ខ្ញុំ​មិនមែនជា​បរិវារ​របស់​ស្នាដៃ​ខ្ញុំ​ទេ​។ ខ្ញុំ​រស់​ទៅតាម​របៀប​របស់ខ្ញុំ​»​។​

​ទោះយ៉ាងណា ភាពជោគជ័យ​មិនបាន​កើតមក​ដោយ​ឯកឯង​នោះទេ​លោក​ថា វា​កើតឡើង​ដោយ​ការ​​ប្រឹងប្រែង បង្កើត​ភាព​ពិសេស ទិច​និក និង​អត្តសញ្ញាណ​ឱ្យគេ​ទទួលស្គាល់​ជា​ស្នាដៃ​ដែល​ល្អ​ផូរផង់​មុត​ស្រួច​ទាំង​គំនិត សោភណភាព អត្ថន័យ និង​ទស្សនៈ​ស៊ីជម្រៅ​។

​សិល្បករ​ស្នេហា​ការតាក់តែង និង​ថត​ចម្រៀង​រូបនេះ​ប្រាប់ថា​៖ «​ខ្ញុំ​កើត​នៅ​សម័យ​សង្គ្រាម​។ យើង​ឃើញ​មានការ​ទម្លាក់​គ្រាប់បែក ទារុណកម្ម និង​ការឈឺចាប់​។ តែ​គំនូរ​ស្រទាប់ៗ​នេះ អ្វីដែល​អ្នកមើល​ឃើញ​ដំបូង​គឺ​ភាព​រីករាយ ត្រចះត្រចង់ ពេល​វែង​ទៀត ទើប​យើង​ឃើញ​សេចក្តី​ឈឺចាប់​»​។

​លោក​លើក​ហេតុផល​ថា​៖ «​ព្រោះ​ខ្ញុំ​ចង់​កែប្រែ​ភាព​វេទនា ការឈឺចាប់​ទៅជា​ការប្រឹងប្រែង​បង្ហាញ​ឆាក​ជាតិ និង​អន្តរជាតិ​ថា ​យើង​បាន​ឆ្លង​វា​ផុត ហើយ​ឱ្យគេ​បានឃើញ​ពី​គំនិត ការយល់ដឹង និង​ផ្សព្វផ្សាយ​ពី​វប្បធម៌​សិល្បៈ​របស់​យើង​»​។​

​ចំពោះ​ការចែក​ចាយ​ស្នាដៃ​កន្លងមក​លោក​ក៏បាន​បង្រៀន​សិស្ស​មួយចំនួន​ដែរ​ទាំង​ការរក​ទ្រឹស្តី ទស្សនៈ តិក​និក ដើម្បី​បង្កើត​ថ្មី​។ តែ​ទស្សនៈ​ពិបាក​ណាស់​ជាហេតុ​ធ្វើឱ្យ​សិស្ស​បោះបង់​ព្រោះ​ភាគច្រើន​មក​រៀន​ចង់តែ​ចម្លង​ស្នាដៃ​ដែល​លោក​គិតថា​ គ្មាន​ន័យ​បើ​វា​ជា​អ្វី​លោក​ធ្វើ​រួចហើយ​។

​លោក​បាន​ផ្ដាំផ្ញើ​ទៅកាន់​សិល្បករ​ជំនាន់​ក្រោយៗ​ថា​៖ «​ជំនាន់​ខ្ញុំ​នៅ​ក្មេងៗ​គ្មាន​ការផ្សព្វផ្សាយ គ្មានអ៊ី​ន​ធឺ​ណិ​ត គ្មាន​សៀវភៅ​ត្រូវ​រៀន​ទេ ខ្ញុំ​មានតែ​ការតាំង​ចិត្ត​។ តែ​ឥឡូវ​សឹង​​តែ​ថា ​ម្នាក់ៗ​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​រាងខ្លួន​បើ​ធ្វើឱ្យ​ល្អ វា​មាន​វេទិកា និង​អគារ​ជាច្រើន​សម្រាប់​តាំង​បង្ហាញ​»​។​

​លោក​លើកទឹកចិត្ត​រល​ក​ក្រោយ​ថា​៖ «​ដូច្នេះ​ខ្ញុំ​ចង់ឱ្យ​អ្នក​ដែលមាន​ការ​​លំបាក​ក្នុង​ការតស៊ូ​គូរគំនូរ​តាំងចិត្ត​ឱ្យបាន​ល្អ​បើ​ពិតជា​ស្រឡាញ់​មែន​។ ឱ្យតែ​យើង​ប្រឹងប្រែង​គង់តែ​មាន​គេ​ទទួលស្គាល់​។ កុំ​ទន់ជ្រាយ​តាម​ពេល​វេលា​ដូចជា​កូ​វីដ​ក៏ដោយ​ត្រូវតែ​ប្រឹង​ដុសខាត់​ខ្លួនឯង និង​បង្កើត​ស្នាដៃ​ថ្មីៗ​ឱ្យ​ខ្លួនឯង​កាន់តែ​អភិវឌ្ឍ​»៕​

ស្នាដៃសិល្បៈ «ឥទ្ធិពលឆ្នាំថ្មី influence new year​​»។ រូបថត លាង ស៊ីកន