​ក្រុង​យ៉ា​មូ​ស៊ូ​ក្រូ: ការប្រគល់​មកវិញ​នូវ «​ស្គរ​និយាយ​» Djidji Ayokwe ដ៏​សំណព្វ​របស់​កុលសម្ព័ន្ធ Ebrie ប្រទេស​កូត​ឌី​វ័រ ពី​សំណាក់​ប្រទេស​បារាំង ​នាពេលខាងមុខ គឺជា «​ការផ្លាស់ប្ដូរ​បែប​ប្រ​វ​ត្ដិ​សាស្ដ្រ​»​។

​ក្លា​វ៉ា​យែ​រ អា​ហ្គែ​ហ្គូ ម៉ូ​ប៊ី​អូ ប្រធាន​កុលសម្ព័ន្ធ Ebrie បាន​ប្រាប់ AFP ថា​៖ «​យើង​លែង​ហ៊ាន​រំពឹង​ពី​ការវិលត្រឡប់​ស្គរ​និយាយ​នេះ ដែលជា​គ្រឿង​បំពង​សំឡេង​យើង ទៀតហើយ​»​។

​សប្ដាហ៍​មុន​ប្រធានាធិបតី​បារាំង លោក អេ​ម​ម៉ា​នូ​អែល ម៉ា​ក្រុង បានប្រកាសថា ស្នាដៃ​សិល្បៈ និង​វត្ថុ​បុរាណ​ដទៃទៀត ដែល​ត្រូវបាន​ស្វះស្វែងរ​កដោយ​កូត​ឌី​វ័រ នឹងត្រូវ​ប្រគល់ឱ្យ​ម្ចាស់​ដើម​វិញ​ឆាប់ៗ​នេះ​។ ពួកគេ​ក៏បាន​បញ្ចូល​ស្គរ​និយាយ Djidji Ayokwe ដែល​តាំង​ក្នុង​សារ​​មន្ទីរ Quai Branly ក្រុងប៉ារីស​។

​ការប្រគល់​ស្នាដៃ​សិល្បៈ​បាត់បង់​ទៅកាន់​ដែនដី​អាហ្វ្រិ​ក​វិញ គឺជា​ការ​រឹត​ចំណង​សម្ព័ន្ធភាព​ថ្មី​មួយ ដែល​លោក ម៉ា​ក្រុង ចង់​ធ្វើ​ជាមួយ​ទ្វីប​នេះ​។

​ស្គរ ដែល​ត្រូវបាន​ប្រើ​ជា​គ្រឿង​ទំនាក់ទំនង​ដើម្បី​បញ្ជូន​សារ​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ ត្រូវបាន​បារាំង​យក​ក្នុង​ឆ្នាំ​ ១៩១៦ ពេល​កូត​ឌី​វ័រ ស្ថិតក្នុង​អាណានិគម​របស់ខ្លួន​។

​លោក​បាន​និយាយថា​៖ «​យើង​សុំ​អរគុណ​ដល់​លោក​ប្រធានាធិបតី​បារាំង ម៉ា​ក្រុង និង​រង់ចាំ​ទទួល​ស្វាគមន៍​វត្ដ​មាន​ស្គរ​និយាយ​ត្រឡប់មកវិញ​។ ពិធី​ទទួល​ផ្លូវការ​ដ៏​ធំ​មួយ​នឹង​រៀបចំឡើង ​ដើម្បី​ជម្រាបជូន​ដល់​ពលរដ្ឋ ៧ ​ភូមិ ដែល​ស្ថិតក្នុង​កុលសម្ព័ន្ធ Ebrie នៃ​តំបន់ Abidjan»​។

​លោក​បាន​បន្ថែមថា​៖ «​ស្គរ​និយាយ​នេះ​នឹង​បាន​ជីក​កកាយ​ប្រ​វ​ត្ដិ​សាស្ដ្រ​យើង​ឡើងវិញ និង​លើក​មុខមាត់​កុល​​សម្ព័ន្ធ Ebrie ដែល​ស្ទើរតែ​រលាយ​ឈ្មោះ​ពី​ការអភិវឌ្ឍ​តំបន់ Abidjan ដែលមាន​ប្រជាជន ៥​ លាន​នាក់​»​។

​លោក ម៉ូ​ប៊ី​អូ បានឱ្យដឹងថា​៖ «​អ​វត្ដ​មាន​ស្គ​និយាយបាន​ធ្វើឱ្យ​រង្គោះរង្គើ​ល​ដល់​សាមគ្គីភាព​សង្គម និង​វប្បធម៌​របស់​កុលសម្ព័ន្ធ Ebrie យើង​»៕ AFP/HR