ក្រុង​អាប៊ូហ្សា៖ រៀង​រាល់​ព្រឹក លោក វីលសុន វូវវីរ៉ូរ៉ូ ចេញ​ពីផ្ទះ អុំទូក​កាយៈ​ទៅកាន់​ព្រៃ​ក្រាស​នៅភាគ​ខាង​ត្បូង​ប្រទេស​នីហ្សេរីយ៉ា ជាទីដែល​លោកឡើង​ដើម​​​រ៉ាហ្វហ្វីយ៉ា កៀបយកទឹក​ផលិត​ជា​ស្រា។

អ្នក​ឡើង​ត្នោត​រ៉ាហ្វហ្វីយ៉ា អាយុ ៥០ ​ឆ្នាំ​រូប​នេះ បានបិតទឹក​រុក្ខជាតិ​ជា​គ្រឿង​ស្រវឹង​ដោយ​ស្គាល់​ជា «​អូហ្គូហ្គូរ៉ូ» ឬ «ទឹក​សាប៉េល​» ជាឈ្មោះ​តាម​ទីក្រុង​ក្បែរ​ខាង ដែល​ជា​ប្រភព​កំណើត។

ធ្លាប់​ជា​គ្រឿង​ស្រវឹង​ពេញ​និយម​ក្នុង​ឱកាស​​​រៀបចំ​កម្មវិធី​ប្រពៃណី​នានា ភេសជ្ជៈ​ក្នុង​ស្រុកនេះ​ កំពុង​តែ​ធ្លាក់​ប្រជាប្រិយភាពយ៉ាង​ខ្លាំង​​ ដោយ​ពីបាក​ទប់​ទល់​នឹង​ភេសជ្ជៈ​សម័យ​ទំនើប។

ភេសជ្ជៈ​ក្នុង​ស្រុកនេះ​កំពុង​តែ​ធ្លាក់​ប្រជាប្រិយភាពយ៉ាង​ខ្លាំង​​ ដោយ​ពីបាក​ទប់​ទល់​នឹង​ភេសជ្ជៈ​សម័យ​ទំនើប។ AFP

ជាមួយ​ប្រជាជន​ជាង ២០០​ លាន​នាក់ នីហ្ស៊េរីយ៉ា​ ជា​ប្រទេស​មាន​ប្រជាជន​ច្រើន​បំផុត​​​នៅ​អាហ្វ្រិក​ និង​ជា​ទីផ្សារ​ស្រា​បៀរ​ធំ​មួយ។

ការ​ប្រកួត​ប្រជែង​ហាក់​គ្មាន​សមភាព តែ​ក្រុម​អ្នក​ឡើង​ឆ្នោត​រ៉ាហ្វហ្វីយ៉ា និង​កន្លែង​បិតស្រា​តូចៗ ដូចជា លោក អូវវីរ៉ូរ៉ូ នៅតែមាន​ក្ដី​សង្ឃឹម​រក្សា​អត្ដ​សញ្ញាណ​ភេសជ្ជៈ​ក្នុង​ស្រុក​នេះ​ឱ្យ​បន្ដ​ស្ថិត​ស្ថេរ។

លោក អូវីរ៉ូរ៉ូ បាន​ប្រាប់ AFP នៅ​ក្នុង​រោង​ឈើ​មួយ​ ដែល​ជា​កន្លែង​កិនស្រូវរបស់​រូបលោកជា​​ឪពុក​មាន​កូន ៨​ នាក់​រូប​នេះថា​៖ «​ខ្ញុំ​បាន​និង​កំពុង​តែ​ធ្វើ​កិច្ចការ​នេះ​អស់​រយៈ​ពេល ៣០ ​ឆ្នាំ​មក​ហើយ។ ខ្ញុំ​ចាប់ផ្ដើម​ពី​រដ្ឋ​អ៊ុងដូ មក​ដល់ អេដូ និង​ចំណាយ​ពេល ១០​ ​ឆ្នាំ​មុន​មក​ដល់​សេប៉េ ជាទីដែល​ខ្ញុំ​បាន​ចំណាយ​ពេល ១៥ ​ឆ្នាំ​ទៀត​»។

អ្នក​ឡើង​ត្នោត​រៀន​ជំនាញ​កៀប​ក្ដត្នោត​រ៉ាហ្វហ្វីយ៉ា ពី​ឪពុក​របស់​លោក និង​បាន​និយាយថា ភរិយា និង​បង​ប្អូន​ប្រុស​ៗ​ក៏​បាន​ជួយ​លោក​ក្នុង​កិច្ច​ការ​នេះ​ផង​ដែរ។

អតិថិជន​ទទួលទាន​ស្រា​ត្នោត​រ៉ាហ្វហ្វីយ៉ា នៅ​តៀម​ស្រា​ក្រុង​សេប៉េ។ AFP

លោក​បាន​ឱ្យដឹងថា​៖ «​ខ្ញុំ​ផលិត​ស្រា​អូហ្គូរ៉ូហ្គូ រសជាតិដើម​នៅទីនេះ។ ពេល​យើង​ផឹក​ យើង​ដឹង​ថា វា​ពិតជា​រសជាតិ​ដើម​មែន។ ខ្ញុំ​មិន​លាយ​ជាមួយ​អេតាណុល​​ឡើយ។ ស្រា​របស់​ខ្ញុំ​ពិតជា​វិសេស។ ពេល​ខ្ញុំ​បិត​ស្រា​នេះ អ្នក​មាន​ទ្រព្យ​ស្ដុក​ក៏​មក​ទិញ​ពី​ខ្ញុំ​ដែរ​»។

កម្រិត​ជាតិ​អាកុល​របស់​ស្រា​អូហ្គូរ៉ូហ្គូ មិន​ត្រូវបាន​ដឹង​ច្បាស់ តែ​យោង​តាមសម្ដីអ្នក​ទទួល​ទាន​ស្រានេះ បរិមាណ​​ត្រឹមតែ​១​កែវ​​គ្រប់​ល្មម​ឱ្យ​មាន​អារម្មណ៍​ធីង​ធោង។

លោក​បាន​បន្ថែមថា​៖ «​ខ្ញុំ​មាន​អតិថិជន​ជា​ច្រើន​ ដែល​ទិញស្រា​ពី​ខ្ញុំ។ ខ្ញុំ​មាន​អតិថិជន​រហូត​ដល់ ១៥​នាក់ ហើយ​ខ្ញុំ​លក់​ស្រា​មួយ​ប៊ីដុង​ចំណុច ២៥​គីឡូក្រាមក្នុងតម្លៃ ១៥០០០​ណៃរ៉ា (១៥ម៉ឺន​រៀល​)។ ខ្ញុំ​អាច​ផលិត​ស្រា​បាន​ ២​ប៊ីដុង​ក្នុង​មួយ​ថ្ងៃ​ បើ​មាន​ទឹក​ត្នោត»។

រោង​ឈើ​មួយ​ ជា​កន្លែង​កិនស្រូវរបស់​រូបលោកជា​​ឪពុក​មាន​កូន ៨​នាក់​រូបនេះ​ចាកចេញទៅ​ឡើង​ត្នោត។ AFP

ប៉ុន្ដែ​លោ​ក​បាន​សារភាព​ថា ការងារ​នេះ ទាមទារ​ការអត់ធ្មត់ និង​លំបាក​ខ្លាំង ដែល​លោក​តែង​តែ​ឡើង​ត្នោត​យ៉ាង​តិច ៣០​ដើម​រៀង​រាល់​ថ្ងៃ។

លោក​បាន​អះអាង​ថា​៖ «​ខ្ញុំ​នឹង​មិន​ឱ្យ​កូន​ៗ​ខ្ញុំ​បន្ដ​ការងារ​នេះ​ទៀតទេ ពីព្រោះ​វាគ្រោះថ្នាក់ណាស់​»។

លោក អូវរីរ៉ូរ៉ូ បាន​និយាយថា រដ្ឋាភិបាល​គួរ​លើក​ទឹកចិត្ដ​ការ​វិនិយោគ​ស្រា​ក្នុង​ស្រុក ដោយ​បាន​បន្ថែមថា អ្នក​និយម​ស្រា​ខ្លាំង និង​ល្អ​គួរតែមក​កាន់​ សាប៉េ ដើម្បី​សាក​ភ្លក្ស​រសជាតិ​របស់វា។

លោក​បាន​បញ្ជាក់ថា​៖ «​បើ​មាន​ក្រុមហ៊ុន​ណាមក​ពី​បរទេស​ចាប់អារម្មណ៍ ពួកគេ​មក​រក​យើង​ ហើយ​យើង​នឹង​ផ្ដល់​ស្រា​ អូហ្គូហ្គូរ៉ូ ពោរពេញ​ដោយ​រសជាតិ​នៅ​នឹង​កន្លែង​ប្រភព​ដើម​តែម្ដង​»៕ AFP/HR

អ្នក​ឡើង​ត្នោត​រ៉ាហ្វហ្វីយ៉ា អាយុ ៥០​ឆ្នាំ​រូប​នេះ ​តែង​តែ​ឡើង​ត្នោត​យ៉ាង​តិច ៣០​ដើម​រៀង​រាល់​ថ្ងៃ។ AFP