ក្រុង​ប៉េកាំង៖ អត់មាន​នៅ​ស្រុក​ចិន តែ​ភាពយន្ដ​ល្បី​ទូទាំង​សកលោក «Squid Game» របស់ Netflix បាន​ជ្រៀប​ចូល​ពាស​ពេញ​ដែន​ដី​កុម្មុយនិស្ដ​មួយ​នេះ ដោយ​ក្រុម​អ្នក​គាំទ្រ​ខិត​ខំ​រិះ​រក​វិធី​ទស្សនា​ភាពយន្ដ​រន្ធត់​នេះ និង​នាំគ្នា​ទិញ​សម្ភារ គ្រឿងតុបតែងកាយ​ និង​​ចំណី ដូចក្នុង​​ភាពយន្ដនេះ​មក​លេងឱ្យ​ទាន់សម័យ​​ផងដែរ​។

ភាពយន្ដ​សម្លាប់​ឆៅៗក្នុង​សង្គម​សិប្បនិម្មិត​​របស់​កូរ៉េ​ខាង​ត្បូង បាន​ក្លាយ​ជា​ភាពយន្ដ​ភាគ​ពេញ​និយម​បំផុត​របស់ Netflix ជា​ក្រុមហ៊ុន​កម្សាន្ដ​ផ្សាយ​តាម​អនឡាញ​ បាន​ឱ្យ​ដឹង​កាលពី​ថ្ងៃ​អង្គារ តែ​វា​មិន​ទំនង​ជា​អាច​ឆ្លង​ផុតការ​ត្រួតពិនិត្យ​របស់​ចិនដោយសារតែ​មាតិកា​ដ៏​មហា​ហិង្សា​។

ប៉ុន្ដែ​វាបាន​ទទួល​ភាព​ល្បីល្បាញ​នៅតាម​ទីក្រុង​មួយ​ចំនួន ដូចជា ក្រុង​ស៊ាងហៃ ជាទីដែល​មហាជន​មក​ជួប​ជុំ​គ្នា​កាលពី​ថ្ងៃអង្គារ​នៅ​នៅ​ភោជនីយដ្ឋាន​លក់​ នំស្ករ​ដាល់ហ្គូណា ដែល​រំលេច​ជា​ហ្គេម​ក្នុង​ឈុតមួយ​នៃសាច់រឿង ដោយ​អតិថិជន​មក​ថតរូប​នៅ​ស្លា​ក​សញ្ញា​ក្នុង​ភាពយន្ត​ស៊េរី​ «Squid Game»។

អតិថិជនទទួលទាន​នំ​ស្ករដាល់ហ្គូណា ដែល​ពួកគេ​ទិញ​យក​មក​សាក​ល្បង​លេង​។ AFP

អតិថិជន​ម្នាក់​ត្រកូល លី បាន​ប្រាប់ AFP ថា​៖ «​យើង​នាំគ្នា​និយាយ​ពីរឿង​សប្បាយ​ៗ ទាក់ទង​នឹង​សាច់រឿង​ក្នុង​ក្រុម​ជជែក​កម្សាន្ដ ពេល​ខ្ញុំ​ចាប់​ផ្ដើម​ទស្សនា​ភាពយន្ដ​នេះ​»។

ក្រោយ​ពី​បាន​ទិញ​នំស្ករ​ លោក លី និង​មិត្ដភក្ដិ​បាន​ថត​សកម្មភាព​លេង​តាម​ល្បែង​ហ្គេម​ភាពយន្ដ​ ដោយ​ពួកគេព្យាយាម​កាត់​រូបភាព​តាម​ក្រឡា​លើនំស្ករ​​ដោយ​មិន​យ៉ាងណា​ធ្វើ​ឱ្យ​ស្ក​រ​ស្រួយ​នេះ​បែក​។

ភាពយន្ត​ស៊េរី Squid Game បាន​ឆ្លុះ​បញ្ចាំងពី​ដំណើរ​រឿង​មនុស្ស​មួយ​ក្រុម​​​ស្ថិត​ក្នុង​វណ្ណៈ​បាត​សង្គម និង​ជាប់​បំណុល​វណ្ឌក ដែល​ត្រូវបាន​បង្ខំ​ឱ្យ​ប្រកួត​ប្រជែង​ក្នុង​ហ្គេម​ក្មេង​ជា​ច្រើន​ប្រភេទ​រហូត​ដល់​អ្នក​លេង​ស្លាប់​ទាំង​អស់ លើក​លែង​តែ​ម្នាក់​ប៉ុណ្ណោះ​។ អ្នក​ឈ្នះ​ ទទួល​បាន​ប្រាក់​រង្វាន់ ៣៨​ លាន​ដុល្លារ​។

ខណៈ​ភាពយន្ដ​កូរ៉េ​នេះ​កំពុង​តែ​ល្បី​លើ​ពិភពលោក ក្រុមហ៊ុន​ផលិត​សម្ភារ​ផ្សេងៗ​ដ៏​វៃ​ឆ្លាត​របស់​ចិន​ក៏​កំពុង​តែញាប់​ដៃញាប់​ជើង​ផ្គត់​ផ្គង់​តម្រូវ​ការ​ជាមួយ​ផលិតផល​ទាំង​នេះ រួមទាំងឈុត​ពណ៌​ផ្កា​ឈូក​ស្រស់ និង​ម៉ាស​​បិសាច​​ពាក់​ដោយ​ឆ្មាំ​អនាមឹក​ ដែល​ត្រូវដាក់​លក់​លើ​ផ្សារ​អនឡាញ​ចិន Taobao។

អ្នក​លក់​ញាប់ដៃ​ធ្វើ​​នំស្ករដាល់ហ្គូណា ជាអាហារផ្អែម​ក្នុ​ង​ល្បែង​មរណៈ​មួយ​ក្នុង​រឿង Squid Game។ AFP

អាជីវករ ប៉េង ស៊ុយយ៉ាង បាន​ប្រាប់ AFP ថា ការ​លក់​របស់​លោក​បាន​កើន​ឡើង​ប្រមាណ ៣០​ភាគរយ​ ដែល​អរគុណ​ដល់​​តម្រូវ​ការ​ដល់​អ្នក​និយម Squid Game នេះ។

លោក​មិន​ដែល​ឮកម្មវិធី​ភាពយន្ដ​នេះ​ទេ​ ពេល​អតិថិជន​ម្នាក់​មក​សួរ​កាល​ពី​ខែ​មុន​ ដោយ​ចង់​រក​ទិញ​ម៉ាសជា​របាំង​មុខ​ពណ៌​ខ្មៅ មាន​សញ្ញា​គំនូរ​​រាង​ជា​បួន​ជ្រុង ត្រីកោណ ឬ​មូល​។

ប៉ុន្ដែ​ពេលនេះអាជីវករ​ទាំងអស់ រួមទាំង​រូប​លោក និង​ក្រុមហ៊ុន​ផលិត​ប្លាស្ទីក​នៅ​ភាគ​ខាង​ជើងតំបន់​យីវូ សុទ្ធតែ​មមាញឹក​ក្នុង​ការ​ផ្គត់ផ្គង់​តម្រូវការ​អតិថិជន​ ទាំង​​ក្នុង​ស្រុកនិង​បរទេស​។

អតិថិជន​រូបថតជាមួយ​រូប​សញ្ញា​ក្នុង​រឿង Squid Game ដែល​ពួកគេ​ទិញ​យក​មក​សាក​ល្បង​លេង​។ AFP

លោក​បាន​បន្ថែមថា​៖ «​អតិថិជន​របស់​យើង​គឺជា​អ្នក​ដែល​បាន​ទស្សនា​ភាពយន្ដ​ភាគ​នេះនិង​ចង់​បង្កើត​ភាព​ស្និទ្ធិស្នាល​ជាមួយ​ភាពយន្ដ​»។

ដោយ​រដូវ​បុណ្យ​ខ្មោច​ហាឡូវីន​កាន់តែ​ខិតចូល​មក​ដល់ ម៉ាស​បិសាច​បាន​ក្លាយជា​ផលិតផល​លក់​ដាច់​បំផុត​។ ជាសម្ភារ​បែប​ហ្វេសសិន​ក្នុង​ភាពយន្ដវាបាន​អង្រួនអារម្មណ៍​យុវវ័យ​សម័យ​បច្ចេកវិទ្យា​ចិន​ ដោយ​ផ្សារភ្ជាប់​ជាមួយសញ្ញាតំណភ្ជាប់​​ ហាសថេក Squid Game​។

អតិថិជន​ម្នាក់​នៅ​ក្រុង​ស៊ាងហៃត្រកួលយ៉ាងបាន​និយាយថា​៖ «​ខ្ញុំ​ឃើញ​មាន​លក់​អាហារ​សម្រន់​ក្នុង​ភាពយន្ដ​តាម​អនឡាញ​ តែ​វា​ជា​លើកដំបូង​សម្រាប់​ខ្ញុំ​ដែល​ឃើញ​វា​នឹង​ភ្នែក​នា​ពេល​នេះ​»៕ AFP/HR

អតិថិជន​រូបថត​នំ​ស្ករដាល់ហ្គូណា ដែល​ពួកគេ​ទិញ​យក​មក​សាក​ល្បង​លេង​។ AFP