ក្រុង​ឡាអេ៖ ហូឡង់​ធ្លាប់​ជា​ប្រទេស​ដំបូង​បំផុត​ក្នុង​លោក​ដែល​ផ្ដល់​សិទ្ធិ​ស្រប​ច្បាប់​ចំពោះអាពាហ៍ពិពាហ៍​​ភេទ​ដូចគ្នា​​ក្នុង​ឆ្នាំ​ ២០០១ ហើយ​បច្ចុប្បន្ន​ប្រទេស​នេះ​បាន​ពង្រីក​វិសាល​ភាព​ដល់​ការ​រៀប​អភិសេក​រាជវង្ស​បន្ថែម​ទៀត។

នាយក​រដ្ឋមន្ដ្រី​ ម៉ាក រូត បាន​ថ្លែង​ថា ព្រះរាជទាយាទ​​អាច​រៀប​អភិសេក​ជាមួយ​ដៃគូ​ភេទ​ដូច​គ្នា​ និង​មិន​ចាំបាច់​បោះ​បង់​សិទ្ធិ​ស្នងរាជ។ ក្រុម​មេធាវី​បាន​ស្នើសុំ​លោក រូត សម្រេច​លើ​ល័ក្ខខណ្ឌ​មួយ ក្រោយ​ពី​សៀវភៅ​មួយ​ចេញ​ផ្សាយ​ដោយ​មេធាវី​ខាង​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​ស្ដីពី​ព្រះបុត្រី​ស្នងរាជ​ អាមីលៀ ព្រះ​ជន្ម ១៧​ វស្សា​ បាន​ចែងថា ព្រះនាង​នឹងត្រូវ​ផាត់​ចេញ​ពី​ព្រះរាជ​តំណែង​ព្រះរាជទាយាទ​ ករណី​ទ្រង់​មាន​បំណង​រៀប​អភិសេក​ជាមួយ​នារី​ដូចគ្នា។

លោក រូត​ បាន​ឱ្យដឹង​ក្នុង​លិខិត​ផ្ញើ​ទៅកាន់​រដ្ឋសភា​កាលពីថ្ងៃអង្គារ​ថា​៖ «​គណរដ្ឋមន្ដ្រី​ជឿថា ព្រះរាជទាយាទ​ក៏អាច​រៀប​អភិសេក​ជាមួយ​បុគ្គល​មាន​ភេទ​ដូចគ្នា​ និង​មិន​មាន​ឧបសគ្គ​ចំពោះ​ផ្លូវ​ច្បាប់​អ្វី​ឡើយ​»។

លោក​បាន​បន្ដថា​៖ «​ដូច្នេះ គណរដ្ឋមន្ដ្រី​មិន​បានមើ​ល​ឃើញថា ព្រះរាជទាយាទ​ ឬ​ខ្សែ​រាជវង្ស​គួរ​តែ​លាលែងតួនាទីស្នងរាជ​ ពេល​ទ្រង់​សព្វ​ព្រះហារទ័យ​រៀបអភិសេក​ជាមួយ​បគ្គលភេទដូចគ្នា​នោះទេ​»។

ព្រះនាង​ អាម៉ាលៀ ជាព្រះបុត្រីច្បង​របស់​ក្សត្រ វីលលេម អាឡិចសាន់ឌ័រ និង​ព្រះមហាក្សត្រិយ ម៉ាស៊ីម៉ា មកពី​អាហ្សង់ទីន មិនបាន​បញ្ចេញ​ព្រះតម្រិះ​​ជុំវិញ​បញ្ហា​នេះ​ ឬជីវិត​ឯកជនរបស់​ទ្រង់​អ្វី​ឡើយ។

ខណៈអាពាហ៍ពិពាហ៍​ភេទដូចគ្នា ត្រូវបាន​ច្បាប់​អនុញ្ញាត​នៅ​ហូឡង់​អស់​រយៈ​ពេល​ ២​ទសវត្សរ៍​មក​ហើយ អាពាហ៍ពិពាហ៍​រាជវង្ស​ត្រូវមាន​ការ​ឯកភាព​ពី​រដ្ឋសភា។

រាជវង្ស​ហូឡង់​ក៏បាន​និងកំពុង​តែ​សម្រប​ទៅតាម​ការ​ផ្លាស់​ប្ដូរ​នៃ​សម័យ​កាល​ផងដែរ។

លោកនាយករដ្ឋមន្ដ្រី ពាន​បន្ដថា ប៉ុន្ដែ​មិនថាជា​បុត្រ​ក្នុង​ចំណង​ព្រះ​រាជ​អាពាហ៍ពិពាហ៍​ភេទ​ដូចគ្នា​នៅតែអាច​មាន​សិទ្ធិ​ស្នង​រាជ​ វា​នៅតែ​មាន​បញ្ហា​ស្មុគស្មាញ។

លោកបាន​ថ្លែង​ប្រាប់​ទូរទស្សន៍ NOS ថា​៖ ​«មាន​រដ្ឋធម្មនុញ្ញ​ចែង​អំពី​ការស្នង​រាជ ដែល​អាច​មាន​ការជំទាស់​ចំពោះ​ច្បាប់​គ្រួសារ​»។

លោក​បាន​បន្ថែមថា រដ្ឋាភិបាល និង​រដ្ឋសភា នឹង​អង្កេត​មើល​បញ្ហា បើ​វា​បាន​កើតឡើង។ ពលរដ្ឋ​ហូឡង់​បាន​សាទរ​ចំពោះ​ការ​សម្រេច​លើ​ជោគវាសនា​ការ​រៀប​អភិសេក​ភេទដូចគ្នារបស់​ព្រះរាជទាយាទ។

អ្នក​វិភាគ​ផ្នែក​នយោបាយ​ ហ្វ្រីតស៍ វ៉េស្ទើរ ត្រូវបាន​ដកស្រង់​សម្ដីពីទូរទស្សន៍ RTL ដោយ​បាន​និយាយថា៖ «​អ្វីដែល​លោក រូត បាន​សរសេរ​អំពី​ព្រះរាជទាយាទ ដែល​សព្វព្រះរាជហារទ័យ​រៀប​អភិសេក​ជាមួយ​នារី​ដូចគ្នា​ពិតជា​ស័ក្ដិសម​តាម​សម័យ​កាល​»។

រាជវង្ស​ហូឡង់​ក៏បាន​និងកំពុង​តែ​សម្រប​ទៅតាម​ការ​ផ្លាស់​ប្ដូរ​នៃ​សម័យ​កាល​ផងដែរ។

ព្រះ​នាង អាម៉ាលៀ កាលពី​ខែ​មិថុនា មិនបាន​ទាមទារសិទ្ធិ​ទទួលប្រាក់ចំណូល​ប្រចាំឆ្នាំ ១,៨ លានដុល្លារ​ ដោយសារតែទ្រង់​រអៀស​ព្រះកាយ​ មុន​ពេល​ទទួល​ព្រះរាជកិច្ច​ពេញ​លេញ​ ខណៈ​និស្សិតដទៃទៀត​កំពុង​ជួប​ការ​លំបាក​រឿង​ហេរញ្ញវត្ថុ​៕ AFP/HR

នាយក​រដ្ឋមន្ដ្រី​ ម៉ាក រូត បាន​ថ្លែង​ថា ព្រះរាជទាយាទ​​អាច​រៀប​អភិសេក​ជាមួយ​ដៃគូ​ភេទ​ដូច​គ្នា​ និង​មិន​ចាំបាច់​បោះ​បង់​សិទ្ធិ​ស្នងរាជ។ AFP