ក្រុង​ប៊ែ​រ​ឡាំង: ពី​រូបភាព​របស់​តួ​​អង្គ​មនុស្ស​យក្ស​សាច់ដុំ​បៃតង ហុ​លក៍ ដែល​ស្រាប់តែ​លោត​ពីលើ​ក្បាល​អ្នក ទៅ​ផ្ទាំងគំនូរ​ដែល​ផ្លាស់ប្តូរ​ពណ៌ ការ​​តាំងពិព័រណ៍​សិល្បៈ​តាម​ដងផ្លូវ​ទីក្រុង​ប៊ែ​រ​ឡាំង​មួយ ផ្តល់ឱ្យ​អ្នកទស្សនា​នូវ​បទពិសោធ​លក្ខណៈ 3D។​

Game Over ជា​ឈ្មោះ​ពិព័រណ៍​ដែល​យកគំនិត​ពី​វីដេអូ​ហ្គេម​ត្រូវបាន​គេ​ដាក់​នៅក្នុង​អតីត​កាស៊ីណូ​លាត​​សន្ធឹង​លើ​ផ្ទៃដី ២ ០០០ ​ម៉ែត្រការ៉េ ដោយ​វា​ក៏​នឹងត្រូវ​បំផ្លាញ​។​

​សិល្បករ ៨០ ​នាក់ ​កំពុង​បង្ហាញ​ស្នាដៃ​របស់​ពួកគេ​នៅទីនេះ ជាមួយ​កម្មវិធី​ពិសេស​ជួយ​បង្កើន​បទពិសោធ​ឌីជីថល​ដល់​ទស្សនិកជន​។​

​លោក Joern Reiners បាន​និយាយថា​៖ «​បន្ទាប់ពី​ខែ​ដ៏​ខ្សត់​ខ្សោយ​កន្លងមកនេះ ដោយសារតែ​វីរុស​ឆ្លង ពិភព​ងងឹត​យើង​បាន​បង្កើត​ពណ៌​បន្តិចបន្តួច មិន​ត្រឹមតែ​នៅក្នុង​ជីវិត​របស់​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សង្ឃឹមថា​នៅក្នុង​ជីវិត​របស់​អ្នកទស្សនា និង​អ្នក​ស្ញប់ស្ញែង​សិល្បៈ​យើង​ផងដែរ​» ។

​លោក​បន្តថា​៖ «​យើង​ព្យាយាម​ប្រមូលផ្តុំ​សិល្បករ​ត្រឹមត្រូវ​ដែល​នឹង​បន្ត​អភិវឌ្ឍភាព​ច្នៃប្រឌិត ដោយ​រួមគ្នា​បង្កើត​ស្នាដៃ​នៅទីនេះ​»​។​

​សមាជិក​ក្រុម ឌិ​កសិន រូបនេះ​បានរៀបចំ​ការតាំងពិព័រណ៍​លេចចេញ​ស្រដៀង​គ្នា​នៅ​ឆ្នាំ ​២០១៧ ដោយ​វិចិត្រករ​បាន​លាប​ជញ្ជាំង​ធនាគារ​ចាស់​ជាមួយ​គំនូរ​របស់​ពួកគេ មុនពេល​ក្រុម​វាយកម្ទេច​បានមក​ដល់​។​

​បន្ថែម​ពីលើ​សិល្បៈ ពួកគេ​ក៏មាន​កម្មវិធី​ពិសេស​នេះ​ អនុញ្ញាតឱ្យ​អ្នក​ទស្សនា​ចង្អុល​ទូរស័ព្ទ និង​រូបភាព ដើម្បី​ស្វែងយល់​ពីអ្វី​ដែល​ហួស​ពី​ស្នាដៃ​គ្រាន់តែ​តាំង​លម្អ​។​

​ទីក្រុង​ប៊ែ​រ​ឡាំង​ គឺជា​មជ្ឈមណ្ឌល​សម្រាប់​ដំណើរ​ទស្សនា​ស្វែងយល់​ពី​សិល្បៈ​វប្បធម៌​។ ទីក្រុង​នេះ​មាន​ទស្សនីយភាព​សិល្បៈ​តាម​ចិញ្ចើមផ្លូវ​ដ៏​រស់​រវើក និង​សម្បូរ​បែបនេះ ជាពិសេស​ជញ្ជាំង​ខណ្ឌ​ចែក​អាល្លឺម៉ង់​ដែល​ត្រូវបាន​លាប​ពណ៌​អំឡុង​ឆ្នាំ ១៩៩០៕ AFP/HR​