ក្រុងតេហ្គូស៊ីហ្គាល់ប៉ា៖ បក្សីតូចៗ ទើប​ដុះ​​រោម​ រំលេច​នូវ​ឆោម​ពណ៌​លឿង ខៀវ និងក្រហម បាន​នាំគ្នា​ងើប​ក្បាល​ចេញ​ពី​មាត់​សំបុក​​ ដែលត្រូវ​ធ្វើ​ឡើង​ពី​ធុង​ប្លាស្ទីក​ តែ​ត្រូវបាន​ចង​ភ្ជាប់​ទៅនឹង​ដើម​ឈើ។

ពួកវា​ចាប់​កំណើតឡើង​នៅ​ក្នុង​ព្រៃ​ នៃ​សហគមន៍​ Gracias ចម្ងាយ​ប្រមាណ ១៨០ ​គីឡូម៉ែត្រ​ភាគ​ពាយព្យ​ក្រុង​តេហ្គូស៊ីហ្គាល់ប៉ា និង​ក្បែរ​ឧទ្យានជាតិ Celaque លើ​ផ្ទៃដី​ ២៦ ០០០ ហិកតា ដោយ​គ្រប​ដណ្ដប់​លើ​ចម្ការដំណាំ ដែនជម្រក​សត្វ​ ២៩០​ ប្រភេទ និង​រុក្ខជាតិ ១ ២០០ ​ប្រភេទ។

វិស្វករ​កសិកម្ម កាតារីន អេស្កាឡានតេ មកពី​វិទ្យាស្ថាន​អភិរក្ស​ព្រៃ​រដ្ឋ (ICF) បាននិយាយ​ពេលអ្នកស្រី​មើលឃើញ​បក្សី​​​​ពីរក្បាល​មាន​ពណ៌​ស្វាយ​ព្រឿងៗ​នៅក្នុង​ទ្រុង​ថា​៖ «​នៅ​លើ​ជើង​ម្ខាង ពួកវា​មាន​សញ្ញា​រង្វង់​មួយ ហើយ​នេះ​បាន​ឱ្យ​យើង​សម្គាល់​ថា តើ​ពួកវា​រស់​នៅ​សំបុក​ណា កើត​តាំងពី​ឆ្នាំ​ណា ហើយ​មេបា​របស់​ពួកវា​មួយ​ណា​»។

កិច្ចការ​ទាំង​នេះ គឺជា​ផ្នែក​មួយ​នៃ​បេសកកម្ម​របស់​អង្គការ Pro-Alas នៅ​ប្រទេស​ហុងឌូរ៉ាស កំពុង​បន្ដ​ពូជ​ពពួក​សេក​នៅ​អាមេរិក​កណ្ដាល​ឡើងវិញ។

កិច្ចការ​ទាំង​នេះ គឺជា​ផ្នែក​មួយ​នៃ​បេសកកម្ម​របស់​អង្គការ Pro-Alas នៅ​ប្រទេស​ហុងឌូរ៉ាស។ AFP

ម៉ូរីស៊ីអូ ឃូវ៉ាស ជនជាតិ​ម៉ិកស៊ិក​​ ជា​នាយក​ប្រតិបត្ដិ​ឧទ្យាន​បក្សី Macaw Mountain បាន​និយាយថា​៖ «​គម្រោង​នេះ​ផ្ដោត​លើ​ការ​​ស្រោចស្រង់​​​ពូជ​បក្សី​នេះ​ឡើង​វិញការ​ចិញ្ចឹម​ជួញ​ដូរ​ខុស​ច្បាប់​ ផ្ដល់​ជម្រក​ថ្មី និង​​បន្ដពូជ​ជាថ្មី​»។

លោក​បាន​ប៉ាន់​ប្រមាណថា បច្ចុប្បន្ន​មាន​សេក​ប្រមាណ ២​ពាន់​ក្បាល​រស់​នៅ​ជ្រលង​កូប៉ាន ជា​ទីដែល​អាជ្ញាធរ​ដាក់​ជា​តំបន់​ការពារ​ជាមួយ​សហគមន៍។ បក្សិ​ជាច្រើន​បាន​សាយ​ភាយ​កូន​ចៅដោយ​មិន​ចាំបាច់​មាន​ជំនួយ។

យ៉ាងណាមិញ ដំណើរ​បន្ដ​ពូជដោយ​ការ​ចិញ្ចឹម​ត្រូវ​ធ្វើ​ឡើង​ជា​ច្រើន​ដំណាក់​កាល​ ដែលជា​ទូទៅ​បក្សី​មួយ​គូ មាន​ស៊ុត​ចំនួន ៣​គ្រាប់ ដាក់​ក្នុង​ទូរភ្ញាស់។ ដូច្នេះ ក្រោយ​ការ​ភ្ញាស់​រយៈ​ពេល ២៨​ថ្ងៃ ពួកវា​អាច​ត្រូវបាន​បន្ដ​ថែទាំ​ទៀត។

នៅអាយុ ៩០​ថ្ងៃ ពេល​ពួកវា​អាច​ហើរ​បាន កូន​សេក​បន្ដ​រស់​នៅក្នុង​ទ្រង់​ធំ​ ដែល​ក្រុម​អ្នក​ជំនាញ​បាន​ហៅថា «​កម្រិត​មតេយ្យ​» ជា​ទីដែល​ពួកវាអាច​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អម្បូរ​ដទៃ​ដើម្បី​ស្វែង​យល់​ពី​អត្ដចរឹក​ និង​ការ​ប្រើ​ប្រាស់​សំឡេង​រៀងៗ​ខ្លួន។ វា​ចាប់​ផ្ដើម​ស្គាល់​មែកឈើ រុក្ខជាតិ​ និង​ផ្លែ​ឈើ​ផ្សេងៗ។

បក្សី​ងើប​ក្បាល​ចេញ​ពី​មាត់​សំបុក​​ ដែលត្រូវ​ធ្វើ​ឡើង​ពី​ធុង​ប្លាស្ទីក​ តែ​ត្រូវបាន​ចង​ភ្ជាប់​ទៅនឹង​ដើម​ឈើ។ AFP

នៅ​ក្នុង​ព្រៃ ពួកវា​ជា​សត្វ​រស់នៅជា​ហ្វូង ដែល​ប្រមាណ ២៥​ ក្បាល ​ក្នុង​ ១ ​ក្រុម ឬ​ច្រើន​ជាង​នេះ អាស្រ័យ​លើ​ទំហំចំនួន​របស់​ពួកវា។ ដល់​វេលា​បន្ដពូជ ពួកវា​ចាប់ផ្ដើម​បែកហ្វូង និង​ចំណាយ​ពេល​រហូតដល់ ៩០​ ថ្ងៃ​ មុន​ពេល​កូនៗចេះហើរ។

មេបា​ថែទាំ​កូនៗ​យ៉ាង​តិច ១​ឆ្នាំ​ទៀត រហូត​ដល់​ពួកវា​មាន​ភាព​ម្ចាស់​ការ​លើ​ខ្លួន​ឯង។

លោក ឃូវ៉ាស បាន​គូស​បញ្ជាក់​ថា​៖ «​យើងមាន​ពូជ​ចម្រុះ និង​មាន​បំណង​​ពង្រិក​វិសាល​ភាព​ពូជ​ហុងឌូរ៉ាស​ទៅកាន់​បណ្ដាប្រទេស​ដទៃ និងចូលរួម​ចំណែក​បង្កើត​នូវ​ជីវចម្រុះ​ដល់​ព្រៃក្នុង​ស្រុក​ផង​ដែរ​»៕ AFP/HR

ពួកវា​ចាប់​កំណើតឡើង​នៅ​ក្នុង​ព្រៃ​ នៃ​សហគមន៍​ Gracias។