ក្រុងប៊ីលបាវ៖ សម្លឹងទាំងរន្ធត់សឹងតែគួរឱ្យជឿនឹងភ្នែក ផ្ទៃមុខផុសចេញពីទឹកឡឹមៗចេញពីទឹកទន្លេ Nervion នៃទីក្រុងប៊ីលបាវ គឺជាមុខមាត់ដ៏គួរឱ្យខ្លាចរបស់ក្មេងស្រីតូចម្នាក់អណ្តែតតាមជំនោរខ្យល់ ធ្វើឱ្យមនុស្សម្នាឆ្លងកាត់ហាក់មិនស្ងប់អារម្មណ៍នៅក្នុងទីក្រុងអេស្ប៉ាញចាប់តាំងពីនាងបានលេចមុខដោយពុំមានការជូនដំណឹងកាលពីប៉ុន្មានសប្តាហ៍មុន។
វិចិត្រករពូកែខាងគំនូរ និងចម្លាក់ដូចពិត ជនជាតិម៉ិកស៊ិក Ruben Orozco បានបង្កើតចម្លាក់ក្បាល ដែលមានចំណងជើងថា ប៊ីហារ (ថ្ងៃស្អែកនៅ Basque) សម្រាប់យុទ្ធនាការមួយដោយមូលនិធិប៊ីប៊ីខេអេច ដែលជាដៃសប្បុរសធម៌របស់អ្នកផ្តល់ប្រាក់កម្ចីអេស្ប៉ាញ Kutxabank ដើម្បីលើកកម្ពស់ការពិភាក្សាជុំវិញនិរន្តរភាព។
សិល្បកររូបនេះបានប្រាប់គេហទំព័រព័ត៌មាន Nius របស់អេស្ប៉ាញថា គោលដៅគឺដើម្បីឱ្យមនុស្សដឹងថា៖ «សកម្មភាពរបស់ពួកគេអាចធ្វើឱ្យយើងលិច ឬធ្វើឱ្យយើងអណ្ដែតទៅសែនឆ្ងាយ»។
នៅពេលជំនោរកើនឡើង និងធ្លាក់ចុះ ចម្លាក់ក្បាលមនុស្សធ្វើពីសរសៃជ័រស្រាលទម្ងន់ ១២០ គីឡូក្រាម បានអណ្ដែតប៉ប៉្រះទឹក ក្នុងន័យឆ្លុះបញ្ចាំងពីអ្វីដែលអាចកើតឡើងប្រសិនបើយើងបន្តប្រថុយរស់នៅដោយមិនខ្វល់ពីនិរន្តរភាព និងពុំចូលរួមធ្វើការផ្លាស់ប្ដូរទម្លាប់ ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់ការប្រែប្រួលអាកាសធាតុភពផែនដី។
ទន្ទឹមនឹងសារដាក់តឿន ចម្លាក់មុខដូចមនុស្សពិតៗនេះ បានធ្វើឱ្យអ្នកស្រុកប៊ីលបៅភ្ញាក់ពីដំណេកយ៉ាងផ្អើលក្រញាង ក្រោយពីនាវាបានទម្លាក់ចម្លាក់ក្បាលមនុស្សចូលទន្លេទាំងកណ្ដាលយប់។
អ្នកទេសចរ ទ្រីយ៉ាណា ហ្គីល បាននិយាយថា៖ «ដំបូងវាផ្តល់ឱ្យខ្ញុំនូវអារម្មណ៍តានតឹងនៅពេលដែលមុខមនុស្សកាន់តែច្រើនផុសចេញពីទឹក ប៉ុន្តែឥឡូវនេះ ខ្ញុំមានអារម្មណ៍ថា នាង [ចម្លាក់ក្បាលមនុស្ស] ហាក់បរិយាយអំពីភាពសោកសៅ ទុក្ខព្រួយជាច្រើន»។
ហ្គីល បានបន្តថា៖ «នាងមិនខ្វល់ខ្វាយអ្វីទេវាហាក់ដូចជានាងកំពុងបណ្តោយខ្លួនឱ្យលង់ទឹក»។
អ្នកដំណើរឆ្លងកាត់ម្នាក់ទៀតឈ្មោះ ម៉ារីយ៉ា ដែលឈប់ដើម្បីសម្លឹងមើលរូបចម្លាក់ក្បាលមនុស្សនេះ បាននិយាយថា វាគឺជាវត្ថុតំណាងឱ្យព្រឹត្តិការណ៍ដ៏ខ្លោចផ្សា»។
នាងបាននិយាយថា៖ « ខ្ញុំគិតថាមនុស្សម្នាក់ៗអាចផ្តល់នូវអត្ថន័យផ្ទាល់ខ្លួនចំពោះចម្លាក់នោះ»។
នេះមិនមែនជាលើកទីមួយទេដែលវិចិត្រករ Ruben Orozco ធ្វើឱ្យមនុស្សភ្ញាក់ផ្អើលនឹងស្នាដៃរបស់លោក។
កាលពី ២ ឆ្នាំមុន រូបចម្លាក់ដែលមានទំហំប៉ុនមនុស្សមែនទែនរបស់លោក ដែលបង្ហាញស្ត្រីឯកោម្នាក់អង្គុយនៅលើកៅអីឧទ្យានមួយឈ្មោះថា Invisible Soledad បានបង្កឱ្យមានការជជែកវែកញែកអំពីជីវិតឯកោរបស់មនុស្សចាស់ជរាដ៏គួរឱ្យស្រងេះស្រងោចបំផុត៕