​ក្រុង​កា​ប៊ុល: រដូវ​បុណ្យ​ផ្លែ​ទទឹម​របស់​អា​ហ្វ​ហ្គា​នី​ស្ថានបានចាប់ផ្ដើម តែ​ផ្លែ​ទទឹម​ក្រហម​ស្រស់​រាប់ពាន់​តោន​នា​ឆ្នាំនេះ​ប្រឈម​នឹង​ការ​ទុំ​​រលួយ​ចោល​នៅលើ​រថយន្ដ ដែល​ត្រូវបាន​រាំងខ្ទប់​នៅ​ព្រំដែន​ប៉ា​គី​ស្ថាន បិទ​បើក​មិន​ទៀងទាត់ ដែល​ធ្វើឱ្យ​កម្មករ​រាប់ពាន់នាក់​ដើរ​ទាត់​ខ្យល់​។

​ជាមួយ​រសជាតិ​ផ្អែម គ្រាប់​ក្រហម​ច្រាល​ស្ថិតនៅ​កញ្ចុំ​ក្នុង​សម្បក​ពណ៌​ក្រហម​ព្រាលៗ ផ្លែ​ទទឹម​ត្រូវបាន​ស្គាល់​ជា​ផ្លែឈើ​ជំនួយ​សុខភាព និង​ជា​ដំណាំ​ដ៏​សំខាន់បំផុត​មួយ​ប្រចាំ​តំបន់​ខាងត្បូង​ប្រទេស​។

​ប៉ុន្ដែ​ផ្លែ​ទទឹម​នេះ​កំពុងតែ​ទុំ​ជ្រុះ ខណៈ​អា​ហ្វ​ហ្គា​នី​ស្ថាន​ជួបនឹង​ស្ថាន​​ភាពដុនដាប តាំងពី​ក្រុម​តា​លី​បង់​គ្រប់គ្រង​អំណាច​កាលពី ២​ ខែ​មុន​។

​លោក ហា​ជី ណា​នី អា​ហ្គា ជា​ប្រធាន​សហជីព​ផ្លែឈើ​ស្រស់ៗ នៅ​កាន់​ដា​ហា បាន​ប្រាប់ AFP ថា​៖ «​យើង​មាន​កម្មករ ១៥ ០០០ ​នាក់ នៅក្នុង​តំបន់ ដែល​ត្រូវបាន​ផ្អាក​ការងារ​ដោយសារ​ពាណិជ្ជ​កម្មបាន​ជាប់គាំង ហើយ​ផ្លែឈើ​ទុំ​ចោល​»​។

​នៅក្រោម​ដើម ផ្លែ​ទទឹម​ធំៗ​បេះ​ច្រក​បាវ ហើយ​ត្រូវបាន​លើកដាក់​រថយន្ដ​ដឹកទំនិញ​ឆ្ពោះទៅកាន់​ព្រំដែន​ប៉ា​គី​ស្ថាន Spin Boldak​។ ប៉ុន្ដែ​ដំណើរ​នេះ ត្រូវបាន​បិទ​ខ្ទប់​។

​ក្រុង​អ៊ី​ស្លា​ម៉ា​បាដ បាន​កាត់​ពន្ធ​លក់​លើ​ផ្លែឈើ​នាំចូល​ដល់​អត្រា​សូន្យ​បំណង​ជំរុញ​កំណើន​ពាណិជ្ជកម្ម​ពី​ប្រទេសជិតខាង តែ​ក៏បាន​រឹតបន្ដឹង​ការគ្រប់គ្រង​លើ​ពលរដ្ឋ​អា​ហ្វ​ហ្គា​ន​ទូទៅ​ដែល​ព្យាយាម​ឆ្លង​ព្រំដែន​ដោយ​បារម្ភ​ពី​ចរាចរណ៍​ខុសច្បាប់​។

ផ្លែទទឹម​រាប់​ពាន់​តោន​បានទុំ​ជ្រុះ​ដោយសារ​តែ​បញ្ហា​ព្រំដែន​។ រូបថត AFP

​អា​ហ្គា បាន​និយាយថា​៖ «​វា​ជា​មហន្ដរាយ​សម្រាប់​ពល​រដ្ឋ​អា​ហ្វ​ហ្គា​​នី​ស្ថាន​ទាំងអស់ ដោយសារ​ជំនួញ​ទាំងអស់​ត្រូវតែ​ឆ្លងកាត់​ព្រំដែន​»​។

​ផ្លែ​ទទឹម​ចន្លោះ​ពី ៤ ​ម៉ឺន ទៅ ៥​ ម៉ឺន​តោន​ ត្រូវបាន​នាំចេញ​តាម​ច្រកព្រំដែន​ប៉ា​គី​ស្ថាន ក៏ដូចជា​ឥណ្ឌា និង​រដ្ឋ​នៅតាម​ឈូង​សមុទ្រ​រៀងរាល់ឆ្នាំ​។

​ប៉ុន្ដែ​បច្ចុប្បន្ន ផ្លែឈើ​តែ ៤ ៤៩០​ តោន​ បាន​ដឹក​ចេញពី​ប្រទេស​។ នេះ​បើ​យោងតាម​លោក អាប់​ឌុល បា​ហ្គី​-ប៊ី​ណា មកពី​សភាពាណិជ្ជកម្ម នៅ​ទីក្រុង​ភាគខាងត្បូង កាន់​ដា​ហា​។

​លោក​និយាយថា​៖ «​ផលិតផល​ទាំងនេះ​កំពុងតែ​រង់ចាំ​លក់​ចេញ​។ បើ​ត្រូវ​ពន្យារពេល​រឹតតែ​យូរ គុណភាព​និង​តម្លៃ​ក៏​កាន់តែ​ធ្លាក់ចុះ​ផងដែរ​»​។

​រដ្ឋាភិបាល​មុនៗ ដែល​គាំទ្រ​ដោយ​លោកខាងលិច និង​ម្ចាស់ជំនួយ​អន្ដរជាតិ បាន​លើក​ទឹក​ចិ​ត្ដ​កសិករ​បោះបង់​ការដាំ​ដុះ​អាភៀន​ខុសច្បាប់ និង​ងាក​មក​ដាំ​ផ្លែឈើ​ជំនួស​វិញ ដូចជា ទទឹម​ជាដើម​៕ AFP/HR​