ភ្នំពេញ៖ នេះជាគឺឆ្នាំទី៤ ហើយ នៃការប្រព្រឹត្តទៅនៃកម្មវិធីមហោស្រពអក្សរសិល្ប៍ខ្មែរ ក្រោយពីទទួលបានជោគជ័យច្រើនឆ្នាំជាប់ៗគ្នា ក្នុងការរៀបចំ។ សម្រាប់ឆ្នាំទី៤ នេះ មហោស្រពអក្សរសិល្ប៍ខ្មែរ នឹងប្រារព្ធជាផ្លូវការចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី ២៣ ខែ តុលា ឆ្នាំ ២០២១ ខាងមុខ តាមរបៀបគន្លងថ្មីអនឡាញ។
កម្មវិធីមហោស្រពអក្សរសិល្ប៍ខ្មែរនេះ មានគោលបំណងធំបីសំខាន់ទី១ បណ្តុះស្មារតីស្រឡាញ់អក្សរសិល្ប៍ជាតិ ទី២ លើកកម្ពស់កិត្តិយស និងគុណតម្លៃរបស់អ្នកនិពន្ធខ្មែរ និងទី៣ បង្កើនឱកាសក្នុងការទំនាក់ទំនង និងពង្រីកវិសាលភាពទីផ្សារដល់អ្នកនិពន្ធ។
អ្នកស្រី សូ ភីណា ជាស្ថាបនិកនៃកម្មវិធីមហោស្រពអក្សរសិល្ប៍ខ្មែរបានឱ្យដឹងថា៖ «កាន់តែពិសេស សម្រាប់ឆ្នាំនេះ គឺកម្មវិធីមហោស្រពបានកំណត់ប្រធានបទធំគឺ «សិល្បៈនៃការបកប្រែអក្សរសិល្ប៍» ដែលនឹងមានការបង្ហាត់បង្ហាញ និងការចែករំលែកបទពិសោធន៍ពីអ្នកនិពន្ធ និងអ្នកប្រែអក្សសិល្ប៍នានា ដើម្បីចែករំលែកចំណេះដឹង ពាក់ព័ន្ធនឹងការបកប្រែអក្សរសិល្ប៍នៅប្រទេសយើង និងជំរុញឱ្យមានភាពសម្បូរបែបក្នុងវិស័យអក្សរសិល្ប៍ជាតិយើងផងដែរ»។
មហោស្រពអក្សរសិល្ប៍ខ្មែរ លើកទី៤ នេះ មានរយៈពេល ២ ថ្ងៃ និងធ្វើឡើងតាមរយៈប្រព័ន្ធអនឡាញ នឹងនាំយកនូវកម្មវិធីពិសេសៗ ជាច្រើនដូចជា វេទិកាពិភាក្សាអំពីអក្សរសិល្ប៍ សិក្ខាសាលា កម្មវិធីកំណាព្យតាំងពិព័រណ៍ វីដេអូឯកសារ កម្មវិធីប្រកាសជ័យលាភីបកប្រែអក្សរសិល្ប៍ និងការសម្ដែងទស្សនីយភាព ដែលមានរបាំ ចម្រៀង និងចាប៉ី ផងដែរ។ មហោស្រពអក្សរសិល្ប៍ បានទទួលការគាំទ្រពីសហគមន៍អ្នកនិពន្ធ សមាគមអក្សរសិល្ប៍នានា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសប្បុរសជនជាច្រើននាក់ទៀត។
គួររំឭកផងដែរថា កម្មវិធីមហោស្រពអក្សរសិល្ប៍ខ្មែរលើកទី១ បានរៀបចំនៅថ្ងៃទី ២០-២២ ខែ តុលា ឆ្នាំ ២០១៧ នៅឯខេត្តសៀមរាប ជាបណ្តុំវប្បធម៌ អរិយធម៌របស់ខ្មែរដោយមានកម្មវិធីជាច្រើន ដូចជា វេទិកាពិភាក្សាអំពីបរិបទសំខាន់ៗ គឺការសម្ពោធសៀវភៅ សិក្ខាសាលានិពន្ធ និងសម្តែងសិល្បៈកម្សាន្តផងដែរ។
ឯការរៀបចំមហោស្រពអក្សរសិល្ប៍លើកទី២ ធ្វើនៅខេត្តបាត់ដំបង ក្រោមប្រធានបទ «អតីតកាល បច្ចុប្បន្នកាល និងអនាគតនៃអក្សរសិល្ប៍ខ្មែរ» កាលពីឆ្នាំ ២០១៨។ ខណៈមហោស្រពអក្សរសិល្ប៍ខ្មែរលើកទី៣ នៅថ្ងៃទី ១១-១៣ ខែ តុលា ឆ្នាំ ២០១៩ ដោយមានការដាក់បញ្ចូលកម្មវិធីតាំងលក់សៀវភៅ និងពិព័រណ៍ឈ្មោះថា «មរតកអក្សរសិល្ប៍» ផងដែរ៕