ក្រុង​កុលកាតា៖ រដូវ​បុណ្យ​សាសនា​ដ៏​សំខាន់​របស់​ឥណ្ឌា​បាន​វិល​ត្រឡប់​មកវិញ​ជាមួយនឹង​វត្តមាន​មនុស្ស​ដ៏អ៊ូអរ​ ណែនណាន់តាន់តាប់តាម​ផ្សារ​ និង​ការតាំង​ពិ​ព័រណ៍​លក់​ដូរ​​ជា​លើកដំបូង​ក្នុង​រយៈពេល​ ២ ​ឆ្នាំ​ ពោល គឺ​ក្រោយ​រយៈពេល ៦ ខែ​ នៃ​ការ​ផ្ទុះ​​ការ​រីក​រាលដាល​ខ្លាំង​នៃ​ជំងឺ​កូ​វីដ ១៩។

មេរោគ​កូ​រ៉ូ​ណា​នៅតែ​បន្ត​ឆក់យក​ជីវិត​មនុស្ស​ជាង ២០០ នាក់​ ជា​រៀងរាល់ថ្ងៃ​នៅក្នុង​ប្រទេស​ដែលមាន​ប្រជាជន​ចំនួន ១,៣ ពាន់​លាន​នាក់​ ប៉ុន្តែ​ចំនួន​នេះ​បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង​ពី​ចំនួន​អ្នកស្លាប់​ចំនួន ៤ ០០០ នាក់ ​នៅក្នុង​ខែមេសា​ និង​ឧសភា។

សកម្មភាព​ភាគច្រើន​បាន​វិលត្រឡប់​មករក​ភាពប្រក្រតី​វិញ​ ហើយ​ប្រទេស​ឥណ្ឌា​ បាន​ចាក់​វ៉ាក់សាំង​ការពារ​ជិត​ ១​​ ពាន់​លាន​ដូ​ស​ ដោយ​មនុស្ស​ប្រហែល ៧៥ ភាគរយ​ទទួលបាន​វ៉ាក់សាំង​យ៉ាងហោចណាស់ ១​ ដង។

រដូវ​វិស្សមកាល​កំពូល​របស់​ឥណ្ឌា​រួមមានពិធីបុណ្យ ​ឌូ​រ​ហ្គា​ ភូ​ចា ឌុ​ស​សេ​រ៉ា ​ និង ​ឌី​វ៉ា​លី​ ដែលជា​ពិធីបុណ្យ​ហិណ្ឌូ​ធំៗ។ AFP

រដូវ​វិស្សមកាល​កំពូល​របស់​ឥណ្ឌា​រួមមានពិធីបុណ្យ ​ឌូ​រ​ហ្គា​ ភូ​ចា (Durga Puja) ឌុ​ស​សេ​រ៉ា ​(Dussehra) និង ​ឌី​វ៉ា​លី​ (Diwali) ដែលជា​ពិធីបុណ្យ​ហិណ្ឌូ​ធំៗ ប្រារព្ធ​ដោយ​សម្លេង​ក្ដុងក្ដាំង ការ​តុបតែង​ចម្រុះពណ៌​ឆើតៗ ​និង​ភាព​រីករាយ​​ក្អាកក្អាយ​នៅ​ទូទាំងប្រទេស។

រដូវកាល​នេះ​​ក៏​ជា​ពេលវេលា​ដែល​មនុស្សម្នា​នាំគ្នា​ទិញ​ស្លៀកពាក់ថ្មីៗ ចំណី​​អាហារ​​​ល្អៗ ​រថយន្ត​និង​ទំនិញ​ប្រើប្រាស់ផ្សេងៗទៀត​ ដែលដើរតួនាទី​សំខាន់​សម្រាប់​ការជំរុញ​​សេដ្ឋកិច្ច​ ដែល​រង​ផលប៉ះពាល់​ដោយ​កូវីដ នៅ​​ប្រទេសសេដ្ឋកិច្ច​​ធំ​ជាងគេ​ទី៦ របស់​ពិភពលោក។

នៅ​ទីក្រុង​កុល​កាតា ​សប្ដាហ៍មុន​​ហ្វូងមនុស្ស​បាន​ប្រមូល​ផ្តុំគ្នាធ្វើ​ចម្លាក់​​ផ្គុំ​ចម្រុះ​ពណ៌​ដែលជា​រចនាសម្ព័ន្ធ​បណ្តោះអាសន្ន​ ដែលមាន​រូប​ព្រះ​របស់​អាទិទេព​ហិណ្ឌូ​ឌូ​ហ្កា​ ត្រូវបាន​តំឡើង​កំឡុងពេល​ពិធីបុណ្យ។

វត្តមានមនុស្ស​កកកុញ​នៅ​ផ្សារ​ផ្កា​ដាដា នៅមុន​ថ្ងៃ​ពិធីបុណ្យ​ហិណ្ឌូ​ឌូ​ស​សេ​រ៉ា​ ថ្ងៃទី ១៤ ខែតុលា​ឆ្នាំ ២០២១។ AFP

អ្នកទស្សនា​នាំគ្នា​​ក្រឡេកសំណង់​បណ្ដោះអាសន្ន​ដែលមាន​កម្ពស់ ៤៤ ម៉ែត្រ បាន​រចនា​ឡើងជា​អាគារ​ចម្លង​ពី​អាគារ​ខ្ពស់ Burj Khalifa នៅ​ទីក្រុង​ឌូ​បៃ​ ដោយមាន​ការបង្ហាញ​ឡាស៊ែរ​ដ៏​អស្ចារ្យ។

ប៉ូលីស​ចរាចរណ៍​នៅ​រដ្ឋធានី​បេង​ហ្គា​ល់​ខាងលិច​បាន​ប្រើ​ឧបករណ៍​បំពង​សំឡេង​​ ដើម្បីក្រើនរំឭក​​ប្រជាជន​អំពី​ការ​រក្សា​គម្លាត ​​ប៉ុន្តែ​ឥតប្រយោជន៍​ ទោះបី​មាន​មនុស្ស​ជាច្រើន​បាន​ពាក់​ម៉ាស់​ក៏ដោយ។

លោក អារ៉ាដហាណា ហ្គូបតា បាន​ប្រាប់ AFP ថា៖ «វា​ជា​ពេលវេលា​ពិធីបុណ្យ​ ដូច្នេះ​មនុស្ស​នឹង​មក ហើយ​ប្រជាជន​គិត​តែនាំគ្នា​សប្បាយ​​រីករាយ។ ឥឡូវនេះ​មិនមាន​ការ​រឹតត្បិត​ទេ ​រដ្ឋាភិបាល​បានអនុញ្ញាត​ឱ្យ​យើង​ប្រារព្ធ​ពិធី​ដូច្នេះ​យើង​កំពុងតែសប្បាយ​​​នៅទីនេះ»។

រដូវ​វិស្សមកាល​កំពូល​របស់​ឥណ្ឌា​រួមមានពិធីបុណ្យ ​ឌូ​រ​ហ្គា​ ភូ​ចា ឌុ​ស​សេ​រ៉ា ​ និង ​ឌី​វ៉ា​លី​ ដែលជា​ពិធីបុណ្យ​ហិណ្ឌូ​ធំៗ។ AFP

អ្នកនាង ​រី​យ៉ា​ តៃ​ តែ​ខំប្រឹង​ប្រជ្រៀត​ផ្លូវ​ដើរ​​ក្នុងពិធីបុណ្យ​​​បានលើកឡើង​ថា ​​នាង​មិនអាច​ប្រារព្ធ​ពិធីបុណ្យ​នេះ​កាលពី​ឆ្នាំមុន​ នៅពេល​មានការ​រឹតត្បិត​មេរោគ​តឹងរ៉ឹង។

នាង​បាន​និយាយថា៖ « ខ្ញុំ​កំពុងមាន​អារម្មណ៍​រីករាយ (ពេលនេះ) ទោះបី​ហ្វូងមនុស្ស​ច្រើនពេក​ក៏ដោយ»។

រដ្ឋ​ប៊ី​ហារ​ និង​អា​សាម​ដែល​នៅ​ជិតខាង​ក៏​មាន​ចំនួន​​មនុស្ស​ចូលរួម​កកកុញ​ក្នុង​ពិធីបុណ្យ​ធំ ៗ ដូចជា​រដ្ឋ​ម៉ា​ហា​រ៉ា​សត្រា​ និង​ហ្គូ​ចា​រ៉ាត់​ភាគ​ខាងលិច​ដែរ។

កាលពី​ដើមសប្ដាហ៍ រដ្ឋាភិបាល​របស់​នាយ​ក​រដ្ឋមន្ត្រី​ ណា​រ៉េ​ន​ដ្រា ម៉ូ​ឌី​ បានចាប់ផ្តើម​យុទ្ធនាការ​មួយ​ដែលមាន​ឈ្មោះថា «បេសកកម្ម ១០០ ថ្ងៃ» ជាមួយ​ក្ដីបារម្ភថា ​រដូវ​បុណ្យ​ជាច្រើនថ្ងៃ អាច​នាំ​ឱ្យ​មាន​ការផ្ទុះ​ឡើង​នៃ​ជំងឺ​កូ​វីដ ១៩ ។

រដូវ​វិស្សមកាល​កំពូល​របស់​ឥណ្ឌា​រួមមានពិធីបុណ្យ ​ឌូ​រ​ហ្គា​ ភូ​ចា ឌុ​ស​សេ​រ៉ា ​ និង ​ឌី​វ៉ា​លី​ ដែលជា​ពិធីបុណ្យ​ហិណ្ឌូ​ធំៗ។ AFP

មន្ត្រី​រដ្ឋាភិបាល​ម្នាក់​ត្រូវបាន​ដកស្រង់​សម្តី​ដោយ​កាសែត Hindustan Times ថា៖ «យើង​កំពុង​ស្នើ​សុំឱ្យ​រដ្ឋ​នានា​មាន​ការ​ប្រុងប្រយ័ត្ន​បន្ថែម​ក្នុង​រយៈពេល ១០០ ថ្ងៃ​ខាងមុខ​ ហើយ​ធានាថា​ អាកប្បកិរិយាប្រជាជន​​សមស្រប​នឹងវិធានការ​សុវត្ថិភាពការពារ​ការ​ឆ្លង​»។

អ្នកជំនាញ​សុខភាព​សហគមន៍​លោក រ៉ាជីប ដាសហ្គូបតា បាន​និយាយថា​ ការ​គ្របដណ្តប់​ខ្ពស់​ដោយ​ការចាក់​វ៉ាក់សាំង​លើកដំបូង​ទំនងជា​ការពារ​ប្រទេស​ពី​ការកើនឡើង​ថ្មី​ តែ​ប្រសិន​បើអត្រា​ចម្លង​ខ្ពស់ ចំនួន​ពលរដ្ឋ​នឹង​ប្រឈម​គ្រោះថ្នាក់​សុខភាព​ធ្ងន់ធ្ងរ​ទៅតាម​នោះដែរ។

លោក​បាន​ប្រាប់ AFP ថា៖ «ភាព​ងាយ​រងគ្រោះ​របស់​ឥណ្ឌា​គឺអាស្រ័យ​លលើ​​សមាមាត្រ​ខ្ពស់​នៃ​អ្នក​ដែលមាន​ប្រព័ន្ធ​ភាពស៊ាំ​ខ្លះៗ និ​ងអ្នកអត់មានសោះ»៕ AFP

មនុស្សម្នា​ប្រមូល​ផ្តុំគ្នា​នៅ​ផ្សារ​ផ្កា​ដា​ដា​ នៅមុន​ថ្ងៃ​ពិធីបុណ្យ​ហិណ្ឌូ​ឌូ​ស​សេ​រ៉ា​នៅ​ទីក្រុង​បុ​ម​បៃ​។ AFP