ក្រុងឌូបៃ៖ សារមន្ទីរ​មនុស្ស​ក្រមួន​ដ៏​ល្បីល្បាញ​នៅ​ក្រុងឡុងដ៍ Madame Tussauds បាន​ចាប់​ផ្ដើម​បើកទ្វារ​​ជា​លើកដំបូង​នៅដែនដីអារ៉ាប់ ក្នុង​សប្ដាហ៍​នេះ នៅ​ទីក្រុង​ឌូបៃ ក្នុងក្ដីរំពឹង​ថា ​នឹង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​រាប់​លាន​នាក់​មក​កាន់​ពិព័រណ៍ពិភពលោក Expo 2020។

សារមន្ទីរ​ដែល​ផ្ដើម​ចេញពីទីក្រុង​ឡុងដ៍​នេះ មាន​ដាក់តាំង​នូវ​ចម្លាក់​ក្រមួន​ដូច​មនុស្ស​ពិតៗ​ចំនួន ២៥០​ នាក់ បានទាក់ទាញ​មនុស្ស​រាប់​លាន​មក​ទស្សនា ដោយ​វា​បានពង្រីកសាខា​តូច​ៗ​នៅ​សហរដ្ឋអាមេរិក អឺរ៉ុប និង​អាស៊ី។

អ្នកគ្រប់គ្រង​ទូទៅ​សារមន្ទីរ Madame Tussauds នៅ​ក្រុង​ឌូបៃ​ លោក Sanaz Kollsrud បាន​និយាយ​ថា៖ «យើង​បើកទ្វារ​កាលពី​ថ្ងៃទី ១៤ ខែ​ តុលា ឆ្នាំ​ ២០២១ នេះ ជាកាលបរិច្ឆេទ​កៀកៗ​នឹង​ពិព័រណ៍ Expo 2020»។

ចម្លាក់ក្រមួនម្ចាស់​​ក្សត្រិយ អេលីហ្សាប៊ែត នៅ​​សារមន្ទីរ Madame Tussauds ក្រុងឌូបៃ។ AFP

លោក​បន្ត​ទៀត​ថា៖ «យើង​រំពឹ​ង​ថា ​នឹង​មាន​ភ្ញៀវ​ក្នុង​ស្រុក និង​អន្តរចាតិ​ច្រើន​មកទស្សនា ហើយ​យើង​បាន​ជ្រើសរើស​បុគ្គល​ដែល​មានប្រជាប្រិយភាព​នៅពិភពអារ៉ាប់​យើង»។

នៅសាខា​សារមន្ទីរ​ក្រុង​ឌូបៃ ចម្លាក់ក្រមួន​នៃ​បុគ្គល​ល្បីៗ​ក្នុង​សកលលោក ​ចំនួន ៦០​ នាក់ ​ត្រូវបាន​ដាក់តាំង​ រួម​មាន​ទាំងកំពូល​​តារា​បាល់ទាត់​ លីអូនែល មេស៊ី និង​តារា​ចម្រៀង រីហាណា។

ក្នុងចំណោម​នោះ មាន​ចម្លាក់ក្រមួន​តារា​ប្រចាំ​តំបន់ ដូចជា​តារាប៉ុបលីបង់ ណានស៊ី អាយរ៉ាម និង ​ម៉ាយ៉ា ឌីអាប។

រូបក្រមួន​ដាក់តាំង​​រួម​មាន​ ដេវីដ ប៊េកខេម កំពូល​​តារា​បាល់ទាត់​ លីអូនែល មេស៊ី និង​តារា​ចម្រៀង រីហាណា។ AFP

ដោយ​ធនធាន​ប្រេង​មានកំណត់ ដែនដី​អារ៉ាប់រួម​អេមីរ៉ាត បាន​ផ្ដោត​ទៅ​លើ​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍ និង​កម្សាន្ត​ ដើម្បី​បង្កើន​ចំណូលសេដ្ឋកិច្ច។

ទីក្រុង​ឌូបៃ​ រំពឹង​លើ​ពិព័រណ៍រយៈពេល ៦ ខែ Expo 2020 Dubai ដែល​បាន​ចាប់​ផ្ដើម​ពី​ថ្ងៃទី ១ ខែ​តុលា បន្ទាប់ពី​ពន្យារពេល​អស់ ​១ ​ឆ្នាំ ដើម្បីទាក់ទាញ​ភ្ញៀវទេសចរ​រាប់​លាន​នាក់​មក​​បំប៉ន​សេដ្ឋកិច្ច​ដែល​ធ្លាក់ចុះ​ដោយសារ​វិបត្តិ​កូវីដ៕ AFP

រូបក្រមួន​ដាក់តាំង​​រួម​មាន​ ដេវីដ ប៊េកខេម កំពូល​​តារា​បាល់ទាត់​ លីអូនែល មេស៊ី និង​តារា​ចម្រៀង រីហាណា។ AFP

សារមន្ទីរ​មនុស្ស​ក្រមួន Madame Tussauds ទើប​សម្ពោធ​នៅ​​ក្រុង​ឌូបៃ។ AFP