ក្រុងស៊ីដនី៖ កងពន្លត់អគ្គីភ័យទីក្រុង​​កង់បេរ៉ា បាន​ស្រូត​រូតរះ​ទៅ​ហាង​មួយ​នៅ​រដ្ឋធានី​ប្រទេស​អូស្ត្រាលី កាល​ពី​ចុងសប្ដាហ៍ ក្រោយពី​មានរបាយការណ៍​ពី​ការធ្លាយ​ហ្គាស ប៉ុន្តែ​ទៅដល់ទីនោះ ទើប​ពួកគេ​ដឹង​ថា​ក្លិន​ដែល​ភាយចេញ​​មានប្រភព​ដើមចម​ពី​ផ្លែទុរេន​សោះ។

ក្រុម​ឆ្លើយតប​នឹង​ការសង្គ្រោះបន្ទាន់​​បាន​ណែនាំ​សាធារណជន​ឱ្យ​ចៀសវាង​ធ្វើដំណើរ​ឆ្លង​កាត់កន្លែង​សង្ស័យ​ធ្លាយ​ហ្គាស កំឡុងពេល​ពួកគេ​បំពេញបេសកកម្ម​ស្វែង​រក​កន្លែង​ធ្លាយ​ឧស្ម័ន។ ប៉ុន្តែ​ការ​ជូនដំណឹង​នេះ​ដូច​អត់ប្រយោជន៍​ នៅពេល​ដែល​ការពិត​ត្រូវបាន​លាត​ត្រដាង​ថា​ជា​ក្លិន​ចេញពី​ហាងទំនិញ​ Dickson។

អស់រយៈពេល​១ម៉ោង​នៃ​ការ​ស្រាវជ្រាវ​នៅទីតាំង កង​សង្គ្រោះបន្ទាន់​ក្រុង​កង់បេរ៉ា បាន​និយាយ​ថា ម្ចាស់​ហាង​ខាង​លើ​ក៏​បាន​រំឭក​ពី​ក្លិន​ទុរេន​ដែល​ទំនង​ជា​ដើមចម​នាំ​ឱ្យ​ច្រលំ​នឹង​បញ្ហា​ធ្លាយហ្គាស។

រូបតំណាង៖ ទុរេន​ត្រូវបាន​ហាម​នាំ​យកទៅកាន់សណ្ឋាគារជាច្រើន​​ និង​សេវា​ដឹក​ជញ្ជូនសាធារណៈ។ AFP​

កង​សង្គ្រោះបន្ទាន់បាន​ឱ្យដឹងថា៖ «ករណីនេះ​មិនមែន​រឿងធ្លាយហ្គាសទេ តែ​វា​ជា​ក្លិនទុរេន ដែល​ភាយចេញ​មក​ស្រដៀង​នឹង​ក្លិនឧស្ម័ន»។

រុក្ខជាតិ​ដែល​ត្រូវបាន​ដាំ​ច្រើន​នៅ​តំបន់ត្រូពិកអាស៊ីអាគ្នេយ៍ ត្រូវបាន​អ្នក​និយម​ចូលចិត្ត​ញ៉ាំ​វា​ ប្រសិទ្ធនាម​ឈ្មោះថា «ស្ដេច​ផ្លែឈើ» ដោយសារ​តែ​រសជាតិ​ផ្អែម សាច់​ទឹកដោះគោ និង​ក្លិន​ដ៏​ពិសេស​របស់វា។

ដោយឡែក សម្រាប់អ្នក​គ្មានចំណូលចិត្ត​នឹង​ទុរេន​វិញ ផ្លែ​ស្រោប​បន្លា​នេះ​ត្រូវបាន​គេ​ស្អប់​ខ្ពើម​​ ដោយ​ប្រដូច​ក្លិន​វា​ទៅនឹង​សំរាម​រលួយ ស្រោមជើង​ស្អុយ ឬក៏​ស្រដៀង​នឹង​ហ្គាស។

ដូច្នេះហើយ​ទើប​បណ្ដា​សណ្ឋាគារ​ជាច្រើន រួមទាំង​សេវា​ដឹកជញ្ជូនសាធារណៈ​តែងតែ​ហាមប្រាម​​ការ​នាំ​ទុរេន​ចូល​​បន្ទប់បិទជិត​របស់ខ្លួន៕ AFP

រុក្ខជាតិ​ដែល​ត្រូវបាន​ដាំ​ច្រើន​នៅ​តំបន់ត្រូពិកអាស៊ីអាគ្នេយ៍ ត្រូវបាន​អ្នក​និយម​ចូលចិត្ត​ញ៉ាំ​វា​ ប្រសិទ្ធនាម​ឈ្មោះថា «ស្ដេច​ផ្លែឈើ»។ AFP