​ភ្នំពេញៈ តារា​សម្តែង​ស្រី អ្នកនាង ឌុ​ច លីដា ហាក់​កប់​​យោបល់​នឹង​ថ្លែងវាចា​ចេញ​​ក្រោយពី​ដឹងថា ជុំវិញ​នឹង​រឿង​រ៉ាវ​តារា​កំប្លែង​ស្រី​អ្នកនាង ខ្ញុង Live យំយែក​សុំ​អង្វរ​មហាជន​ឱ្យជួយ​បរិច្ចាគ​ម្នាក់ ១ ដុល្លារ ដើម្បី​ដោះស្រាយ​បំណុល​ដែលមាន​ទឹកប្រាក់ យ៉ាងច្រើន ៥៧ ម៉ឺន​ដុល្លារ ត្រឹមតែ ​១ ​ថ្ងៃ រួច​នោះ​បែរ​ជាមាន​លក្ខណៈ​ដូចជា​ឆាកល្ខោន បែប​សម្តែង​ថ្ពឹនភ្នែក​ទៅវិញ​។​

​ខណៈ​ឃើញ​ហេតុការណ៍​តារា​សម្តែង តារា​កំប្លែង និង​តារាចម្រៀង​ស្រី​មានឈ្មោះ​ពិត ស្រេង សុ​កាន់​ដា ហៅ​អ្នកនាង ខ្ញុង Live ហ្វេ​ស​ប៊ុ​ក​យំយែក​អង្វរ​ដល់​មហាជន​ឱ្យជួយ​ដោះ​​ស្រាយ​បំណុល ដែល​អ្នកនាង​រៀបរាប់ថា កំពុងតែ​វ័ណ្ឌក គ្មាន​វិធី​ដោះស្រាយ ទើប​សុំ​ការ​​បរិច្ចាគ​ម្នាក់ ១ ដុល្លារ រហូត​ផ្អើល​ទាំង​អ្នកគាំទ្រ និង​មិត្ត​អ្នក​សិល្បៈ នាំគ្នា​សម្រុក​វេរ​លុយ​ជួយ​តាម​គណនី​ធនាគារ ABA ដោយមាន​វត្តមាន​តារា​ស្រី ឌុ​ច លីដា ផងដែរ​។

​នាពេលនោះ​អ្នកនាង ឌុ​ច លីដា បាន​បង្ហើរ​សារ​ថា​៖ «​ជួយ​បាន​ក៏​ជួយ​ ជួយ​មិនបាន​សូមកុំ​​បន្ទោស​! ​ទោះ​មិនដឹង​មូលហេតុ​ច្បាស់ ការពិត​យ៉ាងណា​តែ​គាត់​សុំឱ្យ​ជួយ​យើង​ត្រូវ​យល់​ពី​ទុក្ខលំបាក​មនុស្ស​ពេលនេះ​ សំខាន់​កូនៗ​គាត់​នៅ​តូច​! ខ្ញុំ​យក​ចំណែក​កូន​របស់ខ្ញុំ Ketyamnei Leng-​កិ​ត្យា​មណី (London) ​ជួយ​គាត់​បាន​តិចតួច​! ​សូម​បង​ស្រី​ឆាប់​ឆ្លង​ផុត​ពី​បញ្ហា​នេះ​!» ក្រោយពី​រូប​ខ្លួន​ក៏បាន​វេរ​លុយ​ទៅ​ជួយ​អ្នក​នាង ខ្ញុង រួចមក​ដែរ​។​

​តែ​អ្វីៗ ត្រូវបាន​ផ្លាស់ប្តូរ​ត្រឹមតែ ១ ​ថ្ងៃ ដោយ​មហា​​ជន និង​មិត្ត​អ្នកសិល្បៈ​គ្រប់​ស្រទាប់ បាន​វេរ​លុយ​ជួយ​ដោះស្រាយ​បំណុល​មាន​ចំនួន​ទឹកប្រាក់ ៥៧ ម៉ឺន​ដុល្លារ រួចរាល់ ហើយក៏​បែក​ធ្លាយ​ដំណឹង​ថា ជា​ឆាក​ល្ខោន​សម្តែង ដោយមាន​ការជួយ​រៀបចំ​ពី​ក្រុម​អ្នក​​ជំនាញ​បង្ហាត់បង្រៀន​ឱ្យ​ជោគជ័យ​។​

​តារា​សម្តែង​ស្រី ឌុ​ច លីដា ដែល​កំពុង​សស្រោកសស្រាំ​នឹង​ការ​ឆ្លៀត Live ហ្វេ​ស​ប៊ុ​កល​ក់​ផលិតផល​នានា​តាម​អន​ឡាញ ដើម្បី​ទ្រទ្រង់​ជីវ​​ភាព នាគ្រា​ជួប​វិបត្តិ​កូ​វីដ ​១៩ ព្រោះ​ការងារ​សិល្បៈ​មិនទាន់​អំណោយផល​ល្អ​ដូចដើម​វិញ​នោះ បាន Share បន្ត​រូបភាព​បង្ហាញ​ពី​ការខាតបង់​ប្រាក់​ខុសគ្នា​ដាច់​រវាង​អ្នកនាង ខ្ញុង ($ ៥៧ ម៉ឺន​) និង​អ្នកនាង ខាត់ សុ​ឃីម ​($៧៥ ម៉ឺន​)​។​

​ឌុ​ច លីដា បរិយាយ​ថា​៖ «​បើ​សរសេរ​វា​វែង​ពេក តែ​សុំ​កាត់​ខ្លី​។ 75 អ្នកខ្លាំង​ពូកែ មាន​ភាព​តស៊ូ​ត និង​ឆ្លាត​វៃ ទុក​ធ្វើជា​មនុស្ស​គំរូ​ល្អ​។ 57 ជា​អ្នក​ដែល​ទាល់​ដោះស្រាយ មិន​ចេញ ទុកជា​មេរៀន​ខ្លះទៅ​វាសនា​មនុស្ស​មិន​ដូចគ្នា​»៕