​ភ្នំពេញៈ ខណៈ​រលក​ព័ត៌មាន​ពី​តារា​កំប្លែង​ស្រី​នាង ខ្ញុង កំពុងតែ​ផ្ទុះ​ពេញ​តាម​បណ្តាញ​សង្គម​ជុំវិញ​រឿង​មាន​បំណុល​វ័ណ្ឌក​ប្រមាណ ៥៧ ម៉ឺន​​ដុល្លារ ត្រូវ​មហាជន​ជួយសង្គ្រោះ​ត្រឹមតែ ១ ថ្ងៃ ដោយ​ការ​យំយែក​សុំ​អង្វរ​ឱ្យជួយ​បរិច្ចាគ​ម្នាក់ ១ ដុល្លារ​នោះ ឯ​ដំណឹង​ពី​អតីត​សិល្បការិនី​ភាពយន្ត​ ៥ ​ជំនាន់ ​លោកយាយ ដួង តារា វ័យ ៨២ ឆ្នាំ កំពុង​រស់នៅក្នុង​ជីវភាព​ក្រីក្រ គ្មាន​ទីពឹង សុំ​តែ​ជម្រក​តូច​មួយសម្រាប់​ជីវិតចុងក្រោយ បែរជា​ស្ងាត់ជ្រងំ​ទៅវិញ​។​

​បើតាម​ក្រុម​អ្នកស្រាវជ្រាវ អភិវឌ្ឍ អភិរក្ស និង​ផ្សព្វផ្សាយ​ភាពយន្ត​ខ្មែរ​មុន​របប​ខ្មែរក្រហម ឈ្មោះថា «​ក្រុម​ព្រះ​សូរិយា​» ដែល​នាំយក​អំណោយសប្បុរសធម៌​ពី​ក្រុម​សប្បុរសជន​ទៅជូន​អតីត​តារា​សម្តែង ៥ ជំនាន់ លោកយាយ ដួង តារា ណុប​ណែម ក្នុង​គ្រា​ដែល​លោកយាយ មាន​ជីវភាព​លំបាក​ខ្លាំង​ដោយ​ខ្វះ​ទីពឹង សព្វថ្ងៃកំពុងតែ​រស់នៅ​ជាមួយ​ចៅស្រី​ក្នុង​បន្ទប់​ផ្ទះជួល ស្ថិតនៅក្នុង​តំបន់​ក្រុង និង​ខេត្តកំពង់ស្ពឺ​។

​តាម​គណនី​ហ្វេ​ស​ប៊ុ​ក​នៃ​ក្រុមព្រះ​សូរិយា​បង្ហោះ​ឱ្យដឹងថា​៖ «​កម្មវិធី​សប្បុរសធម៌​របស់​ក្រុមហ៊ុន​បុរី​ស៊ី​-​អេស​វីឡា ដែលមាន​ខ្ញុំបាទ ជា​ប្រធាន​ទីផ្សារ​តំណាងឱ្យ​លោក​អគ្គនាយក​ ចាវ សុជាតិ តាមរយៈ ក្រុមព្រះ​សូរិយា មាន​លោកជំទាវ សុខ ស៊ីថន ជា​អនុ​​ប្រធានកិត្តិយស លោក យាង វណ្ឌី ជា​ប្រធាន និង​លោក វិ​រៈ វ៉ារ​នី បាន​យក​អំណោយ និង​ថវិកា​មួយចំនួន​ជូន​ដល់ អតីត​តារា​សម្តែង ៥ ជំនាន់ លោកយាយ ដួង តារា ណុប​ណែម ក្នុង​គ្រា​ដែល​លោកយាយ មាន​ជីវភាព​លំបាក​ខ្លាំង​ដោយ​ខ្វះ​ទីពឹង​នៅ​ថ្ងៃទី ​១៦ ខែ តុលា ឆ្នាំ ​២០២១ ​កន្លងទៅ​។​

ក្រុម​ព្រះសូរិយា បាន​នាំ​អំណោយទៅជូន​លោក​យាយ ដួង តារា កាល​ពី​ថ្ងៃ​ទី​ ១៦ ខែ ​តុលា ឆ្នាំ​ ២០២១​​​។ រូបថត ក្រុមព្រះ​សូរិយា

​ប្រភព​ក្រុមព្រះ​សូរិយា​បាន​បន្តថា​៖ «​លោកយាយ ដួង តារា ឆ្នាំនេះ​មាន​អាយុ ៨២ ឆ្នាំ ហើយ​កំពុង​រស់នៅ ក្នុង​ជីវភាព​ខ្វះខាត លំបាក​ជាខ្លាំង ​ខណៈដែល​មិត្ត​សិល្បករ​ដូចគ្នា និង​មហា​​ជន​បាត់​ដំណឹង​ឈឹង ក្រោយ​ពេលដែល​លោកយាយ​ធ្លាក់ខ្លួន​ឈឺ មិនអាច​បម្រើ​សិល្បៈ​បាន ហើយ​ជីវិត​លោកយាយ​កាន់តែ​ដុនដាប​ទៅៗ ក្រោយពី​កូនស្រី​បង្កើតជា​ទីពឹង​តែ​ ១ ​គត់ ក៏​លាចាក​លោក​ទៅដោយ​​ជំងឺមហារីក​។ ជីវិត​កាន់តែ​លំបាក​ទៅទៀត លោកយាយ​ធ្លាក់ខ្លួន​រស់នៅ ជាមួយ​អ្នក​សប្បុរស​ម្នាក់​ដែល​រាប់​​អាន​គ្នា​តាំងពី​ក្នុង​របប​ខ្មែរក្រហម ហើយ​បន្ទុកគ្រួសារ​ធ្លាក់​ទៅ​ចៅស្រី តែ​ ១ ​គត់​ដែល​កំពុង​ជាប់​សិក្សា​នៅ​​ឡើយ​»​។

​គួររំឭកថា អតីត​តារា​សម្តែង ៥ ​ជំនាន់​រូបនេះ​ឈ្មោះ​ពិត សម នួន​ចិន្តា ហៅ ដួង តារា និង​ជា​ភរិយា​ទី​១ អតីត​តារា​សម្តែង​ប្រុស​ល្បី នា​ទសវត្សរ៍​ទី៦០ គឺ​លោកតា ណុប ណែម​។ ខ្សែភាពយន្ត​ដែល​លោកយាយ ដួង តារា ធ្លាប់​សម្តែង​នោះ រួមមាន​ដូចជា​រឿង «​សព្វ​សិទ្ធិ​» រឿង «​លោហិត​វាសនា​» រឿង​ «​ប្រហារ​ដួងចិត្ត​» រឿង «​តិក​ឆេង​» រឿង​ «​ស៊ី​យិន​គុយ​» និង​រឿង «​កន្សែង​ស្លា​ដក់​» ជាដើម​។ ប្រសិនបើ​បងប្អូន​ចង់​បរិ​ច្ឆា​គ​ថវិកា ជួយ​លោកយាយ សូម​ទាក់ទង​ទៅ​ចៅស្រី​គាត់​ឈ្មោះ យ៉ា រ៉េត តាម​ទូរស័ព្ទ 096 7111 406 ឬ​តាម​គណនី ABA លេខ 000710-640 PICH MAKARED៕

វីដេអូ៖