​ភ្នំពេញ: ដោយ​ប្រើ​បេះដូង​គូរ​លម្អ​ចម្លាក់​ស្មូន វត្ថុ​រចនា​ដោយ​ដៃ​នេះ​រឹត​តែមាន​អត្ថន័យ​មិន​ថា​ សម្រាប់​រក្សា​ទុកជា​អនុស្សាវរីយ៍ ឬក៏​ជា​អំណោយ​ពិសេស​ដល់​មនុស្ស​ជាទី​ស្រឡាញ់​។

​នេះ​ជា​អ្វីដែល Ceramik Art Studio នៅ​ជិតបង្កើយ ផ្ដល់ជូន​ដល់អ្នក​និយម​វត្ថុ​សិល្បៈ​ស្មូន​គូរ​ដោយ​ដៃ​ម្ចាស់​ផ្ទាល់ ដោយ​ប្រើការ​ច្នៃប្រឌិត​ទៅតាម​ក្ដី​ស្រមៃ​របស់​មនុស្ស​គ្រប់​វ័យ​។​

​នៅ​ស្ទូ​ឌី​យោ​ដែលមាន​ដាក់​តាំងនូវ​ស្នាដៃ​ចម្លាក់​ស្មូន​ចម្រុះ​ពណ៌ ខឺ​ស​ទី (Kirsty) អ្នកគ្រប់គ្រង​នៅ Makerspace និង​អ្នកសម្របសម្រួល​នៅ Coconut Park ជាទី Ceramik Art Studio តាំងនៅ​នោះ បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា​៖ «​និយាយ​ទៅ​ពួកយើង​ គឺជា​កន្លែង​គូរ ឬ​លាប​ពណ៌​ផលិតផល​សេ​រ៉ា​មិ​កនៅ​កោះ​ពេជ្រ​។ ពួកយើង​មាន​សម្ភារ​ជាច្រើន​ឱ្យ​ជ្រើសរើស​សម្រាប់​អ្នក​ដែល​ចាប់អារម្មណ៍​កម្មវិធី​យើង​»​។​

​បើក​ដំណើរការ​កាលពី​ថ្ងៃទី ​១៩ ខែកុម្ភៈ Ceramik Art Studio បានធ្វើ​ពិធី​សម្ពោធ​តាម​អន​ឡាញ ទន្ទឹមនឹង​ព្រឹត្តិការណ៍​កូ​វីដ ២០ ​កុម្ភៈ ​ផ្ទុះឡើង​។​

​ស្ថាបនិក​របស់ Ceramik Art Studio លីម លីន​ណា ដែលជា​សហ​ស្ថាបនិក​សាលា​អន្តរជាតិ​កាណាដា​ភ្នំពេញ នោះបាន​ឱ្យដឹងថា គំនិត​ក្នុង​ការបង្កើត​ស្ទូ​ឌី​យោ​សិល្បៈ​កម្សាន្ត​នេះ ​កើតចេញពី​បទពិសោធ​ផ្ទាល់ខ្លួន​នៅ​ទីក្រុង​ម៉ុង​រេ​អាល់ កាណាដា​។​

​ខឺ​ស​ទី អ្នកគ្រប់គ្រង​នៅ​កម្ពុ​ជាជាង ៦​ ឆ្នាំ​បាន​ប្រាប់ថា​៖ «​បើតាម​ខ្ញុំ​ដឹង ហាង​សិល្បៈ​សេ​រ៉ា​មិ​ក​នេះ​ច្រើន​មាននៅ​កាណាដា អាមេរិក អង់គ្លេស និង​លោកខាងលិច ដូច្នេះ​ប្រហែលជា​គាត់​បាន​គំនិត​នៅពេល​គាត់​ធ្វើដំណើរ​កម្សាន្ត ហើយ​ឃើញថា រីករាយ​ប្លែក​ថ្មី​ទើប​គាត់​ចង់​នាំ​មកឱ្យ​ប្រជាជន​កម្ពុជា​ស្គាល់​ផងដែរ​»​។​

​នៅពេល​មាន​ឡ ខឺ​ស​ទី បាន​ចាត់​​ទុក​ថា ​ជា​សំណាង​ណាស់​ដែលមាន​អ្នក​ហាត់​ការ​ពី​អូស្ត្រាលី​មក​បង្រៀន​។ អ្នក​ហាត់​ការ​បាន​បង្វឹក សូ​រ៉ា ជា​អ្នក​ត្រួតពិនិត្យ​នៅ​ស្ទូ​ឌី​យោ​ក្នុង​ការប្រើ​ថ្នាំលាប​សេ​រ៉ា​មិ​ក ការ​លាប​ពណ៌​ឱ្យ​រលោង និង​របៀប​ដំណើរការ​ឡ​។​

វត្ថុស្មូន​​ក្រោយគូរ​រួច មានភាព​ប្លែកៗគ្នាទៅ​តាម​ចំណូលចិត្ត​​​។ រូបថត សហការី

​នៅ​ស្ទូ​ឌី​យោ​ក៏មាន​សិល្បករ ជេ​ស៊ី ជា​អ្នកប្រចាំការ មាន​បទពិសោធ​បាន​គូ​រលើ​វត្ថុ​ផ្សេងៗ​អស់​ជាច្រើន​ឆ្នាំ ជាមួយ​ការ​រចនា និង​ពណ៌​អរូបី និង​តែងតែ​រីករាយ​ចែករំលែក​ជំនាញ​របស់​នាង​ជាមួយ​អ្នកដទៃ​។​

​ស្ទូ​ឌី​យោ​មានការ​ផ្តល់ជូន​នូវ​ការ​គូរ លាប​ពណ៌​ឱ្យ​រលោង និង​វគ្គ​សិក្សា​សេ​រ៉ា​មិ​ក​បន្ថែម​សម្រាប់​អ្នកមាន​បំណង​ចង់​បង្កើន​ជំនាញ​របស់​ពួកគេ ដើម្បី​ឈានដល់​កម្រិត​អាជីព​។ ទីនោះ​ក៏មាន​រៀបចំ​សិក្ខាសាលា​បែប​កម្សាន្ត​សប្បាយ​សម្រាប់​ថ្ងៃកំណើត និង​ការពង្រឹង​ក្រុមការងារ​ផងដែរ​។​

​ភាព​ពិសេស​របស់​ស្ទូ​ឌី​យោ​នេះ​ត្រូវបាន ខឺ​ស​ទី លើកឡើងថា​៖ «​ឧ​ប​ករ​ណ៍ និង​ថ្នាំលាប​របស់​យើង​អតិថិជន​អាច​ប្រើ​បាន​ទាំងអស់ និង​មាន​សុវត្ថិភាព​សម្រាប់​មនុស្ស​គ្រប់​វ័យ ហើយ​បរិយាកាស​ជុំវិញ​ពោរពេញ​ដោយ​ការ​បំផុសគំនិត​។ អតិ​ជន​អាចមក​បាន​ទាំង​មិនចាំបាច់​កក់​ទុក​មុន និង​អាច​ឌី​ហ្សា​ញ​តាម​អ្វីដែល​ពួកគេ​ចូលចិត្ត​។ មួយទៀត​គឺអាច​ចូលរួម​សិក្ខាសាលា​រៀងរាល់ថ្ងៃ​អាទិត្យ​ក្រោម​ទស្សនៈ​ច្បាស់លាស់​ពី​វិចិត្រករ​»​។​

​បច្ចុប្បន្ន​សិក្ខាសាលា​តាម​ការណែនាំ​នេះ ធ្វើឡើង​តែម្ដង​ជា​រៀងរាល់​ថ្ងៃអាទិត្យ​។ ប៉ុន្តែ ខឺ​ស​ទី និយាយថា​ នឹង​ព្យាយាម​ធ្វើឱ្យបាន​ញឹកញាប់​នៅពេលដែល​ស្ថានភាពកូ​វីដ​ប្រសើរ​ឡើង​។ សម្រាប់​ពេលនេះ​ពួកគេ​ក៏​ផ្តល់ជូន​នូវ​សិក្ខាសាលា​លក្ខណៈ​​ឯកជន​ផងដែរ​។​

​ក្នុងចំណោម​គំនូរ​លើ​ចម្លាក់​ស្មូន​ដ៏​ពេញនិយម​មួយ ជេ​ស៊ី បាន​រចនា​ដោយ​ប្រើ​ល្បាយ​ពណ៌​សហ​សម័យ​សម្រាប់​អតិថិជន ហើយ​នាង​ក៏បាន​យក​សិល្បៈ​នេះ​មក ​ចែករំលែក​ដល់​នៅ​សិក្ខាសាលា​គូរ​ចម្លាក់​ស្មូន​។

​អ្នកគ្រប់គ្រង​ជនជាតិ​អង់គ្លេស​បាន​ពិពណ៌នា​ទៀតថា​៖ «​នាង [​ជេ​ស៊ី​] បាន​ប្រើ​ពណ៌​រស់​រវើក​ដើម្បី​បង្កើត​ចេញ ជា​ពណ៌​ចម្រុះ​របស់​ឥន្ទធនូ និង​បញ្ចប់​ដោយ​ឆ្នូត​ពណ៌​ខ្មៅ​លើ​កែវ​ទឹក​យ៉ាង​ប្លែក​ភ្នែក»​។

​ស្ទូ​ឌី​យោ​មាន​ជម្រើស​ផលិតផល សេ​រ៉ា​មិ​ក​ជាច្រើន​មក​លាប​ពណ៌ និង​ដុត រួមមាន​ជា កែវ​ទឹក ចានគោម ចានបាយ រូបចម្លាក់ ថូ រូប​តាំង រូប​មនុស្ស​តឿ សត្វ​ផេ​ន​ឃ្វី​ន មនុស្ស​យន្ត រថភ្លើង និង​នៅមាន​ច្រើន​ទៀត​។​

ឧបករណ៍ និង​ទឹកថ្នាំ​ប្រើប្រាស់សម្រាប់​គូរ​លើ​ចម្លាក់ស្មូន និង​ប្រអប់​។ សហការី

​សម្ភារ​សេ​រ៉ា​មិ​ក​មានតម្លៃ​ចន្លោះ​ពី ៣-៣៣ ​ដុល្លារ ​ទៅតាម​ទំហំ និង​ភាព​​ស្មុគស្មាញ​របស់​ម៉ូដ​មួយៗ​។ សម្រាប់​តម្លៃ​ម៉ោង​ក្នុង​ស្ទូ​ឌី​យោ​គឺ ១ ម៉ោង ៤​ ដុល្លារ សរុប​ទាំង​ការប្រើប្រាស់​សម្ភារ​ក្នុង​ហាង​ទាំងអស់ និង​ការណែនាំ​ពី​វិចិត្រករ​ការ​លាប​ពណ៌ និង​ដុត​ដោយ​ភ្ញៀវ ដែល​អាចមក​យក​ផលិតផល​សម្រេច​នៅ​ ២ ​សប្ដាហ៍​បន្ទាប់​។​

​កន្លងមក ខឺ​ស​ទី បានឱ្យដឹងថា ស្ទូ​ឌី​យោ​ទទួលបាន​ការគាំទ្រ​ច្រើន ដោយមាន​ភ្ញៀវ​ប្រចាំ​ហាង​មក​ម្ដង​ហើយ​ម្ដងទៀត​។ នេះ​ជាស​ញ្ញា​ល្អ ដែល​ជំរុញ​ឱ្យ​ស្ទូ​ឌី​យោ​ព្យាយាម​បង្កើត​កម្មវិធី​ថែមទៀត​សម្រាប់​យុវជន និង​អ្នកមាន​វ័យ​ជ្រេ​ជាង​នេះ​។​

​គម្រោង​បន្ថែម​នោះ​គឺ ខឺ​ស​ទី ចង់​ផ្តល់ជូន​ជម្រើស​ថ្នាំលាប​លោហធាតុ​បន្ថែម ដែល​អាច​ប្រើ​ជាមួយ​ពណ៌​បច្ចុប្បន្ន ហើយក៏​ធានា​នូវ​សុវត្ថិភាព​សម្រាប់​កុមារ​ផង​។​

​អ្នកគ្រប់គ្រង​រូបនេះ​បាន​បន្លឺឡើង​ថា​៖ «​តោះ​មក​លាប​ពណ៌​ជាមួយ​យើង​។ អ្នក​អាច​កុម្ម៉ង់​អាហារសម្រន់​ដ៏​ឈ្ងុយឆ្ងាញ់​ពី ពេញ​នៅ Coconut Park ពេលដែល​អ្នក​គូរ​នៅក្នុង​បរិ​យា​​កាស​លម្ហែកាយ​របស់​យើង​»​។​

Ceramik Art Studio ចាប់​បើក​ពីថ្ងៃ​ពុធ​-​អាទិត្យ ពី​ម៉ោង ១០​ ព្រឹក ទៅ ៦ ​ល្ងាច និង​មាន​ទីតាំងនៅ​ជាន់​ទី​១ នៃ Coconut Club កោះ​ពេជ្រ​។​

​ព័ត៌មាន​បន្ថែម​ពី Ceramik Art Studio មាននៅ​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក @CeramikArtStudio៕​