ក្រុង​តូក្យូ៖ សូហ្គិ (Shogi) ជា​ប្រភេទ​អុក​ជប៉ុន​ដែល​ស្គាល់ជា «​ល្បែង​មេទ័ព​» កំពុង​តែ​ទទួល​បាន​ប្រជាប្រិយ​ភាព​ខ្លាំង​នៅ​មាតុភូមិ​កំណើត​ ដោយ​សារ​​​យុវជន​ឡេះឡោះ​ដ៏​ឆ្លាត​វៃ​ម្នាក់ ដែល​ល្បី​មិនចាញ់​តារា​​​រ៉ុក។

ភាពជោគជ័យ​ដ៏​មិន​គួរ​ឱ្យជឿ​របស់យុវជន សូតា ហ្វូជី អមដោយ​រូបរាង​ស្រស់​សង្ហា ​បាន​ធ្វើ​ឱ្យ​លោក​មាន​ឈ្មោះ​បោះសំឡេង​ក្នុង​ប្រទេស​ជប៉ុន​ ដោយ​ល្បី​លើស​លប់​លើ​ប្រជាប្រិយភាព​ហ្គេម​អុក​ប្រពៃណី​ និង​ទទួល​បាន​ការ​គាំទ្រ​ពី​សំណាក់​មហាជន​ថ្មីៗ​ រួមទាំង​យុវតី​​ថែមទៀត។

យុវជន័យ ១៩​ ឆ្នាំរូបនេះ បាន​ក្លាយជា​អ្នក​លេង​អុក​ក្មេង​បំផុត​ដែល​ឈាន​ដល់​កម្រិត​ខ្ពស់​បំផុត​ ៩ ជាន់ នៃ សូហ្គិ នៅ​ពីការប្រកួត​រដូវ​ក្ដៅ​នេះ ហើយ​កាលពី​ខែមុន បាន​ក្លាយជា​អ្នក​លេង​វ័យ​ក្មេង​បំផុត​ដែល​គ្រង​តំណែង​ធំៗ​ចំនួន​ ៣ ក្នុង​ចំណោម​ ៨។

យុវជន សូតា ហ្វូជី អមដោយ​រូបរាង​ស្រស់​សង្ហា ​បាន​ធ្វើ​ឱ្យ​លោក​មាន​ឈ្មោះ​បោះសំឡេង​ក្នុង​ប្រទេស​ជប៉ុន​ តាំងពីក្មេង។ AFP

អ្នក​ជំនាញ​កីឡាអុក សូហ្គិ លោក តៃឈិ ណាកាមូរ៉ា បាន​ប្រាប់ AFP ថា​៖ «ធ្លាប់មានតែ​អ្នក​និយម​គាំទ្រ​សូហ្គិ​ប៉ុណ្ណោះ ដែល​តាមដាន​ពី​វា តែ​ពេលនេះ កម្មវិធី​ព័ត៌មាន​ទូទៅ​ក៏​បាន​លើក​ឡើង​ពី​ សូហ្គិ និង​បាន​ទាក់ទាញ​អ្នកគាំទ្រ​ថ្មីៗ​ជា​ច្រើន​ទៀត»។

អ្នកជំនាញរូបនេះ​កត់សម្គាល់ថា៖ «ល្បែង​នេះ​​ក៏​មិន​​ធ្លាប់​មាន​អ្នកគាំទ្រជា​ស្ដ្រី​ផង​ដែរ។ តែ​តាំងពី​លោក សូតា ហ្វូជី មាន​ឈ្មោះ​បោះ​សំឡេ​មក នារីជា​ច្រើន​ក៏ចាប់អារម្មណ៍​នឹង​ល្បែង​អុក​​នេះ​ផង​ដែរ»។

មុខ​​របស់​ជើង​ឯក​អុក​វ័យ​ក្មេង​រូបនេះ បាន​ផុស​ឡើង​លើ​ទស្សនាវដ្ដី ផ្ទាំង​ផ្សាយពាណិជ្ជកម្ម​ និង​​កញ្ចក់​ទូរទស្សន៍ទូទាំង​ប្រទេស​ជប៉ុន ហើយ​នំខេក​ចំណព្វ​ចិត្ដ​របស់លោក​ក៏​លក់​ដាច់​នៅតាម​ហាង​ផ្សារ​ទំនើប​តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​លោក​ទទួលទាន​អំឡុង​ពេល​លេង​ហ្គេម។

កុមារ​ជាច្រើន​ចាប់​ផ្ដើម​លេង​អុក​សូហ្គិ តាំងពី​ពេល​យុវជន ហ្វូជី មាន​មុខ​មាន​មាត់​មក។ AFP

លោក ហ្វូជី បាន​និយាយ​ក្រោយ​ពី​ឈ្នះ​ការ​ប្រកួត​ថ្មីៗ​ថា​៖ «​ខ្ញុំ​មិនបាន​យកចិត្ដទុកដាក់​ខ្លាំង​លើ​ការ​គ្រង​តំណែង​អ្វី​នោះទេ។​ សំខាន់​បំផុត​សម្រាប់​រូប​ខ្ញុំ​ថា តើ​ខ្ញុំ​ខ្លាំង​ដល់​កម្រិត​ណា​»។

ល្បែកអុក សូហ្គិ ត្រូវបាន​លេង​នៅ​លើ​ក្ដា​បន្ទះ​រាប​ស្មើ​ដោយ​កូន​អុក​មាន​តួ​អក្សរ​​កាន់ជិ។ ច្បាប់​នៃការ​លេង​មាន​លក្ខណៈ​ស្រដៀង​នឹង​ការ​លេង​អុក​ទូទៅ ដោយ​ខុស​ត្រង់​ថា កូន​អុក​ដែលត្រូវបាន​ស៊ីរួច អាច​ផ្កាប់​មក​ម្ខាង​ទៀត និង​ដាក់​លើ​ក្ដា​រ​លេង​វិញ។ នេះជា​ល្បែង ដែល​គេជឿថា មាន​កំណើត​ពី​នាយទាហាន​ជប៉ុន​ក្នុង​​សតវត្សរ៍​ទី ១៥។

កូនអុក​រំលេច​អក្សរ​កាន់ជិនៅលើ​ក្ដា​អុក​សូហ្គិ​នៅ​មជ្ឈមណ្ឌ​លអុក​សូហ្គិ​នៃ​ខេត្ដ​ឈីបា​ប្រទេស​ជប៉ុន។ AFP

ឥទ្ធិពល​របស់​លោក ហ្វូជី អាច​ត្រូវ​បាន​មើល​ឃើញ​នៅ​ថ្នាក់​រៀនកុមារ​​ពេល​ព្រឹក​ថ្ងៃ​អាទិត្យ​ ដែល​​លោក​​គ្រូ អ៊ីស៊ីដា បង្រៀន​នៅ​កាស៊ីវ៉ា ក្បែរ​ទីក្រុង​ហុងកុង។ លោក​បាន​និយាយថា កុមារ​ជាច្រើន​ចាប់​ផ្ដើម​លេង​អុក​សូហ្គិ តាំងពី​ពេល​យុវជន ហ្វូជី មាន​មុខ​មាន​មាត់​មក។

កុមារ​វ័យ ៧​ ឆ្នាំ សូអ៊ីឈិ អ៊ីស៊ីកាវ៉ា បាន​និយាយថា​៖ «​សូតា ហ្វូជី ពិតជា​ឡូយ​ណាស់។ ខ្ញុំ​ចង់​ក្លាយ​ជា​អ្នក​លេង​សូហ្គិ​អាជីព​ម្នាក់​ ពេល​ធំឡើង​»៕ AFP/HR

យុវជន សូតា ហ្វូជី ក្នុង​សន្និសីទ​សារព័ត៌មាន​អំឡុង​ពេល​ប្រកួត​ជាមួយ​ម៉ាសាយូគិ តូយ៉ូស៊ីម៉ា។ AFP