ក្រុង​ឌូបៃ៖ សម្រាប់​ អាស្មា ការ​ចំណាយ​ពេល​មួយ​ថ្ងៃ​នៅ​លើ​ឆ្នេរ​សមុទ្រ​ជាមួយ​សង្សា​គឺ​មិន​អាច​ទៅរួច​សូម្បីតែ​គិត នៅក្នុង​ប្រទេស​អារ៉ាប៊ីសាអូឌីត​ដ៏​អភិរក្ស​ រហូត​ដល់​​វេលា​នេះទើប​វា​ក្លាយជាការពិត​។

បច្ចុប្បន្ន ស្ដ្រី​វ័យ ៣២​ ឆ្នាំរូបនេះ កំពុង​រាំរែកជាមួយ​ដៃគូ​នៅលើ​ឆ្នេរ​ខ្សាច់​សក្បុសនៃ​សមុទ្រក្រហម​ ទៅតាម​ចង្វាក់​តន្ដ្រី​បំពង​លាន់​ទ្រហឹង​ពី​ធុង​ប៉ាស។ វាជា​ការ​ចងចាំ​ចំពោះ​ការ​ផ្លាស់​ប្ដូរ​តិចតួច​ ក្នុង​រាជាណាចក្រ​អ៊ិស្លាម​ ដែល​កំពុង​ព្យាយាម​បន្ធូរបន្ថយ​ការ​រឹត​ត្បឹត​ខ្លះៗ​បំណង​ជំរុញ​ទំនើបកម្ម​ ស្រប​ពេល​ដែល​មាន​ការ​បង្ក្រាប​លើ​ការ​ប្រឆាំង​ជំទាស់​ផង​ដែរ។

តន្ដ្រី​ត្រូវបាន​ហាម​ឃាត់​នៅ​តាមទីសាធារណៈ​រហូត​ដល់​ឆ្នាំ​ ២០១៧ ជា​វិធានការ​អនុវត្ដដោយ​ប៉ូលិស​សាសនា ហើយ​ស្ដ្រី​អាច​ត្រូវបាន​អនុញ្ញាត​ឱ្យ​បញ្ជា​ដៃ​ចង្កូត​រថយន្ដ​មួយ​ឆ្នាំ​ក្រោយ​មក។ ឆ្នេរ​នៅតែ​បន្ដ​បែងចែក​រវាង​បុរស និង​ស្ដ្រី។

ប៉ុន្ដែ​ក្នុង​ទឹកប្រាក់ ៣០០ ​រីយ៉ាល់​អារ៉ាប៊ី សាអូឌីត (៣២ ​ម៉ឺន​រៀល​) កញ្ញា អាស្មា និង​មិត្ដប្រុស អាច​ចូល​លេង​ឆ្នេរ​ Pure Beach ក្បែរ​ក្រុង ជេដដា ស្ដាប់តន្ដ្រី រាំរែក​ និង​លេង​ពោង​ខ្យល់​លើ​ទឹកង​ផដែរ។

ពេល​ថ្ងៃ​អស្ដង្គតក្រុម​សម្ដែង​ចេញរាំ​តាម​ចង្វាក់​តន្ដ្រី​បស្ចិម​ប្រទេស​នៅលើ​ឆាក​ភ្លើង​ពណ៌។ AFP

កញ្ញា​បាន​ប្រាប់ AFP ដោយ​គ្រង​ឈុត​ពណ៌ខៀវ​ពីលើ​ឈុត​ហែលទឹក​ថា​៖ «​ខ្ញុំ​ពិតជារីករាយ​ដែលពេលនេះ​ខ្ញុំ​អាច​មក​ក្បែរ​ឆ្នេរ​ក្នុង​ការ​កម្សាន្ដ​ដោយសេរី។ ជីវិត​គឺ​ប្រក្រតី​នៅ​អារ៉ាប៊ីសាអូឌីត។ តែ​កាល​មុន វាមិន​ធម្មតាឡើយ​»។

អ្នក​និយម​ឆ្នេរ​សមុទ្រ​នាំគ្នា​ហែលទឹក​ក្នុង​ផ្ទៃទឹក​ថ្លា​ឈ្វេង​ ហើយ​ស្ដ្រីគ្រង​ឈុត​ប៊ីគីនី ដោយ​ខ្លះ​ជក់​សាស៊ី​ថែមទៀត។ ពេល​ថ្ងៃ​អស្ដង្គតក្រុម​សម្ដែង​ចេញរាំ​តាម​ចង្វាក់​តន្ដ្រី​បស្ចិម​ប្រទេស​នៅលើ​ឆាក​ភ្លើង​ពណ៌ ខណៈ​គូស្នេហ៍​នេះ រាំរំពើន​ក្បែរ​ឆាក។

នៅតាម​បណ្ដា​ប្រទេស​នានា វា​មិនមែនជា​ទិដ្ឋភាព​កម្រ​អ្វីនោះទេ តែ​ពួកគេ​ខុស​ប្លែក​ពីអារ៉ាប៊ីសាអូឌីត ដែលជា​ទីឋាន​ដ៏ពិសិដ្ឋ​បំផុត​របស់អ៊ិស្លាម និង​បាន​គាំទ្រ​ដល់​ចលនា​សាសនា​​ Wahhabism។

សកម្មភាព​បែប​នេះ ក៏​មិន​ត្រូវបាន​មើល​ឃើញ​នៅ​ក្រៅ​ក្រុង​ជេដដា ដែរ​ ដែល​ស្គាល់​ជាតំបន់​លម្ហែ​ដ៏​ល្អ​បំផុត​ប្រចាំ​ប្រទេស។ ឆ្នេរ Pure Beach ស្ថិត​នៅ​ទីក្រុង​សេដ្ឋកិច្ច​ស្ដេច​អាប់ឌុលឡា ចម្ងាយ​ប្រមាណ ១២៥ ​គីឡូម៉ែត្រ​ភាគ​ខាង​ជើង​មជ្ឈមណ្ឌល​ក្រុង​ជេដដា។

ជនជាតិ​អេហ្ស៊ីប ហាឌីល អូម៉ា បាន​និយាយ​ថា៖ «​ខ្ញុំ​ដឹង​ក្ដី​ឡើង​នៅទីនេះ ហើយ​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន យើង​មិន​ត្រូវបាន​អនុញ្ញាត​ឱ្យស្ដាប់​តន្ដ្រី​នោះទេ។ ដូច្នេះ ពេលនេះ វា​ជាឋានសួគ៌​របស់​យើង​ហើយ​»៕ AFP/HR