ក្រុង​ញូវដែលី: គ្មាន​នរណាម្នាក់​សុខចិត្ត​លប់ចោល​ពិធីមង្គលការ​ងាយៗ​នោះទេ ដរាបណា​អជ្ញាធរ​មិន​ចេញ​បម្រាម​។ បុ៉​ន្តែ​នៅពេលដែល​គ្រោះធម្មជាតិ​បង្អាក់​ពិធី​ជ័យ​គូ​ស្វាមីភរិយា​ជាច្រើន​នាក់ កូនកំលោះ​ក្រមុំ ​១ ​គូ​នេះ​ បាន​ខ្ចី​ខ្ទះ​ពី​វិហារ​នៅ​មូលដ្ឋាន​ភូមិ​របស់ខ្លួន ហើយ​សុំឱ្យ​បុរស ​២ ​នាក់ ​ជួយ​រុញ​ខ្ទះ​ដែល​ដើរតួ​ជា​យានជំនិះ​បណ្ដោះអាសន្ន​លើទឹក​។

​ទិដ្ឋភាព​នេះ​ត្រូវបាន​គេ​ផ្ដិត​យក​រូបភាព វីដេអូ និង​ចែកចាយ​យ៉ាង​ច្រើន​តាម​បណ្ដាញ​សង្គម​។​

​កូនក្រមុំ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​បណ្ដាញ​ព័ត៌មាន​ក្នុងស្រុក Asianet ក្រោយ​បញ្ចប់​ពិធីមង្គលការ​ថា​៖ «​ថ្ងៃជ័យ​របស់​យើង​ប្រែជា​ពិធី​អាពាហ៍ពិពាហ៍​មួយ​ដែល​យើង​ពុំ​ធ្លាប់​ស្រមៃ​បែបនេះ​ទាល់តែសោះ​»​។​

​ទឹកជំនន់ និង​ការ​រអិល​បាក់​ដី ដោយសារតែ​ភ្លៀង​បង្អុរ​ខ្លាំង បានសម្លាប់​មនុស្ស​យ៉ាងហោច ២៧​ នាក់​នៅ​រដ្ឋ​ខេ​រ៉ា​ឡា របស់​ឥណ្ឌា​។​

​ទោះបីជា​ទីតាំង​រៀប​មង្គលការ​របស់​អ្នក​ទាំង ​២ ​មាន​សភាព​លិច​ទឹក​ផ្នែក​ខ្លះ​ក្ដី ក៏​គូ​ស្វាមីភរិយា​នេះ​នៅតែ​បន្ត​ពិធី​ទ្រង់ទ្រាយ​តូច​ដ៏​មាន​អត្ថន័យ​សម្រាប់​ជីវិត​គូរ​បស់​ពួកគេ​។​

​យោងតាម​របាយការណ៍​ព័ត៌មាន​ក្នុងស្រុក គូ​ស្វាមីភរិយា​ទាំង ​២ ​គឺជា​បុគ្គលិក​សុខាភិបាល​។​

​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​មាន​រូប​ភាពជា​ច្រើន​បង្ហាញ​ទិដ្ឋភាព​រថយន្ត និង​ឡានក្រុង​លិច​ក្នុង​ជំនន់​ទឹកភ្លៀង នៅ​រដ្ឋ​ខេ​រ៉ា​ឡា គួរឱ្យ​បារម្ភ​។​

​ក្រុម​សង្គ្រោះ ក្រោម​ជំនួយ​បន្ថែម​ពី​កងកម្លាំង​ជើងគោក ជើង​ទឹក និង​អាកាស បាន​ស្វែងរក​ជនរងគ្រោះ​នៅ​រស់រានមានជីវិត ខណៈ​រដ្ឋាភិបាល​បាន​ជម្លៀស​មនុស្ស​រាប់ពាន់នាក់ និង​បង្កើត​ជំរំ​សុវត្ថិភាព​បណ្ដោះអាសន្ន​ប្រមាណ​ជាង ១០០ កន្លែង​។​

​កាលពី​ឆ្នាំ ​២០១៨ គ្រោះទឹកជំនន់​បាន​ឆក់យក​ជីវិត​មនុស្ស ៥០០ ​នាក់ ​ទូទាំង​រដ្ឋ​ខេ​រ៉ា​ឡា​៕ AFP​