​ភ្នំពេញៈ កម្មវិធី «​បុគ្គល​ល្អ​ឯក​» ដែល​បង្ហាញ​អំពី​រឿងរ៉ាវ​របស់​បុគ្គល​ល្អ​ឯក​កម្ពុជា​ទាំង ១០ រូប នា​រៀងរាល់ថ្ងៃ​សៅរ៍ វេលា​ម៉ោង ៨ យប់ ចាប់តាំងពី​ថ្ងៃទី​ ៤ ខែ កញ្ញា ឆ្នាំ​២០២១ មក នឹង​បញ្ចប់​នៅត្រឹម​ថ្ងៃទី​ ២៣ ខែ តុលា ឆ្នាំ ២០២១ នេះ​។ កម្មវិធី​នឹង​ជ្រើស​រើសយក​ម្នាក់​ក្នុងចំណោម ១០ រូបនោះ ជា​ជយលាភី​ចុងក្រោយ ដែលមាន​ការសម្របសម្រួល​កម្មវិធី​ដោយ​បវរកញ្ញា​ចក្កវាឡ​ក​ម្ពុ​ជា ឆ្នាំ ​២០២០ កញ្ញា រ៉េត សារី​តា និង​លោក តារា ឧសភា ហៅ Summer​។

​សម្រាប់​វគ្គ​ចុងក្រោយ​នៃ​​កម្មវិធី​គណៈមេប្រយោគ ដែលមាន​កេរ្ដិ៍ឈ្មោះ​ល្បីៗ រួមមាន​ព្រះអង្គម្ចាស់ ស៊ី​​សុវត្ថិ តេ​សូ លោក ហ៊ុន​ ​ចាន់​សាន ស្ថាបនិក និង​ជានា​យក​ស្ថាបត្យករ​ក្រុមហ៊ុន Re-Edge Architecture+Design និង​លោក ជី សិលា ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Sabay Digital Media រួមទាំង​តំណាង​ពី​ប៉ុស្ដិ៍​ទូរទស្សន៍​ភី​អិន​អិន និង​កាសែត Globe Media នឹង​រួមគ្នា​ជ្រើស​រើសយក​បុគ្គល​ល្អ​ឯក ១ រូប ក្នុងចំណោម​បុគ្គល​ល្អ​ឯក​ទាំង ១០ រូប ដើម្បី​ទទួល​ប្រាក់រង្វាន់​ចំនួន ២ ម៉ឺន​ដុល្លារ ដោយ​ចំនួន​ពាក់កណ្តាល គឺ​ពួកគេ​អាច​បរិច្ចាគ​មូលនិធិ​សប្បុរសធម៌ ឬ​បុព្វហេតុ​នៃ​ជម្រើស​ពួកគេ​។​

លោក RavenBlaze ជា​អ្នកត្រួសត្រាយ​ផ្លូវ​អ្នក Vlogger ក្នុងប្រទេស​កម្ពុជា។ រូបថត សហការី

​បុគ្គល​ល្អ​ឯក​ទាំង ​១០ រូបនោះ រួម​​មាន​អ្នកនាង ឆន ឌី​ណា ជា​វិចិត្រករ​ស្រី​ឆ្នើម នៅ​កម្ពុជា ខណៈ​លោក Peap Tarr ជា​វិចិត្រករ​គំនូរ​តាមផ្លូវ ជា​កូនកាត់​ខ្មែរ​-​នូ​វែ​ល​សេ​ឡង់​។ កញ្ញា ថូ​ង ធីតា ជា​សហគ្រិន​ស្រែអំបិល​វ័យ​ក្មេង ១ រូប និង​លោក សុខ សុភមង្គល ជា​បុគ្គល​ឆ្នើម​ជាប់​ក្នុង​តារាង​បុគ្គល​កំពូល​អាយុ​ក្រោម ៣០ ឆ្នាំ ទាំង ៣០ រូប លើ​គេហទំព័រ Forbes​។

ចុងភៅ Chef Nak ជា​មេ​ចុងភៅ​ស្ដ្រី​កម្ពុជា​ដំបូង​គេ ដែល​អភិរក្ស​ម្ហូប​ខ្មែរ និង​នាំយក​រសជាតិ​ម្ហូប​ខ្មែរ ទៅកាន់​ឆាក​​អន្ដរជាតិ និង​ចុងភៅ Chef Nara ជា​មេ​ចុងភៅ ១ រូប និង​ជា​ចៅក្រម​ទទួលបាន​ការគាំទ្រ​ខ្លាំង ក្នុង​កម្មវិធី​ប្រកួត​ធ្វើ​ម្ហូប​នៅ​ប្រទេស​កម្ពុជា​។

លោក ឌី​ណា សីហ៍​រាម ជា​បេក្ខជន​កម្ពុជា​ដំបូង​​គេ ក្លាយជា​ដៃគូ​គេហទំព័រ Streaming ផ្លូវការ​។ លោក RavenBlaze ជា​អ្នកត្រួសត្រាយ​ផ្លូវ​អ្នក Vlogger ក្នុងប្រទេស​កម្ពុជា ជាមួយ​បណ្ដាញ​យូ​ធូប​ឈ្មោះ RavenBlaze99 មាន​អ្នក subscribers ២៧៥ ០០០ នាក់​។

លោក អ៊ូ​ន ប​ថម ហៅ​សាយ ( Sai) ជា​តារាចម្រៀង ដែល​ផ្ដួចផ្ដើម​យុទ្ធនាការ «Run with Sai» ដើម្បី​រៃអង្គាសប្រាក់​សប្បុរសធម៌​ផ្សេងៗ និង​បំផុសគំនិត​យុវជន​កម្ពុជា ជាច្រើនរូប​ឱ្យធ្វើ​ការងារ​សប្បុរស ដូចជា​រូបលោក និង​លោក P-Sand ជាអ្នកនិពន្ធ​ទំនុក​ចម្រៀង និង​ភ្លេង​នៃ​ក្រុម​តន្ដ្រី​រ៉ុ​ក​កម្ពុជា ដែល​ល្បី​ជាមួយ​ស្នាដៃ​ដូចជា​បទ «​ទេវតា​» និង​បទ «Khmer Loy9» ជាដើម​។​

លោក សារិន រតនៈ តែ​ភាគច្រើន​គេ​ស្គាល់​ថា លោក RavenBlaze ដែលជា Content Creator ក៏ដូចជា Streamer ម្នាក់ បានធ្វើ​មាតិកា​ (​វីដេអូ​) ផុស​ទៅតាម​បណ្ដាញ​សង្គម​ដូចជា Facebook, Youtube, Instagram និង​បណ្ដាញ​សង្គម​ផ្សេងៗ ជាច្រើន​ទៀត​។

​ប្រសិនបើ​ឈ្នះ​កម្មវិធី «​បុគ្គល​ល្អ​ឯក​» នេះ លោក RavenBlaze បាន​បង្ហើប​ឱ្យដឹង​ដូច្នេះ​ថា​៖ «​ប្រសិនបើជា​រូបខ្ញុំ ទទួលបាន​ជោគជ័យ ក្លាយជា​ជយលាភី​ចុងក្រោយ ខ្ញុំ​នឹង​ប្រើប្រាស់​ថវិកា ដែល​ខ្ញុំ​ឈ្នះ ដើម្បី​ទៅ​ជួយ​​សង្គម​ខ្លះ និង​ពង្រីក​នូវ​អាជីព ដែល​ខ្ញុំ​ធ្វើ​រាល់ថ្ងៃ នឹង​ព្យាយាម​បើកឱកាស​ឱ្យ​ក្មេងៗ​ជំនាន់​ថ្មី ដែល​ស្រឡាញ់ និង​ចូលចិត្ត​ទៅលើ​អាជីព​ជា Gamer, Livestreamer, Content Creator នេះ ដោយ​សង្ឃឹមថា នឹង​អាចជួយ​​ដល់​ពួកគាត់ ចាប់ផ្ដើម​ដោយ​មិនមាន​ឧបសគ្គ​ច្រើន​ដូច​កាល​ពួក​ខ្ញុំ​»៕