​ភ្នំពេញ: ខណៈ​តន្ត្រី​ប៉ុប រ៉េ​ប និង​ហ៊ី​ប​ហប់ ស្ទើរតែ​គ្របដណ្ដប់​ប្រជា​ប្រិយភាព​ក្នុង​ស្រទាប់​យុវវ័យ​កម្ពុជា ការរក្សា​ចំណូលចិត្ត និង​អត្តសញ្ញាណ​របស់​អ្នកសិល្បៈ​គឺជា​រឿង​ដ៏​ពិបាក​បំផុត​ក្នុង​វិស័យ​សិល្បៈ​។

​ការពេញនិយម​របស់​មហាជន​ដែល​បីដូច​រលក​ធំ​បោកបក់​អង្រួន​ក្ដី​សុបិន គឺជា​មូល​ហេតុដែល​កញ្ញា ស៊ីន សេដ្ឋ​សុ​ជ្ឈ​តា សិល្បករ​ថ្មី​នៅ​ផលិត​កម្ម ក្លា​ប​យ៉ា​ហ៊ែ​ន មានការ​ស្ទាក់​ស្ទើរនឹង​បោះជំហាន​ចូល​វិស័យ​តន្ត្រី​។​

​មុនពេល​ក្លាយខ្លួនជា​សិល្បករ កញ្ញា​ធ្លាប់​វិលវល់​នឹង​ក្ដី​សុបិន​ពិត​​ប្រាកដ​របស់​នាង​។ ប៉ុន្តែ​ដោយមាន​ឈាមជ័រ​ជា​សិល្បករ​តាំងពី​ជំនាន់​លោកតា ស៊ីន ស៊ី​សាមុត ត​រហូតដល់​ឪពុកម្ដាយ និង​បងប្រុស សុ​ជ្ឈ​តា ទទួលបាន​ថាមពល​កម្លាំង​ចិត្តខ្លាំង​ក្លា​ពី​សមាជិកគ្រួសារ​នាង​។​

​បន្ទាប់ពី​បន្លាយពេល​អស់​ជាច្រើន​ឆ្នាំ សំឡេង​បេះដូង​អ្នកសិល្បៈ​បាន​ជំរុញ​ឱ្យ សុ​ជ្ឈ​តា បាន​បើកឱកាស​ឱ្យ​ខ្លួនឯង ដើម្បី​បន្ត​មរតក​សំនៀង​គ្រួសារ​ជា​អ្នកសិល្បៈ​ផងដែរ​។​

​ដោយ​ជ្រើសរើស​ផលិតកម្ម ក្លា​ប​យ៉ា​ហ៊ែ​ន ព្រោះតែ​គាំទ្រ​ភាព​ច្នៃប្រឌិត ការផ្ដល់​សេរីភាព និង​អារម្មណ៍​កក់ក្ដៅ​ដូច​នៅផ្ទះ សិល្បការិនី​រូបនេះ​បាន​រំឭក​ប្រាប់ថា​៖ «​ឪពុក​ខ្ញុំ​តែងតែ​ប្រាប់ថា​ខ្ញុំ​មាន​សមត្ថភាព​ច្រៀង ហើយ​ខ្ញុំ​ផ្ទាល់​ក៏​ស្រឡាញ់​តាំងពីក្មេង តែ​មិន​ធ្លាប់​គិត​យក​ជា​អាជីព​។ រហូតដល់​ការ​​ស្លាប់​របស់​បងប្រុស​ខ្ញុំ ស៊ីន សេដ្ឋ​កុល បានធ្វើឱ្យ​ខ្ញុំ​គិត​ឡើងវិញ និង​សម្រេច​ចិត្ត​ផ្ដល់ឱកាស​ឱ្យ​ការ​ច្រៀង​»​។​

​ដំណើរ​ក្នុងការ​ស្វែងរក​ភាពជា​ខ្លួន​​ឯង មិនមែនជា​រឿង​ងាយស្រួល​ឡើយ​។ កញ្ញា​ត្រូវបាន​គេ​ស្គាល់​តាម​រយៈ​ការណែនាំ​ថា​ជា «​ចៅស្រី ស៊ីន ស៊ី​សាមុត​»​។ អ្នកចម្រៀង និង​អ្នក​និពន្ធ រូបនេះ​លើកឡើងថា ការភ្ជាប់​សាវតារ​ជីតា​ដ៏​មានឈ្មោះ​បោះ​សំឡេង​មិនមែនជា​រឿង​អាក្រក់​ទេ តែ​កញ្ញា​ចង់​កសាង​អ្វី​ដែលជា​របស់​ខ្លួនឯង​។​

កញ្ញា​អាចសម្រប​នឹង​ការនិយមតន្ត្រី តែ​មិនបោះបង់​ស្ទី​លផ្ទាល់ខ្លួន​ឡើយ។ សហការី

​សុ​ជ្ឈ​តា ដែល​ទើប​ប្រកាស​ខ្លួន​ជា​សិល្បការិនី​ពេញលេញ បាន​និយាយថា​៖ «​តែ​មិន​ថ្វី​ទេ ខ្ញុំ​ស្គាល់​ច្បាស់​ពីអ្វី​ដែល​ខ្ញុំ​ប្រឡូក ហើយ​ដរាបណា​ខ្ញុំ​ស្មោះត្រង់​ចំពោះ​ខ្លួនឯង ជឿជាក់​លើ​ខ្លួនឯង ហើយ​មិន​សោកស្តាយ​ចំពោះ​ជម្រើស​របស់ខ្ញុំ ខ្ញុំ​នឹង​លូតលាស់​ក្នុង​ដំណើរ​របស់ខ្ញុំ​»​។​

​ឆ្លើយតប​ទៅនឹង​សំណួរ​ថា ជាការ​ពិបាក​ទេ​ក្នុងការ​រក្សា​ភាពស្មោះត្រង់​ទៅលើ​អត្ត​សញ្ញា ចង្វាក់ភ្លេង និង​ប្រភេទ​ចម្រៀង​របស់​កញ្ញា​បែប R&B, Blues, or Soul ក្នុង​ទំនោរ​និយម​បច្ចុប្បន្ន​ទៅលើ​ចម្រៀង​ហ៊ី​ប​ហប់​នោះ សុ​ជ្ឈ​តា បង្ហាញ​ការ​ជឿជាក់ថា រូប​​នាង​អាច​សម្រប​បាន​។​

​កញ្ញា​អាច​យក​ចង្វាក់ភ្លេង​ជា​ស្ទីល​របស់ខ្លួន ទៅ​បញ្ចូល​ជាមួយ​ហ៊ី​ប​ហប់ បង្កើតជា​ចង្វាក់ភ្លេង​ថ្មី អមដោយ​អ្នក​​រ៉េ​ប តម្រូវ​តាម​ការនិយម​។ ប៉ុន្តែ​នាង​ត្រូវ​ប្រាកដ​ក្នុង​ចិត្ត​ថា មិន​ធ្វើ​ឱ្យលើស​រហូត​បាត់បង់​ភាពជា​ខ្លួនឯង​នោះទេ​។​

​សិល្បការិនី​រូបនេះ​បន្តថា​៖ «​ការ​សម្រេចចិត្ត​ដំបូង​របស់ខ្ញុំ​ក្នុងការ​ប្រកាស​ខ្លួន​ជា​សិល្បករ ​គឺ​បង្កើត​តន្ត្រី​ដែល​ខ្ញុំ​អាច​កម្សាន្ត​អារម្មណ៍​ប្រជាជន និង​បង្កើត​អត្តសញ្ញាណ​ផ្ទាល់ខ្លួន​»​។​

​សុ​ជ្ឈ​តា បញ្ជាក់ថា​៖ «​ដូច្នេះ​ការ​​បោះបង់​អ្វីដែល​ខ្ញុំ​មាន​ច្រើនពេក​នឹង​ប៉ះពាល់​ដល់​អត្តសញ្ញាណរ​បស់​ខ្ញុំ​ក្នុងនាម​ជា​សិល្បករ​។ គោលដៅ​ខ្ញុំ​ចង់ឱ្យ​ឈ្មោះ​ខ្ញុំ​ត្រូវបាន​រាប់បញ្ចូល ពេលដែល​ទស្សនិកជន​គិតពី​សិល្បៈ R&B, Blues ឬ Soul នៅ​កម្ពុជា​»​។​

​សុ​ជ្ឈ​តា ថា តន្ត្រី​នាង​ទោះ​មិនអាច​បំពេញចិត្ត​មនុស្ស​ជាច្រើន​ក្ដី តែបើ​ការ​ខិតខំ​ប្រឹងប្រែង​របស់​កញ្ញា​ត្រឹម​មាន​មនុស្ស​មួយចំនួន​តូច​ស្រឡាញ់​កោត​សរសើរ ​គឺ​គ្រប់គ្រាន់​ហើយ​។

​បង្ហាញខ្លួន​ជាមួយនឹង​បទ​ចម្រៀង​ជា​ភាសាជាតិ​ ២ «​ទទួល​ការពិត​» និង «​មិន​ស្ដាយក្រោយ​» និង​បទ​ជា​ភាសា​អង់គ្លេស ​១ គឺ «​ជឿជាក់​»​។ ទាំង​ ៣​ បទ​សុទ្ធតែ​បង្កប់​បទពិសោធ​ផ្ទាល់ខ្លួន​។ «​ទទួល​ការពិត​» គឺជា​បទ​ដែល​កញ្ញា​បាន​តែង​នៅពេល​កញ្ញា​ធ្វើ​ចិត្ត​ពី​ការបាត់បង់​ឪពុក និង​បងប្រុស ហើយ​នេះ​ក៏​ជា​បទ​ដែល​កញ្ញា​ចូលចិត្ត​ជាងគេ​ក្នុងចំណោម​បទ​ទាំង ​៣​។​

​ដោយ​មនុស្ស​ស្ទើរតែ​គ្រប់រូប​សុទ្ធតែ​ទទួល​អារម្មណ៍​បាត់បង់​មនុស្ស​សំខាន់​ក្នុង​ជីវិត​រៀងៗ​ខ្លួន ដូច្នេះ សុ​ជ្ឈ​តា ថា កញ្ញា​តែង​និពន្ធ​ចម្រៀង​ដោយ​សង្ឃឹមថា តន្ត្រី​អាចជា​ការ​​ព្យាបាល និង​ជួយ​ឱ្យ​អ្នក​បាត់បង់​ទទួលយក​ការពិត​។​

​សុ​ជ្ឈ​តា បាន​លើកឡើងថា​៖ «​គ្រប់យ៉ាង​ដែល​ខ្ញុំ​បាន​សរសេរ ​គឺជា​រឿង​ដែល​ខ្ញុំ​បាន​ជួប​ផ្ទាល់ ឬ​ពី​មនុស្ស​ដែល​ខ្ញុំ​ជិតដិត​។ ខ្ញុំ​ចូលចិត្ត​ចំណាយពេល​និយាយ និង​ស្តាប់​រឿង​របស់​ពួកគេ​។ ខ្ញុំ​ចូលចិត្ត​បកស្រាយ​ពី​អារម្មណ៍​នៅក្នុង​អត្ថបទ​ចម្រៀង ហើយពី​ក្រោយ​ពាក្យ​នីមួយៗ​នៅក្នុង​បទ​ចម្រៀង តែងតែមាន​សាច់រឿង​»​។​

​ក្នុងនាម​ជា​សិល្បការិនី​ម្នាក់ កញ្ញា​មាន​ទស្សនវិស័យ​ចង់ឃើញ​ការរីក​ចម្រើន​ទាំង​ក្នុង​វិស័យ​សិល្បៈ និង​សង្គម​។ ជាមួយនឹង​ការប្រកួតប្រជែង និង​ការរីកចម្រើន​ជា​បន្តបន្ទាប់​នៅក្នុង​វិស័យនេះ កញ្ញា​ជឿជាក់ថា សិល្បករ​ខ្មែរ​នឹងមាន​វត្តមាន​កាន់តែច្រើន​នៅលើ​ឆាក​អន្តរជាតិ រួមទាំង​ប្រកួត​ប្រជែង​នៅ​ទីផ្សារ​បរទេស​នាពេល​ដ៏​ខ្លី​ខាងមុខនេះ​។​

​កញ្ញា សុ​ជ្ឈ​តា ក៏​បង្ហាញ​ក្ដី​ស្រមៃ​ដែរ​ថា​៖ «​ខ្ញុំ​សង្ឃឹមថា ខ្ញុំ​នឹង​ជា​ម្នាក់​ក្នុងចំណោម​នោះ​»​។

​ជាក់ស្ដែង​កញ្ញា​ទើបតែ​បានទទួល​កិច្ចសម្ភាសន៍​ជាមួយ​ទស្សនាវដ្ដី​ល្បីឈ្មោះ​អាមេរិក Rolling Stone ដែលមាន​អាយុកាល​បោះពុម្ពផ្សាយ ៥៣​ ឆ្នាំ​មកហើយ​។​

​កញ្ញា​បាន​ទម្លាយ​រឿង​ក្នុង​ចិត្ត​ក៏ដូចជា​ផ្តែផ្ដាំ​ទៅ​អ្នកគាំទ្រ​ថា​៖ «​សា​ធា​រណ​ជន​តែងតែ​រំពឹង​ឱ្យ​យើង​មាន​អាកប្បកិរិយា​ណាមួយ ព្រោះតែ​យើង​ដើរ​លើ​វិថី​នេះ​។ តែ​ជាក់ស្ដែង​គឺ​យើង​គ្រាន់តែ​ជាម​នុស្ស​សាមញ្ញ​ធម្មតា​»​។​

​សុ​ជ្ឈ​តា បាន​សំណូមពរ​ថា​៖ «​ខ្ញុំ​ចង់ឱ្យ​គ្រប់គ្នា​រៀន​បើក​ចិត្ត ទទួលយក​លក្ខណពិសេស​របស់​សិល្បករ និង​ការ​ខំប្រឹង​របស់គាត់​ម្នាក់ៗ​ក្នុងការ​បម្រើ​អារម្មណ៍​ទស្សនិកជន​។ ការ​គាំទ្រ​ពី​បងប្អូន​នឹង​ជា​កម្លាំងចិត្ត​ឱ្យ​យើង​ធ្វើ​បន្តទៀត​។ ខ្ញុំ​ផ្ទាល់​ក៏​នឹង​ប្រឹង​អភិវឌ្ឍ​ខ្លួនឯង​ដែរ​»​។​

​ពេលនេះ សិល្បការិនី ស៊ីន សេដ្ឋ​​សុ​ជ្ឈ​តា កំពុង​ធ្វើ​កិច្ចការ​លើ​បទ​​ចម្រៀង​ទោល​មួយចំនួន​ជាមួយនឹង​សិល្បករ​រ៉េ​ប​នៅ ក្លា​ប​យ៉ា​ហ៊ែ​ន ២ ​រូប ​គឺ Ruth Ko និង Vi70​។ កញ្ញា​ក៏​កំពុងតែ​រៀបចំ​ការថត​ចម្រៀង​វែង (Entended play) ដែល​នឹង​ត្រៀម​ចេញ​នៅ​ចុង​ឆ្នាំក្រោយ​ផងដែរ​៕