ភ្នំពេញៈ នៅទីបំផុតតារាសម្តែង និងចម្រៀងស្រី សំឡេងស្រួយស្រទន់ អ្នកនាង សឿ សុធារ៉ា ជាភរិយាតារាចម្រៀងប្រុស ម្ចាស់បទ «Dans Ce Cafe» សាពូន មីដាដា លេចវត្តមានក្នុងការថតកុនបុរាណមួយនៃផលិតកម្មហង្សមាស ជាមួយតួប្រុសតារាចម្រៀង សួន ពិសិដ្ឋ។
កាលពីពាក់កណ្តាលឆ្នាំមុន (ឆ្នាំ ២០២០) អ្នកនាង សឿ សុធារ៉ា ក៏បង្កើតការភ្ញាក់ផ្អើលដល់មហាជនសាជាថ្មី ក្រោយពីបាត់មុខលើវិថីសិល្បៈយ៉ាងយូរក្រែល ដោយស្រាប់តែបង្ហាញខ្លួនក្នុងឈុតថតសម្អាងការ ជាមួយតួប្រុសដែលមានឈ្មោះល្បីខាងផាត់មុខតារាស្រីល្បីៗទូទាំងប្រទេសកម្ពុជា លោក ឌី តែក៏បាត់ព័ត៌មានពីការវិលមកកាន់វិថីសិល្បៈវិញម្តងទៀត។
ការលេចវត្តមានសាជាថ្មីនេះ ត្រូវបានគេឃើញលេចចេញ តាមរយៈការបង្ហោះនូវបណ្តំរូបថតច្រើនសន្លឹកពីសំណាក់តួប្រុស ដែលទើបតែបានអភិវឌ្ឍខ្លួនមួយកម្រិតថែមទៀត ពីអ្នកនិពន្ធទំនុកច្រៀង ទំនុកភ្លេង និងតារាចម្រៀងលោក សួន ពិសិដ្ឋ កាលពីថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០២១ ដោយសាច់រឿងឆ្លុះបញ្ចាំងសម័យកាលលង្វែក។
លោក សួន ពិសិដ្ឋ បង្ហោះសារអមនឹងរូបថត មានរូបលោក និងអ្នកនាង សឿ សុធារ៉ា ថា៖ «ជួបគ្នា ក្នុងវិស័យភាពយន្ដ ជាលើកដំបូង! ជាង ១០ ឆ្នាំ បន្ទាប់ពីខ្ញុំថតរឿងបុរាណសម័យលង្វែករឿង «ចៅពស់កេងកង» តែងនិពន្ធ និងដឹកនាំដោយលោក ហ្វៃ សំអាង។ ឥឡូវនេះ គឺថតរឿងសម័យលង្វែកសាជាថ្មីម្ដងទៀតហើយ។ ជួបជាមួយអាយដលអ្នកណាគេខ្លះ? ដឹកនាំសម្ដែងដោយ Director Kao Seiha»។
លោកបន្តសារថា៖ «ថ្ងៃនេះគាត់ថត តួនៅវ័យចំណាស់ ឯខ្ញុំថតតួនៅវ័យក្មេងសិន ឱ្យបងប្អូន និងហ្វេនៗ ខ្ញុំបានមើលខ្លះចុះ! អរគុណសម្រាប់ការគាំទ្រ! ភាពយន្តរឿងក្នុងសម័យលង្វែក»។
តាមពិតតារាសម្តែង និងចម្រៀងស្រីអ្នកនាង សឿ សុធារ៉ា ក៏ធ្លាប់បង្ហាញវត្តមាន ១ ភ្លែតផងដែរ កាលពីឆ្នាំ ២០១៨ នៅលើវិថីសិល្បៈ ដោយបានធ្វើឱ្យផ្អើលមជ្ឈដ្ឋានមហាជន និងសង្គមអ្នកសិល្បៈ តែក៏បាត់មុខទៅវិញ ដោយសារសម្រាកសម្រាលបុត្រាទី២ ជូនស្វាមី លោក សាពូន មីដាដា ដែលជាតារាចម្រៀងប្រុសល្បីម្ចាស់បទ «និយមន័យស្នេហ៍» ដ៏ល្បីរន្ទឺកាលពីជាង ១០ ឆ្នាំមុន កាលជ្រកទ្រនំផលិតកម្មហង្សមាស។
ខណៈអ្នកនាងទើបតែលេចមុខសាជាថ្មីម្តងទៀតនេះ ជាការវិលមករកឆ្នាំងបាយចាស់ របស់តារាស្រីអ្នកនាង សឿ សុធារ៉ា ក៏មិនទាន់បានបញ្ជាក់ផ្ទាល់លម្អិតថា នឹងវិលមកវិញត្រឹមរយៈពេលណានោះបានឡើយ ដោយសារ ភ្នំពេញ ប៉ុស្តិ៍ ក៏ពុំអាចទំនាក់ទំនងតាមប្រព័ន្ធទូរស័ព្ទដែលធ្លាប់បានទាក់ទងកាលពីមុននោះបានទេនាពេលថ្មីៗនេះ៕