​ភ្នំពេញៈ ជា​រៀងរាល់ឆ្នាំ CPI តែងតែ​ជ្រើសរើស​បេក្ខជន​ឆ្នើមៗ​មកពី​បណ្តា​ប្រទេស​​អាស៊ី ដែល​ធ្លាប់​សហការ​លើ​វិស័យ​វប្បធម៌​ជាមួយ​ប្រទេស​កូរ៉េខាងត្បូង សម្រាប់​ការ​បណ្តុះបណ្តាល​នេះ​។​

​ដោយឡែក​ក្នុង​ឆ្នាំ​ ២០២១ នេះ​ជា​កិត្តិយស​របស់​កម្ពុជា​ដែល KOFICE បាន​ជ្រើស​​រើស​កម្មវិធី CPI2021 សម្រាប់​កម្មវិធី​បណ្តុះបណ្តាល​ឈ្មោះថា «​កម្មវិធី​កសាង​សមត្ថភាព​សម្រាប់​អាជីវកម្ម​ភាពយន្ត​កម្ពុជា​ចូលក្នុង​ទីផ្សារ​សកល A Capacity Building Program for Cambodia''s Film Business in Global Market» មក​បង្ហាត់ រយៈពេល ៩ សប្តាហ៍ ចាប់តាំងពី​ដើមខែ​សីហា មកដល់​សិក្ខាកាម​ជា​​ផលិតករ​ភាពយន្ត​កម្ពុជា វ័យក្មេង​ចំនួន ១០ ​រូប​។​

​ទោះបីជា​ស្ថិតក្នុង​ស្ថានភាព​កូ​វីដ ​១៩ ​យ៉ាងណាក្តី ក៏​ម​ជ្ឈ​​មណ្ឌល​បណ្តុះបណ្តាល​ជំនាញ ​និង​ទទួល​ភាពយន្ត​នៅ​កម្ពុជា (Cambodia Film Commission) នៅតែ​បន្ត​យកចិត្តទុកដាក់​ទៅលើ​ការបណ្តុះ​​បណ្តាល​ដល់​ផលិតករ​ភាព​យន្ត​កម្ពុជា តាម​អន​ឡាញ ដោយបាន​សហការ​ជាមួយ KOFICE​។

​កាលពី​ថ្ងៃទី ១៤ ខែតុលា កន្លងមកនេះ មជ្ឈមណ្ឌល​ CFC បានបញ្ចប់​វគ្គប​ណ្តុះ​​បណ្តាល​ក្នុង​កម្មវិធី Cultural Partnership Initiative 2021(CPI2021) របស់​សាធារណរដ្ឋ​កូរ៉េ ដែលមាន​ឈ្មោះថា «A Capacity Building Program for Cambodia''s Film Business in Global Market» ​ឬ «​កម្មវិធី​កសាង​សមត្ថភាព​សម្រាប់​អាជីវកម្ម​ភាពយន្ត​​កម្ពុជា​ចូលទៅក្នុង​ទីផ្សារ​​សកល​»។

វគ្គ​បណ្តុះបណ្តាល​នេះ មានការ​គាំទ្រ​ពី​ក្រសួង​វប្ប​​ធម៌ និង​វិចិត្រសិល្បៈ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ឧបត្ថម្ភ​ដោយ Korea Foundation for International Cultural Exchange (KOFICE) និង សហការ​រៀបចំ​ដោយ Busan Foundation for International Cooperation(BFIC) និង Cambodia Film Commission​។

តំណាងឱ្យ​អ្នករៀបចំ​វគ្គ​បណ្តុះបណ្តាល និងជា​ប្រធាន CFC លោក ជៀប សុវិជ្ជា មានប្រសាសន៍ថា​៖ «​កន្លងមក ផលិតករ​យើងច្រើន​មានការ​លំបាកក្នុងការ​នាំចេញ​ភាព​យន្ត​របស់ខ្លួន ទៅ​ក្រៅ​ស្រុក​។ ដូច្នេះ CPI ជួយ​ឱ្យ​ពួកគាត់​ស្វែងយល់​បន្ថែម​ពី​របៀប​ធ្វើ​​គម្រោង​ផលិត ឱ្យ​ត្រូវ​នឹង​ទីផ្សារ​បរទេស ក៏ដូចជា​ប្រព័ន្ធ​ផ្សាយ​រឿង​អន​ឡាញ​ដែរ​»​។

តំណាង​ក្រសួង​​​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ ចែក​លិខិត​សរសើរដល់សិក្ខាកាមឆ្នើម។ រូប សហការី

លោក​បន្តថា​៖ «​មួយវិញទៀត ក្នុងអំឡុងពេល​មាន​ជំងឺ​រាតត្បាត​ជា​សកល​ដូច្នេះ នេះ​ជា​ឱកាសល្អ ដើម្បីឱ្យ​យុវ​ផលិតករ​ភាព​យន្ត​យើង បង្កើន​ចំណេះដឹង​ផ្នែក​ភាពយន្ត​នេះ​»​។​

​រីឯ​សិក្ខាកាម​ទៀតសោត ត្រូវបាន​ជ្រើសរើស​នៅក្នុង​ចំណោម​ផលិតករ និង​សមិទ្ធ​​ករ​ក្នុងស្រុក ដែល​សុទ្ធ​តែមាន​ឆន្ទៈ លើ​ការ​បំប៉ន​ចំណេះដឹង​បន្ថែម​ក្នុងការ​សម្រេច​គម្រោង​ភាពយន្ត​របស់ខ្លួន ទៅកាន់​ឆាក​អន្តរជាតិ​។

សិក្ខាកាម​មួយរូប នៅក្នុង​​ចំណោម​ ១០ ​រូប ​គឺ​លោក លៀក លី​ណា ជា​នាយក​ប្រតិបត្តិ​​ផលិតកម្ម LD Picture ឱ្យដឹងថា​៖ «​តាមពិតខ្ញុំ​កម្រមានឱកាស​បាន​ជួប​ផលិតករ​ក្នុងស្រុក​ឯទៀត​ណាស់ ដោយសារ​ការ​មមាញឹក នឹង​ការផលិត​។ តែ​តាមរយៈ​វគ្គ​នេះ ខ្ញុំ​បាន ស្គាល់ និង​ធ្វើការ​ជា​ក្រុម​បន្ថែម​ជាមួយ​ពួកគាត់ ដោយមាន​ស្មារតី​សហការគ្នា​ល្អ​។ ដូច្នេះ​បើ CPI មាន​វគ្គ​លើក​ក្រោយៗ​ទៀត ខ្ញុំ​នឹងដាក់​ពាក្យ​រៀន​បន្តទៀត​»​។

ជា​លទ្ធផល​សិក្ខាកាម​ទាំង​ ១០ ​រូប សម្រេច​ផែនការ​សកម្ម​​ភាព ៣ និង​សំណើ​គម្រោង​​ផលិត​រឿង ៣ តាម​ក្រុម​នីមួយៗ រួមមាន​ក្រុមទី១ «​យុទ្ធសាស្ត្រ​ប្រើការ​ផ្សព្វផ្សាយ​ភាពយន្ត​ខ្មែរ ទៅកាន់​ប្រព័ន្ធ​ចាក់​រឿង​អន​​ឡាញតាមរយៈ​ភាពយន្ត​បែប​រន្ធត់​» ករណី​សិក្សា​រឿង​រន្ធត់​ «​នាឡិកា​ជញ្ជាំង​ក្រហម​»​។ ក្រុមទី​២ «​វិធី​ផ្សំ​មរតក​វប្បធម៌​ខ្មែរ​ជាមួយ​រូបារម្មណ៍​ច្នៃប្រឌិត សម្រាប់​ភាពយន្ត​ប្រឌិត​បែប​វិទ្យាសាស្ត្រ​ខ្មែរ ទៅ​ទស្ស​និក​​ជន​ជុំវិញ​ពិភពលោក​» ដោយ​ករណី​សិក្សា​រឿងប្រឌិត​បែប​វិទ្យាសាស្ត្រ «​រាម​ឥសូរ​»​។ ក្រុមទី​៣ «​វិធី​ផ្សព្វផ្សាយ​ភាពយន្ត​​ស្តង់ដា​ពិភពលោក​ទៅ​ប្រព័ន្ធ​ចាក់​រឿង​អន​ឡាញ តាមរយៈ រឿង​ទើប​ផលិត​ថ្មី «​លោកគ្រូ​ប្រពន្ធ​ល្អ​» ករណី​សិក្សា រឿង​សង្គម និង​គ្រួសារ​៕