ទីក្រុង​រ៉ូម៖ សម្រាប់​មនុស្ស​ទូទៅ ការ​រស់នៅ​ក្នុង​គុក​មានន័យ​ថា​ ​រលាយអស់សេរីភាព តែ​ចម្លែកអី​បុរស​ម្នាក់​នេះ​​បែរ​ជា​ចង់​រត់​​​គេច​ពី​ផ្ទះ ទៅ​​​ចូល​ពន្ធនាគារ​ ដើម្បីទទួល​បាន​​​អារម្មណ៍​ថាមាន​សេរីភាព​ទៅ​វិញ​។

ប៉ូលីស​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា​ បុរស​ម្នាក់​ដែល​ត្រូវបាន​ឃុំ​ខ្លួន​នៅ​​ផ្ទះ ឯ​​ប្រទេស​អ៊ីតាលី​បាន​ បង្ហាញ​​ខ្លួន​​នៅ​ឯ​ការិយាល័យ​នរគរបាល ​ដោយ​ស្នើសុំ​ឱ្យ​​ប៉ូលិស​ចាប់​លោក​​ដាក់ពន្ធនាគារ​ ព្រោះ​ជីវិត​រួមរស់ជាមួយ​​​ប្រពន្ធ​​ ​​គាត់​នៅផ្ទះ​ ឈាន​ដល់​ស្ថានភាព​យ៉ាប់យឺន​ខ្លាំង​មិនអាច​ទ្រាំទ្រ​បាន។

ប៉ូលីស Carabinieri នៅក្រុងទីវូលី​ បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា៖ «ពលរដ្ឋ​អាល់​បា​នី​អាយុ ៣០ ឆ្នាំ​​ម្នាក់ រស់នៅ​ក្នុង​ក្រុង​ Guidonia Montecelio នៅ​​ខាង​ក្រៅ​ទីក្រុង​រ៉ូម មិនអាចស៊ូទ្រាំ​​​នឹង​​ការ​រួមរស់​ជាមួយគ្នា​​ដោយ​​បង្ខំ​ ជាមួយ​ប្រពន្ធ​របស់គាត់​ទៀត​ទេ»។

រូបតំណាង៖ ទីបំផុត អាជ្ញាធរ​ក៏​បាន​សម្រេច​ឱ្យ​នាំខ្លួន​​យកទៅ​ពន្ធនាគារ​​ដូច​បំណង។

សេចក្ដីថ្លែងការ​បានសរសេរថា៖ «ដោយហត់នឿយ​នឹង​ស្ថានការណ៍​នៅផ្ទះ គាត់​សុខចិត្ត​រត់គេចខ្លួន​ដោយ​ឯកឯង​ដោយ​បង្ហាញ​វត្តមាន​​​​នៅ​​​ប៉ុស្តិ៍ប៉ូលិស​ដើម្បី​សុំ​ខ្លួន​ចូលពន្ធនាគារ​»។

បុរស​នេះ​ត្រូវបាន​គេ​ឃុំខ្លួន​ក្នុងផ្ទះ​ពីបទ​ឧក្រិដ្ឋកម្ម​គ្រឿងញៀន​អស់​រយៈពេល​ជាច្រើន​ខែ ហើយ​នៅសល់​ប៉ុន្មាន​ឆ្នាំ​ទៀត ទើប​រួចទោស។ នេះបើយោង​តាម​មន្ត្រីប៉ូលិស​ ហ្វ្រង់សេសស្កូ ចីអាកូម៉ូ ហ្វើរ៉ាងតេ ពី​ការិយាល័យ​នរគរបាល​​ក្រុងទីវូលី បាន​​​ប្រាប់​ទីភ្នាក់ងារ​ AFP។

លោក ហ្វើរ៉ាងតេ បាន​និយាយថា៖ «គាត់​ត្រូវបានឃុំខ្លួននៅផ្ទះ ដែល​មាន​​​ប្រពន្ធ​ និង​គ្រួសារ​របស់គាត់ ហើយអ្វីៗ​ក៏ប្រែ​ជា​ល្អក់កករ»។

លោក​បានដកស្រង់សម្ដី​​បុរស​នោះថា៖ «គាត់ថា គិតទៅមើល ជីវិត​នៅផ្ទះ​ដូចនរក​បែប​ហ្នឹង ខ្ញុំ​មិន​អាច​ទ្រាំទ្រ​បានទៀត​ទៀត។ ខ្ញុំសុខចិត្ត​ចូលគុកវិញប្រសើរជាង»។

ទីបំផុត បុរ​សនោះ​ក៏ត្រូវបាន​ចាប់ខ្លួន​​ពីបទ​ល្មើស​នឹង​ការ​ឃុំ​ខ្លួន​នៅផ្ទះ ហើយអាជ្ញាធរ​ក៏​បាន​សម្រេច​ឱ្យ​នាំខ្លួន​​យកទៅ​ពន្ធនាគារ​​ដូច​បំណង៕ AFP/HR

រូបតំណាង៖ បុរស​នេះ​ត្រូវបាន​គេ​ឃុំខ្លួន​ក្នុងផ្ទះ​ពីបទ​ឧក្រិដ្ឋកម្ម​គ្រឿងញៀន​អស់​រយៈពេល​ជាច្រើន​ខែ។