ក្រុង​បាងកក៖ ខណៈ​​ដប​ស្រា​ធូលីទុំ​ជិត ម្ចាស់​បារ៍​ក្រុង​បាងកក​ម្នាក់​កំពុង​ព្យាយាម​ឆ្លៀត​ពេល​ពី​បម្រាម​រឹ​តត្បិត​កូវីដ​មក​ ច្នៃ​ភេសជ្ជៈ​ទឹក​ផ្លែ​ឈើ​តាម​រដូវ​កាល ជាមួយ​ស្លឹក​​ក្ទម្ព។

ទីក្រុង​ថៃ​ដែលធ្លាប់​ល្បី​ល្បាញ​ពី​ជីវិត​នា​ពេល​រាត្រី បាន​រងនូវ​បម្រាម​រយៈ​ពេល​ជាង ៧ ​ខែ​ លើ​សេវាកម្ម​គ្រឿង​ស្រវឹង​ ក្នុង​ការ​ទប់​ស្កាត់​ការ​រីក​រាល​ដាល​នៃ​វិរុស​កូរ៉ូណា ដោយ​​បន្សល់​ទុក​ឱ្យ​ម្ចាស់​​តៀម​ស្រា និង​បារ៍​ឈឺ​ក្បាល​ជា​ដំណំ។

ប្រទេស​ថៃ​បាន​កត់​ត្រា​អ្នក​កើត​ជំងឺ​កូវីដជាង ១,៧ ​លាន​នាក់​ ជា​ការ​ហក់​ឡើង​យ៉ាង​គំហុក​តាំងពី​ខែ​មេសា ពេល​រដ្ឋាភិបាល​បាន​ប្រកាស​ក្រោយ​ការ​ផ្ទុះ​ជា​ចង្កោម​​នៅ​តាម​ក្លិប​រាត្រីធំៗ។

ស្លឹក​ក្ទម្ពនៅ​បារ៍ Teens ក្រុង​បាងកក ដែល​ធ្លាប់​លក់​ស្រាក្រឡុក​ ប្រែមក​ភេសជ្ជៈ​ទឹក​ផ្លែឈើ​លាយ​រុក្ខជាតិ​ឱសថ​បុរាណ។ AFP

ដោយ​គ្មាន​ការ​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល ម្ចាស់​បារ៍​ពិបាក​នឹង​ការ​រស់​រាន​ ដែល​ពួកគេ​ត្រូវ​ជ្រើសរើស​រវាង​ការ​បិទ​អាជីវកម្ម ឬ​បង្កើត​ភាព​ច្នៃ​ប្រឌិត​ផ្សេងៗ។

មុន​ពេល​ផ្ទុះ​ការ​ឆ្លង​រីករាលដាល អ្នក​និយម​ស្រា​ក្រឡុក​នាំគ្នា​មក​ក្រេប​​ភេសជ្ជៈ​ស្រវឹង​នៅ​បារ៍ Teens ជា​បារ៍​លក់​ស្រាក្រឡុក​នៅ​លើ​វិថី​ឆៃណា​ថោន​ក្រុង​បាងកក។

ពេលនេះ Teens បាន​បើក​ទ្វារ​ឡើង​វិញ​ជាមួយសកម្មភាព​​សេវាកម្ម​ ៦០​ ភាគរយ ​លក់​ភេសជ្ជៈ​ក្រឡុក​គ្មាន​គ្រឿង​ស្រវឹងដោយ​ប្រើ​​​ស្លឹកក្ទម្ព​ ​ជា​រុក្ខជាតិ​ស្ថិ​ត​ក្នុង​ខ្សែ​ស្រឡាយ​កាហ្វេ​ ដែល​ត្រូវបាន​ប្រើ​នៅ​តាម​តំបន់​នានា​នៃតំបន់​អាស៊ី​អាគ្នេយ៍​ជា​​ថ្នាំ​ប៉ូវ​កម្លាំង និង​ជំនួយស្មារតី។

ជា​រុក្ខជាតិ​ស្ថិ​ត​ក្នុង​ខ្សែ​ស្រឡាយ​កាហ្វេ​ ក្ទម្ព​​មាន​អានុភាព​ស្រាល​ជាង​ម័រហ្វីន​ក្នុង​ការ​​ភ្ញោច​ដល់​ប្រព័ន្ធ​ខួរ​ក្បាល​។ AFP

ក្ទម្ព​ ដែល​មាន​អានុភាព​ស្រាល​ជាង​ម័រហ្វីន​ក្នុង​ការ​​ភ្ញោច​ដល់​ប្រព័ន្ធ​ខួរ​ក្បាល​ ត្រូវ​បាន​ដក​ចេញ​ពី​បញ្ជី​ហាមឃាត់​របស់​ថៃ​កាលពីខែ​សីហា​កន្លង​ទៅ។

វិធាន​ការ​នេះ​បាន​ធ្វើ​ឱ្យ​ម្ចាស់​បារ៍ Teens លោក នីក អានុម៉ាន រ៉ាចាដុន រក្សា​បាន​​​ក្ដី​សង្ឃឹម​ ទោះបីជា​ភេសជ្ជៈ​ក្រឡុក​គ្មាន​សារធាតុ​ស្រា​ក្ទម្ព​លក់​ត្រឹម​តម្លៃ ៤ ​ដុល្លារ (១៦ ០០០ ​រៀល) ធៀប​នឹង​ស្រាក្រឡុក​ ជីន និង​តូនិក តម្លៃ ១១ ​ដុល្លារ (៤៤ ០០០ រៀល) ​យ៉ាង​ណា​ក៏ដោយ។

លោក នីក បាន​ប្រាប់ AFP ថា​៖ «​យើង​គ្មាន​ជម្រើស​អ្វី​ផ្សេង​ទេ ចំណូល​ពី ១៥ ទៅ ២០​ ភាគរយ​ គ្រប់​គ្រាន់​សម្រាប់​ចំណាយ​លើ​បុគ្គលិក​ និង​ថ្លៃ​ឈ្នួល​ហាង។ តែប៉ុណ្ណឹង​ឯង​»។

បុគ្គលិក​នៅ​បារ៍ Teens រៀបចំ​ភេសជ្ជៈក្រឡុក​លាយ​ក្ទម្ព​នៅ​ឆៃណាថោន​ក្រុង​បាងកក។ AFP

លោក ថាណាខន គុបតាជីត ប្រធាន​សមាគម​មុខ​របរ​លក់​ភេសជ្ជៈ​គ្រឿង​ស្រវឹង បាន​ប្រាប់​បណ្ដាញ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​ថា លោក​មើលឃើញថា ការ​លក់​ភេសជ្ជៈ​មាន​ការ​ធ្លាក់​ចុះ​ ៥០​ភាគរយ​ពី​តម្លៃ ៩​ពាន់​លាន​ដុល្លារ​ដោយសារតែបម្រាម។

​​ការ​មិន​បាន​ទទួល​ការ​ឧបត្ថម្ភ​ពី​រដ្ឋ និង​ជាប់​បម្រាម​លក់​ដូរ​ក្នុងទីតាំង​ផ្ទាល់​​ ទាំង​បារ៍ និង​តៀម​ស្រា ក៏​រង​នូវ​បម្រាម​ពី​ការ​លក់​គ្រឿង​ស្រវឹង​តាម​អនឡាញ​ថែម​ទៀត។

ជា​លទ្ធផល ម្ចាស់​ដីមួយ​ចំនួន​ក្នុង​ក្រុង​បាងកក ខិត​ខំ​សម្រប​ខ្លួន​តាម​បម្រាម​ ដោយលួច​​ផ្ដល់​សេវាកម្មគ្រឿង​ស្រវឹង​ក្នុង​កែវ​លាតៗ​ធម្មតា ឬ​ច្រក​កំប៉ុង​ភេសជ្ជៈ​ផ្សេងៗ។

បុគ្គលិក​នៅ​បារ៍ Teens រៀបចំ​ភេសជ្ជៈក្រឡុក​លាយ​ក្ទម្ព​នៅ​ឆៃណាថោន​ក្រុង​បាងកក។ AFP

បច្ចុប្បន្ន ជិត​ដល់​វេលា​ត្រូវ​បើក​ប្រទេស​ឡើង​វិញ អតិថិជន​នៅ ​​Teens ស៊ាំង​នឹង​រសជាតិ​ភេសជ្ជៈ​ក្រឡុក​ជាមួយ​ឱសថ​បុរាណ​ក្ទម្ព។

ផ្លែស្វាយ​ និង​ទឹក​ក្រូច​ឆ្មារ​ដាក់​ក្នុង​ពែង​ផលិត​ពី​ក្រមួន​ឃ្មុំ និង​ពពុះ​ទឹក​ឃ្មុំរសជាតិ​ស្លឹក​ក្ទម្ព​ល្វីងឡមៗ​ រក្សា​តុល្យភាព​ជាមួយ​រសជាតិ​ផ្អែម​នៃ​ផ្លែឈើ។

ក្នុង​បារ៍ អតិថិជន​អាយុ ៤០ ​ឆ្នាំឈ្មោះ ផដ ​បាន​សាកល្បង​ភេសជ្ជៈ​ក្រឡុក​ស្លឹក​ក្ទម្ព​ជាលើក​ដំបូង ពីកែវភេសជ្ជៈ​ឈ្មោះថា «ត្រចៀកខ្លា» ដែល​ផ្ទុក​មាន​ទឹក​ក្រូចឆ្មា​រ​ ខ្ទឹមស និង​សូដា។

លោក​បាន​និយាយថា​៖ «​វាមាន​រសជាតិ​ស្រដៀង​នឹង​ផ្លែព្រូន​ជូរ​ៗ។ វា​ពិតជា​ស្រស់​ស្រាយ​មែន​»៕ AFP/HR

​ភេសជ្ជៈក្រឡុក​​រសជាតិ​ស្លឹក​ក្ទម្ព​ល្វីងឡមៗ​ រក្សា​តុល្យភាព​ជាមួយ​រសជាតិ​ផ្អែម​នៃ​ផ្លែឈើ។ AFP