ភ្នំពេញៈ ការប្រកួត​​ប្រជែង​ដើម្បី​ជ្រើសរើស​រក​រាជិនី​សម្រស់ ឬ​ជា​បេ​ក្ខ​នារី​តំណាង​ជាតិ​នៃ​កម្មវិធី​​ប្រកួត​កញ្ញាឯក​ចក្កវាឡ​កម្ពុជា​ប្រចាំឆ្នាំ​ ២០២១ ជិត​រកឃើញ​ស្រី​ស្អាត ជា​ម្ចាស់​ជយលាភី​ហើយ​ ខណៈ​ពេលនេះ​ការប្រកួត​បាន​ឆ្លងកាត់​វគ្គ​ការប្រកួត​បឋម កាលពី​ចុង​សប្តាហ៍​កន្លងមក​។ ឯ​ការប្រកួត​វគ្គផ្តាច់ព្រ័ត្រ នឹងធ្វើ​នៅ​ថ្ងៃទី ​២៨ ខែ តុលា ឆ្នាំ ​២០២១ ​នេះ ដោយ​ផ្សាយ​ផ្ទាល់​នៅ​ទូរទស្សន៍​បាយ័ន និង​តាម​គេហទំព័រ Miss Universe Cambodia​។​

កញ្ញា សុង សោភា បេក្ខនារី​ពាក់​ស្លាក​​លេខ ​៨ នៃ​ការ​ប្រកួត​កញ្ញាឯកចក្កវាឡ​កម្ពុជាឆ្នាំ ២០២១​។ រូប ហ្វេសប៊ុក

​ការប្រកួត​បឋម (Preliminary Competition) នៃ​កម្មវិធី​ប្រកួត​កញ្ញាឯក​ចក្កវាឡ​កម្ពុ​ជា ប្រចាំឆ្នាំ​ ២០២១ (Miss Universe Cambodia 2021) បានបញ្ចប់​កាលពី​ថ្ងៃទី ២៣ ខែ តុលា ឆ្នាំ ​២០២១ នា​ចុង​សប្តាហ៍​កន្លងមកនេះ ដោយមានការប្រកួត​បឋម​នៃ​ការបង្ហាញ​ឈុត​ហែល​ទឹក ការប្រកួត​បឋម​នៃ​ការ​បង្ហាញ​រ៉ូ​ប​រាត្រីសមោសរ ការ​​ប្រកួត​បឋម​នៃ​ការបង្ហាញ​ឈុត​​តំណាង​ជាតិ ការប្រកួត​បឋម​នៃ​ការបង្ហាញ​ពានរង្វាន់​ពិសេស ហើយក៏​បង្ហាញ​សមាសភាព​ក្រុម​​គណ​:​កម្ម​ការផ្តល់​ពិន្ទុ​ការប្រកួត​បឋម​នេះ​ផងដែរ​។

​សម្រាប់​ការប្រកួត​បឋម​នេះ បើតាម​សេចក្តីប្រកាស​ពី​គេហទំព័រ​ផ្លូវការ​​បានឱ្យដឹងថា​៖ «​ក្រុម​គណ​:​កម្ម​ការផ្តល់​ពិន្ទុ​នៃ Preliminary Competition រួមមាន​កញ្ញា ថោង ម៉ា​ឡា កញ្ញាឯក​ភពផែនដី​កម្ពុជា​ឆ្នាំ​ ២០១៩ កញ្ញា សំណាង អេ​លី​ណា កញ្ញាឯក​ចក្កវាឡ​កម្ពុ​ជា​ឆ្នាំ ​២០១៩ កញ្ញា រឿន ណាត កញ្ញាឯក​ចក្កវាឡ​កម្ពុ​ជា ឆ្នាំ​ ២០១៨ កញ្ញា ផាន់ ផាត់​ណា កញ្ញាឯក​សុច្ឆន្ទៈ​ទេសចរណ៍​អាស៊ី​-​ប៉ាស៊ីហ្វិក​កម្ពុជា ឆ្នាំ​ ២០១៥ លោក សានី ជា​ជយលាភី​លេខ ​៤ នៃ​កម្មវិធី Mister Tourism and Culture Universe 20218 លោក Franz Josef Brune ជា​តំណាង​ក្រុមហ៊ុន​ស្ព​ន​ស័​រ​ធំ​ស្រា​បៀរ Ganzberg និង​លោក ភួង វណ្ណា ស្ថាបនិក AB Studio»​។​

​ចំពោះ​បេ​ក្ខ​នារី​ប្រកួត​កញ្ញាឯក​​ចក្កវាឡ​កម្ពុជា ប្រចាំឆ្នាំ ​២០២១ ទាំង ១៩ រូប មាន​កញ្ញា ខុន លី​ណា ពាក់​​លេខ ​១៩ កញ្ញា អោម ប្រាថ្នា ពាក់​​លេខ ​១៨ កញ្ញា មឿង បណ្ឌិត​បរ​មី ពាក់​លេខ ​១៧ កញ្ញា រិ ស្រីមុំ ពាក់​លេខ ​១៦ កញ្ញា ងិន ម៉ា​រ៉ា​ឌី ពាក់​លេខ​ ១៥ កញ្ញា ហ៊ុន ហ្គេ​ច​ឡាង ពាក់​លេខ ​១៤ កញ្ញា សុង សុ​ភ័​ក្រ ពាក់​លេខ ​១៣ កញ្ញា វៃ ដា​នី ពាក់​លេខ​ ១២ កញ្ញា រិ​ទ្ធ នីសា ពាក់​លេខ ​១១ កញ្ញា គិត អេ​លែ​ន ពាក់​លេខ ​១០ កញ្ញា ខុន អេ​ន​នី ពាក់​លេខ ​៩ កញ្ញា សុង សោភា ពាក់​លេខ ​៨ កញ្ញា ពក ស្រី​ល័​ក្ខ ពាក់​លេខ ​៧ កញ្ញា សុខ ចិន្តា ពាក់​លេខ ​៦ កញ្ញា ឆន ស្រី​ណេ​ត ពាក់​លេខ ​៥ កញ្ញា ព្រំ ស្រីនាត ពាក់​លេខ ​៤ កញ្ញា ឡូយ ច័ន្ទ​រស្មី ពាក់​លេខ ​៣ កញ្ញា សារី ស្រី​ពេជ្រ ពាក់​​លេខ ​២ និង​កញ្ញា ស៊ីម ម៉ា​ហ្គា​រ៉ែត​ពេជ្រចរណៃ ពាក់​លេខ ​១៕