ក្រុង​ម៉ិ​ក​ស៊ី​កូ: វេលា​នេះ កសិករ​នៅ​តំបន់ Atlixco ភាគ​កណ្ដាល​ម៉ិ​ក​ស៊ី​ក កំពុង​មមាញឹក​ប្រមូល​ផល​ពី​កម្រាលព្រំ​បុប្ផា​ពណ៌​លឿងទុំ​ឆ្អិនឆ្អៅ ដើម្បី​ត្រៀម​ផ្គត់ផ្គង់​ទីផ្សារ​នា​រដូវ​បុណ្យ «​ទិវា​ឧទ្ទិស​ដល់​អ្នកស្លាប់​» ដែល​នឹងត្រូវ​ប្រារព្ធ​នៅ​ថ្ងៃ​ទៅ ១ និង ២ ខែវិច្ឆិកា ខាងមុខនេះ​។​

​ផ្កាស្បៃរឿង​ដែល​ភាសា​ក្នុងស្រុក​ហៅថា Cempasuchil ត្រូវបាន​ប្រើប្រាស់​ដើម្បី​តុបតែង​ផ្នូរ និង​កន្លែង​ដាក់​ឆ្អឹង ឬ​ធាតុ​អ្នកស្លាប់ក្នុង​ជំនឿ​ថា ក្លិន​របស់​បុប្ផា​លឿងទុំ​នេះ​នឹង​នាំ​ផ្លូវ​វិញ្ញាណ​មកកាន់​ឋានមនុស្ស​។​

​ស្ថិតនៅ​ចម្ការ​ផ្កា​ក្បែរ​ជើងភ្នំ លោក ហ៊ី​ប៉ូ​លី​តូ ហ្គា​ជូ​ភី​ន បាន​និយាយថា​៖ «​ដោយសារតែ​ការរីក​រាលដាល​នៃ​ជ​ងឺ​កូ​វីដ យើង​ពិបាក​នឹង​និយាយថា ការប្រមូល​ផល​របស់​យើង​វា​ប្រសើរ ឬ​យ៉ាងណាទេ​»​។​

​អ្នក​បេះ​ផ្កាស្បៃរឿង​រូបនេះ​បាន​ត្អូញត្អែរថា​៖ «​តម្លៃ​ផ្កា​ពិតជា​ថោក​ខ្លាំង តែ​យើង​មិនដឹង​ធ្វើ​យ៉ាងម៉េច​ទេ​។ យើង​ត្រូវតែ​ធ្វើ​ដើម្បី​ឆ្នាំងបាយ​។ យើង​មិន​អាចធ្វើ​អ្វី​បាន​លើសពីនេះ​ទេ​»​។​

​រដូវ​បុណ្យ​ឧទ្ទិស​ដល់​អ្នកស្លាប់​នេះ ​មាន​ប្រភព​នៅ​ម៉ិ​ក​ស៊ិ​ក និង​សាយ​​ភាយ​ទៅ​ជុំវិញ​ពិភពលោក តាមរយៈ​ពលរដ្ឋ​ដែលមាន​សាវតារ​ម៉ិ​ក​ស៊ិ​ក​។​

​ប្រពៃណី​នេះ​ក៏ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​តំណាងឱ្យ​វប្បធម៌​អរូបី​នៃ​បេតិកភណ្ឌ​មនុស្សជាតិ ដោយ​អង្គការ​យូណេស្កូ កាលពី​ឆ្នាំ ​២០០៨ ផងដែរ​។​

​អំឡុងពេល​បុណ្យ​រយៈពេល​៣​ថ្ងៃនេះ ក្រុមគ្រួសារ​នាំគ្នា​សម្អាត និង​តុបតែង​ផ្នូរ​មនុស្ស​ជាទី​ស្រឡាញ់ ជាមួយ​ផ្កាស្បៃរឿង ឬ​ផ្កា​វិញ្ញាណ​។​

​សម្រាប់​កសិករ​ប្រមូល​ផល​ផ្កា កាន់តែ​កៀក​ថ្ងៃបុណ្យ ការងារ​បេះ​ផ្កា​កាន់តែ​លំបាក​។​

​កាត់​ផ្កា​បណ្ដើរ និយាយ​បណ្ដើរ លោក ហ្គា​ជូ​ភី​ន បាន​ប្រាប់ទៀតថា​៖ «​យើង​ចាប់ផ្ដើម​កាត់​ផ្កា​តាំងពី​ថ្ងៃនេះ (២២ តុលា​)​។ យើង​ត្រូវតែ​ធ្វើការ​មុន​ថ្ងៃបុណ្យ​មកដល់ ព្រោះ​បើ​កាន់តែ​កៀក កិច្ចការ​កាន់តែ​លំបាក ដោយ​​សារ​តែ​យើង​ពិបាក​រក​កម្លាំង​ធ្វើការ​នៅ​ចម្ការ​ផ្កា​»៕ AFP/HR