
ឆន ស្រីណេត មានប្រជាប្រិយភាពខ្លាំង ទោះបីជាប់ជាកញ្ញាឯករងទី១ នៃកញ្ញាឯកចក្កវាឡកម្ពុជាឆ្នាំ ២០២១។ ហ្វេសប៊ុក
ភ្នំពេញៈ នៅក្នុងចំណោមស្រីស្រស់ជាបេក្ខនារីផ្លូវការទាំង ១៩ រូប មានតែ ៣ រូប ប៉ុណ្ណោះ ដែលត្រូវបានជ្រើសរើស ជាម្ចាស់ជយលាភីនៅក្នុងវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ប្រកួតប្រជែងសម្រស់ទ្រង់ទ្រាយធំរបស់ប្រទេសកម្ពុជា ដោយមានការផ្សាយផ្ទាល់នៅលើស្ថានីយទូរទស្សន៍បាយ័ន កាលពីថ្ងៃទី ២៨ ខែតុលា កន្លងមក។
ម្ចាស់មកុដបានទៅលើបេក្ខនារីពាក់ស្លាកលេខ ១៥ កញ្ញា ងិន ម៉ារ៉ាឌី ដែលជាតារាសម្តែង ពិធីការិនី និងអ្នកបង្ហាញម៉ូដដ៏មានទេពកោសល្យ។ ក្រៅពីម្ចាស់មកុដ ដែលជាតំណាងឱ្យប្រទេសកម្ពុជា ទៅប្រកួតលើឆាកអន្តរជាតិ នាពេលខាងមុខនេះ បេក្ខនារី ២ រូបទៀត បានក្លាយជាជយលាភីលំដាប់រងផងដែរ ក្នុងនោះមានកញ្ញា ឆន ស្រីណេត ជាប់ជាជយលាភីរងទី១ (1st Runner Up) ពាក់ស្លាកលេខ ៥ និងកញ្ញា ស៊ីមម៉ាការ៉េត ពេជ្រចរណៃ ជាប់ជាជយលាភីរងទី២ (2st Runner Up) ពាក់លេខ ១។
ចំពោះបេក្ខនារីខ្មែរក្រោម ដែលមកពីដែនដីកម្ពុជាក្រោម ទទួលបាននូវចំណាត់ថ្នាក់លេខ ២ ឬកញ្ញាឯករងទី១ (1st Runner Up) នោះ ហាក់ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងក្លាពីមហាជន ស្ទើរតែគ្រប់មជ្ឈដ្ឋាន មានទាំងក្នុងប្រទេសកម្ពុជា ក្រៅប្រទេស និងប្រជាជននៃសហគមន៍ខ្មែរក្រោមទៀតផង។
នារាត្រីវគ្គផ្តាច់ព្រ័ត្រនោះ គេឃើញមានអ្នកគាំទ្រយ៉ាង-ច្រើនបានសរសើរថា៖ «ខ្ញុំគាំទ្រ ស្រីណេត លេខ ៥ ព្រោះគាត់ជាខ្មែរកម្ពុជា-ក្រោម ខ្ញុំក៏ចង់ឱ្យពិភព-លោកទទួលស្គាល់ដែរថា ខ្មែរក្រោមគឺជារបស់ខ្មែរតែមួយ»។
ចំណែកឯតារាសម្តែងស្រីជើងចាស់ខ្មែរ អ្នកនាង ចន ច័ន្ទលក្ខិណា វិញក៏បានសម្តែងអារម្មណ៍មិនសូវសប្បាយចិត្តផងដែរ ខណៈឃើញកញ្ញា ឆន ស្រីណេត ជាប់លេខ ២ នៅក្នុងការប្រកួតកញ្ញាឯកចក្កវាឡកម្ពុជាឆ្នាំ ២០២១ នេះ ដោយអ្នកនាង បានសរសេរជាសារយ៉ាងខ្លីបន្លឺថា៖ «សញ្ញា? ក្នុងខួរក្បាល តើគាត់ [ស្រីណេត] មានចំណុចខ្វះខាតត្រង់ណា?» ភ្ជាប់នឹងបណ្តុំរូបភាពកញ្ញា ឆន ស្រីណេត។
ដោយឡែក នៅរសៀលថ្ងៃទី ២៩ ខែ តុលា ឆ្នាំ ២០២១ កន្លងមក សហព័ន្ធខ្មែរកម្ពុជាក្រោម និងគណៈកម្មការស្ត្រីនៃសហព័ន្ធខ្មែរ-កម្ពុជាក្រោម មានមូលដ្ឋាននៅសហរដ្ឋអាមេរិក រួមជាមួយនឹង លេខាធិការដ្ឋានអង្គការ សមាគមខ្មែរកម្ពុជាក្រោម មានសមាជិកចំនួន ៩ ស្ថាប័ន ជាតំណាងរបស់ពលរដ្ឋខ្មែរក្រោម មានមូលដ្ឋាននៅព្រះរាជាណាចក្រកម្ពុជា បានរៀបចំកម្មវិធីអបអរសាទរ និងផ្ដល់ជាកម្លាំងចិត្តទៅដល់បេក្ខនារីខ្មែរក្រោមរូបនេះផងដែរ។
ទោះជាមិនទទួលបានមកុដពីការប្រកួតមែនក្តី ក៏ ស្រីណេត បានពានស្ទួនៗគ្នាច្រើនដែរ រួមមានពាន «Beauty of Face» ពាន «Best In Editorial Look» និងពាន Best In Evening Gown ជាដើម៕