ភ្នំពេញ៖ សន្តិសុខ​គ្រង​ឈុត​ពណ៌​ក្រហម មុខ​ពាក់​របាំង​ខ្មៅ បុរស​ស្រោប​ឈុតខ្មៅ​ជិតឈឹង និង​នារី​ស្លៀក​ឈុត​តុក្កតា​ពណ៌​លឿងទុំ ក្នុង​ល្បែង «Red Light, Green Light» បាន​ឈរ​តម្រៀប​គ្នា ដើម្បី​ត្រួតពិនិត្យ​អ្នកចូលរួម​លេង​ទាំងអស់​។

​នេះ​ជា​ទិដ្ឋភាព​ការលេង​ហ្គេម​កម្សាន្ត រៀបចំឡើង​ដោយ​ក្រុមហ៊ុន Prince Security Service (PSS) ដែលជា​សមាជិក​នៃ Prince Holding Group ក្នុង​ភោជនីយដ្ឋាន​កូរ៉េ បូ​ន​ហ្គា ម្តុំ​បឹង​កេងកង ​១ កាលពី​ថ្ងៃទី ៣០ ខែតុលា នា​រដូវ​បុណ្យ​ហា​ឡូ​វីន​។​

​លោក បេន​ជី លាវ (Benjie Liu) នាយក​គ្រប់គ្រង​ក្រុមហ៊ុន PSS ដែល​បង្កើត​ក្នុង​ឆ្នាំ ​២០១៨ ដើម្បី​ផ្តល់នូវ​ដំណោះស្រាយ​សន្តិសុខ​ប្រជាជន ធានា​សុវត្ថិភាព​ទីកន្លែង និង​ទ្រព្យ​សម្បត្តិ បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា​៖ «​ដោយសារ​ក្រុមហ៊ុន​យើង​ជា​ក្រុម​​ហ៊ុន​សន្តិសុខ​ផង ការធ្វើ​តម្រាប់​តាម Squid Game គឺ​ស័ក្តិសម​បំផុត​ក្នុងឱកាស ហា​ឡូ​វីន ព្រោះ​ឆ្មាំ​ការពារក៏​ជា​តួអង្គ​សំខាន់​មួយ​ក្នុង​រឿង​»​។​

​តួអង្គ​ទាំងនេះ​ដកស្រង់​ចេញពី​ភាពយន្ត​កូរ៉េខាងត្បូង «Squid Game» ដ៏​ល្បីល្បាញ ដែលមាន​អ្នកទស្សនា​លើ Netflix ដល់​ទៅ​ជាង ១១១ លាន​គណនី និង​កំពុង​ពេញ​​និយម​នៅ​លំដាប់​កំពូល​ទាំង ១០ ក្នុងប្រទេស ៩៤ ជុំវិញ​ពិភពលោក​។​

​ក្រុមហ៊ុន PSS បាន​បំផុសគំនិត​អំពី​ការ​ស្លៀកពាក់​តាម​លំនាំ​តួអង្គ​ក្នុង​រឿង ដោយបាន​រៀបចំ​ឱ្យ​បុគ្គលិក​សន្តិសុខ​របស់ខ្លួន​ស្លៀកពាក់​ឈុត ឆ្មាំ​ការពារ​ដែលមាន​ពណ៌​ក្រហម អមដោយ​ផ្ទាំង​រូបភាព​តុក្កតា​មនុស្ស​យន្ត «Red Light, Green Light» ដើម្បី​រង់ចាំ​ទទួល​ស្វាគមន៍​ភ្ញៀវ​។​

​លោក បេន​ជី បាន​បន្តថា​៖ «​ឆ្លៀត​ពេលនេះ​យើង​ប្រើប្រាស់​ប្រជាប្រិយ​-​ភាព​របស់​រឿង បង្កើត​កម្មវិធី ដើម្បីឱ្យ​អតិថិជន​ស្គាល់​អំពី PSS និង​សេវា​​កម្ម​របស់​យើង​កាន់តែច្បាស់​តាមរយៈ ភាព​ច្នៃប្រឌិត តាម​សាច់​រឿងនេះ​»​។​

​ក្រុមហ៊ុន​បាន​អញ្ជើញ​អ្នក​សារ​​ព័ត៌មាន​ក្នុងស្រុក​ប្រកួត​លេងល្បែង​ដកស្រង់​ពី​ខ្សែភាពយន្ត​ដូចជា វគ្គ​ទាយ​គ្រាប់ឃ្លី និង​វគ្គ​ចាក់​បន្ទះ​ស្ករ​។​

​អ្នកចូលរួម បាន​លេងល្បែង​កម្សាន្ត ចំនួន ២ ​ជុំ​នៃ​ការប្រកួត គឺ​ជុំ​ទី​១ អ្នក​ចូលរួម​ត្រូវ​ចាប់​ដៃគូ​ដែល​សរុប​មាន ​៥ ​គូ ដើម្បី​លេង​ទាយ​គ្រាប់ឃ្លី​តាមរយៈ​ការ​ប៉ាវ ជម្រុះ​យកតែ ៥ ​នាក់ យកទៅ​លេង​ជុំ​ទី​២ គឺ​ការប្រកួត​ចាក់​បន្ទះ​ស្ករ​។

អ្នកចូលរួម​ប្រកួតកំពុង​ផ្ចិត​ផ្ចង់ចាក់​នំបន្ទះស្ករដាល់ហ្គូណា។ រូបថត សហ​ការី

​ក្នុងចំណោម ៥ ​នាក់​នោះ អ្នក​ដែល​គូររូប​ឱ្យទៅ​តាម​នំ​បន្ទះ​ស្ករ​មុនគេ​ត្រូវបាន​ចាត់ទុកថា​ ជា​អ្នកឈ្នះ នឹង​ទទួលបាន​ប្រាក់រង្វាន់​ត្រឡប់ទៅផ្ទះ​។ អ្នក​ឈ្នះ​បាន​ចំណាយពេល​តិចជាង ២ ​នាទី​គូររូប​លើ​នំ​ជា​រាង​បញ្ច​កោណ​។

​ផ្ទុយ​ពី​វិធីសាស្ត្រ​នៃ​ការផ្តល់​រង្វាន់ និង​ការដាក់ទណ្ឌកម្ម​តាម​លំនាំ​សាច់​​រឿង​ដើម អ្នកចូលរួម​នៅក្នុង​កម្មវិធី​ហា​ឡូ​វីន PSS មិន​ប្រកួតប្រជែង​ដើម្បី​បន្តជីវិត​របស់​ពួកគេ​នោះទេ​។

​លោក បេន​ជី បន្តថា​៖ «​អ្នកឈ្នះ​ក្នុងការ​ប្រកួតប្រជែង​នឹង​ទទួលបាន​ទឹកប្រាក់ ៤៥៦ ០០០ ​រៀល ត្រឡប់ទៅផ្ទះ​វិញ​។ ការលេងកម្សាន្ត​នេះ ​គឺ​មិនមែនជា​ការផ្លាស់​ប្តូរជីវិត​ជាមួយនឹង​ទឹកប្រាក់ ៤៥,៦​ ពាន់​លាន​វ៉ុ​ន ​ដូច​ក្នុង​សាច់រឿង​នោះទេ​។ ពួកយើង​ត្រូវតែ​ប្រាកដថា គ្មាន​អ្នកសារព័ត៌មាន​ណា​ម្នាក់​រងគ្រោះ​នៅក្នុង​អំឡុងពេល​នៃ​ការប្រកួត​លេងល្បែង​កម្សាន្ត​ក៏ដូចជា​ក្នុង​កម្មវិធី​ទាំងមូល​»​។​

​កម្មវិធី​កម្សាន្ត​មួយ​នេះ​គ្រាន់តែ​ជា​ផ្នែក​មួយនៃ​ឥទ្ធិពល​រឿង Squid Game នៅ​កម្ពុជា​។ ប្រជាប្រិយភាព​វា​បាន​សាយភាយ​ដល់​កម្ពុជា​រាប់​តាំងពី​ការ​ស្លៀកពាក់ ចម្រៀង ការលេង​ហ្គេម រហូតដល់​ចំណីអាហារ​។​

​ហ្គេម​ទូរស័ព្ទ​ដែល​ត្រូវបាន​ទាញយក​មកលេង​ច្រើន​បំផុត​នៅ​កម្ពុជា​មានដូចជា 456: Survival game និង ហ្គេម​កាត់​នំ​ស្ករ Cookie Cutter សុទ្ធសឹងតែ​យក​លំនាំ​តាម​រឿងនេះ​។​

​ភោជនីយដ្ឋាន ហាង​កាហ្វេ​មួយចំនួន ដូចជា Stonegrill Cambodia Restaurant and Bar និង Naga mo mo ដែលជា​ហាង​ប៊ឺ​ហ្គឺ​រ​បុរាណ បាន​យកនំ​ធ្វើជា​ចំណី​ពិសេស​បន្ថែម​ដល់​ភ្ញៀវ ក៏ដូចជា​ទំព័រ​បណ្ដាញ​សង្គម Mitr Phol Sugar Cambodia បាន​ចែករំលែក​ក​ពី​វិធី​ធ្វើ​នំ​ស្ករ​។​

​អ្នកលក់​ខោអាវ​អន​ឡាញ មាន​ផេ​ច ឈ្មោះ Xstyle Glory បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា​៖ «​យើង​ឃើញ​មាន​សម្ទុះ​ចាប់អារម្មណ៍​ច្រើន​ទៅលើ​រឿង​។ ដូចនេះ​យើង​នាំ​ចូលមក​ប៉ុន្មាន​ឈុត [Squid Game] សាកល្បង​លក់​ហើយក៏​មាន​អ្នក​សួរនាំ​ច្រើន​។ ម្នាក់​ទិញ ១-២​ ឈុត ខ្ញុំ​ឆ្លៀតឱកាស​សួរ​ទៅ គាត់​ថា​ចង់យក​ថតរូប និង​ត្រៀម​សម្រាប់​បុណ្យ​ហា​ឡូ​វិ​ន​»​។​

​ក្រៅពី​ឥទ្ធិពល​ហ្គេម សម្លៀកបំពាក់ និង​ចំណីអាហារ សាច់រឿង​ល្បី​ខ្លាំង​ចំពោះ​យុវវ័យ​មួយ​នេះ​បាន​សាយ​​ភាយ​ឥទ្ធិពល​សូម្បីតែ​ក្មេងៗ ដោយ​បន្លឺសំឡេង​រហ៊ឹម​ត្រាប់​តាម​ចម្រៀង ទាំង​មិន​យល់​ភាសា​ដើម និង​មាន​ទាំង​ការសម្ដែង TikTok ថែម​ទៀតផង​។

សន្តិសុខ និង​ឆ្មាំ​ស្លៀកពាក់លំនាំតាមតួអង្គ​រឿង Squid Game។ រូបថត សហ​ការី

​ឥទ្ធិពល​ភាពយន្ត Squid Game ជា​សកល​មាន​ទាំង​គុណ​ស​ម្ប​តិ្ត​អប់រំ ឆ្លុះបញ្ចាំង​តថភាព​វិសមភាព​សង្គម ព្រមទាំង​គុណវិបត្តិ ជាមួយ​រូបភាព​អំពើហិង្សា បាញ់សម្លាប់ ការ​បង្ហូរឈាម​គួរឱ្យខ្លាច ដែល​មិន​ស័ក្ដិសម​នឹង​ទស្សនិកជន​វ័យក្មេង​។

​លោក ហឿ សេ​ធុល អ្នក​ប្រឹក្សា​ផ្លូវ​​ចិត្ត​នៅ​កម្ពុ​ជាជាង ២០ ​ឆ្នាំ បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា​៖ «​ការបារម្ភ​ទី​១ ​គឺ​ហ្គេម​។ ជាក់ស្ដែង មិនមែន​តែ Squid game ហ្នឹង​ទេ ដែល​ក្មេង​ជក់​ខ្លាំង ហើយ​មកដល់​ចំណុច​ហ្នឹង គាត់​អាច​ប្រឈម​នឹង​ការសិក្សា ទំនាក់ទំនង​សង្គម និង​ជីវិត​ប្រចាំថ្ងៃ​។ មួយទៀត​ទាក់ទង​នឹង​អំពើហិង្សា វា​អាចធ្វើឱ្យ​អតិថិជន ប្រែប្រួល​អាកប្បកិរិយា​ទំនោរ​ទៅរក​ហិង្សា​ហ្នឹង​តែម្ដង​»​។​

​អ្នកជំនាញ​ចិត្តសាស្ត្រ​ដែលមាន​ស្នាដៃ​ចងក្រង​សៀវភៅ​អប់រំ​ផ្លូវចិត្ត​កុមារ​រូបនេះ​បាន​បន្តថា​៖ «​ខ្ញុំ​គិតថា វា​មិន​ចំណេញ​អី​ប៉ុន្មាន រដ្ឋាភិបាល​គួរតែ​គ្រប់គ្រង ក្នុងការ​ទប់ទល់ ឬ​បិទ​ជាពិសេស​ជាមួយ​ក្មេង​។ ចំពោះ​តួនាទី​ឪពុកម្ដាយ​ខ្ញុំ​យល់ថា មាន​សមត្ថភាព​គ្រប់គ្រង​បាន​។ តែបើ​មិនអាច​គួរតែ​រក​ជំនួយ​ពី​អ្នកឯកទេស ដើម្បី​កុំឱ្យ​កូន​កាន់តែ​ផុងខ្លួន​»​។​

​ទោះ​សាច់រឿង​ដែល​មិន​ស័ក្ដិសម​នឹង​កុមារ​នេះ ក៏ Squid Game ត្រូវបាន​ផលិតករ​កូរ៉េ​អះអាងថា មានតម្លៃ​អប់រំ​បង្កប់ បង្ហាញ​ពី​មិត្តភាព ការ​ទុក​​ចិត្ត​មនុស្ស និង​ផ្នែក​ងងឹត​មួយ​នៃ​សង្គម​ដែល​យុវវ័យ​អាច​ស្វែងយល់​។​

​ត្រឡប់​មកកាន់​ការលេង​ល្បែង​មុននេះ ប្រធាន​គ្រប់គ្រង PSS លោក បេន​ជី និយាយថា​៖ «​ខ្ញុំ​គិតថា រឿងនេះ​ទទួលបាន​ជោគជ័យ​ខ្លាំងណាស់​លើ​សកលលោក ដែល​ធ្វើឱ្យ​ពេល​យើង​រៀបចំ​បុណ្យ​ហា​ឡូ​វីន​កាលពី​សប្ដាហ៍​មុន មាន​ភាព​ប្លែក​ថ្មី និង​រីករាយ​ពី​អ្នកចូលរួម ទាំង​ការលេង​ល្បែង និង​ថតរូប​កម្សាន្ត ជា​រឿង​ល្អ​សម្រាប់​បង្ហាញ​ពី​សេវាកម្ម​យើង​ផងដែរ​»៕