​ភ្នំពេញៈ នាពេល​ថ្មីៗ​នេះ មានការ​ភ្ញាក់ផ្អើល​ពេញ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដោយមាន​ការលេចចេញ​នូវ​​ព័ត៌មាន​ជាទី​តាំង​តម្កល់​ធាតុ (​ចេតិយ​) របស់​អតីត​រាជិនី​សំឡេង​មាស លោកស្រី រស់ សេរី​សុទ្ធា ក្រោយពី​មានការ​ធ្វើបុណ្យ​ឱ​ទ្ទិស​កុសល និង​ការ​​ប្រារព្ធ​ពិធី​ខួបកំណើត​វ័យ ៧៤ ឆ្នាំ ​ពី​សំណាក់​សាច់ញាតិ​ដែលជា​បងស្រី​បង្កើត កាលពី​ថ្ងៃទី ៦ ខែ វិច្ឆិកា ឆ្នាំ ​២០២១ កន្លង​​មក​ថ្មីៗ​នេះ​។​ 

​បើតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Socheata Vong បាន​បង្ហោះ​បណ្ដុំរូបភាព និងសារ​បង្ហាញ​ទីតាំង​ចេតិយ របស់​តារាចម្រៀង​ស្រី​ល្បី​នា​​ទសវត្សរ៍​ទី​៦០-៧០ លោក​ស្រី រស់ ​សេរី​សុទ្ធា ដែលមាន​រហស្សនាម​ថា «​រាជិនី​សំឡេង​មាស​» ជា​ដៃគូ​លោកតា ​ស៊ីន ស៊ី​សាមុត ក៏មាន​រហស្សនាម​ថា «​អធិរាជ​សំឡេង​មាស​» ដែរ​​នោះ មាន​ទីតាំង​ស្ថិតនៅ​ក្នុងស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។

​ពី​គណនី​ហ្វេ​ស​ប៊ុ​ក​ខាងលើនេះ​បង្ហើប​ថា​៖ «​នេះ​ជា​រូបភាព​ចេតិយ​របស់​រាជិនី​សំឡេង​​មាស រស់ សេរី​សុទ្ធា ដែល​ខ្ញុំ​បាន​ស្វែង​រកឃើញ​កាលពី​ខែសីហា ឆ្នាំ ​២០២១​។ ចេតិយ​នេះ​មាន​ទីតាំងនៅ​ភូមិ​សំបួរ (​ត្រពាំង​ខ្លុង​) ឃុំ​ដំបូក​រូង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ហើយ​ត្រូវបាន​សាងសង់​រួច​នៅក្នុង​ខែធ្នូ ឆ្នាំ ​២០២០​។ នៅ​ខាងក្នុង​ចេតិយ​មាន​ឆ្លាក់​អក្សរ​ថា «​សូម​ឧទ្ទិស​ជូន​វិញ្ញាណក្ខន្ធ​​លោកស្រី រស់ សេរី​សុទ្ធា និង​ក្រុមគ្រួសារ ព្រមទាំង​ជន​រង​គ្រោះ​ ដែល​បាន​បាត់​បងជីវិត​ក្នុង​របប ប៉ុល ពត​»​។ ចេតិយ​​នេះ​មិនមាន​ដាក់ឈ្មោះ​អ្នក​សាងសង់​នោះទេ ប៉ុន្តែ​បើតាម​ប្រភព​អះអាង​ពី​អ្នកភូមិ ដែល​រស់នៅ​ទីនោះ បាន​ប្រាប់ថា មាន​មន្ត្រីជាន់ខ្ពស់​មកពី​ក្រសួងព្រះបរមរាជវាំង​ជា​អ្នក​សាង​​សង់ ហើយ​មាន​ការជួយ​ថវិកា​ពី​សប្បុរសជន​។ ចេតិយ​នេះ​​មាន​ទំហំ​តូច​ច្រឡឹង និង​មាន​រចនាប័ទ្ម​ខ្មែរ​យ៉ាង​ល្អ​ប្រណីត​។ នៅក្នុង​ភូមិ​នេះ និង​ភូមិ​ក្បែរ​នេះ​មាន​ស្រះ​ទឹក អណ្តូងទឹក និង​សាលាបឋមសិក្សា ដែលជា​​ព្រះរាជ​អំណោយរបស់​ព្រះ​ករុណាជីវិត​តម្កល់​លើ​ត្បូង សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ ព្រះរាជាណាចក្រ​កម្ពុជា​»​។​

ប្រភព​ដដែល​បន្តថា​៖ «​ថ្ងៃនេះ ខ្ញុំ​មាន​កិត្តិយស និង​សេច​​ក្តី​រីករាយ​ក្រៃលែង ដែល​បានរួម​ដំណើរ​ជាមួយ​លោកស្រី រស់ សា​បឿន​ (Ros Saboeun) ​ដែល​ត្រូវជា​បងស្រី​បង្កើត​របស់លោក​ស្រី រស់ សេរី​សុទ្ធា ទៅកាន់​ចេតិយ​នេះ ដើម្បី​រៀប​​ចំ​ពិធី​បង្សុកូល​ឧទ្ទិស​ដល់​​វិញ្ញាណក្ខន្ធ​លោកស្រី រស់ សេរី​​សុទ្ធា និង​ជនរងគ្រោះ​ដែល​បាន​បាត់បង់​ជីវិត​ក្នុង​របប​ខ្មែរក្រហម​។ ថ្ងៃ​នេះដែរ ក៏​ជា​ថ្ងៃ​កំណើត​របស់​លោកស្រី រស់ សេរី​សុទ្ធា​។ លោកស្រី​កើត​នៅ​ថ្ងៃទី ​៦ ខែ វិច្ឆិកា ឆ្នាំ ​១៩៤៧ នៅ​ភូមិ​ដំណាក់​ហ្លួង ឃុំ​វត្ត​គរ ស្រុក​សង្កែ ខេត្តបាត់ដំបង​។ លោកស្រី​មាន​បងប្អូន​បង្កើត​ចំនួន ៥ នាក់​។ មានតែ​លោក​ស្រី រស់ សា​បឿន តែ​ប៉ុ​ណ្នោះ ដែល​រស់រានមានជីវិត បច្ចុប្បន្ន គាត់​កំពុង​រស់នៅ ខេត្ត​បាត់​​ដំបង ក្រោយ​វត្ត​ដំរី​ស​»​។​

បទ​ចម្រៀង​ពេញនិយម​របស់​ប្រិយមិត្ត​អ្នក​ស្តាប់​នូវ​សំនៀង រាជិនី​សំឡេង​មាស មាន​បទ «​អនុស្សាវរីយ៍​ខ្នងភ្នំ​​សំពៅ​» (​គេ​ច្រឡំ​ថា​បទ ​«​បាច​ផ្កា​ម្រះព្រៅ​») និង​បទ «​កូន​​ស្រី​អ្នកនេសាទ​» (​គេ​ច្រឡំ​ថា «​ឱ​! ​ភូមិ​បាក់​ព្រា​»)៕