​កំពត: ជាមួយ​រូប​ផ្កា ៥ ​ស្រទាប់​ជា​និមិត្តសញ្ញា​បិទ Flowers Nanobrewery គឺ​សិប្បកម្ម​ផលិត​ស្រា​តូច​មួយ នៅ​ទឹកដី​កំពត ដែល​កើតចេញពី​សុបិន​បុរស​ជប៉ុន យូគី អោ​ថា​នី​។

​ពី​ទី​កំណើត​ក្រុង​តូ​ក្យូ រហូតដល់​បាន​រៀនធ្វើការ និង​រស់នៅ​អាមេរិក​ជាង ៧ ​ឆ្នាំ យូគី បានសម្រេច​ចិត្ត​មក​កម្ពុជា​កាលពី​ឆ្នាំ ​២០១៥ ដើម្បី​បើក​រោង​សិប្បកម្ម​ផលិត​ស្រា​តូច​មួយ​។​

​លោក​បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា​៖ «​ខ្ញុំ​បាន​ព្យាយាម​ស្វែងរក​កន្លែង​ធ្វើ​សិប្បកម្ម​ផលិត​ស្រា​តូច​មួយ ទាំង​នៅ​ជប៉ុន កោះ​បាលី ក្រុង​តៃប៉ិ តៃវ៉ាន់ និង​ថៃ តែ​កន្លែង​ទាំងនោះ​ទាមទារ​ចំណាយ និង​ថ្លៃ​បង់ពន្ធ​ខ្ពស់ ការប្រកួតប្រជែង​ខ្លាំង ហើយ​ច្បាប់​ក៏​តឹងតែង​»​។​

​ការជ្រើសរើស​ខេត្តកំពត​ជាទី​តាំង​ផលិត​ស្រា​បៀរ លោក យូគី ថា ព្រោះ​ទីនោះ​មិនទាន់មាន​អ្នក​ផលិត​ស្រា​បៀរ​ស្រស់​។ យូគី ក៏​មិនមែនជា​អ្នក​ចូលចិត្ត​ធ្វើកា​ងារ​ប្រកួតប្រជែង ទើប​លោក​ស្វែងរក​ទីផ្សារ​ថ្មី​សម្រាប់​ខ្លួន​​ឯង ​ដោយ​ការផលិត​ស្រា​បៀរ​ស្រស់ៗ​ច្នៃ​តាម​តម្រូវការ ដែល​មិនមាន​កន្លែង​ណា​ផ្សេងទៀត​ធ្វើបែបនេះ​។​

​ហេតុផល ដែល​លោក​ជ្រើសរើស​ទឹកដី​កំពត​ជា​ផ្ទះ​ទី​២ ត្រូវបាន​លោក​ឱ្យដឹងថា​៖ «​ខ្ញុំ​ឃើញ​មានតែ​កម្ពុជា​ទេ​ដែល​បើកចំហ​បំផុត​សម្រាប់​ការចាប់​ផ្តើម​អាជីវកម្ម​ពី​ជនបរទេស​។ វា​ថែមទាំង​មាន​សមុទ្រ​ស្រស់ស្អាត ហើយ​ពេលមកដល់​ខ្ញុំ​ក៏​ជាប់ចិត្ត​»​។​

​រយៈពេល​ ១ ​ឆ្នាំ​បន្ទាប់ពី​លោក យូគី មកដល់​កម្ពុជា ទើប​លោក​អាច​បើក​សិប្បកម្ម​ផលិត​ស្រា​បាន ដោយសារពីដំបូង​រូបលោក​ក៏​មិនទាន់​ច្បាស់​ពី​សម្ភារៈ និង​គ្រឿងផ្សំ ដែល​ទាមទារ​ការ​កុម្ម៉ង់​ទិញ​ពី​ប្រទេសក្រៅ​ច្រើន​។​

​លោក​ចាប់ផ្ដើម​ដោយ​ការជួល​ផ្ទះមួយ​មាន​ ៤ ​បន្ទប់​សម្រាប់​ធ្វើជា​ផ្ទះ​ស្នាក់ និង​សាង​សង់រោង​សិប្បកម្ម​នៅលើ​ទីធ្លារ​ផ្ទះ​ជា​បណ្ដើរៗ​។

​អំឡុងពេល​ផលិត​សាកល្បង និង​ឃើញថា​ ស្រា​បៀរ​នៅមានកម្រិត គុណភាព ហើយ​រសជាតិ​ក៏​ពុំទាន់​ទទួលយកបាន​នៅឡើយ លោក​ក៏​ឆ្លៀត​បើកហាង​ស៊ូ​ស៊ី​បណ្ដើរៗ​។​

ដំណើរការ​ផលិត​ស្រាបៀរ​​ស្រស់​ចាប់ផ្ដើម​ពី​ម៉ោង ៥ ទៀបភ្លឺ​។ រូបថត សហ​ការី

​កាលណោះ​កន្លែង​របស់លោក​មា​នល​ក្ខ​ណៈ​តូចចង្អៀត និង​ក៏​ឆ្ងាយ​ពី​ក្រុង ដែល​រឹតតែ​ខ្សត់​ភ្ញៀវ​នា​រដូវវស្សា​។ លោក​ក៏​សម្រេចចិត្ត​លក់​ជា​លក្ខណៈ​តូប​ចល័ត ដោយ​ស្រា​បៀរ​ក៏​ត្រូវបាន​ប្ដូរ​មកជា​ការផលិត​ច្រក​ដប​វិញ​។​

​ស្ថាបនិក​វ័យ ៤៦ ​ឆ្នាំ​រូបនេះ​រំឭកថា​៖ «​កាលណោះ​វា​ជា​ពេលវេលា​រីករាយ​មួយ ប៉ុន្តែ​មិន​ងាយស្រួល​ទេ ទើប​បច្ចុប្បន្ន​ខ្ញុំ​សម្រេចចិត្ត​បោះបង់​ការ​​លក់​តាមផ្លូវ ហាង ហើយ​ប្ដូរ​មកជា​អ្នក​ចែកចាយ​សម្រាប់តែ​ស្រា​បៀរ​ច្នៃ​តាម​តម្រូវការ​ពិសេស​»​។​

​អតិថិជន​អាច​កុម្ម៉ង់​រសជាតិ និង​គ្រឿងផ្សំ​តាម​ចំណូលចិត្ត ហើយ​ពួកគាត់​នឹង​ទទួលបាន​ការច្នៃ​ផលិត​ស្រាពី​ស្ថាបនិក​ជប៉ុន ​ដែល​ធានា​នូវ​រសជាតិ​ពិសេស​គ្មាន ​២​។​

​រសជាតិ​តម្រូវ​និស្ស័យ​ចំណូលចិត្ត​អតិថិជន យូគី ក៏បាន​សម្គាល់​ឃើញថា​៖ «អតិថិជន​ខ្លះ​ក៏​ប្រាប់​ច្បាស់ ខ្លះ​ក៏​មិន​ច្បាស់​ពី​អ្វីដែល​ខ្លួនឯង​ចង់បាន​។ ដូចនេះ​ខ្ញុំ​មើលទៅ​បុគ្គលិកលក្ខណៈ ការរស់នៅ អាជីវកម្ម ទីតាំង និង​ប្រវត្តិ​របស់​ពួកគេ​ហើយ​យក​ផ្សំគ្នា​បង្កើតជា​រូបភាព​មួយ​យកទៅ​ប​ញ្ជូ​ល​ក្នុងការ​ផលិត​ចេញ​ជា​ស្រា​បៀរ​»​។​

​លោក​បាន​ផលិត​ចេញ​ជាច្រើន​ស្ទីល ឬ​ប្រភេទ​នៃ​ស្រា​បៀរ​មាន​ទាំង​របៀប​អង់គ្លេស អាមេរិក ស្រូវ​សាលី តែ​លោក​ផ្ដោត​ច្រើន​ទៅលើ​សមាស​​ធាតុ​ផ្សំ​រង​ដូចជា ប្រភេទ​ជីរ ធញ្ញជាតិ កាហ្វេ ម្រេច ស្លឹកគ្រៃ ស្រកានាគ ស្វាយ បាយ ក្រូចឆ្មារ ខ្ញី ទឹកដោះគោ​ជូរ និង​បន្លែ ផ្លែឈើ​ជាច្រើន​ទៀត​។

​លោក យូគី ឱ្យដឹង​ដែរ​ថា នៅក្នុង​ដំណាក់កាល​ផលិត​ចម្បង ទាមទារ​ពេល​យ៉ាងហោច​ ៩ ​ម៉ោង​។ លោក​ត្រូវ​ក្រោក​ពី​ម៉ោង​ ៥ ទៀបភ្លឺ កិន​គ្រឿងផ្សំ ដាំទឹក និង​ដាក់​សមាសធាតុ​ទាំងអស់​ចូល ហើយ​យកចិត្តទុកដាក់​មើល​លើ​សីតុណ្ហភាព ដាក់​វា​ចូល​ធុង​ទុកឱ្យ​ត្រជាក់ ទើប​បន្ត​ផ្ទេរ​ទៅ​ធុង សម្រាប់​ត្រាំ​ទុក រហូតដល់​អាចយ​កវា​មក​ទទួលទាន​នៅ​ ៤ ​សប្ដាហ៍​បន្ទាប់​។​

​លោក យូគី ថា​៖ «​វា​អាច​ទុក​បាន​អាស្រ័យទៅលើ​ប្រភេទ​ស្រា តែ​ធម្មតា ​១ ​ខែ ឬ​ក្នុង​រយៈពេល​ពេល​ថ្មីៗ​គឺ​ល្អ​ជាង តែ​ក៏មាន​ប្រភេទ​ខ្លះទៀត​ទុក​យូរ​ក៏​រសជាតិ​ឆ្ងាញ់ ប៉ុន្តែ​វា​នឹង​ប្ដូរ​រសជាតិ​តាមរយៈ​កាលដែល​យើង​រក្សាទុក​»​។​

​ទីផ្សារ​គោលដៅ​របស់លោក​គឺ​អ្នក​ដែល​គោរព និង​យល់​ពី​សារៈសំខាន់​នៃ​ភាព​ពិសេស​របស់​ស្រា​បៀរ​ស្រស់​។ ដោយ​អតិថិជន​ភាគច្រើន​អ្នក​នៅ​ក្រុងភ្នំពេញ លោក​ក៏​កំពុងមាន​គម្រោង​ផ្លាស់​មក​រាជធានី ដើម្បី​ងាយស្រួល​ដល់​ការសម្អាត​ប្រើប្រាស់​ដប​ឡើងវិញ និង​កាត់​បន្ថយថ្លៃ​ដឹកជញ្ជូន​។​

​លើកឡើង​ពី​តម្លៃ​ស្រា​បៀរ លោក​បាន​និយាយ​បែប​លេងសើច​ថា​៖ «​ខ្ញុំ​លក់​ចាប់ពី ២ ​ដុល្លារ ​ក្នុង ​១ ​ដប ដើម្បី​ទូទាត់​វិក្កយបត្រ និង​បន្ត​អាជីវកម្ម​។ វា​គ្មាន​បាន​ចំណេញ​អី​ទេ​។ វា​ក៏​មិនដែល​ធ្វើឱ្យ​ខ្ញុំ​ក្លាយជា​អ្នកមាន​ដែរ​ក្នុង​ ១ ​ជីវិត​របស់ខ្ញុំ​។ ខ្ញុំ​កំពុង​ពិចារណា​ដំឡើង​តម្លៃ​ដែរ​»​។​

ពីការ​ផលិត​​លក់​នៅទីធ្លាផ្ទះ​ រហូត​ដល់តូប​ចល័តនៅកំពត បុរស​ជប៉ុន​ពេលនេះ​លក់ស្រាបៀរស្រស់​​ច្រកដប។ រូបថត សហ​ការី

​កន្លងមក យូគី ធ្លាប់បាន​សហការ​ជាមួយ​ហាង​ជាទី​តាំង​សិល្បៈ និង​បា​រ៍ ផ្ដល់​បទពិសោធ​ក្រេប​រសជាតិ​ស្រា​ស្រស់ៗ​ដល់​ភ្ញៀវ​ទាំង​ក្នុង និង​ក្រៅ​ស្រុក​នៅ​ទីក្រុង​ភ្នំពេញ​។ លោក​សង្ឃឹម​អាច​បានធ្វើ​កម្មវិធី​បែបនេះ​ជា​រៀងរាល់ខែ ដើម្បីឱ្យ​ភ្ញៀវ​បាន​កាន់តែ​ស្គា​ល់ពី​ភាព​ពិសេស​នៃ​ស្រា​បៀរ​ស្រស់ៗ​របស់លោក និង​ស្ដាប់​មតិ​​យោបល់​ពី​ពួកគេ​ផ្ទាល់ៗ មុននឹង​ច្រក​ស្រា​បៀរ​ចូល​ដប​។​

​លោក យូគី បន្តថា​៖ «​នៅពេល​ស្ថានភាព​កូ​វីដ​ប្រសើរឡើង​ផែនការ​បន្ទាប់​នោះ​ខ្ញុំ​ចង់​ផលិត​ស្រា​សម្រាប់​កម្មវិធី​ធំៗ​ដូចជា​មង្គលការ ព្រោះ​ខ្ញុំ​ចង់ឱ្យ​ប្រជាជន​ខ្មែរ​បាន​ស្គាល់ និង​ដឹងថា រសជាតិ​ស្រា​បៀរ​ស្រស់​នេះ​ឆ្ងាញ់ និង​គួរឱ្យ​ទទួលទាន​ប៉ុណ្ណា​។ ខ្ញុំ​ចង់ឱ្យ​ស្រា​បៀរ​ច្នៃ​តាម​តម្រូវការ​របស់ខ្ញុំ​ទៅដល់​អ្នកផ្សេងៗ​ទៀត​ដែល​មិនទាន់​ស្គាល់​»​។​

​សម្រាប់​ព័ត៌មាន​បន្ថែម Flowers Nanobrewery អាច​ទំនាក់ទំនង​បាន​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក @FlowersNanobrewery៕