​ភ្នំពេញៈ បន្ទាប់ពី​មានការ​កែសម្រួល​នូវ​ចំណុច​ខ្វះខាត ឬ​លើសលស់​នូវ​អត្ថន័យ ដោយបាន​ទទួលរង​ការរិះគន់ កាលពី​ចេញ​លើកដំបូង និង​ក្រោយពី​បាន​ទិដ្ឋាការ​ទទួលស្គាល់​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​មក​នោះ ផលិតកម្ម​ ហ្គា​ឡាក់​ស៊ី ណា​វ៉ា​ត្រា បាន​លក់​សិទ្ធិ​ផលិត​បន្ត​បទ «Are You Ok?» ដែលជា​ការចេញ​លើក​ទី​២ របស់ខ្លួនទៅឱ្យ​ក្រុមហ៊ុន​ចិន GESTOS ដើម្បី​ពង្រីក​វិសាល​-​ភាព​នៃ​វិស័យ​ចម្រៀង​សម័យ​ទំនើប​។

​គួរ​បញ្ជាក់ដែរថា នៅ​ថ្ងៃទី​ ២៧ ខែ តុលា ឆ្នាំ​ ២០២១ ក្រសួង​វប្ប​​ធម៌ និង​វិចិត្រសិល្បៈ​បានសម្រេច​ចេញ​ទិដ្ឋាការ​បទ​ចម្រៀង​ «Are you ok»? របស់​ផលិតកម្ម​ ហ្គា​ឡាក់ ​ស៊ីណាវ៉ាត្រា អាច​ផលិត MV ខារ៉ាអូខេ​ថ្មី​បាន​។ លុះ​បន្ទាប់មក​ខាង​ផលិតកម្ម​ក៏បាន​ធ្វើការ​កែតម្រូវ​ចំណុច​ខ្វះខាត​ស្របតាម​លក្ខខណ្ឌ​របស់​ក្រសួង ដោយ​បទ​ចម្រៀង​មួយ​នេះ​បាន​បញ្ចេញ Full MV ផ្លូវការ​នៅ​ថ្ងៃទី​៤ ខែ វិច្ឆិកា ឆ្នាំ ​២០២១ ហើយ​ក៏បាន​បំបែក​កំណត់ត្រា​ថ្មី ក្លាយជា​ចម្រៀង​ទី​១​បង្អស់​ក្នុងប្រទេស​កម្ពុជា ដែល​ទទួលបាន​ចំនួន View រហូតដល់ ៤ លាន​ដង​ក្នុង YouTube ត្រឹមតែ ២៤ ម៉ោង​ដំបូង​ប៉ុណ្ណោះ​។​

​អ្វីដែល​កាន់តែ​ពិសេស​សម្រាប់​បទ​ចម្រៀង​មួយ​នេះ​ក៏បាន​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​មួយទៀត ដោយបាន​ក្លាយជា​ចម្រៀង​កម្ពុជា​ដំបូងបង្អស់​ដែល​ត្រូវបាន​ក្រុម​ហ៊ុន​បរទេស ពោលគឺ​ក្រុមហ៊ុន​ចិន​GESTOS បាន​ទិញ​កម្មសិទ្ធិ​បញ្ញាយកទៅ​ផលិត​បន្ត​នៅប្រទេស​ចិន ដោយមាន​ធ្វើ​ស​ន្និ​សីទ​សារព័ត៌មាន​ចុះ​កិច្ច​ព្រម​ព្រៀង​ទិញ​លក់​រវាង​ភាគី​នៃ​ផលិតកម្ម ​ហ្គា​ឡាក់​ស៊ី ណា​វ៉ា​ត្រា និង​ក្រុមហ៊ុន​ចិន កាលពី​ថ្ងៃទី ​៦ ខែ វិច្ឆិកា ឆ្នាំ ​២០២១ កន្លង​​មក ដែលមាន​តំណាង​ខាង​ក្រសួង​វ​បុ្ប​ធម៌ និង​វិចិត្រសិល្បៈ​ចូលរួម​ជា​សក្ខីភាព​ផងដែរ​។

​ខណៈ​លោក ប៉ុក បូរ​ក្ស ប្រ​ធាន​នាយកដ្ឋាន​ភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌​នៃ​ក្រសួង​វប្ប​​ធម៌ និង​វិចិត្រសិល្បៈ តាមរយៈ​ការអញ្ជើញ​ចូលរួម​ផ្ទាល់​ក្នុង​កម្មវិធី​សន្និសីទ​សារព័ត៌មាន ស្តីពី​ការលក់​សិទ្ធិ​ចម្រៀង «Are You Ok?» របស់​ផលិតកម្ម Galaxy Navatra ទៅឱ្យ​ក្រុម​ហ៊ុន​ចិន GESTOS នោះ លោក​បាន​សម្តែង​ការកោតសរសើរ​ចំ​​ពោះ​ថ្នាក់ដឹកនាំ​របស់​ផលិតកម្ម​ក្នុងស្រុក​របស់​កម្ពុជា ដែល​បាន​ខិតខំ​បង្កើត​ស្នាដៃ​ចម្រៀង រហូត​ឈានទៅដល់​ការនាំយក​បទ​​ចម្រៀង​ផលិត​ដោយ​ស្នាដៃ​កូន​ខ្មែរ ទៅកាន់​ទីផ្សារ​ប្រទេស​ចិន ដែលជា​ទីផ្សារ​ចម្រៀង​ធំ​មួយ នៅលើ​ពិភពលោក​។​

​ប្រធាន​នាយកដ្ឋាន​ភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ រូបនេះ​បាន​ថ្លែង​ឡើង​ថា​៖ «​ខ្ញុំ​សូមកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ថ្នាក់ដឹកនាំ​ផលិតកម្ម Galaxy Navatra ដែល​បាន​ខិតខំ​យក​អស់កម្លាំង​កាយ​ចិត្ត​ក្នុង​ការផលិត​ស្នាដៃ​បទ​​ចម្រៀង​សម្រាប់​បម្រើ​ចំណី​អា​​រ​ម្មណ៍​ទស្សនិកជន តាំងពីដើម​រហូតមក​។ អ្វីដែល​កាន់តែ​ពិសេស និង​មាន​សារៈសំខាន់​នាពេលនេះ ​គឺ​ការខិតខំ​នាំយក​ស្នាដៃ​បទ​​ចម្រៀង​របស់​យើង​ឱ្យចូល​ទៅកាន់​ទីផ្សារ​បរ​ទេស​ដូចជា​ប្រទេស​ចិន ​ដែលជា​ទីផ្សារ​ដ៏​ធំ​មួយ​ក្នុង​ពិភពលោក​»​។​

សន្និសីទសារព័ត៌មានលក់សិទ្ធិបទ​ចម្រៀង«Are You Ok?»។ រូបថត ហ្វេសប៊ុក

​ដោយឡែក​លោកស្រី ប្រ៊ី​ត​នី លី ជា​នាយិកា​ប្រតិបត្តិ​នៃ​ក្រុម​ហ៊ុន​ចិន GESTOS បានបង្ហាញ​ពី​ចំណាប់អារម្មណ៍​របស់ខ្លួន ដែលជា​ការឆ្លើយតប​ទៅនឹង​ចម្ងល់​មហាជន ក៏ដូចជា​ក្រុម​អ្នក​សារព័ត៌​​មាន ក្នុងស្រុក​របស់​កម្ពុជានា​ថ្ងៃ​ប្រារព្ធ​ពិធី​ចុះ​កិច្ចព្រមព្រៀង​កាលពី​ថ្ងៃទី​ ៦ ខែ វិច្ឆិកា ឆ្នាំ ​២០២១​។ លោកស្រី​ថ្លែង​ឱ្យដឹង​តាមរយៈ​ការបកប្រែ​ជា​ភាសា​ខ្មែរ​ថា​៖ «​ដោយ​​សារ​តែ​បទ​ចម្រៀង «Are You Ok?» មាន​ភាព​កម្រ​នៃ​ទំ​នុ​ក​ច្រៀង និង​ទំនុក​ភ្លេង​នៅក្នុង​បទ​ចម្រៀង​សម័យ​ទំនើប​របស់​ចិន​ដូច្នេះ​យើង​សម្រេច​ចុះ​កិច្ចព្រមព្រៀង​ទិញ​បន្ត​ពី​ផលិត​​កម្ម​ ហ្គា​ឡាក់​ស៊ីណាវ៉ាត្រា ដើម្បី​យកទៅ​ផលិត និង​ថត MV ជា​បទ​ចម្រៀង​របស់​ចិន​»៕