ភ្នំពេញ: ក្រឡេក​មួយ​ភ្លែត វា​មិន​ខុស​អី​ពី​រ៉ឺម៉ក​អ្នកដំណើរ ឬ​កង់​បី​ដឹកទំនិញ​នោះទេ​។ តែ​នៅពេល​របាំង​ទ្វារ​ស្លាក​ឈ្មោះ​ហាង «​ពេញលេញ​» ត្រូវបាន​បើក​ឡើង ប្រអប់​កញ្ចក់​ដាក់​គ្រឿងអលង្ការ​ម៉ូដ​ប្លែកៗ​បំភ្លឺ​ដោយ​អំពូល និង​កញ្ចក់់​ឆ្លុះ​ស៊ុម​ឈើ​រលោង ហាក់បីដូចជា​វេទមន្ត​ធ្វើឱ្យ​អតិថិជន​ញញឹម​នឹង​ជាវ​គ្រឿងអលង្ការ​ចល័ត​។​

​គំនិត​ច្នៃប្រឌិត​ថ្មី​នេះ​បំផុស​ដោយ​ស្ថាបនិក​ហាង «​ពេញលេញ​» អ្នកនាង រ៉ា​ជែ​ល ដ​ត​សុន ក្នុងអំឡុងពេល​បិទ​ខ្ទប់ ក្រោយពី​ហាង​ផ្ទាល់​ផ្អាក​បើកទ្វារ និង​ផ្លាស់ប្ដូរ​ជាការ​លក់​អន​ឡាញ​។

​អ្នកនាង រ៉ា​ជែ​ល ប្រាប់ ភ្នំពេញ ប៉ុស្តិ៍​ថា​៖ «​ក្រោយពី​សម្រេចចិត្ត​បិទ​ហាង យើង​ព្យាយាម​រិះរក​គំនិត​ថ្មីៗ​ណាស់​។ យើង​ចង់​ឆ្ពោះទៅមុខ និង​រក្សា​ភាព​​ច្នៃប្រឌិត​។ ខ្ញុំ​ផ្ទាល់​បាន​រកឃើញ​ការ​​បំផុសគំនិត​ជាច្រើន​ក្នុង​សិល្បករ​តន្ត្រី ជាពិសេស​ទៅលើ​វីដេអូ​ឯកសារ​របស់ តារាចម្រៀង ថេ​ល័​រ ស្វី​ហ្វ និង​ឃើញ​ពី​របៀប​ដែល​នាង​បន្ត​បង្កើត​តន្ត្រី​ថ្មីៗ​ក្នុងអំឡុងពេល​ជំងឺ​រាតត្បាត​»​។​

​អ្នកនាង​បាន​បន្តថា​៖ «​ទន្ទឹមនឹងនោះ ដោយមាន​អតិថិជន​មួយចំនួន​បន្ត​ចង់​ម​កល​គ្រឿងអលង្ការ​ដោយផ្ទាល់ ខ្ញុំ​ក៏​នឹកឃើញ​បង្កើត​រ៉ឺម៉ក​គ្រឿង​អលង្ការ​ចល័ត ហើយ​បានចាប់ផ្តើម​ធ្វើ​គំនូរព្រាង ជា​ទម្រង់​ដែល​អាច​បម្រើ​អតិថិជន​យើង​បាន​កាន់តែ​ប្រសើរ​»​។​

​រ៉ឺម៉ក​គ្រឿងអលង្ការ​ចល័ត​នេះ ផ្ដល់​មាន​ភាពងាយស្រួល រីករាយ និង​សុវត្ថិភាព​ពី​កូ​វីដ ដល់​បណ្ដា​ភ្ញៀវ​។​

​អតិថិជន​អាច​ប្រាប់​ពី​ម៉ូដ​អលង្ការ ដែល​ពួកគេ​ចង់​មើល រួច​ហាង​នឹង​នាំយក​មួយចំនួន​បន្ថែម តាម​ចំណូលចិត្ត​អតិថិជន​ឱ្យ​ពួកគាត់​អាច​ជ្រើសរើស​។​

​អ្នកនាង រ៉ា​ជែ​ល បានឱ្យដឹងថា​៖ «​តាមរយៈ​ការបង្កើត​ជម្រើស​នេះ អតិថិជន​អាចមាន​ឱកាស​មើល​គ្រឿងអលង្ការ គុណភាព និង​ម៉ូដ មុនពេល​ទិញ​។ វា​ជា​មធ្យោបាយ​ដ៏​ល្អ​សម្រាប់​យើង​ក្នុងការ​ទាក់ទង និង​រក្សា​ទំនាក់​ទំនង​ជាមួយ​អតិថិជន ក៏ដូចជា​ណែនាំ​ពួកគាត់​ស្គា​ល់ពី​ការលក់​អន​ឡាញ​របស់​យើង​សម្រាប់​ការទិញ​នាពេល​អនាគត​»​។​

​ហាង​មាន​ជម្រើស ២ ​សម្រាប់​ភ្ញៀវ​ទទួលបាន​បទពិសោធ​ជាមួយ​រ៉ឺម៉ក​គ្រឿងអលង្ការ​ចល័ត​។ ទី​១ គឺ​ការ​កក់​ជា​លក្ខណៈ​ឯកជន​ជាមួយ​មិត្តភក្តិ​សម្រាប់​រ៉ឺ​មក​នាំយក​អលង្ការ​ទៅដល់​ផ្ទះ ឬ​កន្លែង​ការងារ​។ អតិថិជន​ចាប់ពី ៥ ​នាក់​ឡើង នឹង​ទទួលបាន​ការបញ្ចុះ​តម្លៃ ២០ ​ភាគរយ​ជា​ក្រុម​ទាំងមូល​។​

​ទី២ គឺ​ទិញ​ទំនិញ​បែប​ផ្ទាល់ខ្លួន​។ ភ្ញៀវ​អាច​ជ្រើសរើស​អលង្ការ​រហូតដល់ ៥ មុខ តាមរយៈ​គេហទំព័រ​ហាង www.penhlenh.com ក្នុង​ការយកទៅ​សាកល្បង​នៅផ្ទះ​។ នៅពេលដែល​ចុច​ចាកចេញ ពួកគេ​អាច​ប្រើ​លេខ​កូដ TRYONPP នោះ​ចំនួន​សរុប និង​ការដឹកជញ្ជូន​ឥតគិតថ្លៃ​ដោយ​គ្រាន់តែ​ចុច​យក​កម្ពុជា​ជាទី​តាំង​។​

​ហាង នឹង​រៀបចំ​កំណត់​ពេលវេលា​ជាក់លាក់​ក្នុងជំនួប​បង្ហាញ​អលង្ការ​នៅពេល​អតិថិជន​ធ្វើការ​កក់​រួច​។ ពេលនេះ ខាង​រ៉ឺម៉ក មាន​អតិថិជន​កក់​ជា​បណ្ដើរៗ និង​បន្តបន្ទាប់​។​

​ស្ថាបនិក ទាំង​ជា​អ្នក​ច្នៃ​ម៉ូដ និង​បង្កើត​គ្រឿងអលង្ការ​រូបនេះ​ថា​៖ «​យើង​ទទួលបាន​មតិយោបល់​ដ៏​អស្ចារ្យ និង​មាន​ភាពសប្បាយ​រីករាយ​យ៉ាងខ្លាំង​។ សម្រាប់​ខែ​ដំបូង នរណា​ដែល​កក់​រ៉ឺម៉ក​យើង នឹង​ជួប​ជាមួយ​យើង​ទាំង ​២ ស្រី​ម៉ៅ និង​ខ្ញុំ ដែល​ធ្វើ​ការបើក​នាំទៅ​ដោយផ្ទាល់​»​។​

គ្រឿងអលង្ការ​ម៉ូដ​ចុងក្រោយត្រូវបាន​ច្នៃ​ពីត្បូង​ លាយ​អង្កាំ​​​ និង​បន្តោង​ទូរស័ព្ទ​។ របាំង​ទ្វារ​បើកឡើងរំលេច​ កញ្ចក់ និង​ទូ​អលង្ការ​ម៉ូដ​ប្លែកៗ​។ រូបថត សហការី

​ជាមួយ​ក្រុម​តូច​សមាជិក​ក្រោម ២០​ នាក់ អ្នក​ផលិត​អលង្ការ​ហាង ពេញលេញ អាចបង្កើត​បាន​ស្នាដៃ​ប្លែកៗ​គួរឱ្យ​ទាក់ទាញ​។ ម៉ូដ​ថ្មី​បំផុត​ដែល​ពួកគេ​ច្នៃ​ឡើង គឺ​ខ្សែក ខ្សែដៃ ត្បូង​លាយ​ជាមួយ​អង្កាំ និង​បន្ដោង​ទូរស័ព្ទ ភ្ជាប់​ដោយ​អង្កាំ​ពណ៌​ស្រស់ៗ ស​ក្ត័​សម​ធ្វើជា​កាដូ​ជូន​មនុស្ស​ជាទី​ស្រឡាញ់​។​

​ស្ថាបនិក​អាមេរិក​រូបនេះ​ឱ្យដឹង​ដែរ​ថា ចំណុចខ្លាំង​មួយ​របស់​ពួកគេ​នៅ ពេញលេញ គឺ​ការច្នៃប្រឌិត​គ្មាន​ទី​​បញ្ចប់​។ ពួកគេ​មានបំណង​ចង់​ក្លាយ​​ជា​ក្រុមហ៊ុន​សកល ដោយ​ផ្ដោតទៅលើ​ការលក់​អន​ឡាញ​។​

​យ៉ាងណាមិញ អាទិភាព​សម្រាប់​អតិថិជន​ក្នុងស្រុក​នៅតែមាន​ជានិច្ច​។​

​ខណៈពេល​នោះ អ្នកនាង រ៉ា​ជែ​ល បាន​ចែករំលែក​នូវ​គោលដៅ​របស់​នាង​ក្នុង​ការជួយ​ស្ត្រី គឺ​ការ​ផ្តល់នូវ​ការងារ ការបណ្តុះបណ្តាល​រយៈពេល​វែង ប្រកបដោយ​និរន្តរភាព​។​

​អតីត​តារា​ម៉ូ​ដែល​នៅ​អាមេរិក​រូបនេះ​បន្ថែមថា​៖ «​យើង​ជឿជាក់ថា តាមរយៈ​ការផ្តល់​អាទិភាព​ដល់​ការពង្រឹង​សេដ្ឋកិច្ច​របស់​ស្ត្រី យើង​នឹង​ឃើញ​ពី​ភាព​រីកចម្រើន មិន​ត្រឹមតែ​បុគ្គលិកក្នុង ពេញលេញ ប៉ុន្តែ​ទាំង​គ្រួសារ និង​សហគមន៍​របស់​ពួកគេ​ផងដែរ​។ ពេលនេះ​ក្រៅពី​ចេះ​ច្នៃ​គ្រឿងអលង្ការ ពួកគេ​ចេះ​របៀប​ទទួល​ការ​កុម្ម៉ង់ ការ​វេច​ខ្ចប់ ការត្រួតពិនិត្យ​គុណភាព​ផ្សេងៗ​»​។​

​ធា​រី និង ចាន់ថុល បុគ្គលិក ២ ​នាក់​របស់ ពេញលេញ បាន​ប្រាប់ ពី​ភាព​​រីករាយ ចំណេះដឹង និង​ការអភិវឌ្ឍ​ទាំង​ចិត្តគំនិត និង​ជំនាញ​របស់​ពួកគេ។

​ធា​រី ប្រាប់ ​ភ្នំពេញ ប៉ុស្ដិ៍ថា​៖ «​មុន​ចូលមក ពេញលេញ ខ្ញុំ​គ្មាន​ជំនាញ​អ្វី​ទេ តែ​ពេលនេះ​ខ្ញុំ​អាចបង្កើត​គ្រឿង​​អលង្ការ​។ ពេញលេញ ធ្វើឱ្យ​ខ្ញុំ​ទទួល​អារម្មណ៍​អំណាច​ភាពជា​ស្ត្រី ដែលមាន​ការអប់រំ និង​ជំនាញ​ក្នុង​ជីវិត​»​។​

​រីឯ ចាន់ថុល បាន​បន្ថែមថា​៖ «​ខ្ញុំ​ស្រឡាញ់​ការងារ​នៅ ពេញលេញ ព្រោះ​ខ្ញុំ​ស្រឡាញ់​គ្រឿងអលង្ការ និង​ចូលចិត្ត​រៀន​ជំនាញ​។ វា​ជា​កន្លែង​ការងារ ដែល​ផ្តល់​សិទ្ធិអំណាច​ដល់​ស្ត្រី និង​ផ្តល់​តម្លៃ​ដល់​ការងារ ដែល​ស្ត្រី​ធ្វើ​។ សំខាន់បំផុត​គឺ​ខ្ញុំ​ស្រឡាញ់​ពាក្យស្លោក ពេញលេញ ដែលថា «​ស្ត្រី​ជា​មាស​»»​។​

​អ្នកនាង រ៉ា​ជែ​ល បានឱ្យដឹងថា ស្រី ម៉ៅ និង​នាង នឹង​ទៅតាម​កន្លែង​សំខាន់ៗ​នៅ​ភ្នំពេញ អតិថិជន​អាច​រង់ចាំ​តាមដាន​ទិសដៅ រ៉ឺម៉ក​លក់​គ្រឿងអលង្ការ​ចល័ត​តាមរយៈ​ទំព័រ អ៊ី​ន​ស្តា​ក្រាម ឬ​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ពួកគេ @penhlenhdesigns៕​