ក្រុ​ងគីនស្ហាសា៖ ពួកគេ​ជ្រមុជក្នុងផ្ទៃ​ទឹក​ ១​ ដង្ហើម​យ៉ាង​វែង​ រួច​ងើប​ស្រូប​ខ្យល់​បន្ដិច​ មុន​ពេល​ដាក់​ ១​ ភ្លឹប​ទៀត​ឆ្ពោះ​ទៅកាន់​ព្រៃ​កោងកាង​ដ៏​ជ្រៅ​។ កប់​ក្នុង​ដី​ជា​ច្រើន​ម៉ែត្រក្រោម​ផ្ទៃទឹកគឺជា​កំណប់​របស់​ពួកគេ។ នោះ​គឺជា​ខ្យង​គ្រែង ឬ​ប៊ីបវ៉ាទីដែល​វា​មានទាំង​រសជាតិឆ្ងាញ់​ និង​ធម្មជាតិ​។

ក្រុម​អ្នកមុជទឹកទាំង​ប្រុសនិង​ស្ដ្រី​គឺជា​សមាជិក​ក្រុម​កុលសម្ព័ន្ធ​ Assolongo ជាសហគមន៍​តែមួយ​គត់​ដែល​ត្រូវបាន​ផ្ដល់​សិទ្ធិ​រស់​នៅ​ក្នុងឧទ្យាន​ជាតិ​ព្រៃ​កោងកាង​នៃ​​សាធារណរដ្ឋ​ប្រជាធិបតេយ្យកុងហ្គោ។

ឧទ្យាន​ទំហំ ៧៦៨ ​គីឡូម៉ែត្រ​ការ៉េគឺជា​សម្បត្ដិ​អភិរក្ស​ដ៏កម្រ​នៅ​ក្នុង​ពិភពលោកដែល​ព្រៃ​កោងកាង​ត្រូវបាន​បំផ្លិច​បំផ្លាញ​សម្រាប់​វិស័យ​ទេសចរណ៍ ឬ​កសិដ្ឋាន​គ្រឿង​សមុទ្រ​។

វា​លាតសន្ធឹង​នៅតាម​ដង​ទន្លេ​កុងហ្គោ​ ដែល​អម្បូរ​ឈើនិង​គ្រឿង​សមុទ្រ​ដ៏​ល្អៗ​ ជា​ទីប្រសព្វ​រវាង​ទឹក​សាបនិង​ទឹក​ប្រៃ​។ ការ​ធ្វើដំណើរ​ទៅ​ដល់​ភូមិ​ Nteva ត្រូវ​ឆ្លង​កាត់​ទឹក​ និង​ព្រៃ​ស៊ុបទ្រុប​ដែល​គ្រប​ដណ្ដប់​លើ​ផ្ទៃដី​ជិត ២ ​ម៉ឺន​ហិកតា​។

មេភូមិ Mbulu Nzabi បាន​និយាយថា​៖ «​នៅ​ទីនេះយើង​អត់មាន​អគ្គិសនី​ប្រើ​ប្រាស់​ទេហើយ​ក៏គ្មាន​សេវា​ទូរស័ព្ទនិង​សាលា​រៀន​ដែរ​»។

ស្ដ្រី​នេសាទ​កុងហ្គោ​ស្ងោរ​ខ្យង​គ្រែង​ដែល​ពួកគេ​ប្រមូល​បាន​ពីព្រៃ​កោងកាង​តាម​ដងទន្លេ​។ AFP

អ្នក​ភូមិ​ធ្វើ​ការ​នេសាទខ្យង​​គ្រែង​ដោយ​ដៃនិង​ស្ទើរតែ​ពឹង​អាស្រ័យ​ជីវភាព​ទាំង​ស្រុង​លើ​វា​។ ខ្យង​គ្រែង​ត្រូវបាន​ស្ងោរ​ ហើយ​សាច់​របស់វា​ត្រូវបាន​ប្រើ​ជាអាហារ​។ សម្បក​របស់វា​ត្រូវបាន​បោះ​ចោល​នៅតាម​ច្រាំង​ទន្លេរហូត​កកើត​ជា​ជម្រករបស់​មនុស្ស​​។

មេភូមិបាន​បន្ដថា​៖ «​យើង​កំពុង​រស់​នៅ​លើ​គំនរ​សម្បក​ប៊ីបវ៉ាទីដែល​កាន់​តែ​រីក​ធំឡើងៗ​»។

ឧទ្យាន និង​អេកូឡូស៊ី​ដ៏​មានតម្លៃរបស់វា​ត្រូវបាន​គ្រប់​គ្រង​ដោយ​វិទ្យាស្ថាន​កុងហ្គោ​សម្រាប់​កិច្ចការ​អភិរក្ស​ធម្មជាតិ (ICCN)។ វាមាន​កញ្ចប់​ថវិកា​ប្រចាំ​ឆ្នាំ​សម្រាប់​កិច្ចការ​អភិរក្ស​ឧទ្យាន​តិចជាង ១០​ម៉ឺន​ដុល្លារ​។

ពេល​សុរិយា​អ​ស្ដង្គតនៅ​ភូមិ Nteva ភាព​ងងឹត​គ្រប​ដណ្ដប់ ដោយ​គ្មាន​ទូរទស្សន៍ ឬក៏​សំឡង​របាំ​រ៉ាំបាដូច​នៅតាម​បណ្ដា​ទីក្រុង​ឡើយ​។ ផ្ទុយ​ទៅវិញ ​​ព្រៃ​កោង​កាង​ត្រូវបាន​បំបែក​ភាព​ស្ងប់ស្ងាត់​ដោយ​​សំឡេង​ជា​ភាសា​កុលសម្ព័ន្ធ Kissolongo​។

សំឡេង​ចម្រៀង​ត្រូវបាន​បន្លឺ​ឡើង​ដោយ​ក្រុម​ស្ដ្រីនិង​កុមារី​គ្រិស្ដ​បរិស័ទ ដែល​ជួបជុំគ្នា​នៅ​ព្រះវិហារ​កាតូលិក​បណ្ដែត​លើ​ក្បូន​ត្នោត​រ៉ាហ្វហ្វីយ៉ា​៕ AFP/HR

ដង​ទន្លេ​កុងហ្គោ​ ​​អម្បូរដើម​​ឈើនិង​គ្រឿង​សមុទ្រ​ដ៏​ល្អៗ​ ជា​ទីប្រសព្វ​រវាង​ទឹក​សាបនិង​ទឹក​ប្រៃ​។ AFP ​