ភ្នំពេញៈ កញ្ញា លន់ គឹម​ហេង​ ​ស្រី​ស្អាត​សាច់​សខ្ចី​វ័យ ២៤ ឆ្នាំ មកពី​ខេត្តព្រះវិហារ ដែលជា​ម្ចាស់​ជយលាភី​នៃ​កម្មវិធី​ដើរ​ម៉ូដ​កម្ពុជា ប្រចាំឆ្នាំ ២០២១ (Face of Cambodia 2021) នាពេលនេះ​ជាប់​ដល់​វគ្គ​ជម្រុះ ៣០ រូប នៃ​កម្មវិធី​ប្រកួត​ដើរ​ម៉ូដ​អន្តរជាតិ​ប្រចាំ​តំបន់​អាស៊ី (Face of Asia 2021) នៃ​ចំណោម​បេក្ខភាព​ចូលរួម​សរុប​ជាង ៨០ រូប មកពី ២៧ ប្រទេស​។

​តារា​ម៉ូ​ដែលជា​តំណាង​ប្រទេស​នីមួយៗ​ចំនួន ២៧ ប្រទេស ត្រូវបាន​ជ្រើស​សម្រាប់​ការប្រកួត​អន្តរជាតិ​នៅ​ប្រទេស​កូរ៉េខាងត្បូង ដែល​គ្រោង​នឹងធ្វើ​នៅ​ថ្ងៃទី ​១៨ ខែ ធ្នូ ឆ្នាំ ​២០២១​។​

​សម្រាប់​ប្រទេស​កម្ពុជា ស្រី​ស្អាត​សាច់​សខ្ចី កញ្ញា លន់ គឹម​ហេង​ ​ដែល​បានឈ្នះ​ជយលាភី កាលពី​ថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ​២០២១ កន្លងមក​នោះ ក៏បាន​ពុះពារ​ជាប់​វគ្គ​ជម្រុះ​កំពូល ៣០ រូប នៃ​កម្មវិធី​ប្រកួត​ដើរ​ម៉ូដ​អន្តរជាតិ​​ប្រចាំ​តំបន់​អាស៊ី (Top30 in Face of Asia 2021) ផងដែរ បើតាម​សារ​អបអរសាទរ​ពី​ក្រុម​អ្នករៀបចំ​កម្មវិធី​ដើរ​ម៉ូដ​កម្ពុជា កាលពី​ថ្ងៃទី​ ៩ ខែ វិច្ឆិកា ​កន្លងមកនេះ​។

​លោក ម៉ែន និមល​រតន៍ ជា​នាយក​ប្រតិបត្តិ​ក្រុម​​ហ៊ុន​ដើរ​ម៉ូដ​អន្តរជាតិ​​កម្ពុជា (CIM) និង​ជា​អ្នករៀបចំ​កម្មវិធី​ដើរ​ម៉ូដ​កម្ពុជា ប្រចាំឆ្នាំ ២០២១ (Face of Cambodia 2021) បាន​សរសេរ​សារ​យ៉ាងខ្លី​ថា​៖ «​សូម​ចូលរួម​អបអរសាទរ​កញ្ញា លន់ គឹម​​ហេង​ ​ដែល​ឈានដល់​វគ្គ​​ជម្រុះ ៣០ ​រូប នៃ​កម្មវិធី​ប្រកួត​ដើរ​ម៉ូដ​អន្តរជាតិ​ប្រចាំ​អាស៊ី​»​។​

​បើ​យោងតាម​សេចក្តីជូនដំណឹង​ពី​គេហទំព័រ​ផ្លូវការនៃ​កម្មវិធី​ដើរ​ម៉ូដ​អន្តរ​ជាតិ​ប្រចាំ​អាស៊ី ឆ្នាំ ២០២១ (Face of Asia 2021) បានឱ្យដឹងថា​៖ «​តារា​ម៉ូ​ដែល​ជាង ៨០ រូប ដែល​ជ្រើស​ពី​បណ្តា​ប្រទេស​ជា​សមាជិក​នៃ​​តំបន់​អាស៊ី ២៧ ប្រទេស​។ ពួកគេ នឹងត្រូវ​ទទួលបាន​កា​រប​ណ្តុះ​បណ្តាល​រយៈពេល ៤ សប្តាហ៍​នៅ​ប្រទេស​កូរ៉េខាងត្បូង​។ ក្រោយពី​ចប់​វគ្គ​បណ្តុះបណ្តាល​នេះ​ទៅ ពួកគេ​នឹង​អាច​ក្លាយជា​បេ​ក្ខ​​ភាព​ជាប់​វគ្គ​ជម្រុះ​កំពូល ១០ រូប ប្រចាំ​តំបន់​អាស៊ី​ (Asia TOP10 Global Audition)»​។​

​កម្មវិធី​ប្រកួតប្រជែង​ដើរ​ម៉ូដ​ Face of Cambodia គឺជា​ជំហាន​ថ្មី​មួយ ដើម្បី​ក្លាយជា​តារា​ម៉ូ​ដែល​អាជីព ខណៈ​កញ្ញា លន់ គឹម​ហេង បាន​ក្លាយជា​ម្ចាស់​ជយលាភី កាលពី​ថ្ងៃទី​ ៣១ ខែ សីហា ឆ្នាំ​២០២១ ​កន្លងមក​។ ចំណែកឯ​ក្រុម​គណៈ​​កម្ម​ការ​ទាំង ​៥ ​រូប ក៏​ជា​អតីត​តារា​ម៉ូ​ដែល​ដែរនោះ គឺជា​អ្នកសម្រេច​ក្នុងការ​ចម្រាញ់​ស្វែងរក​ជយ​លា​ភី​ដើរ​ម៉ូដ​កម្ពុជា ប្រចាំឆ្នាំ ២០២១ Face of Cambodia 2021​។​

គណៈកម្មការ​ទាំង ​៥ ​រូបនោះ​ រួមមាន​កញ្ញា រ៉េត សារី​តា ជា​ម្ចាស់​មកុដ​កញ្ញាឯក​ចក្កវាឡ​កម្ពុជា​ឆ្នាំ​ ២០២០ កញ្ញា ផាន់ ផាត់​ណា អតីត​ជា​កញ្ញាឯក​ទូត​សុច្ឆន្ទៈ ទេសចរណ៍​អាស៊ីអាគ្នេយ៍​ឆ្នាំ​២០១៥ Miss Southeast Asia Tourism Ambassadors Cambodia 2015 លោក ទ្រី ដារ៉ាវុធ តារា​សម្តែង ពិធីករ និង​អតីត​បេក្ខជន​តារា​ម៉ូ​ដែល​នៃ​កម្មវិធី Man of The Year Cambodia 2019 លោក ឡូ គីន អតីត​តារា​ជា​ម៉ូ​ដែល​កម្មវិធី Face of Cambodia 2019 និង​លោក ដូ​រី​កូ អតីត​ជាតា​រា​ម៉ូ​ដែល​នៃ​កម្មវិធី​ដើរ​ម៉ូដ​កម្ពុជា​ឆ្នាំ​ ២០១៧ Face of Cambodia 2017៕