​ភ្នំពេញ: អ្នកស្រី រស់ សា​បឿន ជា​បងស្រី​បង្កើត​របស់​រាជិនី​សំឡេង​​មាស រស់ សេរី​សុទ្ធា ទើបតែ​ធ្វើ​ពិធី​បង្សុកូល​ឧទ្ទិស​កុសល​ជូន​វិញ្ញាណក្ខន្ធ​ប្អូនស្រី ក្រុមគ្រួសារ និង​ប្រជាជន​ត្រូវ​ខ្មែរក្រហម​សម្លាប់​នៅ​ភូមិ​សំបួរ ឃុំ​ដំបូក​រូង ស្រុក​ភ្នំស្រួច​។

​ទន្ទឹមនឹង​ពិធី​រំឭក​ខួប​អ្នកស្រី រស់ សេរី​សុទ្ធា នៅ​ចេតិយខេត្តកំពង់ស្ពឺនេះដែរ នៅ​ឯនាយសមុទ្រ​ឯណោះ​វិញ សៀវភៅ​ប្រលោមលោក​ពី​ជីវិត​អ្នកស្រី សេរី​សុទ្ធា ត្រូវបាន​ផលិតករ​អាមេរិក​លោក ហ្គ្រេ​ក​ហ្គោ​រី ខា​ហៀ​ល ប្រកាសថា បាន​និពន្ធ​រួចរាល់​ហើយ​។​

​ដោយសារ​រាជិនី​សំឡេង​មាស រស់ សេរី​សុទ្ធា ត្រូវបាន​ជម្លៀស​ទៅ​ខេត្តកំពង់ស្ពឺ ជាង ៤០ ​ឆ្នាំមុន អ្នកស្រី សា​បឿន បាន​ដាច់​ទំនាក់ទំនង​ទាំង​​ស្រុង​ជាមួយ​ប្អូនស្រី ដោយ​ឮ​តែ​​ដំណឹង​តៗ​គ្នា​ពី​មាត់​មួយ​ទៅ​មាត់​មួយ​ថា ប្អូនស្រី​ត្រូវ​ខ្មែរក្រហម​សម្លាប់​។

​ទើបតែ​ថ្ងៃទី ​៦ វិច្ឆិកា កន្លងទៅនេះ​អ្នកស្រី សា​បឿន បាន​អញ្ជើញ​ទៅ​ផ្ទាល់ បន្ទាប់ពី​បានឃើញ​ការចែក​​រំលែក​ត​គ្នា ពី​ចេតិយ​ឧទ្ទិស​ដល់​អ្នក​ស្រី រស់ សេរី​សុទ្ធា ដែល​បាន​កសាង​រួចរាល់​ក្នុង​ឆ្នាំ​២០២០​។

​អ្នកស្រី សា​បឿន ប្រាប់ ភ្នំពេញ ប៉ុស្តិ៍​ថា​៖ «​និយាយ​ទៅខ្ញុំ​គ្មាន​ចំណែក​ពាក់ព័ន្ធ​អី​ទេ ហើយក៏​ទើប​ទទួល​ដឹង​ជាង​កន្លះ​ខែ មុន​សម្រេច​មក​ធ្វើបុណ្យ​។ ខ្ញុំ​ឮសូរ​ប្រកាសថា​មាន​ចេតិយ​ដាក់ ខ្ញុំ​សប្បាយ និង​អរ​ណាស់​ចង់ទៅ​ឃើញ​ផ្ទាល់​។ ពេលទៅដល់​ខ្ញុំ​បានឃើញ លោក​ធ្វើ​ចេតិយ​ឱ្យ​ដាក់ឈ្មោះ មាន​រូបថត ធាតុ ដាក់​នៅក្នុង​កោ​ដ្ឋិ​»​។​

​អ្នកស្រី​បាន​បន្តថា​៖ «​ខ្ញុំ​បាន​សូម​ការអនុញ្ញាត​ពី​មន្ត្រី​ក្រសួង​ព្រះ​បរម​វាំង​ដែលជា​អ្នក​សាងសង់​លក្ខណៈ​បុគ្គល និង​មាន​ថវិកា​ពី​សប្បុរសជន​នានា​នោះ មក​ធ្វើបុណ្យ​រំឭក​ខួប ​៧៤ ឆ្នាំ ដែល​ចំ​ថ្ងៃកំណើត​គាត់​តែម្ដង​»​។

​ក្នុង​ចេតិយ​នោះ​មាន​ម្ដាយ​ឪពុក បងប្អូន​ទាំង ៤ ​នាក់ រួមទាំង​កូនក្មួយ ៣ នាក់​របស់​អ្នកស្រី រស់ សេរី​សុទ្ធា​។

​ដោយ​គោរព​តាម​វិធានការ​ការពារ​ជំងឺ​កូ​វីដ ក្នុង​ពិធីបុណ្យ មាន​អ្នក​ចូល​​រួម​ជាង ២០ ​នាក់​ប៉ុណ្ណោះ រួមទាំង​មន្ត្រី​ព្រះបរមរាជវាំង អភិបាលស្រុក អភិបាលខេត្ត​កំពង់ស្ពឺ អ្នកសិល្បៈ និង​បងប្អូន ដែល​ស្រឡាញ់​ចងចាំ​រាជិនី​​សំឡេង​មាស​រូបនេះ​។​

ចេតិយឧទ្ទិសដល់រាជិនីសំឡេងមាស រស់ សេរីសុទ្ធា និង​រូបថត​សមាជិក​គ្រួសារ​​អ្នកស្រី​។ សហការី

​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ក៏​​មានការ​ចែករំលែក​តៗ​គ្នា​ជាច្រើន ពី​ការចូលរួម​រំឭក​ដល់​អ្នកស្រី សេរី​សុទ្ធា តាមរយៈ​ការ​បង្ហោះ​ចម្រៀង​ល្បីៗ និង​ស្នាដៃ​សិល្បៈ​អ្នកស្រី​ឡើងវិញ​។

​ភ្លាមៗ​នោះដែរ​លោក ហ្គ្រេ​ក​ហ្គោ​រី ខា​ហៀ​ល អ្នកនិពន្ធ​អាមេរិក​ក៏បាន​​បង្ហោះ​នៅក្នុង​ផេ​ច «The Golden Voice» ឱ្យដឹងថា រឿង​របស់​អ្នកស្រី រស់ សេរី​សុទ្ធា ដែល​លោក​និពន្ធ​ឡើង ជា​ប្រលោមលោក​គំនូរ​ក្រាហ្វិក ពី​ខ្សែជីវិត និង​តន្ត្រី​របស់​អ្នកស្រី តាំងពី​ឆ្នាំ ​២០១៩ បានបញ្ចប់​រួចរាល់​ហើយ រង់ចាំតែ​ថ្ងៃ​ចេញផ្សាយ​ប៉ុណ្ណោះ​។​

​លោក ហ្គ្រេ​ក​ហ្គោ​រី ជា​ផលិតករ​កម្មវិធី​ជជែក​កម្សាន្ត The Talk របស់​ទូរទស្សន៍ CBS និង​ម្ចាស់​ពានរង្វាន់ Emmy Award បាន​ប្រាប់ ភ្នំពេញ​ ប៉ុស្តិ៍ ពី​ដំណើរ​នាំឱ្យ​លោកបង្កើត​រឿងរបស់​អ្នកស្រី រស់ សេរី​សុទ្ធា​។​

​លោក​បាន​និយាយថា​៖ «​ខ្ញុំ​បានដក់ចិត្ត​នឹង​សំនៀង​របស់​អ្នកស្រី រស់ សេរី​សុទ្ធា ក្រោយពី​បាន​តាមដាន​ភាពយន្ត​បែប​ស៊ើបអង្កេត «City of Ghosts» ថត​នៅ​កម្ពុ​ជាមាន​បញ្ចូល​បទ​ភ្លេង និង​ចម្រៀង​របស់​អ្នកស្រី​។ បន្ទាប់មក​ខ្ញុំ​ក៏​បង្កើត​សាច់រឿង The Golden Voice ទាក់ទង​នឹង​គាត់​»​។​

​លោក​បន្តថា​៖ «​ដោយ​ឃើញ​មានការ​ទទួលជោគជ័យ​ពី​អ្នកគាំទ្រ​បរទេស​ជាច្រើន ខ្ញុំ​ស្នើ​បង្កើតជា​ភាពយន្ត​ធំ តែ​គ្មាន​អ្នក​ហ៊ាន​វិនិយោគ​។ ទើប​ឆ្នាំ ២០១៩ ខ្ញុំ​ក៏​បង្កើត​គំនិត​ធ្វើ​វា​ជា​សៀវភៅ​ប្រលោមលោក​គំនូរ​ក្រាហ្វិក​តែម្ដង​»​។​

​លោក​លើកឡើង​ពី​ចំណុច ដែល​លោក​ស្រឡាញ់​បំផុត​ពី​ជីវិត​អ្នកស្រី រស់ សេរី​សុទ្ធា គឺ​អ្នកស្រី​មាន​ទេព​កោសល្យ ដោយ​គ្មាន​ចិត្ត​អំនួត​។

​តំណែង​តារាចម្រៀង​ស្រី​លេខ ​១ ក្នុងប្រទេស គឺ​ផ្អែកលើ​ទេពកោសល្យ​របស់​អ្នកស្រី តែមួយគត់ គ្មាន​សង្គម ឬ​នយោបាយ​ពាក់ព័ន្ធ​។ អ្នកស្រី​ធំ​ធាត់​ក្នុង​ជីវិត​កសិករ ត្រូវបាន​ចិញ្ចឹម​ដោយ​ម្ដាយ ដែលជា​ស្ដ្រី​មេម៉ាយ ដើរ​លក់​អង្ករ ផ្លែឈើ និង​ខ្យង​។​

​លោក​គិតថា មនុស្ស​ជាច្រើន​នឹង​រំភើប​ពេលដែល​ឮ​សំឡេង​អ្នកស្រី​។ បទ​ចម្រៀង​មនោសញ្ចេតនា​របស់អ្នកស្រី​ជាច្រើន​រៀបរាប់​ពី​ឈ្មោះ​ទីកន្លែង​នានា​ដែល​ធ្វើឱ្យ​អ្នក​ស្តាប់​ស្រមៃ​ចង់ទៅ​ទីកន្លែង​ទាំងនោះ​។​

​លោក​ថា​៖ «​អ្វីដែល​ទស្សនិកជន​អាច​រំពឹង​ក្នុង​ប្រលោមលោក​គំនូរ​ក្រាហ្វិក ១៨៤ ទំព័រ​នេះ គឺជា​ដំណើរ​ជីវិត​ដ៏​អស្ចារ្យ បញ្ចូល​ជាមួយ​សាច់​​រឿង នយោបាយ សង្គ្រាម គ្រួសារ និង​ទស្សនៈ​ជាច្រើន​អំពី​ធម្មជាតិ​នៃ​តន្ត្រី និង​តន្ត្រីករ រួមជាមួយ​បទ​ភ្លេង​ពេលដែល​អ្នកអាន​។ យើង​ពិតជា​សំណាង​ណាស់ ដែល​បាន ស៊ីន សេដ្ឋ​សុ​ជ្ឈ​តា ចៅ ស៊ីន ស៊ី​សាមុត ចូលរួម​សរសេរ​ក្នុង​សេចក្ដី​ផ្ដើម​»​។​

​ការបោះពុម្ព​លើកដំបូង​ជា​ភាសា​អង់គ្លេស​។ យ៉ាងណាមិញ លោក​មាន​គម្រោង​ជំរុញ​អ្នកចេញ​ផ្សាយ ធ្វើការ​បកប្រែ​ជា​ភាសា​ខ្មែរ ភាសា​បារាំង អាល្លឺម៉ង់ ជប៉ុន ជាដើម​។​

​ពិធី​បង្សុកូលឧទ្ទិសដល់​អ្នកស្រី រស់ សេរីសុទ្ធា និង​​​រំឭកខួប ៧៤​ឆ្នាំ ធ្វើ​​នៅ​ចេតិយក្នុង​ខេត្ត​កំពង់ស្ពឺ។ សហការី

​លោក​ថា រស់ សេរី​សុទ្ធា មាន​អ្នក​​គាំទ្រ​ពេញ​ពិភពលោក​។ តាមរយៈ​អ៊ី​ន​ធឺ​ណិ​ត លោក​បាន​ជួប​អ្នកគាំទ្រ រស់ សេរី​សុទ្ធា ពី​ប្រទេស​កូ​ឡុំ​ប៊ី ទៅ​ស៊ុយអែត ដល់​សិង្ហ​បុរី​។ លោកមិន​ភ្ញាក់ផ្អើល​ទេ ព្រោះ​តន្ត្រី​ខ្មែរ​ពី​ទសវត្សរ៍​ទី ៦០ និង ៧០ ជា​គ្រា​ដ៏​អស្ចារ្យ​ក្នុង​​ប្រវត្តិសាស្ត្រ​តន្ត្រី​។

​បើទោះជា​មិនទាន់​ជ្រាប​ច្បាស់​ពី​កាលបរិច្ឆេទ​នៃ​ការចុះផ្សាយ ប៉ុន្តែ​លោក ហ្គ្រេ​ក​ហ្គោ​រី បង្ហើប​ថា ក្នុង​ឆ្នាំ ២០២២ ហើយ​លោក​ក៏​សង្ឃឹមថា នឹង​ចេញផ្សាយ​ជា​ទម្រង់​ឌីជីថល និង​ជាការ​បោះពុម្ព​។​

​លោក​ក៏បាន​ផ្ញើ​នូវ​ការ​អរគុណ​ថា​៖ «​ខ្ញុំ​ពិតជា​អរគុណ​គ្រប់គ្នា ដែល​គាំទ្រ​ដំណើរ​របស់ខ្ញុំ​ក្នុង​គម្រោង​មួយ​នេះ ពិសេស​គឺ​អ្នកស្រី សា​បឿន បើ​មិនមាន​គាត់​ក្នុងការ​ត្រួសត្រាយព័ត៌មាន និង​ការគាំទ្រ គម្រោង​យើង​ក៏​មិនអាច​កើតឡើង​បានដែរ​»​។​

​អ្នកស្រី សា​បឿន បន្ថែម​ដែរ​ថា​៖ «​នាង​ខ្ញុំ​ក៏​សូម​ថ្លែង​អំណរ​អរគុណ​យ៉ាង​ជ្រាលជ្រៅដល់​លោក​ឯកឧត្តម (​មន្ត្រី​នៅឯ​ព្រះបរមរាជវាំង​) លោក​មេភូមិ មេឃុំ លោក​អាចារ្យ ដែល​បានធ្វើឱ្យ​ពិធីបុណ្យ​នេះ​ប្រព្រឹត្តទៅ​យ៉ាង​​រលូន​។ សូម​អរគុណ ដល់​បងប្អូន កូនក្មួយ​ដែល​បាន​ចូលរួម​ពិធីបុណ្យ​ ​ព្រមទាំង​ញាតិមិត្ត​បងប្អូន ដែល​បាន​ផ្ញើ​បច្ច័យ​មក​ចូលរួម​ផងដែរ​។ សូម​ជូន​បុណ្យ​ទាំងអស់គ្នា​»​។​

​ព័ត៌មាន​ពី​ប្រលោមលោក​អ្នកស្រី រស់ សេរី​សុទ្ធា មាននៅ​ទំព័រ​ហ្វេ​ស​ប៊ុ​ក @thegoldenvoicemovie៕