ភ្នំពេញ៖ បំបែក​ភាពស្ងប់ស្ងាត់​ប្រមាណ ២ ​ឆ្នាំ​ពី​ការចេញ​បទចម្រៀង តារាស្រី​ពូកែ​ក្បាច់​រាំ និង​ស្ទីល​តែងខ្លួន​ប្លែកៗ កញ្ញា ទេព បូព្រឹក្ស បាន​លក់​រថយន្ត​ផ្ទាល់ខ្លួន យក​ប្រាក់​ប្រមាណ ៦០០ ​លាន​រៀល មក​ផលិត​វីដេអូ​ចម្រៀង​ថ្មី​ប្លែក​ភ្នែក ដោយ​គ្រាន់តែ​ឃ្លីប​ខ្លី​ដកស្រង់​ពី​បទ​នេះ​ធ្វើឱ្យ​អ្នកគាំទ្រ​នាង​លាន់មាត់​ថា ទស្សនា​ហើយ​ព្រឺសម្បុរខ្ញាក​ដោយ​ការរង់ចាំ​ពិតជា​មិន​ខុស​បំណង​មែន​។

ឃ្លីបខ្លី​ដកស្រង់​ពី​វីដេអូ​ចម្រៀង​បទ វីរនារី (Top of The Lady) ដែល​ទើបតែ​បង្ហោះ​ក្ដៅៗ​បាន​បង្ហាញ​តារាចម្រៀង​ស្រី​ក្នុង​បែប​ច្នៃប្រឌិត​លំនាំ​បុរាណ ដោយ​បង្ហាញ​ភាពក្លៀវក្លា​រឹងមាំ​ជា​នារី​ចម្បាំង នៅក្នុង​ប្រាង្គ​ប្រាសាទ​ដ៏អស្ចារ្យ​។

ភ្ជាប់​នឹង​វីដេអូ​បង្ហោះ​កាលពី​ថ្ងៃទី​ ១៦ ខែវិច្ឆិកា​នេះ តារាចម្រៀង​ស្រី​និយម​ស្ទីល​តែងខ្លួន​ប្លែកៗ កញ្ញា ទេព បូព្រឹក្ស បាន​បរិយាយ​សំណេរ​យ៉ាង​វែង​ដូច្នេះ​ថា​៖ «​មហិច្ឆតា និង​ភាពអស្ចារ្យ​នៃ​កេរដំណែល​បុព្វបុរស​បុព្វការី​ខ្មែរ​គឺ​បាន​បន្សល់ទុក​នូវ​ភាពអស្ចារ្យ និង​មហាសាល​ក្រៃលែង​។ នេះ​គឺជា​កាតព្វកិច្ច​របស់ខ្ញុំ​ក៏ដូចជា​កូន​ខ្មែរ​គ្រប់រូប​ក្នុង​ការចូលរួម​រក្សា និង​បង្ហាញ​ទៅកាន់​អម្បូរ​មនុស្ស​ទូទាំងប្រទេស ទូទាំង​ទ្វីប ទូទាំង​ពិភពលោក​ឱ្យបាន​ឃើញ​អំពី​ការបន្សល់​ទុក​នូវ​កេរមរតក​ដ៏មហិមា ដែល​សូម្បីតែ​មាស​ទំហំ​ប៉ុន​ភ្នំ​ក៏​មិនអាច​ប្រៀបបាន​…»​។

តួ​ដែល​ស្លៀកពាក់​ឈុតខ្មៅ​បាន​ធ្វើ​សឹកសង្គ្រាម​ជាមួយ​តួ​មេទ័ព​ស្រី​ជាច្រើន​។ ហ្វេសប៊ុក

ក្នុង​សំណេរ​នេះ​ផងដែរ តារាចម្រៀង ទេព បូព្រឹក្ស បាន​បន្តថា​៖ «…​ហើយ​រឹតតែ​មិនអាច​នឹង​យកមក​កាត់ថ្លៃ​បាន​ដោយ​សេចក្តី​ដឹងគុណ​ចំពោះ​មាតាបិតា​ថែរក្សា​ដែនដី​សុវណ្ណភូមិ​ជា​ម្ចាស់​ដ៏ប្រាកដ កូន​សូម​ថ្វាយ​នូវ​ស្នាដៃ​នេះ​ទុកជា​សារ ក៏ដូចជា​ការបំផុសបំផុល​ដល់​កូន​ខ្មែរ​គ្រប់រូប​មិន​ថា​នៅទីនេះ ឬ​កូន​ខ្មែរ​ដែល​នៅទីណា​ឱ្យ​តែ​មាន​ឈាម​ជា​ខ្មែរ​ឱ្យ​បាន​ដឹងថា នេះ​ជា​សមិទ្ធផល​ដែល​កើតចេញ​ពី​សេចក្តីប្រាថ្នា​របស់​កូន​ខ្មែរ​ម្នាក់នេះ មុន​នឹង​បិទ​ភ្នែក​ត្រឡប់​ទៅ​ឋាន​វិញ កូន​ក៏បាន​ធ្វើ​រឿង​គប្បី​ដើម្បី​មាតាបិតា និង​ដើម្បី​ដូនតា​ហើយ​»​។

តារាស្រី​ល្បី​ពូកែ​ញ៉ាំ​មុខ​កាមេរ៉ា បន្ថែម​លើ​ជំនាញ​រាំច្រៀង​រូបនេះ​បាន​បន្តទៀតថា​៖ «​សំណេរ​ចុងក្រោយ​នេះ​សម្រាប់​វីរនារី​ទូទាំង​សកល ចូរ​ចាំ​ថា អ្នក​គឺជា​មាតា អ្នក​គឺជា​ស្តេច អ្នក​គឺជា​មេទ័ព អ្នក​គឺជា​អ្នក​ប្រយុទ្ធ​ដ៏អង់អាច​ចូរ​អ្នកមើល​ឱ្យឃើញ​នូវ​តម្លៃ​ដ៏អស្ចារ្យ​របស់​អ្នក ដោយ​ក្តីស្រឡាញ់​ពី​ខ្ញុំ ទេព បូព្រឹក្ស បុត្រី​នៃ​បុព្វបុរស​ខ្មែរ​»​។

រយៈពេល​មិន​ដល់ ២៤ ​ម៉ោង​ផង វីដេអូ​ខ្លី​ត្រឹមតែ ១៩ ​វិនាទី​នេះ មាន​ចំនួន​ទស្សនា​ជិត ៩ ​ម៉ឺន​ដង នៅលើ​យូធូប និង​មាន​ចំនួន​ចុច Like ៤៧ ​ពាន់​ដង​ការបញ្ចេញមតិ​ជិត ៣ ​ពាន់ និង​ការចែករំលែក​បន្ត ៩,៥ ​ពាន់​លើ​បណ្ដាញ​សង្គម​។

បទចម្រៀង វីរនារី ដែល ទេព បូព្រឹក្ស លក់​រថយន្ត​យក​ទុន ៦០០ ​លាន​រៀល​មក​ផលិត​។ ហ្វេសប៊ុក

អ្នកគាំទ្រ​នាង​បាន​បញ្ចេញមតិ​សាទរ​ជាច្រើន ដោយ​ក្នុងនោះ​ភាគច្រើន​សុទ្ធតែ​បន្លឺឡើង​ថា​៖ «​មើល​វីដេអូ​ខ្លី​នេះហើយ ហើយ​ចូលមក​មើល​គេ​បញ្ចេញមតិ ព្រឺសម្បុរខ្ញាក​»​។

តប​នឹង​ការបញ្ចេញមតិ​នេះ កញ្ញា ទេព បូព្រឹក្ស បាន​លើកឡើងថា​៖ «​បើ​ហ្វេន​ជ្រុល​តែ​ចាំ ២ ​ឆ្នាំ​ហើយ​គឺ​មិនឱ្យ​អស់សង្ឃឹម​ឡើយ​»​។

រីឯ​ម្ចាស់​ស្នេហ៍​របស់​នាង ជី ដេវីត ​វិញ បាន​បង្ហាញថា​៖ «​ខ្ញុំ​ដាក់​ឈាម​ដាក់​បេះដូង​ដើម្បី​បទចម្រៀង​នេះ​មិនមែន​ដើម្បី​ខ្ញុំ តែ​ដើម្បី​ខ្មែរ ដើម្បី​វប្បធម៌​ដ៏អស្ចារ្យ​របស់​ខ្មែរ [​ទង់ជាតិ​កម្ពុជា និង​បេះដូង​]»​។

លោក​ក៏បាន​ចែករំលែក​សំណេរ​ពី​គណនី​ហ្វេសប៊ុក Athika ភ្ជាប់​នឹង​រូបថត​នៃ​ដំណើរការ​ផលិត​វីដេអូ​ចម្រៀង​នេះ​។

ឈុត​នៅក្នុង​វីដេអូ​ចម្រៀង បង្ហាញ​អ្នក​ចម្បាំង​ស្រី​ឈរ​ក្នុង​ប្រាសាទព្រះវិហារ ដែល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​។ ហ្វេសប៊ុក

ម្ចាស់​គណនី​បានបង្ហាញ​ចំណាប់អារម្មណ៍​ពី​ការផលិត​វីដេអូ​ចម្រៀង​នេះ​ថា​៖ «​ខ្ញុំ​ពិតជា​មាន​មោទនភាព​ចំពោះ​ចែ​ព្រឹក្ស​ណាស់​។ ខ្ញុំ​មកនេះ​មិនមែន​មក​និយាយ​យក​ឡូយ​ឱ្យ​អ្នក​ទាំងអស់​គ្នា​មើល​មក​ខ្ញុំ​ល្អ​នោះទេ តែ​ខ្ញុំ​ចង់​ចែករំលែក​រឿង​ដែល​យើង​ទាំងអស់​គ្នា​គួរ​ដឹង​។ មួយរយៈ​ក្រោយនេះ​ខ្ញុំ​មាន​ការងារ​ច្រើន​ដែល​បាន​ប៉ះ​ជាមួយ ចែព្រឹក្ស ដែល​ធ្វើឱ្យ​ខ្ញុំ និង​ក្រុមការងារ PATRÓN បាន​មានឱកាស​ធ្វើការ​ក្នុង Project បទចម្រៀង វីរនារី Top of the Lady នេះ​! »​។

លោក​បាន​បន្តទៀតថា​៖ «​ដូច​អ្នក​ទាំងអស់​គ្នា​បានដឹង​តៗ​គ្នា​ថា MV ​មួយ​នេះ​ចំណាយ​អស់​រហូតដល់ ៦០០ ​លាន​រៀល ខ្ញុំ​ចង់​បញ្ជាក់ថា​នេះ​គឺជា​រឿង​ពិត​!

​ថ្ងៃ​ដែល​ចែ ព្រឹក្ស យក​ឡាន​ទៅ​លក់​ ដើម្បី​យក​ថវិកា​ផ្ទាល់ខ្លួន​មក​ធ្វើ MV នេះ ខ្ញុំ​ក៏បាន​ទៅ​ជាមួយ​គាត់​ដែរ​!

​ការលះបង់​ថវិកា​ផ្ទាល់ខ្លួន​សម្រាប់​គាត់​ខ្ញុំ​គិតថា វា​មិនមែន​ជា​រឿង​ធំ​សម្រាប់​គាត់​នោះទេ ប៉ុន្តែ​មនសិការ​ក្នុង​ការបង្កើត MV ដែល​តំណាង​ឱ្យ​ប្រជាជាតិ​យើង​ទាំងមូល​គឺជា​រឿង​យើង​មិនអាច​មើលរំលង​បាន ។

គម្រោង​ធ្វើ​បទ​មួយ​ដែល​តំណាង​ឱ្យ​ប្រទេស​យើង​គឺមាន​ក្នុង​ចិត្ត​គាត់​តាំងពី​ ២ ​ឆ្នាំមុន ហើយ Project MV នេះ​ត្រូវបាន​ដំឡើង​រយៈពេល​ ២ ​ខែ ជាមួយ​ក្រុមការងារ​សរុប ១២៦ ​នាក់​។ ក្រុមការងារ​គ្រប់ផ្នែក​សុទ្ធតែ​សំខាន់​»​។

គណនី​ហ្វេសប៊ុក Athika ក៏បាន​បន្ត​រៀបរាប់​ពី​ដំណើរ​ការផលិត​ថា​៖ «​មក​និយាយ​ពី​ឈុត​នៅក្នុង MV ម្តង ​ឈុត​ដែល​គាត់​ឈរ​ក្នុង​ប្រាសាទព្រះវិហារ ដែលជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក មើល​ហើយ​គឺ​ព្រឺសម្បុរ​តែម្តង សម្រាប់​ខ្ញុំ​មើល​ទៅ​វា​ពិតជា​អស្ចារ្យ​ណាស់ ឈុត​នេះ​ក្រុម​ការងារ​បាន​ដំឡើង​ជា​រូបរាង​ប្រាសាទព្រះវិហារ មើល​ហើយ​គឺ​មិន​សរសើរ​មិន​បានទេ​!»​។

ឈុត​នៅក្នុង​វីដេអូ​ចម្រៀង បង្ហាញ​អ្នក​ចម្បាំង​ស្រី​ឈរ​ក្នុង​ប្រាសាទព្រះវិហារ ដែលជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​។ ហ្វេសប៊ុក

លោក​ក៏បាន​បន្តទៀតថា​៖ «​ឈុត​ចម្បាំង បើ​អ្នក​ទាំងអស់​គ្នា​មើល​យឺតៗ អ្នក​ទាំងអស់​គ្នា​នឹង​ឃើញ តួ​ដែល​ស្លៀកពាក់​ឈុតខ្មៅ​បាន​ធ្វើ​សឹកសង្គ្រាម​ជាមួយ​តួ​មេទ័ព​ស្រី​ជាច្រើន ហើយ​ចុងក្រោយ​គឺ​ទ័ព​ស្រី​របស់​យើង​បាន​យកជ័យ​ជម្នះ​លើ​សឹកសង្គ្រាម​មួយ​នេះ ឈុត​នេះ​ផ្នែក Set Designer បាន​ធ្វើ​ដេគ័រ​ជា​ភ្នំ​តែម្តង និង​ឈុត​មេទ័ព​ស្រី​ដទៃ​ទៀត​ក៏ត្រូវ​បាន​ធ្វើ​តាម​ក្បួន​ច្បាប់ដើម ឈុត​នេះ​គឺ​ដុត​ភ្លើង​ពេញ​ studio តែម្តង​! នៅមាន​ឈុត​អស្ចារ្យ​ជាច្រើន​ទៀត​ដែល​អ្នក​ទាំងអស់​គ្នា នឹង​ឃើញ​ក្នុង MV ពេញ នាពេល​ខាងមុខនេះ​!»

តាមរយៈ​ស្នាដៃ​នេះ លោក​ក៏បាន​សម្ដែង​ចំណាប់អារម្មណ៍​ថា​៖ «​ខ្ញុំ​ជឿជាក់​យ៉ាង​មុតមាំ​ថា MV បទចម្រៀង វីរនារី | Top Of The Lady | នេះ​នឹង​ដាស់​ព្រលឹង​វិញ្ញាណ​កូនខ្មែរ​គ្រប់រូប​មិន​ថា​អ្នក​នៅទីណា អ្នក​នឹង​មាន​មោទនភាព​ដែល​បានកើត​នៅលើ​ដែនដី​សុវណ្ណភូមិ​។ សមិទ្ធផល​វីដេអូ​ចម្រៀង​នេះ​នឹង​ប្រាប់​អ្នក​ថា អ្នក​មិនចាំបាច់​ត្រូវ​មក​រអ៊ូ​ប្រាប់​អ្នកជិតខាង​ថា នេះ​ជា​របស់​យើង​ទេ ព្រោះ​ម្ចាស់​ពិតប្រាកដ​ត្រូវបាន​គេ​ដឹង និង​ទទួលស្គាល់​ទូទាំង​សកលលោក តួនាទី​របស់​យើង​គ្រប់រូប​គឺ​ត្រូវ​ពង្រឹង និង​ផ្សព្វផ្សាយ​បន្ត​តាមរយៈ​ការគាំទ្រ​សិល្ប:​របស់​យើង​»៕

រយៈពេល​មិន​ដល់ ២៤ ​ម៉ោង​ផង វីដេអូ​ខ្លី​ត្រឹមតែ ១៩ ​វិនាទី​នេះ​មាន​ចំនួន​ទស្សនា​ជិត ៩ ​ម៉ឺន​ដង នៅលើ​យូធូប​។ ហ្វេសប៊ុក

រូបភាពពីគណនីហ្វេសប៊ុក Athika ភ្ជាប់នឹងរូបថតនៃដំណើរការផលិតវីដេអូចម្រៀងនេះ។ ហ្វេសប៊ុក