ភ្នំពេញៈ បើគិតត្រឹមថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០២១ កន្លងមកនេះ គឺជាគម្រប់ខួប ២ ឆ្នាំ នៃការយាងសោយពិរាល័យនៃសម្តេចព្រះរាជបុត្រី ព្រះរៀម ទេពនាដវដ្តីឯក នរោត្តម បុប្ផាទេវី និងជារយៈពេល ២ ឆ្នាំ នៃការកកើតសាលារបាំសម្តេចនរោត្តមបុប្ផាទេវី ទៀតផង។
នេះបើតាមសេចក្តីជូនដំណឹងពីគេហទំព័រសាលារបាំនរោត្តមបុប្ផាទេវី ឱ្យដឹងថា៖ «នាព្រឹកថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០២១ នេះ ក៏ត្រូវនឹងថ្ងៃខួបគម្រប់ ២ ឆ្នាំ នៃការយាងសោយពិរាល័យនៃសម្តេចព្រះរាជបុត្រីព្រះរៀម ទេពនាដវដ្តីឯក នរោត្តមបុប្ផាទេវី។ សាលារបាំនរោត្តមបុប្ផាទេវី ក៏បាននិមន្តព្រះភិក្ខុសង្ឃ ធ្វើពិធី-ព្រះពុទ្ធសាសនាបង្សុកូលឧទ្ទិសកុសល ដល់ព្រះវិញ្ញាណក្ខន្ធសម្តេច-ព្រះរាជបុត្រី ព្រះរៀម ទេពនាដវដ្តីឯក នរោត្តម បុប្ផាទេវី និងបានរៀបចំពិធីសំពះគ្រូរបាំព្រះរាជទ្រព្យ ដែលជាមរតកនៃព្រះបុព្វមហាក្សត្រខ្មែរជាច្រើនជំនាន់ ក៏ដូចជាមរតកបន្តពីសម្តេចព្រះរៀមផងដែរ»។
សាលារបាំសម្តេចនរោត្តមបុប្ផាទេវី https://www.facebook.com/Princess-Buppha-Devi-Dance-School-104565384926946/?ref=page_internal បានកកើតកាលពីពេលទ្រង់នៅមានព្រះជន្ម ដោយមានទស្សនទានបង្ហាត់បង្រៀនសិស្សានុសិស្ស និស្សិត និងសាធារណជនខ្មែរ ដែលចូលចិត្តទម្រង់សិល្បៈរបាំបុរាណខ្មែរឥតគិតថ្លៃ ខណៈក្រោយពេលនៃការយាងសោយពិរាល័យនៃសម្តេចព្រះរាជបុត្រី ព្រះរៀម ទេពនាដវដ្តីឯក នរោត្តម បុប្ផាទេវី សាលានៅតែបន្តដដែល។ នេះបើតាមការរៀបរាប់ប្រាប់ឱ្យដឹងពីអ្នកគ្រូរបាំ វ័យ ៦០ ឆ្នាំប្លាយម្នាក់ ក្នុងចំណោមធនធាន នាដកា នាទសវត្សរ៍ទី៦០ ចំនួន ៣ រូប ប្រចាំសាលារបាំសម្តេចនរោត្តមបុប្ផាទេវី (នាដកា វ័ន សាវៃ មានវ័យ ៧០ ឆ្នាំ នាដកា ឱម យុវណ្ណឌី និងនាដកា ឌុក ស៊ីថា ដែលសុទ្ធតែមានវ័យជាង ៦០ឆ្នាំ ដូចគ្នា) បង្ហើបឱ្យ ភ្នំពេញ ប៉ុស្តិ៍ បានដឹង។
អ្នកគ្រូ ឱម យុវណ្ណឌី ប្រាប់ពី ភ្នំពេញ ប៉ុស្តិ៍ថា៖ «កាលពីទ្រង់ [សម្តេចនរោត្តមបុប្ផាទេវី] នៅមានព្រះជន្ម សាលានេះមានភារកិច្ចទទួលបង្ហាត់បង្រៀនសិស្ស និស្សិត និងសាធារណជនខ្មែរមិនប្រ-កាន់វ័យឡើយសម្រាប់ចំណូលចិត្តចង់រៀនទម្រង់របាំបុរាណនានា។ តែអ្វីដែលពិសេសខ្លាំងនោះសាលាបានផ្តោតទៅការបង្ហាត់ទម្រង់របាំព្រះរាជទ្រព្យ ដែលជាមរតកបន្តជាច្រើនជំនាន់នៃព្រះបុព្វមហាក្សត្រខ្មែរ និងជាមរតកបន្តពីសម្តេចព្រះរៀមបុប្ផាទេវី ផងដែរ»។
នាដកា វ័យជាង ៦០ ឆ្នាំ អ្នកគ្រូ ឱម យុវណ្ណឌី បន្តថា៖ «សាលានៅតែបន្តបង្ហាត់បង្រៀនដល់សិស្សគ្រប់វ័យឥតគិតថ្លៃរហូតតទៅដដែលជាពិសេសអ្នកចង់រៀនសូត្រនូវជំនាញទម្រង់របាំបុរាណនេះ។ ដោយយើងមានបង្ហាត់បង្រៀនតែចំនួន ២ ថ្ងៃប៉ុណ្ណោះ ក្នុង ១ សប្តាហ៍ គឺថ្ងៃសៅរ៍ និងអាទិត្យ ចាប់ពីម៉ោង ៨ ព្រឹក ដល់ម៉ោង ៤ និង ៣០ នាទីរសៀល»។
គួរបញ្ជាក់ផងដែរ កិច្ចពិធីកាលពីថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០២១ គម្រប់ខួប ២ ឆ្នាំ នៃការយាងសោយពិរាល័យនៃសម្តេចព្រះរាជបុត្រី ព្រះរៀមទេពនាដវដ្តីឯក នរោត្តម បុប្ផាទេវី ត្រូវបានរៀបចំឡើងក្រោមការផ្តួចផ្តើមពីព្រះអង្គម្ចាស់ ស៊ីសុវត្ថិវាក់ជីរ៉ាវុឌ្ឍ ព្រះប្រធានសមាគម សប្បុរសធម៌ នរោត្តម បុប្ផាទេវី ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ តេស្សូ ជាអនុប្រធានhttps://www.facebook.com/104565384926946/videos/2824975824417192 ព្រះអង្គម្ចាស់ក្សត្រី ស៊ីសុវត្ថិ ច័ន្ទស៊ីតា ព្រះធីតាសម្តេចព្រះរៀម ញាតិវង្សានុវង្សសាស្ត្រាចារ្យ និងសិស្សានុសិស្សនៃសាលារបាំ នរោត្តមបុប្ផាទេវី៕