​ភ្នំពេញៈ ក្រោយពី​បានរៀបចំ​ជោគ​​ជ័យ​ចំនួន ២ រដូវ​កាល​រួចមក​នោះ កម្មវិធី​ប្រកួត​ជ្រើសរើស​ធីតា​ឯក​​សង្ក្រាន្ត​រដូវ​កាល​ទី៣ សម្រាប់​ឆ្នាំ​ ២០២២ កំពុងតែ​ចាប់ផ្តើម​ទទួល​បេក្ខភាព​ជា​បណ្តើរៗ ខណៈ​ប្រាក់រង្វាន់​ជយលាភី​ទទួល​បាន​​ចំនួន ១២ លាន​រៀល​។

កម្មវិធី​ប្រកួត​ជ្រើស​ធីតា​ឯក​សង្ក្រាន្ត​ត្រូវបាន​រៀបចំឡើង​ដោយ​ក្រុមហ៊ុន ហ្វឺ​ស យូ​ណាយ ណេ​ត​វើក អេ​ន​ធើ​ធិ​ន​ម៉ិ​ន​ (FUN Entertainment) ដោយមាន​ការសហការ និង​គាំទ្រ​ពី​ខាង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក្រសួង​ព័ត៌មាន និង​អគ្គនាយកដ្ឋាន​ទូរទស្សន៍​ជាតិ​កម្ពុជា ដែល​ដំណើរ​​ការ​មាន ២ រដូវ​កាល​មកហើយ​។​

​សម្រាប់​គោលបំណង​នៃ​ការបង្កើត​កម្មវិធី​ប្រកួត​ជ្រើសរើស «​ធីតា​ឯក​សង្ក្រាន្ត​» នេះ​គឺ​ដើម្បី​ចូល​​រួម​អបអរសាទរ​នា​ក្នុង​​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ និង​ចង់​បញ្ជ្រាប​នូវ​ចំណេះដឹង អំពី​វប្បធម៌​អរិយធម៌ ប្រវត្តិសាស្ត្រ​ទាក់ទង​នឹង​បុត្រី​ទាំង ៧ អង្គ​ របស់​កបិល​មហាព្រហ្ម ដែល​នឹង​យាង​ចុះមក​គ្រប់គ្រង​ជម្ពូទ្វីប មាន​យានជំនិះ​ជាស​ត្វ តែ​មិនមែនជា​សត្វ​-​តំណាងឱ្យ​ឆ្នាំ​ទាំង ១២ នោះឡើយ ព្រោះថា បុត្រី​កបិល​មហាព្រហ្ម​មាន តែ ៧ អង្គ​។​

​ខណៈ​លក្ខខណ្ឌ​នៃ​ការចូលរួម មាន​សញ្ជាតិ​ខ្មែរ (​និយាយ​ភាសា​ខ្មែរ​បាន​ច្បាស់​ល្អ​) ភេទ​ស្រី អាយុ​ចាប់ពី​ ១៨ ឆ្នាំ ដល់ ២៥ ឆ្នាំ មាន​កម្ពស់​ចាប់ពី ១,៦០ ម៉ែត្រ ឡើងទៅ ដែលមាន​កម្រិតវប្បធម៌ កំពុង​សិក្សា​ថ្នាក់មធ្យមសិក្សា​ទុតិយភូមិ​ឡើងទៅ បុគ្គលិកលក្ខណៈ មាន​កាយសម្បទា​ល្អ សីល​ធម៌​ល្អ រួសរាយ​រាក់ទាក់ មាន​ទំនុកចិត្ត​លើ​ខ្លួនឯង​។

កញ្ញា សាន្ត កុសុមៈ ម្ចាស់មកុដ​ធីតាឯកសង្រ្កាន្ត​ឆ្នាំ​ ២០២១​​​។ រូបថត ហ្វេសប៊ុក​

​ចំពោះ​ការដាក់​ពាក្យ​ចូលរួម ត្រូវបំពេញ​ពាក្យសុំ​ចូលរួម (​ដោយ​ចុះ​​ឈ្មោះ​អន​ឡាញ​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ ធីតា​ឯក​សង្ក្រាន្ត​-Thida Ek Sankrantahttps://www.facebook.com/thida.eksankranta/photos/a.108907064622102/265770078935799/​។ បេ​ក្ខ​នារី​ត្រូវ​ភ្ជាប់​រូបថត ៤x៦ ចំនួន ១ សន្លឹក រូប​ថត​ ១​ ជំហរ​ខ្លួន ​១ ​សន្លឹក ឯកសារ​​ចម្លង​ច្បាប់ដើម​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ឬ​មធ្យមសិក្សា​បឋម​ភូមិ និង​ឯកសារ​ចម្លង​ច្បាប់ដើម​អត្ត​​សញ្ញាណ​ប័ណ្ណ ឬ​សំបុត្រកំណើត​។

​ស្រី​ស្រស់ ជា​តួឯក​ក្នុង​កុន​រឿង «​នគរ​មាស​» និង​រឿង «​ដើមរ​លួសមាស​» កញ្ញា សាន្ត កុសុមៈ បាន​ក្លាយជា​អ្នក​គ្រង​មកុដ​នៃ​កញ្ញា​ធីតា​ឯក​​សង្ក្រាន្ត​នា​រដូវ​កាល​ទី​២ និង​ជា​អ្នកតំណាង​ទេពធីតា​នៃ​បុត្រី​ទី​៤ កបិល​មហាព្រហ្ម ដែលមាន​ព្រះនាម​ថា «​ម​ណ្ឌា​ទេវី​» បាន​យាង​ចុះមក​គ្រប់គ្រង​ជម្ពូទ្វីប ឆ្នាំ​ ២០២១ នេះ​។​

កញ្ញា សាន្ត កុសុមៈ ក៏​ថ្លែង​ពី​អារម្មណ៍​ខ្លួន​ថា​៖ «​នាង​ខ្ញុំ​ដឹងថា ពេលនេះ មិនមែនជា​ឱកាសល្អ ក្នុងការ​​អបអរសាទរ​ទេ ប៉ុន្តែ​គ្រាន់តែ​ចង់​ថ្លែងអំណរគុណ​ទៅដល់​បងប្អូន តាម​​បណ្ដាញ​សង្គម facebook និង ម៉ាក់​ប៉ា បងប្អូន​សាច់ញាតិ​ទាំងអស់​ដែល​តែង​គាំទ្រ ជ្រោមជ្រែង​លើក​ទឹក​​ចិត្ត និង​ផ្ដល់​ក្តី​ស្រឡាញ់​ដល់​រូបខ្ញុំ​​កន្លងមក​។ ការគាំទ្រ និង​កម្លាំងចិត្ត​របស់​អ្នក​ទាំងអស់គ្នា​ជា​ថាមពល​ធ្វើឱ្យ​ខ្ញុំ​ខិតខំ​ប្រឹងប្រែង​កាន់តែខ្លាំង ដើម្បី​តំណែង​មួយ​នេះ​»៕